មន្ត្រី​សិទ្ធិមនុស្ស​​អន្តរជាតិ​ថា​ ការ​បោះឆ្នោត​ឃុំ​​សង្កាត់​​អាណត្តិ​ទី៥ អាក្រក់​​គ្មាន​​លេខ​​ដាក់

ដោយ មួង ណារ៉េត
2022.06.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សិទ្ធិមនុស្ស​​អន្តរជាតិ​ថា​ ការ​បោះឆ្នោត​ឃុំ​​សង្កាត់​​អាណត្តិ​ទី៥ អាក្រក់​​គ្មាន​​លេខ​​ដាក់

ពលរដ្ឋ​ឈរ​តម្រង់​ជួរ ទៅ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អ​តី​ត​មន្ត្រី​ជាន់ខ្ពស់​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ រួម​ទាំង​​អ្នកឃ្លាំមើល​​ការ​បោះឆ្នោត​​ផង ថា​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​កន្លង​ទៅ​នេះ គឺ​​រក​​ពិន្ទុ​​ដាក់​​គ្មាន ព្រោះ​​ពួកគាត់​​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នោះ ធ្វើ​​ឲ្យ​​តែ​​ល្អ​មើល ដើម្បី​​គ្រាន់​តែ​​បង្គ្រប់កិច្ច ដោយ​​មិន​​គោរព​​តាម​​គោលការណ៍​​ប្រជាធិបតេយ្យ​ពិតប្រាកដ នៃ​​ការ​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​នោះ​ឡើយ​។​

​តើ​​កត្តា​អ្វីខ្លះ ដែល​​នាំ​​ឲ្យ​​ការ​បោះឆ្នោត ខ្វះ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​?

​អ​តីត​មន្ត្រី​ជាន់ខ្ពស់​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ ដែល​​តាម​ឃ្លាំមើល​​ស្ថានភាព​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា អស់​រយៈពេល​ជាង ២០​​ឆ្នាំ​​មក​នេះ សង្កត់ធ្ងន់​​ទៅ​លើ​​ចំណុច​​ធំ​​បំផុត​​មួយ​ដំបូង​​គេ ដែល​​ប៉ះពាល់​ខ្លាំង​​ដល់​​ដំណើរការ​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា នោះ​​គឺ​​អវត្តមាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​គណបក្សប្រឆាំង​​ធំ​ជាងគេ ដែល​​ត្រូវ​គេ​​ផាត់​​ចោល មិន​​ឲ្យ​ចូលរួម​​ប្រកួត​​ក្នុង​ការ​បោះឆ្នោត​​នោះ​។

អតីត​​នាយក​​ប្រតិបត្តិ​​ទទួល​បន្ទុក​​កិច្ចការ​​តំបន់​អាស៊ី​របស់​អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) លោក ប្រ៊ែ​ដ អាដាម​ស៍ (Brad Adams) ថា​​ពេល​ណា​​ក៏​ដោយ ឲ្យ​តែ​មាន​ការ​បោះឆ្នោត​មួយ ដែល​​គ​ណបក្សប្រឆាំង​​ធំ​ជាងគេ និង​​មេដឹកនាំ​​គណបក្ស​​នេះ រង​​បម្រាម​​នយោបាយ និង​​មន្ត្រី​គណបក្ស​ប្រឆាំង​​កំពុង​​ជាប់គុក ឬ​ប្រឈម​​រឿង​ក្តី​ក្ដាំ​ព្រហ្មទណ្ឌ​​នៅ​មុខ​​តុលាការ កា​រ​បោះឆ្នោត​​នោះ​មិន​អាច​មាន​​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​​នោះ​ឡើយ​។​

សាស្ត្រាចារ្យ​​ផ្នែក​​ច្បាប់​​អន្តរជាតិ នៅ​​សាកលវិទ្យាល័យ ប៊ើ​ឃ្លី (Berkeley) នៃ​​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) សហរដ្ឋអាមេរិក រូប​នេះ បន្ថែម​ថា ក្នុង​ស្ថានភាព​​កម្ពុជា​​ប​ច្ចុ​ប្បន្ន​​​នេះ បើ​​ឧបមា​​ថា​ មាន​ប្រការ​​ចៃដន្យ​​បំផុត​​ណាមួយ ដែល​​គេ​​ឲ្យ​​គណបក្ស​ប្រឆាំង​​ឈ្នះឆ្នោត​​​ក៏​ដោយ ក៏​​ការបោះឆ្នោត​​នោះ នៅតែ​​គ្មាន​​ភាព​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​នោះ​ដែរ ព្រោះ​លោក​ថា ​ការ​បោះឆ្នោត​​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​​ឈរ​លើ​​នីតិវិធី និង​​ដំណើរការ​​ត្រឹមត្រូវ មិនមែន​ឈរ​លើ​​លទ្ធផល​នោះ​ឡើយ​៖ «ដូច្នេះ មិនថា​តែ​​នៅ​​ប្រទេស​កម្ពុជា​​ទេ នៅ​​ប្រទេស​​ណា​ក៏ដោយ កាល​ណា​​បក្ស​កាន់​អំណាច​​គ្រប់គ្រង​គ្រប់​​រូបភាព​ទៅ​លើ​​នីតិវិធី​ និង​​ដំណើរការ​​នៃ​​ស្ថាប័ន​​រៀបចំ​​ការ​បោះឆ្នោត ព្រម​ទាំង​​បំបិទ​សិទ្ធិ​សេរីភាព​​បេក្ខជន និង​​គណបក្ស​នយោបាយ​​ប្រឆាំង តាម​​ទំនើងចិត្ត ដោយសារ​​ហេតុផល​​នយោបាយ ប្រទេស​​នោះ​​មិន​អាច​​មាន​ការ​​បោះឆ្នោត​​មួយ​​ដែល​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​​បាន​នោះ​ទេ​។ បើ​យើង​និយាយ​​អំពី​​ពិន្ទុ​ពី ០ ដល់ ១០ គឺ​​ការ​បោះឆ្នោត​​នោះ បាន​​សូន្យ​ពិន្ទុ ព្រោះ​​បោះឆ្នោត​​បែប លេងសើច មិនមែន​​បោះឆ្នោត​​មែនទែន​​ទេ​»។​

ក្រៅពី​​ការ​​ផាត់​ចោល​​គណបក្សប្រឆាំង​​ធំ​ជាង​គេ មិន​​ឲ្យ​​ចូលរួម​​ប្រកួត​​ការ​បោះឆ្នោត បណ្តាញ​​អង្គការ​ឃ្លាំមើល​​ការ​បោះឆ្នោត​​អន្តរជាតិ​​មួយ បាន​​រក​ឃើញ​​អំពី​​បញ្ហា​​ជាច្រើន ដែល​​មិន​អាច​ធ្វើ​​ឲ្យ​ការ​បោះឆ្នោត​នោះ ប្រព្រឹត្ត​ទៅ​ដោយ​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​​បាន​។​

មុន​​ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់​អាណត្តិ​ទី៥ ដែល​​ប្រព្រឹត្ត​ទៅ​​កាល​ពី​​ថ្ងៃទី៥ ខែ មិថុនា អង្គការ​​បណ្តាញ​​​អាស៊ី​សម្រាប់​​ការ​បោះឆ្នោត​​ដោយ​​សេរី ឬ​​ហៅ​​កាត់​​ថា អាន់​ហ្វ្រែល (ANFREL) បាន​ចេញ​​របាយការណ៍​​វាយ​តម្លៃ​​ទិដ្ឋភាព​​មុន​​ការ​បោះឆ្នោត​​នោះ​។​

​អង្គការ​នេះ រក​ឃើញ​​ធាតុ​ផ្សំ​​ដែល​​ខូច​ប្រយោជន៍​​ប្រជាធិបតេយ្យ​​ជាច្រើន នៅ​ក្នុង​​ក្របខណ្ឌ​​ច្បាប់​បច្ចុប្បន្ន ដែល​​នៅ​តែ​​បន្ត​ផ្តល់​ឱកាស​ឲ្យ​មានការ​រំលោភបំពាន និង​ឈាន​ទៅ​​រឹតត្បិត​លំហ​សេរីភាព​របស់​​ប្រជាពលរដ្ឋ និង​​អាប់អួរ​​ដល់​បរិយាកាស​​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​។​

បញ្ហា​​ចម្បង​​មួយ ដែល​​អង្គ​ការ​អាន់​ហ្វ្រែល​​រក​ឃើញ គឺ​​សមាសភាព គ​.​ជ​.​ប​. និង​សម​ភាគី ​ឬ​​ដៃគូ​​នៅ​មូលដ្ឋាន​​របស់​​ស្ថាប័ន​​នេះ ដែល​​ស្ទើរ​តែ​​ទាំងអស់​​មាន​​និន្នាការ​​ទៅ​រក​​ខាង​​គណបក្ស​​ប្រជាជន​កម្ពុជា​។ ប្រការ​នេះ​​ធ្វើ​​ឲ្យ​ស្ថាប័ន​ឃ្លាំមើល​ការបោះឆ្នោត​សំខាន់ៗ និង​​សាធារណជន​​ទូទៅ យល់​ឃើញ​ថា ស្ថាប័ន​​អាជ្ញាកណ្ដាល​​មួយ​​នេះ មាន​​ភាព​លម្អៀង​​ផ្នែក​​នយោបាយ ទៅ​រក​​បក្ស​​កាន់​អំណាច​។​

មុន​​រម្លាយ​​គណបក្ស​​ស​ង្គ្រោះ​ជាតិ សមាសភាព គ​.​ជ​.​ប​. មាន​​កូតា​​គណបក្ស​ប្រឆាំង ៤ រូប កូតា​គណបក្ស​កាន់អំណាច ៤ រូប និង​​មន្ត្រី​សង្គម​ស៊ីវិល​​ឯករាជ្យ​​មួយ​រូប​។ ប៉ុន្តែ ក្រោយ​​រម្លាយ​​គណបក្ស​ស​ង្គ្រោះ​ជាតិ សមាសភាព​​ពី​​កូតា​​គណបក្ស​ប្រឆាំង ត្រូវ​បាន​​ជំនួស​​ដោយ​​មន្ត្រី ដែល​​មជ្ឈដ្ឋាន​​ទូទៅ​យល់ឃើញ​ថា មាន​និន្នាការ​​ទៅ​រក​​គណបក្ស​​ប្រជាជន​កម្ពុជា​។ ឧទាហរណ៍​​លោក គួ​យ ប៊ុន​រឿន ត្រូវ​បាន​​ជំនួស​​ដោយ​​លោក នុត សុខុម លោក រ៉ុង ឈុន ត្រូវ​បាន​​ជំនួស​​ដោយ លោក ឌឹ​ម សុ​វណ្ណា​រុំ និង​លោកស្រី តែ ម៉ា​នី​រ៉ុង ត្រូវ​​ជំនួស​​ដោយ​​លោក ហ៊ែ​ល សារ៉ាត់ ជាដើម​។​

​អង្គការ​​អាន់​ហ្វ្រែល​​រក​ឃើញ​ថា សមាជិក គ​.​ជ​.​ប​ ៧​រូប​​ក្នុង​​ចំណោម ៩ រូប ជា​​មនុស្ស​​របស់​​គណបក្ស​កាន់អំណាច​។

ភាព​​ឯករាជ្យ​​របស់ គ​.​ជ​.​ប​​​នេះ រឹត​តែ​មាន​បញ្ហា​​បន្ថែម​ទៀត ព្រោះ​​ក្រោយ​​ប្រទេស​​ម្ចាស់​ជំនួយ និង​សហគមន៍​​អន្តរជាតិ​​ឈប់​​ផ្តល់​ជំនួយ​ដល់​គ​.​ជ​.​ប​ ស្ថាប័ន​​នេះ​​ពឹ​ង​​ទាំងស្រុង​​លើ​​ថវិកា​​ពី​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​​ដឹកនាំ​​ដោយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​។ ប្រការ​នេះ អង្គ​ការ​អាន់​ហ្វ្រែល​ថា គណបក្ស​កាន់​អំណាច មាន​អំណាច និង​​ឥទ្ធិពល​​លើ​​កិច្ចការ​​របស់​គ​.​ជ​.​ប​​។​

មិន​តែ​ប៉ុណ្ណោះ អង្គ​ការ​អាន់​ហ្វ្រែល​​រក​ឃើញ​ទៀត​ថា ការ​បង្ក្រាប​​សំឡេង​​ប្រឆាំង​ អង្គការ​​សង្គម​​ស៊ីវិល សកម្មជន និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ មាន​​ភាព​​ខ្លាំងក្លា​​ក្នុង​​រយៈពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​នេះ​។​

​ជាង​នេះ​ទៅ​ទៀត ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ទាំង​​រដ្ឋ និង​​ឯកជន ស្ថិត​ក្រោម​​ការគ្រប់គ្រង​​ស្ទើរតែ​​ទាំងស្រុង​របស់​​គណបក្ស​​កាន់​អំណាច​។ ប្រការ​នេះ ធ្វើ​​ឲ្យ​​គណបក្ស​នយោបាយ​​ដទៃ ក្រៅ​ពី​​គណបក្ស​​ប្រជាជន​កម្ពុជា បាត់បង់​​ឱកាស​​ក្នុង​ការ​ប្រើប្រាស់​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឲ្យ​​បាន​​ស្មើ​ភាព​​គ្នា ក្នុង​ការ​​ឃោសនា​​រក​សំឡេង​ឆ្នោត​។

ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ ដែល​ជា​​កញ្ចក់​​ឆ្លុះ​​សង្គម​​ដ៏​​សំខាន់​​នោះ ត្រូវ​​រង​​ការ​រឹតត្បិត​​យ៉ាង​ដំណំ​​ដែរ​។ អង្គ​ការ​អាន់​ហ្វ្រែល រក​ឃើញ​​ដែរ​​ថា កា​រ​​រឹតត្បិត​​សិទ្ធិ​សេរីភាព​​សារព័ត៌មាន នៅ​តែ​​ជា​​បញ្ហា​​ចម្បង​មួយ​ដែរ នៅ​ក្នុង​​សង្គម​​ខ្មែរ​។ អង្គការ​​នេះ ថា ​រដ្ឋាភិបាល​ដាក់​​វិធានការ​​បន្ថែម​​ដើម្បី​​រឹតត្បិត​​ការ​ផ្សព្វផ្សាយ បិទ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ និង​​ធ្វើ​ទុក្ខបុកម្នេញ​​អ្នក​កាសែត​។ ដោយសារ​តែ​​រង​​ការ​​រឹត​ត្បិត​​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​​ប្រយ័ត្នប្រយែង និង​​រឹតត្បិត​​ការ​ផ្សាយ​​របស់​ខ្លួន​។ ប្រការ​នេះ​​ធ្វើ​​ឲ្យ​ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​​ពិត ឯករាជ្យ និង​​ឥត​លម្អៀង មិន​សូវ​មាន​​នោះ​ឡើយ សម្រាប់​​ការ​បោះឆ្នោត​​នេះ។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​​អ្នកសារព័ត៌មាន​​កម្ពុជា ហៅ​​កាត់​ថា ខេម​បូ​ចា (CamboJa) លោក ណុប វី សង្កេតឃើញ​ថា ម្ចាស់​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​វិទ្យុ​ និង​​ទូរទស្សន៍​នៅ​ក្នុង​​ស្រុក​​ស្ទើរតែ​​ទាំងអស់ មាន​និន្នាការ​ទៅ​រក​​គណបក្ស​កាន់អំណាច ដែល​​ធ្វើ​​ឲ្យ​​រាល់​​ការ​ផ្សព្វផ្សាយ​​របស់​ខ្លួន​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​​រដ្ឋាភិបាល​។ លោ​ក​ថា ​អ្នក​សារព័ត៌មាន​​ដែល​​ឯករាជ្យ​​ពិត​ប្រាកដ ហ៊ាន​ផ្សាយ​ព័ត៌មាន​​ពិត រិះគន់​​គណបក្ស​កាន់អំណាច គឺ​​មាន​​មិន​​ដល់ ៥ ភាគរយ​ផង៖ «ផ្នែក​ទូរទស្សន៍​មាន​​ប្រមាណ​​ជាង ២០ ស្ថានីយ​។ ផ្នែក​​វិទ្យុ​​មាន​​ជាង ២០០ ស្ថានីយ គឺ​សុទ្ធ​តែ​ជា​អ្នក​​ដែល​​គាត់​​អត់​ហ៊ាន​រាយការណ៍​ព័ត៌មាន​អ្វី​ដែល​​ប៉ះពាល់ ទៅ​ដល់​​រដ្ឋាភិបាល ខ្លាច​​មន្ត្រី​ហ្នឹង​​ខឹង ខឹង​​ហើយ​​ទាក់ទង​ទៅ​​គាត់ ឬ​ក៏​​មិន​​បន្ត​​អាជ្ញាប័ណ្ណ​​ជាដើម​។ ដូច្នេះ​​គាត់​​អត់​ហ៊ាន​​ទេ​។ ការ​​អត់​ហ៊ាន​ហ្នឹង ធ្វើ​​ឲ្យ​​ខាតបង់ និង​​ប៉ះពាល់​​ដល់​​ផល​ប្រយោជន៍​​របស់​​សាធារណជន​​ទូទៅ​»។​

ជាមួយ​គ្នា​នេះ សមាជិក​​អង្គការ​​សង្គម​ស៊ីវិល ជា​ពិសេស​​ក្រុម​​ឃ្លាំមើល​​ការ​បោះឆ្នោត ត្រូវ​បាន​រដ្ឋាភិបាល​​ហាមឃាត់ មិន​​ឲ្យ​​ចងក្រង​​បណ្ដាញ​​​ឃ្លាំមើល​ការ​បោះឆ្នោត​​របស់​ខ្លួន ដូចជា​បន្ទប់​ស្ថានការណ៍ តាំង​ពី​​ឆ្នាំ ២០១៧ មក​ម្ល៉េះ ដោយសារ​​រដ្ឋាភិបាល​​យ​ក​​លេស​​ថា ក្រុម​នេះ​បង្កើត​ឡើង​ផ្ទុយ​​នឹង​​ច្បាប់​​គ្រប់​​អង្គការ ​និង​​សមាគម​។

អង្គ​ការ​អាន់​ហ្វ្រែល ថា ​ក្នុង​ស្ថានភាព​​រឹតត្បិត​បែបនេះ ការ​ចូលរួម​​របស់​​អង្គការ​​សង្គម​ស៊ីវិល​​ឯករាជ្យ ដើម្បី​ឃ្លាំមើល​​ការបោះឆ្នោត គឺ​មាន​កម្រិត​​តិចតួច​ស្តួចស្តើង​បំផុត​។ មិន​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ម្ចាស់​ជំនួយ​​អន្តរជាតិ ថ្កោលទោស​ការ​រម្លាយ​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ និង​​មិន​​គាំទ្រ​ការ​បោះឆ្នោត​ដែល​​គ្មាន​វត្តមាន​​គណបក្ស​ប្រឆាំង​​នេះ ពួកគេ​​បាន​ផ្ដាច់ជំនួយ​ដែល​​ធ្លាប់​ជួយ​​ផ្នែក​​សកម្មភាព​ឃ្លាំមើល​​ការ​បោះឆ្នោត​។ ប្រការ​នេះ ធ្វើ​​ឲ្យ​​អង្គការ​​សង្គម​ស៊ីវិល​​ឯករាជ្យ​​ដែល​​ឃ្លាំមើល​​ការ​បោះឆ្នោត ខ្សោះ​​ថវិកា​​ដើម្បី​​បំពេញ​ការងារ​​ផ្នែក​​នេះ​​ផង និង​ស្ទាក់ស្ទើរ​​ក្នុង​ការ​​ចូលរួម​​សង្កេតការណ៍​​បោះឆ្នោត​នោះ​។

មន្ត្រី​​សម្របសម្រួល​ផ្នែក​​អង្កេត និង​​តស៊ូ​មតិ​​នៃ​​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវា​ង្ស ថា ​លក្ខខណ្ឌ​​អប្បបរមា​​ចំនួន ៦​ចំណុច ពាក់ព័ន្ធ​​នឹង​​ការ​បោះឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​​អង្គការ​​សង្គម​ស៊ីវិល ជាង ៦០ (៦៤) ស្ថាប័ន បាន​ស្នើ​​ឲ្យ​​កែ​សម្រួល​​កន្លង​មក នៅ​តែ​មិនទាន់​មាន​​ដំណោះស្រាយ​។

ចំណុច​ទាំង ៦ ដែល​​អង្គការ​សង្គម​ស៊ីវិល​​ទាមទារ​​នោះ រួមមាន បញ្ហា​​សមាសភាព​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ហា​​ប្រើ​​ធនធាន​​រដ្ឋ​​ដើម្បី​​ប្រយោជន៍​​បក្ស​​កាន់អំណាច និង​​បញ្ហា​​នៃ​​ច្បាប់​ដែល​​បើកដៃ​ឲ្យ​​រម្លាយ​​គណបក្ស​នយោបាយ​​ជាប់ឆ្នោត ដូចជា​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​​យក​អាសនៈ​​របស់​​បក្ស​​នេះ ទៅ​​ចែក​​ឲ្យ​​បក្ស​​ដទៃ ក្បត់​​ឆន្ទៈ​រាស្ត្រ​​ម្ចាស់​ឆ្នោត​​ជាដើម៖ «អ៊ីចឹង​​កន្លែង​​នេះ គឺ​ជា​​ដំណើរ​មួយ ដែល​​មិន​បាន​​ឆ្លុះ​បញ្ចាំង​​ពេញលេញ នៅ​ក្នុង​​ដំណើរការ​​នៃ​​ការ​បោះឆ្នោត ធានា​​អំពី​សិទ្ធិ​​អ្នក​បោះឆ្នោត​​ទេ»។​

បើ​ទោះ​បី​ជា​​យ៉ាង​នេះ​ក្ដី លោក កន សាវា​ង្ស ថា​​លោក​​សង្កេត​ឃើញ អំពី​​សន្ទុះ​ទឹកចិត្ត​​នៃ​ប្រជា​ពលរដ្ឋ​​មូលដ្ឋាន ដែល​​ស្រលាញ់​​ប្រជាធិបតេយ្យ ដែល​​ពួកគាត់​​ចង់​​បន្ត​​ចូលរួម​​សកម្មភាព​​នយោបាយ​តាមរយៈ​​ការ​បោះឆ្នោត ទោះ​​ក្នុង​ស្ថានភាព​​ដែល​មាន​​បញ្ហា​​នេះ​​ក្តី​។ ដូច្នេះហើយ​​ទើប​​លោក​​ថា អង្គការ​​ខុមហ្វ្រែល​​សហ​ការ​​ជាមួយ​​អង្គការ​​សង្គម​ស៊ីវិល​​ជា​ដៃគូ បាន​ដាក់​​អ្នកសង្កេតការណ៍​បោះឆ្នោត​ជិត ២,០០០ នាក់​ដែរ នៅ​ក្នុង​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​។ ប៉ុន្តែ​​អ្នកសង្កេតការណ៍​ទាំងនេះ លោក​​ថា ដាក់​​ដើម្បី​​ចូលរួម​​តែ​​ឃ្លាំមើល​​ការ​គំរាមកំហែង ដល់​អ្នក​​ចេញ​ទៅ​​បោះឆ្នោត​ប៉ុណ្ណោះ មិនមែន​​ដើម្បី​​វាយតម្លៃ​​អំពី​​លក្ខខណ្ឌ​ទូទៅ​​នៃ​​ដំណើរការ​​បោះឆ្នោត​​នេះនោះ​​ឡើយ​។​

បើ​​ប្រៀបធៀប​ទៅ​​អាណត្តិ​មុនៗ ចំនួន​​នៃ​​អ្នកសង្កេតការណ៍​​របស់​​អង្គការ​​ខុមហ្វ្រែល និង​អង្គការ​សង្គម​ស៊ីវិល​​ជា​ដៃគូ សម្រាប់​​អាណត្តិ​​នេះ គឺ​​តិច​ជាង​លើក​​មុនៗ ជិត ១០ ដង ព្រោះ​កាល​​បោះឆ្នោត​លើក​មុនៗ អង្គការ​​ទាំងនេះ ដាក់​​អ្នក​សង្កេតការណ៍​​រហូត​​ដល់​​ជិត ២​ម៉ឺន​​នាក់​។​

ក្នុង​ពេល​ដែល​​ខ្សត់​​ការ​ចូលរួម​​ពី​​អង្គការ​​សង្គម​ស៊ីវិល​​ឯករាជ្យ ដើម្បី​ឃ្លាំមើល​​ការបោះឆ្នោត អង្គការ​ដៃគូ​​របស់ គ​.​ជ​.​ប​​នៅ​​មូលដ្ឋាន ដូចជា​​សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា ដែល​​ដឹកនាំ​​ដោយ​​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​​ជា​​បេក្ខជន​​នាយករដ្ឋមន្ត្រី​​បន្ត​វេន​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​​ឯណោះ បាន​​បញ្ជូន​​មនុស្ស​​ទៅ​​សង្កេតការណ៍​​បោះឆ្នោត​​នៅ​​ពេញ​​ផ្ទៃ​ប្រទេស​។ ក្នុង​ចំណោម​​អ្នក​សង្កេត​ការ​​បោះឆ្នោត​​ជិត ៣​ម៉ឺន​នាក់ មាន​​ជាង ៩៧% មកពី​​ក្រុម​​លោក ហ៊ុន ម៉ា​ណែ​ត និង​​សមាគម​​នារី​​កម្ពុជា​ដើម្បី​​សន្តិភាព និង​​អភិវឌ្ឍន៍​​ដែល​ជា​ក្រុម​របស់​​អ្នកស្រី ម៉ែន សំអន និង​​ជា​​អនុប្រធាន​​គណបក្ស​​ប្រជាជន​កម្ពុជា​។

ងាក​មក​ច្បាប់​គ្រប់គ្រង​ការ​ចំណាយ​​លើ​ការ​ឃោសនាបោះឆ្នោត​ឯណោះ​វិញ អង្គ​ការ​អាន់​ហ្វ្រែល រកឃើញ​ថា ក្របខណ្ឌ​ច្បាប់​សម្រាប់​ការបោះឆ្នោត​ដែល​មាន​ស្រាប់ គ្មាន​​យន្តការ​ណាមួយ ដើម្បី​គ្រប់គ្រង ឬ​កំណត់​ការ​ចំណាយ​​នេះ​នោះ​​ឡើយ​។ ជាង​នេះ​ទៅ​ទៀត គ្មាន​លក្ខខណ្ឌ​ណាមួយ នៅក្នុង​ច្បាប់ កំណត់​ឲ្យ​គណបក្ស​នយោបាយ​ដែល​​ចូលរួម​ប្រកួត ប្រកាស​​ប្រភព​​មូលនិធិ ឬ​ការ​ចំណាយ​របស់​ខ្លួន ឲ្យ​​សាធារណជន​​បាន​ដឹង​​នោះ​ឡើយ​។ ក្នុង​​ឆ្នាំ ២០១៧ កន្លង​ទៅ អង្គការ​ខម​ហ្វ្រែល រកឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចំណាយ​ប្រាក់​ដើម្បី​ការឃោសនាបោះឆ្នោត ៥ ដង​​ច្រើន​ជាង​ការ​ចំណាយ​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​។​

រីឯ​​ច្បាប់​​ស្តីពី​​គណបក្ស​នយោបាយ​វិញ មាត្រា ៤៤ ដែល​ត្រូវ​បាន​ធ្វើ​​វិសោធនកម្ម​ក្នុង​ឆ្នាំ ២០១៧ មុន​រម្លាយ​​គណបក្ស​​ស​ង្គ្រោះ​ជាតិ ចែង​​បើក​ផ្លូវ​​ឲ្យ​តុលាការ​​រម្លាយ​​គណបក្ស​​នយោបាយ​ណាមួយ ដោយ​ឈរ​លើ​មូលដ្ឋាន​​ទូលាយ និង​​គ្មាន​​ភាព​ជាក់លាក់​។ ដោយសារ​តែ​​ច្បាប់​​នេះ ទើប​គណបក្ស​កាន់អំណាច រម្លាយ​​គណបក្ស​​សង្គ្រោះ​ជាតិ និង​​ហាម​​សិទ្ធ​​នយោបាយ​​មន្ត្រី​​ក្នុង​​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង ១១៨ រូប ហាម​​ធ្វើ​នយោបាយ​​ប្រាំ​ឆ្នាំ​។ មិន​តែ​ប៉ុណ្ណោះ មាត្រា ៣៨ បើកដៃ​ឲ្យ​​ក្រសួង​មហាផ្ទៃ​ព្យួរ​​សកម្មភាព​​គណបក្ស​​នយោបាយ​​ណាមួយ ដោយ​ឈរ​លើ​​មូលដ្ឋាន​​មិន​​ច្បាស់លាស់​​ដែរ​។​

ជុំវិញ​​បញ្ហា​​ឯករាជ្យ​របស់ គ​.​ជ​.​ប​ ដែល​​ជន់​ជោរ​​ដោយ​​មន្ត្រី​គណបក្ស​​ប្រជាជន​កម្ពុជា​​នោះ មន្ត្រី ស្ថាប័ន​​នេះ អះអាង​ថា អ្វីៗ​​ដែល​​ប្រព្រឹត្ត​​នៅ គ​.​ជ​.​ប​ គឺ​​អនុវត្ត​ត្រឹមត្រូវ​​តាម​ការ​ធ្វើ​​វិ​សោ​ន​កម្ម​ច្បាប់​​ស្តីពី​គណបក្ស​នយោបាយ​។​

អ្នកនាំពាក្យ​គ​.​ជ​.​ប​ លោក ហង្ស ពុទ្ធា អះអាង​ថា​ ស្ថាប័ន​នេះ រក្សា​បាន​​នូវ​ភាព​ឯករាជ្យ និង​អ​ព្យា​ក្រិត្យ​​របស់​ខ្លួន ព្រោះ​​លោក​​ថា សមាជិក​នីមួយៗ ត្រូវ​អនុវត្ត​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទបញ្ជាផ្ទៃក្នុង​​របស់ គ​.​ជ​.​ប​ ដែល​​ធានា​​ការ​បោះឆ្នោត​​មួយ​​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​។​

​ចំពោះ​​បញ្ហា​ថវិកា​​ដែល​​បាន​មក​ពី​ក្រសួង​​ដែល​​គ្រប់គ្រង​​ដោយ​​គណបក្ស​កាន់អំណាច​​នោះ​វិញ លោក ហង្ស ពុទ្ធា ថា​ នោះ​​ជា​​ដំណើរ​​ប្រក្រតី​​នៃ​​លំហូរ​​ថវិកា​​ដើម្បី​​ទ្រទ្រង់​​ស្ថាប័ន​​រៀបចំ​​ការ​បោះឆ្នោត ព្រោះ​ម្ចាស់​ជំនួយ​​ឈប់​​ផ្តល់​​លុយ​​ជួយ​​ដល់​​ស្ថាប័ន​​នេះ​។ លោ​កថា​​រឿង​​ដែល​​សំខាន់ គឺ​​មិនមែន​​រឿង​​បាន​ថវិកា​​មក​ពី​ណា​នោះ​ទេ ប៉ុន្តែ​​កម្ពុជា​​ត្រូវ​​ធានា​​ឲ្យ​​មាន​ការ​​បោះឆ្នោត​​ជា​ទៀងទាត់​​រៀងរាល់ ៥​ឆ្នាំ​ម្តង​។ លោក​អះអាង​ថា ការ​ប្រើប្រាស់​​ថវិកា​​របស់​​ក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ដែល​​គ្រប់គ្រង​​ដោយ​គណបក្ស​កាន់អំណាច​​នេះ មិន​​ប៉ះពាល់​​ដល់​​ឯករាជ្យភាព និង​​ភាព​ឥត​​លម្អៀង​​របស់ គ​.​ជ​.​ប​ នោះ​ឡើយ៖ «ការ​ប្រើប្រាស់​ថវិកាជាតិ​​នេះ ខ្ញុំ​គិត​ថា​ មិនមែន​តែ​​ស្រុក​​ខ្មែរ​​មួយ​​ទេ​។ ស្រុក​ណា​ក៏ដោយ គេ​ប្រើប្រាស់​​ថវិកា​​របស់​​ប្រទេស​​ខ្លួន​ឯង ក្នុង​ការ​​ដំណើរការ​​បោះឆ្នោត​ហ្នឹង»​។​

បើ​តាម​​លទ្ធផល​​បឋម​​នៃ​​ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​​គ្មាន​​កម្លាំង​​ប្រកួត​ស្មើគ្នា​នេះ បើទោះបី​​មាន​​គណបក្ស​នយោបាយ ១៧ គណបក្ស​ចូលរួម​​បោះឆ្នោត​យ៉ាង​ណាក្ដី ក៏​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូល​​តំណែង​​មេឃុំ​ និង​​ចៅ​សង្កាត់​​ទាំងអស់ លើកលែង​តែ​ ៤​កៅអី ប៉ុណ្ណោះ ក្នុងចំណោម​​តំណែង​​មេឃុំ ​និង​​ចៅ​សង្កាត់​ទាំង ១,៦៥២ នៅ​​ទូទាំង​ប្រទេស​។​

លទ្ធផល​​នេះ ខុស​គ្នា​ស្រឡះ​​ទៅ​នឹង​​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៤ ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​​ចូលរួម ដែល​​កាលណោះ តំណាង​​មេឃុំ​ និង​ចៅ​សង្កាត់ ជិត ៥០០ (៤៨៩) ឃុំ​​សង្កាត់ ត្រូវបាន​​ទៅ​ខាង​​គណបក្ស​​សង្គ្រោះ​ជាតិ​។

ទោះជា​យ៉ាងនេះ​ក្ដី មួយ​​សប្តាហ៍​​ក្រោយ​​ការ​បោះឆ្នោត​​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កោត​សរសើរ គ​.​ជ​.​ប​ ថា​បាន​រៀបចំ​​បាន​ល្អ​សម្រាប់​​ដំណើរការ​​បោះឆ្នោត​ឃុំ​សង្កាត់ និង​បបួល​អ្នក​ដែល​​ជំទាស់​​លទ្ធផល​​បោះឆ្នោត ឲ្យ​​ស្បថ​​បើ​​ហ៊ាន​​ថា ​ការ​បោះឆ្នោត​​នោះ​​ប្រព្រឹត្តទៅ​​មិន​​ត្រឹមត្រូវ ឬ​ដោយមាន​ការ​លួច​បន្លំ​។ លោក ហ៊ុន សែន ចាត់​ទុក​ការ​​ស្បថ​​នេះ ជា​រឿង​​សំខាន់៖ «តើ​ពួក​អ្នកឯង​ដែល​ចោទ​ថា​ ​គេ​លួច​​នេះ ហ៊ាន​​ស្បថ​​ឲ្យ​​រន្ទះ​បាញ់ ​ឬ​អត់​ឲ្យ​​ងាប់តៃ​ហោង​​ឬ​អត់​?»។​

​មន្ត្រី​ឃ្លាំមើល​​សិទ្ធិមនុស្ស និង​​ការបោះឆ្នោត ថា​ នៅក្នុង​សង្គម​​ដែល​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​រឹងមាំ គេ​​មិនដែល​​ឮ​​មេដឹកនាំ​​រូប​ណា បបួល​គ្នា​​ស្បថ​បែប​នេះ​នោះ​ឡើយ គឺ​គេ​​មាន​តែ​​បបួល​គ្នា​​ឲ្យ​​បើក​ការ​ស៊ើបអង្កេត​​ដោយ​ឯករាជ្យ និង​​ម៉ត់ចត់ ដើម្បី​​រក​ដំណោះស្រាយ​​សមស្រប រក​​ប្រយោជន៍​​យុត្តិធម៌​សង្គម និង​ស្តារ​​ទំនុកចិត្ត​របស់​​ពលរ​ដ្ឋ​។ ជាងនេះ​ទៅ​ទៀត ប្រទេស​​ប្រជាធិបតេយ្យ តែងតែ​លើកស្ទួយ​​ស្ថាប័ន​​រៀបចំ​​ការ​បោះឆ្នោត ឲ្យ​​មាន​​ភាព​ឯករាជ្យ និង​​ឥត​លម្អៀង និង​​រិះរក​​វិធី​​យ៉ាងណា បង្ក​​បរិយាកាស​​នយោបាយ​​ឲ្យ​​មាន​​ភាព​​អំណោយ​ផល និង​​ស្មើភាព​​គ្នា សម្រាប់​​គ្រប់​ភាគី ដែល​ចូលរួម​​ក្នុង​​ដំណើរ​ការ​​បោះឆ្នោត​។ ម្យ៉ាង​ទៀត រដ្ឋធម្មនុញ្ញ​​កម្ពុជា ចែង​​ការពារ​​ឲ្យ​​មាន​ការ​ការ​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌ ដែល​​អាច​ទទួល​យ​កបាន​​ពី​​គ្រប់​ភាគី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​សិទ្ធិមនុស្ស​​អន្តរជាតិ​ថា​ ការ​បោះឆ្នោត​ឃុំ​​សង្កាត់​​អាណត្តិ​ទី៥ អាក្រក់​​គ្មាន​​លេខ​​ដាក់"

  1. បើបក្សប្រឆាំងជំហរកំពុងទន់ខ្សោយ
    ដូចសព្វថ្ងៃនេះ មានការគាំទ្រថ្មីឡើង
    វិញពី បារាំង អាមេរិក​ និងអង់គ្លេស
    តើបក្សកាន់អំណាច សុខចិត្តសម្រប
    ដឹកដៃរួមរស់ជាមួយគ្នា កសាងជាតិ
    កម្ពុជា​ អាចទៅមុខរួចដែរឬទេ? ។

  2. អ្នកដឹកនាំ​បក្សប្រឆាំងដែលកំពុងមាន
    សញ្ជាតិ​បរទេស មានមោទនភាពខ្លួន
    ឯងជ្រុលហួសហេតុដោយសារមិនបាន
    សិក្សាដើរតាមគន្លងនៃអ្នកនយោបាយ
    អតីតកាល​ ថាតើគាត់បានធ្វើដូចម្ដេច
    ខ្លះទើបកើតជា មានមរតកនយោបាយ
    ១០ម៉ឺនUSD/ថ្ងៃ កំពុងតែដកយកមក
    ចាយវាយ​ជាប្រចាំ បានជារៀងរាល់ថ្ងៃ។
    បើគ្មានផលប្រយោជន៍ មហាអំណាច​
    បារាំង អាមេរិក​ និងអង់គ្លេស ​មិនជួយ
    ធ្វើជាខ្នងបង្អែកដល់ការដឹកនាំរបស់អ្នក
    ឡើយ។

Leave a Reply

Submit Comment