មេធាវី​ការពារក្តី​កញ្ញា សេង ធារី លោក ជូង ជូងី នៅ​មិន​ទាន់​បាន​ជួប​កូនក្តី​ក្រោយ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

2022.06.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​ការពារក្តី​កញ្ញា សេង ធារី លោក ជូង ជូងី នៅ​មិន​ទាន់​បាន​ជួប​កូនក្តី​ក្រោយ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

 RFA


មេធាវី​ការពារក្តី​កញ្ញា សេង ធារី លោក ជូង ជូងី មិន​ទាន់​ជួប​កូនក្តី​លោក​ឡើយ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មួយ​សប្តាហ៍​មក​នេះ។ កញ្ញា សេង សុធារី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស ៦ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ និង​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ទាំង​កញ្ញា​មិន​បាន​ឃើញ​សាលក្រម ឬ​ដីកា​ចាប់​ខ្លួន។ សង្គមស៊ីវិលចាត់ទុកការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាមទារ​សេរីភាព​សង្គម និង​សិទ្ធិមនុស្ស។

មេធាវី​កញ្ញា សេង ធារី និង​មន្ត្រី​សង្គម​ស៊ីវិល ​លើក​ឡើង​ថា កញ្ញា សេង ធារី មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​កញ្ញា គឺ​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​ការ​តវ៉ា​រក​យុត្តិធម៌​សង្គម​ផ្សេង​ទៀត។

មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា សេង ធារី លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២១ ខែមិថុនា ​ថា ការ​មិន​អនុញ្ញាត​លោក​ចូល​ជួប​កូន​ក្តី​របស់​លោក​ភ្លាមៗ ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន គឺ​ជា​ការ​រំលោភ​សិទ្ធិ​កូន​ក្តី​លោក និងសិទ្ធិមេធាវី។ លោក​ថា លោក​ស្នើសុំ​ជួប​កញ្ញា សេង ធារី ដើម្បី​ជជែក​ពី​បណ្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។ លោក​ថា ពេល​នេះ​ក្រសួង​មហាផ្ទៃ​យល់​ព្រម​ឱ្យ​លោក​ទៅ​ជួប​ក្ដី​របស់​លោក​ហើយ ប៉ុន្តែ​មិន​ព្រម​ចេញ​លិខិត​ជា​លាយលក្ខណ៍​អក្សរ ដែល​បណ្ដាល​ឱ្យ​លោក​ព្រួយ​បារម្ភ ដែល​មន្ត្រី​ពន្ធនាគារ​អាច​មិន​ឱ្យ​លោក​ចូល​ជួប​កញ្ញា សេង ធារី៖ «នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ បាន​ទូរស័ព្ទ​មក​ខ្ញុំ​ថា ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅ​ជួប​កញ្ញា សេង ច័ន្ទធារី ហើយ ហើយ​ខ្ញុំ​ក៏​ទាមទារ​ឱ្យ​គាត់​ចេញ​ជា​លិខិត ឬ​ក៏​ចេញ​ជា​ចំណារ​ជា​លាយលក្ខ​អក្សរ តែ​គាត់​ថា មិន​អាច​ចេញ​កើត​ទេ កាលណាចេញខុសច្បាប់ ពីព្រោះមេធាវីមានសិទ្ធិជួបកូនក្តី។ ហើយ​ខ្ញុំ​ក៏​បាន​លើក​ទៅ​វិញ​ថា ចុះបើសិនខ្ញុំទៅ ស្រាប់តែមន្ត្រីពន្ធនាគាអត់អោយជួបគិតម៉េច។ គាត់​ថា គាត់​បាន​បោះ​ដៃ​ទៅ​ហើយ ឱ្យ​ទៅ ទៅ គេ​ឱ្យ​ជួប​ហើយ។ ហើយ​ខ្ញុំ​ក៏​បញ្ជាក់​គាត់​ថា អ៊ីចឹង​ខ្ញុំ​ទៅ​ជាក់ស្តែង ប្រសិនបើ​ខាង​មន្ត្រី​ពន្ធនាគារ​មិន​ឱ្យ​ជួប​ខ្ញុំ និង​ទាក់ទង តាម​ទូរស័ព្ទ​មក​គាត់​វិញ។ ហើយ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​គាត់​ឆ្លើយ​ថា ឯកភាព​ជាមួយ និង​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​ជា​មេធាវី​ទៅ ប្រសិនបើ​ពន្ធនាគារ​មិន​ឱ្យ​ជួប តេ​មក​គាត់​ចុះ»

លោក ជូង ជូងី អះអាង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ លោក​នឹង​​ទៅ​​ជួប​កូនក្តី​នៅ​ពន្ធនាគារ​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​នេះ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា តាមផ្លូវច្បាប់ នីតិវិធី និង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ មេធាវី​មាន​សិទ្ធិ​ជួប​កូន​ក្តី។ លោកបន្តថា នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ ចំពោះ​នីតិវិធី​បន្តដែលមានការយឺតយ៉ាវ ព្រោះកញ្ញា សេង ធារី ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ហើយ ខណៈតាម​ផ្លូវ​ច្បាប់ មាន​រយៈ​ពេល​មួយ​ខែ​សម្រាប់​ប្តឹង​ទៅ​ឧទ្ធរណ៍៖ «បើសិនជា​ករណី​នេះ មេធាវី​គាត់​ព្យាយាម​ក្នុង​ការ​ជួប​កូន​ក្តី ប៉ុន្តែ​មិន​មាន​ការ​អនុញាត ឬ​ក៏​មិន​ទាន់​មាន​ការ​អនុញ្ញាត​ណា​មួយ ដើម្បី​ឱ្យ​ជួប អា​ហ្នឹង​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​កញ្ញា សេង សុធារី ក៏​ដូច​ជា​សិទ្ធិ​របស់​មេធាវី​ក្នុង​ការ​ជួប​ជាមួយកូន​ក្តី ឬ​ក៏​ជួប​ជាមួយ​មេធាវី ក្នុង​ការ​ពិភាក្សា​នីតិវិធី​បន្ត ឬ​ក៏​បញ្ហា​ផ្លូវ​ច្បាប់ តាមនីតិវិធី និងផ្លូវច្បាប់ មិន​អាច​ធ្វើ​ការ​ហាមឃាត់​បាន​ទេ បើសិនជា​មាន​ការហាមឃាត់ អាហ្នឹងវា នីតិវិធីក៏វាអាច និង​មិន​ត្រឹមត្រូវ ហើយ​សិទ្ធិ​របស់​គាត់ ក៏​ត្រូវ​បាន​ប៉ះពាល់​ផង​ដែរ»

លោក អំ សំអាត យល់​ឃើញ​ថា សាលក្រម និង​ការ​ផ្តន្ទាទោស​កញ្ញា សេង ធារី ជា​ការ​គំរាម​កំហែង បំភិតបំភ័យ​បំបាក់ស្មារតីដល់អ្នកការពារ​សិទ្ធិមនុស្ស ។ លោក​បន្តែម​ថា កញ្ញា សេង ធារី តែងតែ​ធ្វើ​ការ​តស៊ូមតិ​ដោយ​សន្តិវិធី ដើម្បី​លើក​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន និង​ការ​គោរព​សិទ្ធិមនុស្ស ។

កាល​ពី​ថ្ងៃ​ទី១៤ មិថុនា កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ អាជ្ញាធរ​បាន​បញ្ជូន​កញ្ញា​ទៅឃុំខ្លួននៅពន្ធនាគារ​ខេត្តព្រះវិហារ​ទៅ​វិញ​នៅ​ថ្ងៃ​បន្ទាប់។ កញ្ញា សេង ធារី គឺ​ជា​មេធាវី មាន​សញ្ជាតិ​អាមេរិក ជា​អ្នក​ជំនាញ​ច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ ជា​សកម្មជន​ទាមទារ​សិទ្ធិ​សេរីភាព និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឥត​សំចៃ​មាត់។ កញ្ញា​បាន​ចូលរួម​តស៊ូមតិ និង​តវ៉ា​ដោយ​អហិង្សា​ជា​ច្រើន ដូច​ជា ចូលរួម​តវ៉ា​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​ការ​ដោះលែង​អ្នកទោស​នយោបាយ លើកទឹក​ចិត្ត​ដល់​បុគ្គលិក​ណាហ្កាវើលដ៍​ឱ្យ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​សំណង​សម​ស្រប​ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្កាវើលដ៏ និង​ជា​អ្នក​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ជា​ដើម។

ក្រោយ​ចាប់​ខ្លួន​កញ្ញា សេង ធារី ភ្លាមៗ លោក​មេធាវី ជូវ ជូងី បាន​សុំ​មន្ត្រី​ពន្ធនាគារ​ចូល​ជួប​កូនក្តី​របស់​ខ្លួន ដើម្បី​ពន្យល់​ពី​សាលក្រម​ផ្ដន្ទាទោស​កញ្ញា ក៏​ប៉ុន្តែ​ត្រូវ​បាន​ពន្ធនាគារ​បដិសេធ។ 

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​វិភាគ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ផ្នែក​សិទ្ធិមនុស្ស និង​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​ចាប់ និង​ឃុំ​ខ្លួន​កញ្ញា សេង ធារី នេះ​ថា ជា​រឿង​នយោបាយ និង​អយុត្តិធម៌ ហើយ​ទាមទារ​ឱ្យ​តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment