ដោយ ថា ថៃ
2022.06.22
RFA

(រូបតំណាង) តារាងតម្លៃប្រេងសាំង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ រូបពីពលរដ្ឋ
សហភាពសហជីពកម្ពុជាស្នើសុំឲ្យរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម។តំណាងសហភាពសហជីពកម្ពុជា និងពលរដ្ឋត្អូញត្អែថា ការហក់ឡើងខ្ពស់នៃតម្លៃប្រេងសាំងសព្វថ្ងៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ខណៈពលរដ្ឋទើបធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩។
តម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ ដែលធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនរងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនបានខ្វាយខ្វល់ដោះស្រាយជូនពលរដ្ឋនោះឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា។
សហភាពសហជីពកម្ពុជា សង្កេតឃើញថា នៅពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ នាំឲ្យទំនិញគ្រប់មុខនៅលើទីផ្សារ ចាប់ផ្តើមមានតម្លៃហក់ឡើងខ្ពស់ដែរ ដែលធ្វើឲ្យពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរចំពោះជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ អ្នកទាំងនោះ មានដូចជា មន្ត្រីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបរយ និងកសិករជាដើម។ សហភាពសហជីពកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលកាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈ មកត្រឹមតម្លៃមួយសមរម្យដល់ការប្រើប្រាស់ និងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា រដ្ឋាភិបាល មិនត្រូវទុកឲ្យតម្លៃប្រេងបន្តហក់ឡើងខ្ពស់ទៀតនោះទេ។ លោកបន្តថា ទោះបីជាតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី (Russia ) និងអ៊ុយក្រែន (Ukraine) ក្តី រដ្ឋាភិបាល ក៏ត្រូវតែមានវិធីក្នុងការបញ្ចុះតម្លៃប្រេងឲ្យមកនៅកម្រិតសមរម្យដែរ ដូចជា បញ្ចុះពន្ធនាំចូល និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ជាដើម៖ «យើងមិនមែនចេះតែធ្វើការទាមទារទេ។ យើងមានការទទួលស្គាល់ថា ការហក់ឡើងតម្លៃប្រេងនេះដោយសារឥទ្ធិពលសង្គ្រាម នៅអ៊ុយក្រែន តែរដ្ឋាភិបាល ក៏ត្រូវមានវិធានការបញ្ចុះពន្ធ ក៏ដូចជាបញ្ចេញថវិកាជាតិ ដើម្បីទម្លាក់មកឥឡូវនេះវា ៦.០០០រៀល អាចមកត្រឹម ៤.០០០រៀល ឬ ៤.៥០០រៀល គឺមានលក្ខណៈ ប្រសើរជាង ៦.៤០០»។
កាលពីថ្ងៃទី២១ ខែមិថុនា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ មិថុនា ថា ចំពោះសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ៥.៨០០រៀលក្នុងមួយលីត្រ និងចំពោះប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ ៦.៣០០រៀល ក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃនេះជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយនៅកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម លោក ស៊ាង ថៃ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២២ មិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កម្មករសំណងមួយរូបរស់នៅខេត្តបាត់ដំបង លោក រេល សូមារឹទ្ធ គាំទ្រសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា។ លោក យល់ថា តម្លៃប្រេងសាំងដែលកំណត់ដោយលោក ហ៊ុន សែន នេះ មិនមែនជាការជួយនោះទេ តែជាការជាន់ករបស់ប្រជាពលរដ្ឋទៅវិញទេ។ លោក បន្តថា រូបលោក និងពលរដ្ឋផ្សេងទៀត ខំប្រឹងរកលុយរាល់ថ្ងៃ ដើម្បីចាក់តែសាំងមិនចង់គ្រប់ផង ដូច្នេះគ្មានលុយត្រៀមទុកសម្រាប់ចំណាយថ្ងៃបន្តបន្ទាប់ ឬសម្រាប់ចំណាយពេលឈឺនោះទេ៖ «វាអត់អាចទប់នឹងការហូបចុកចំណាយប្រចាំថ្ងៃផងនិងលុយកាកសម្រាប់មើលជំងឺប្រចាំថ្ងៃ។មនុស្សណាដែលអត់ឈឺនៅលើលោកនេះ វាត្រូវតែមានឈឺខ្លះ ត្រូវទៅពេទ្យខ្លះ។ជាពិសេសអ្នកដែលមានកូនទៅរៀន គាត់ទប់ ថ្លៃសាំង ថ្លៃហូបចុក ថ្លៃកូនទៅរៀន។ ម្ងៃៗ កូនទារប៉ុន្មានដង បើថាអ្នករៀនបឋមទេ ទារតែម្តងទេ តែដល់ផ្ទះទារទៀត ចឹងឪម៉ែរអ៊ូហើយ។ ដូចអ្នកធ្វើសំណង់អីចឹង រអ៊ូមិន អាចទប់ទល់បាន ប្រេងចាប់ពី ៥.០០០រៀលឡើងទៅ។ គាត់រអ៊ូចេះតែរអ៊ូទៅ តែធ្វើអីអ្នកធំមិនកើត ហើយចង់និយាយខ្លាចគេចាប់ដាក់គុក»។
ពលរដ្ឋ និងតំណាងសហភាពសហជីពកម្ពុជាយល់ថា ប្រសិនបើតម្លៃប្រេងសាំង ចុះមកត្រឹម ៣.០០០រៀល ទៅ ៤.០០០រៀល គឺសមរម្យអាចទទួលយកបាន។ លោក រ៉ុង ឈុន លើកឡើងថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនខ្វាយខ្វល់បញ្ចុះតម្លៃប្រេងសាំងទៀតនោះលោក នឹងជជែកគ្នាពីការប្រមូលផ្តុំសម្តែងមតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ទម្លាក់តម្លៃពន្ធនាំចូល និងបញ្ចេញកញ្ចប់ថវិកាជាតិ ជួយអន្តរាគមន៍ទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈឲ្យបានសមរម្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។