បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ត្រូវ​សមត្ថកិច្ច​ដោះលែង ក្រោយ​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការដ្ឋាន

តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២២ មិថុនា ២០២២ | ម៉ោង ១៧:២៥
VOD

លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ (រូបថតត្រូវបានបង្ហោះលើបណ្ដាញសង្គមសកម្មជនបក្សភ្លើងទៀន)

លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ (រូបថតត្រូវបានបង្ហោះលើបណ្ដាញសង្គមសកម្មជនបក្សភ្លើងទៀន)


បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមួយយប់។

សមត្ថកិច្ចខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បាន ចាប់និងបញ្ជូនលោក ញឹម សារ៉ុម ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយថា ការចាប់ឃុំខ្លួននេះធ្វើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ។

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា លោក ញឹម សារ៉ុម ពិតជាត្រូវបានសមត្ថកិច្ចដោះលែងវិញប្រាកដមែន។

ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់«ប្លន់»ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។ ករណីនេះ ប្រធានពន្ធនាគារខេត្តកំពង់ធំ ត្រូវទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

បើតាមអនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ឱ្យដឹងថា នៅឆ្នាំ២០១២ លោក ញឹម សារ៉ុម បានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំមកពីគណបក្ស សម រង្ស៊ី ហើយឆ្នាំ២០១៧ លោកជាប់ជាជំទប់ទី១ មកពីគណបក្សសង្គ្រោះជាតិ ខណៈឆ្នាំ២០២២ លោកគឺជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment