ពលរដ្ឋ​​រិះគន់​​អាជ្ញាធរ​​ខេត្ត​កណ្ដាល​​ថា មិន​​ចាត់​វិធានការ​​លើ​ជនជាតិ​​វៀតណាម​​ព្រួត​​វាយ​​ពលរដ្ឋ​​ខ្មែរ​ឲ្យ​របួស

ដោយ សុជីវី
2022.06.22
RFA

ពលរដ្ឋ​​រិះគន់​​អាជ្ញាធរ​​ខេត្ត​កណ្ដាល​​ថា មិន​​ចាត់​វិធានការ​​លើ​ជនជាតិ​​វៀតណាម​​ព្រួត​​វាយ​​ពលរដ្ឋ​​ខ្មែរ​ឲ្យ​របួស

លោក ឈឿន សុចិត្ត (ឆ្វេង) ស្នងការខេត្ត​កណ្ដាល និង​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។ រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាលខេត្ត​កណ្ដាល


ពលរដ្ឋ​​​រិះគន់​​​អាជ្ញាធរ​​​នៅ​​​ខេត្ត​​កណ្ដាល​ថា មិន​​ចាត់​វិធានការ​​លើ​​ជនជាតិ​វៀតណាម ដែល​​​បាន​​ព្រួត​គ្នា​​ចំនួន​ ៥​នាក់ ​វាយ​ពលរដ្ឋ​ខ្មែរ​​ម្នាក់​​ឲ្យ​​របួស​ធ្ងន់ កាល​ពី​​ព្រឹក​​ថ្ងៃទី​១៨​ មិថុនា​។ សាច់ញាតិ និង​ពលរដ្ឋ​អ្នក​ឃើញ​​ហេតុការណ៍​​ថា ជា​​អំពើ​​សាហាវ​​របស់​​ជនបរទេស ដែល​​មក​​រស់នៅ​​លើ​ទឹក​ដី​​ខ្មែរ​ហើយ ព្រួត​​វាយ​​ម្ចាស់​​ស្រុក​​ដោយ​​មិន​​ខ្លាច​ញញើត​​ច្បាប់​។

ជនរងគ្រោះ​ត្រូវ​​វៀតណាម​​វាយ លោក អាន សារូ ប្រាប់​​អាស៊ីសេរី​​ថា លោក​​ចាំង​ស្មៅ ​និង​​ប្រមូល​សំរាម​ដុត​​នៅ​មុខ​​ផ្ទះ ហុយផ្សែង​​ទៅ​​លើ​ផ្ទះ​​ជនជាតិ​​វៀតណាម​​ឈ្មោះ លៀន ហ៊ឹង ( Lien Hung)​អាយុ​ជាង​៤០​ឆ្នាំ ស្រាប់​តែ​​បុរស​​រូប​នេះ បាន​​ចេញ​មក​​ឈ្លោះ​ប្រកែក​​ជាមួយ​​លោក រួច​​ក៏​ព្រួត​​គ្នា​​មួយ​​គ្រួសារ​មាន​​គ្នា​ ៥​នាក់​​គឺ​​កូន​ប្រុស​​បី និង​​ប្ដី​​ប្រពន្ធ​​ពីរ​​នាក់ វាយ​តប់​​រុញ​ច្រាន​​លោក​​ដួល​​បោក​ក្បាល​​ទៅ​​ថ្នល់​បេតុង​។ លោក​បញ្ជាក់​ថា នៅ​ពេល​នោះ​​ក្បាល​របស់​លោក​ហើម​ជាំ និង​​បាន​​ទៅ​​សម្រាក​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​អស់​​រយៈពេល​​បី​​ថ្ងៃ​។ លោក​​ថា លោក​​ក៏​បាន​​ប្ដឹង​ទៅ​​អាជ្ញាធរ​​ឃុំ​​រកា​កោង​១​ដែរ តែ​​អាជ្ញាធរ​ហាក់​​មិន​យកចិត្តទុក​ដាក់​​ដោះស្រាយ​​បណ្ដឹង​​របស់​លោក​​នោះ​ទេ​៖ «បាទ​​ខ្ញុំ​​ប្ដឹង​​ឃុំ ប្ដឹង​​ប្រធាន​​ឃុំ គេ​មាន​​នគរបាល មាន​​ប៉ូលិស​​ឃុំ​​ប្រចាំ​​ឃុំ​​ដែរ ។ អ៊ីចឹង​​ខ្ញុំ ខ្ញុំ​បាទ​​ទៅ​ប្ដឹង​​ឃុំ​​ទៅ តាម​​ឋានានុក្រម​​វា​អីចេះ បាទ​​ឃុំ​រកា​កោង​១ ឃុំ​​រកា​កោង​១ ​ស្រុក​​មុខ​កំពូល ខេត្ត​កណ្ដាល ។ ខ្ញុំ​អត់​​​បាន​​ទៅ​ប្ដឹង​​មេភូមិ​ទេ ខ្ញុំ​ទៅ​ប្ដឹង​​មេ​ប៉ុស្តិ៍ មេ​​ប៉ុស្តិ៍​រកា​កោង​​ហ្នឹង ប៉ុន្តែ​ព្រឹក​​មិញ​​ហ្នឹង ខ្ញុំ​​បាន​​ជួប​​គាត់​​ហ្នឹង​​គាត់​​ថា សំណុំរឿង​​ហ្នឹង​​គាត់​បាន​​រុញ​​ទៅ​​ស្រុក​​ហើយ គាត់​​បាន​​រុញ​​មក​​ស្រុក​ហើយ​​សំណុំរឿង​​ហ្នឹង​​បាទ តែ​មិនដឹង​​មេ​ស្រុក​​ហ្នឹង គេ​ចាត់​ការ​ម៉េច​​ទៀត​​អត់​​ទាន់​​ដឹង​​ទេ​​ណា ព្រោះ​​គាត់​​បាន​​បញ្ជូន​មក​​ស្រុក​ហើយ ។ មេ​ប៉ុស្តិ៍​ហ្នឹង​​គាត់​​ទើប​ឡើង​​ដែរ​​ទេ​»​។

​ពលរដ្ឋ​ដែល​​ស្ថិត​ក្នុង​​ហេតុការណ៍​លោក ចេត្រ វិ​ចិ​ត្រា លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ធ្វើ​​ព្រងើយ​កន្តើយ ពេល​ដែល​​ជនរងគ្រោះ​ទៅ​​ដាក់​​ពាក្យ​បណ្ដឹង​​រឿង​​ជនជាតិ​វៀតណាម​មួយ​​គ្រួសារ​ ៥​នាក់ ​ព្រួត​​វាយ​​លោក អាន សារូ អាយុ​៥២​ឆ្នាំ បណ្ដាល​​ឲ្យ​​មាន​​របួស​ធ្ងន់​នោះ។

ជាង​ជួសជុល​​រថយន្ត លោក ចេត្រ វិ​ចិ​ត្រា អាយុ​ ២៣​ឆ្នាំ ត្រូវ​ជា​​ក្មួយ​​ជនរងគ្រោះ​ឈ្មោះ អាន សារូ រស់នៅ​​ឃុំ​រកា​កោង​១ ស្រុក​​មុខកំពូល ខេត្ត​កណ្ដាល ប្រាប់​​វិទ្យុ​អាស៊ីសេរី នៅ​​រសៀល​ថ្ងៃទី​២០ ​មិថុនា​ថា លោក​​នៅ​ក្នុង​​ហេតុការណ៍​​នោះ​ដែរ ត្បិត​ផ្ទះ​​លោក​​នៅ​​ទល់​មុខ​​គ្នា​។ មូល​ហេតុ​ដែល​​ជនជាតិ​វៀតណាម​​វាយ លោក អាន សារូ គឺ​​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​មិថុនា ដំបូង​​ពូ​​លោក​​ចាំង​​ស្មៅ​​ប្រមូល​​សំរាម​ដុត​នៅមុខ​ផ្ទះ ហុយផ្សែង​​លើ​ផ្ទះ​​ជនជាតិ​​វៀតណាម ស្រាប់​តែ​មាន​​ឮ​មាត់​​ប្រកែក​គ្នា មួយ​សន្ទុះ​​លោក​បែរ​​មើល​​ម្ដង​ទៀត គេ​​មាន​​គ្នា​ ៥​នាក់ ​វាយ​​លោក អាន សារូ ម្នាក់​ឯង ។ លោក​បន្ត​ថា ភ្លាម​នោះ​​លោក​ក៏​ស្ទុះ​​ទៅ​​ចាប់​​លោក អាន សារូ មក​​ផ្ទះ​​របស់​លោក​ អាន សារូ វិញ​។ លោក​​ជឿជាក់​ថា នៅ​ពេល​នោះ ប្រសិនបើ​លោក​មិន​ឆាប់​​ទៅ​​នាំ​​លោក អាន សារូ មក​​ផ្ទះ​​ទេ​នោះ អាច​​នឹង​ត្រូវ​ជនជាតិ​វៀតណាម​វាយ​ស្លាប់​​តែម្ដង​។ លោក​​បន្ថែម​ថា ជនរងគ្រោះ​បាន​ដាក់​​​ពាក្យ​​​​បណ្ដឹង​​ទៅ​​នាយ​ប៉ុស្តិ៍​ឃុំ​រកា​កោង​១​ហើយ នៅ​រសៀល​ថ្ងៃទី​១៨​ មិថុនា តែ​​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​​អាជ្ញាធរ​​ណា​​មក​​ដោះស្រាយ​នៅ​ឡើយ​​ទេ៖ «​គេ​​​ថា​​ឲ្យ​​ខាង​ស្រុក​​ចុះ​មក ដល់​ពេល​​ព្រឹក​​អីចឹង​​ទៅ ថ្ងៃ​​ឡើង​​ស្រុក​​គេ​ចុះ​មក​​អីចឹង​​ទៅ ។ ឥឡូវ​​ឲ្យ​​ចុះ​យក​​អា​ដែង​​មេ​ប៉ុស្តិ៍​ហ្នឹង ចុះ​ទៅ​យក​​កំណត់ហេតុ​​កន្លែង​កើតហេតុ អីចឹង​​ទៅ​ណា ហើយ​ឲ្យ​ជួយ ឲ្យ​ខ្ញុំ​ហ្នឹង​អ្នក​ឃើញ​ហ្នឹង​​ជួយ​​បំភ្លឺ​រឿង​​ហ្នឹង ។ ប៉ុន្តែ​​រហូត​មក​ដល់​​ថ្ងៃ​ហ្នឹង អត់​ទាន់ អត់​ទាន់​ឃើញ​​គេ​ដោះស្រាយ​​យ៉ាងម៉េច ។ បាទ​ខាង​ស្រុក​ហ្នឹង​​ពី​ដំបូង ពី​​ថ្ងៃ​​ដែល​យើង​ដាក់ពាក្យ​បណ្ដឹង​ហ្នឹង ឃើញ​គេ​​ចុះ​មក ។ ប៉ុន្តែ​គេ​ថា ចុះ​មក​រួច ឥឡូវ​​គេ​​ឲ្យ​​យើង​​ហ្នឹង ឲ្យ​​មេ​ប៉ុស្តិ៍ មេ​អីហ្នឹង​ចុះ​ទៅ​​យក​អា​ដែង​ហា​!​អា​ដែង​ហា​កំណត់ហេតុ​ហ្នឹង កន្លែង​កើត​ហេតុ​អីចឹង​​ណា កន្លែង​កើតហេតុ​ហ្នឹង​​គេ​​ថតរូប ថត​អី កន្លែង​​ណា កន្លែង​​ណា ហើយ​​យក សួរ​ចម្លើយ​​អ្នក​​បំភ្លឺ ហើយ​​គេ​​ថា គេ​​ថា​ មាន​​ការងារ​​ពិសេស​នៅ​​ពីលើ​​ទៀត​​អីចឹង គេ​​ឡើង​​ទៅ​វិញ​​អីចឹង​​ទៅ​»​។​

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​រត់​តាក់ស៊ី​​នៅ​​ខេត្តកណ្ដាល លោក វ៉ាន់ ណា អាយុ​ជាង​៤០​ឆ្នាំ ជា​អ្នកជិតខាង​​លោក អាន សារូ លើក​ឡើង​ថា ពីមុន លោក អាន សារូ ធ្លាប់​មាន​រឿងក្ដី​ក្ដាំ​ឡើង​តុលាការ​​ជាមួយ​​គ្រួសារ​​វៀតណាម​​នេះ​​ម្ដង​​ហើយ ដោយសារ​​ផ្ទះ​​វៀតណាម​​មាន​​ម៉ាស៊ីន​កែច្នៃ​អេតចាយ បង្ក​​សំឡេង​​រំខាន​​ដល់​ជនរងគ្រោះ រហូត​​ជនជាតិ​វៀតណាម​​ជេរ​ប្រមាថ​​ពលរដ្ឋ​ខ្មែរ​​ថា កុំ​តែ​បាន​​វៀតណាម កុំ​​អី​​ខ្មែរ​​ស្លាប់​​អស់​ហើយ​។ លោក​បន្ត​ថា លោក​​ពុំ​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ​ខ្មែរ​ជួយ​រក​​យុត្តិធម៌​​ដល់​​ពលរដ្ឋ​ម្ចាស់​ស្រុក​​នោះ​ទេ ព្រោះ​កន្លង​មក​​មាន​​ពលរដ្ឋ​​ខ្លះ​ទៅ​​ប្ដឹង​​ជនជាតិ​​វៀតណាម​បង្ក​​រំខាន​​ពលរដ្ឋ​​ខ្មែរ តែ​​អាជ្ញាធរ​​មូលដ្ឋាន​​មិន​បាន​​ចាត់​វិធានការ​​ឡើយ​៖ «​គ្រួសារ​​គាត់​ហ្នឹង​​អត់​​មាន​អ្នកណា​​នៅ​ផ្ទះ​​ទេ​​បង អត់​​មាន​​អ្នកណា​​នៅ​ផ្ទះ​​ទេ គឺ​មាន​ក្មួយ ក្មួយ​មួយ គាត់​​ថា​​បាន​ក្មួយ​​មួយ​​ហ្នឹង ធ្វើ​ឡាន​នៅ​មុខ​​ផ្ទះ ខាង​មុខ​ផ្ទះ​ហ្នឹង ក្មួយ​​ក៏​​កំពុង​តែ​​ធ្វើ​​ឡាន​​អីចឹង​​ទៅ ហើយ​​ក៏​បាន​​ស្រាប់​តែ ក្មួយ​​ដំបូង ក្មួយ​ហ្នឹង​​វា​ថា វា​ឃើញ អឺ​គាត់​ហ្នឹង ប្រមែប្រមូល​សំរាម​យក​ទៅ​ដាក់​ដុត ជម្រះ​ស្មៅ​ជម្រះ​អីចឹង​​ណា ទៅ​​ដាក់​ដុត ហើយ​​នៅ អឺ​និយាយ​​ទៅ​​រូបភាព​​ហ្នឹង​​ខ្ញុំ​​ថត​​បាន​​ហើយ ។ ខ្ញុំ​​បង្ហោះ​ទៅ​​ខ្លះ​​ហើយ ខ្ញុំ​ថត​បង្ហោះ​​ទៅ​​ខ្លះ​ហើយ ព្រោះ​​ខ្ញុំ​​មើល​ទៅ ខ្ញុំ​វា​​ឈឺ​ចាប់​​ពេក យើង​​ជា​​ជនជាតិ​ខ្មែរ​​ត្រូវ​​ជនបរទេស​​មក​ជា​ន់​ឈ្លី​តា​ម​​អំពើ​ចិត្ត ។ អីចឹង​​ខ្ញុំ​​បង្ហោះ​​ទៅ​»​។​

ឆ្លើយតប​នឹង​​បញ្ហា​​នេះ នាយ​ប៉ុស្តិ៍​ឃុំ​រកា​កោង​១ ស្រុក​​មុខកំពូល លោក សុខ រី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​​ព្រឹក​ថ្ងៃទី​២១ ​មិថុនា​​ថា ជនរងគ្រោះ​​មិន​​សុខចិត្ត​​ទទួល​យក​​សំណង និង​​ការ​សុំ​​សម្របសម្រួល​ពី​ជនជាតិ​​វៀតណាម​​នោះ​ទេ គឺ​គាត់​​ស្នើ​​ឲ្យ​​មាន​ការ​​ចាត់​វិធានការ​ស្រប​ទៅ​តាម​ច្បាប់​។ លោក​បន្ត​ថា អាជ្ញាធរ​​នៅ​​មិន​ទាន់​​ស៊ើបអង្កេត​​ដឹង​ថា ​ភាគី​​ណា​ខុស ​ឬ​ត្រូវ​​នៅ​ឡើយ​​ទេ ត្បិត​​ជនជាតិ​វៀតណាម និង ពលរដ្ឋ​ខ្មែរ​ដែល​​រងរបួស​​ស្នាម​​បាន​​ឆ្លើយ​​យក​​ត្រូវ​​រៀងខ្លួន​។ តែ​​ទោះ​យ៉ាងណា លោក​​ថា លោក​បាន​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​​ថ្នាក់​លើ​​រួចរាល់​​ហើយ រង់ចាំ​​ការ​ស៊ើប​អង្កេត​​ទៅ​តាម​​នី​តិ​វិធី​​នៃ​​ច្បាប់​ជា​​បន្ត​ទៀត​៖ «​នៅ​​កំពុងតែ​​ធ្វើ​ឯកសារ ។ ហ្នឹង​ហើយក៏​​ហើយ មិន​ទាន់​​ដល់ មិន​ទាន់​​ដល់​​ទៅ​ស្រុក​ទេ រឿង​គ្រាន់​​ថា ​​វា​​បាន​​រាយការណ៍​​ទៅ​​មេ​​លើ​​ហើយ ប៉ុន្តែ​​ការងារ​​នឹង​​នៅ​​បន្ត​​ស្រាវជ្រាវ​​សួរនាំ​​អី​តទៅ​ទៀត​​អីចឹង​​ទៅ​ណា ។ សួរ​រួចរាល់​​ហើយ​​បង​​ប៉ុន្តែ ហ្នឹង​ហើយ​​កំពុង​​ខ្ញុំ​​មិន​ទាន់​​នេះ​​ទេ កំពុង​តែ​​បូក​ឯកសារ​​សំណុំរឿង​​បញ្ជូន​ទៅ​ស្រុក ចុះ​រឿង​​នៅ​​សិន​​តើ រឿង​វា​​តែ​​រឿង​​បញ្ហា​​ឈ្លោះ​គ្នា​​ពី​​រឿង​​ដុត​​សំរាម​ហ្នឹង ដុត​​សំរាម​​ដុត​ភ្នក់​​ហ្នឹង​​កើត​ឡើង​»។

ជុំវិញ​រឿង​នេះ យុវជន​​ក្រុម​​ខ្មែរ​​ថាវរៈ លោក ហ៊ុន វណ្ណៈ លើក​​ជា​ម​តិ​​ថា ពលរដ្ឋ​​វៀតណាម​​មក​​រ​ស់​នៅ​លើ​ដី​​ខ្មែរ ខ្លះ​​មិន​ទាន់​​ទាំង​​ចេះ​​និយាយ​​ខ្មែរ​​ច្បាស់​​ផង ពួកគេ​​ហាក់​​មិន​​ខ្លាច​រអា​​ច្បាប់​​កម្ពុជា​​ទេ​។ លោក​យល់ថា រឿង​នេះ​​អាច​មាន​​អាជ្ញាធរ​​មាន​អំណាច​​នៅ​​ពី​ក្រោយ ទើប​បាន​ជា​​អាជ្ញាធរ​​មូលដ្ឋាន​​មិន​ហ៊ាន​អនុវត្ត​​ច្បាប់​​លើ​​ជនជាតិ​​វៀតណាម​។ លោក​​បន្ត​ថា ប្រសិន​បើ​​អាជ្ញាធរ​​នៅ​តែ​​មិន​​ចាត់​វិធានការ​​ទៅ​លើ​ជនជាតិ​​វៀតណាម​​ទាំង​នោះ ក្រុម​​លោក​​នឹង​​រួមគ្នា​​ស្នើ​សុំ​​ទៅ​​រដ្ឋាភិបាល​​ឱ្យ​ជួយ​​អន្តរាគមន៍​​រឿង​ជនជាតិ​វៀតណាម​​មក​​នៅ​​ស្រុក​​ខ្មែរ​​ខុស​ច្បាប់៖ «ប្រាកដ​ជា​​ប៉ះពាល់ ប៉ះពាល់​​ត្រង់​​ថា អឺ​ដូច​​វា​បង្កើត​ជា គេ​​ហៅថា​​អារម្មណ៍ សតិ​អារម្មណ៍​​មួយ​​ខ្លាច​​បាក់​ស្បាត​ហ៊ឺ​ហើយ​​អីចឹង​​យើង​ចង់​​និយាយ​ថា ពេល​ដែល​​យើង​​នៅ​ផ្ទះ​យើង យើង​​មាន​​អារម្មណ៍​​កក់ក្ដៅ​​ហើយ ។ ប៉ុន្តែ​​បើ​​យើង​​នៅ​ផ្ទះ​​យើង​​ហើយ​អ្នក​ដទៃ ដែល​​ផ្ទះ​​គេ ផ្ទះ​​គេ នៅ​ឯណា​​ឯ​ណី​​ឯណោះ ហើយ​​គេ​​មក​​មាន​អំណាច​​នៅ​លើ​ផ្ទះ​​របស់​​យើង​ណា ។​អីចឹង​​ចង់​​មិ​ន​​ចង់ គឺ​​អ្នក​​ដែល​​រស់នៅ​​ផ្ទះ​​យើង​ហ្នឹង​​ទាំង​​បង​ទាំង​ប្អូន​​មួយ​​ពូជ មួយ​​ពូជ​​សន្ដាន​របស់​​យើង​​ហ្នឹង ទៅ​ជា​​ក្រុម​មនុស្ស​​ដែល​​ខ្លាច ដែល​​បាក់​ស្បាត​​​ណា ។ អីចឹង​​វា​​អត់​ខុស​គ្នា​​ពី​ជនបរទេស​​មក​​នៅ​​ទឹកដី​​ប្រទេស​មួយ ហើយ​​មាន​អំណាច​​មាន​​ព្រៀប​​ជាង​​ប្រទេស​​កំណើត​​ខ្លួន​ឯង​ហ្នឹង វា​ធ្វើ​ឲ្យ​​ប្រជា​ពលរដ្ឋ​​យើង​​ហ្នឹង​​ខ្លាច​​បាក់ស្បាត ហើយ​​ចុះ​​ញ៉ម​​គេ​​ណា ។ អាហ្នឹង​​វា វា​ប្រាកដ​ជា​ប៉ះ​ពាល់​»​។

អ្នកនាំពាក្យ​​សមាគម​​ការពារ​​សិទ្ធិមនុស្ស​​អាដហុក (ADHOC) លោក សឹង សែន​ករុណា លើកឡើង​ថា ទោះ​បី​​ជាតិ​សាស្ត្រ​ណា​ក៏ដោយ​​មក​​រស់នៅ​​ទឹកដី​​កម្ពុជា​​ត្រូវ​គោរព​​តាម​ច្បាប់​​កម្ពុជា ហើយ​​អាជ្ញាធរ​ត្រូវតែ​​ចាត់​វិធានការ​​លើ​​រឿង​នេះ​​តាម​​បណ្ដឹង​​របស់​​ពលរដ្ឋ​។ លោក​ស្នើ​ឱ្យ​​អាជ្ញាធរ​ថ្នាក់​ជា​តិ​​គួរ​ចុះ​ស៊ើប​អង្កេត និង​​ចាត់​វិធានការ​​ទៅ​លើ​​មន្ត្រី​​ថ្នាក់​ក្រោម ដែល​​មិន​​អើពើ​​ដោះស្រាយ​​បណ្ដឹង​​របស់​ពលរដ្ឋ៖ «ក្នុង​ការ​​ពិចារណា​​អនុវត្ត​​ទៅ​តាម​​ច្បាប់​​របស់​​ប្រទេស​​យើង ទោះ​បី​ថា​​យើង ​ទៅ​​នៅ​​ប្រទេស​ណា ក៏​គេ​​មាន​ការ​​ត្រួតពិនិត្យ​​បែប​​ហ្នឹង​ដែរ ។ អីចឹង​គួរ​តែ​មាន​​ការ​អនុវត្ត​​ឲ្យ​​បាន​​តឹងរ៉ឹង​​ហើយ ហើយ​ជា​ពិសេស​ទៅ​លើ​​អ្នក​​ដែល​​គាត់​​បាន​មក​រស់នៅ​ក្នុង​ប្រទេស​​កម្ពុជា​​យើង​​ហើយ មិន​​ប្រើ​​ឥរិយាបថ​​ឲ្យ​បាន​​ត្រឹមត្រូវ មិន​​គោរព​​តាម​ច្បាប់​​ប្រទេស​​កម្ពុជា​​យើង ។ អាហ្នឹង អឺ​រឹតតែ​យើង​គួរតែ​មាន​​ការ​ពិនិត្យ​ពិច័យ ហើយនឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​តឹងរ៉ឹង​ទៅទៀត ដើម្បី​​កុំ​​ឲ្យ​​អំពើ​​បែប​​ហ្នឹង​​ចេះ​តែ​កើតមាន​ឡើង​​មក​លើ​​ពលរដ្ឋ​កម្ពុជា​​ហ្នឹង​​ណា​​បាទ​»​។​

កន្លង​មក​​មាន​​ករណី ជនជាតិ​​វៀតណាម​​វាយ​​សម្លាប់​​ពលរដ្ឋ​​ខ្មែរ​​ឈ្មោះ រត្ន ធី អាយុ ៣៣​​ឆ្នាំ រស់នៅ​ភូមិ​​អ្នក​​លឿង​ក្រោម ឃុំ​​អ្នក​លឿង ជាប់​​នឹង​​ភូមិ​៦ ឃុំ​​ព្រែក​ខ្សាយ (​ខ​) ស្រុក​​ពាម​រក៍ ខេត្ត​ព្រៃវែង ។ ការ​វាយប្រហារ​​នោះ​​ក៏​​វៀតណាម​​ព្រួត​​គ្នា​​២០​នាក់​​វាយ​​ខ្មែរ​​ម្នាក់​​ដែរ ប៉ុន្តែ​អាជ្ញាធរ​​មិន​​ចាប់​​ជន​ដៃដល់​មក​​ផ្ដន្ទាទោស​​នោះ​ទេ​។​

លោក អាន សារូ អះអាង​​ថា នៅ​​ភូមិ​លេខ​​៦ ជិត​​ផ្សារ​​អ្នក​​លឿង​​នោះ មាន​​ជនជាតិ​វៀតណាម ជាច្រើន​​រស់នៅ​​យ៉ាង​​អនាធិបតេយ្យ ហើយ​​អាជ្ញាធរ​​ហាក់​​មិន​សូវ​​ហ៊ាន​​តតាំង​​ជាមួយ​​ជនជាតិ​វៀតណាម ទាំង​នោះ​ទេ​។​

របាយការណ៍​​របស់​​អា​ជ្ញា​ធរ​​​ជាតិ​​ថា ចាប់​ពី​​ខែ​មេសា ឆ្នាំ​​២០១៤ ដល់​​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​បាន​បណ្ដេញ​​ជនបរទេស​​ដែល​​រស់នៅ​​ខុសច្បាប់​​នៅ​​កម្ពុជា ជិត​ ២​ម៉ឺន​​នាក់ (១៨.២៣០​នាក់​) ស្មើនឹង ៧៩​សញ្ជាតិ ភាគច្រើន​​ជា​​ជនជាតិ​វៀតណាម​។ តែ​​ថ្មីៗ​នេះ រដ្ឋាភិបាល​​វៀតណាម តែងតែ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​​កម្ពុជា ឲ្យ​​យក​ចិត្តទុកដាក់​​ដល់​​ជនជាតិ​​របស់​ខ្លួន ដែល​​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​​ធានា​​នូវ​​សិទ្ធិ​ស្របច្បាប់​​របស់​​ពួកគេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment