សហរដ្ឋអាមេរិកត្រៀមតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្រោយលោក Patrick ជិតចប់អាណត្តិ

កម្ពុជា-ទំនាក់ទំនងការទូត
23/06/2022 – 08:22
ដោយ៖ ជួប នរក្សា
RFI

លោក Patrick Murphy​ និង លោក Robert William Forden © សហការី


សេតវិមានអាមេរិកបានប្រកាសពីគម្រោងតែងតែងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ជំនួសតំណែងលោក Patrick Murphy ដែលកំពុងកាន់ការងារនាពេលបច្ចុប្បន្ន។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២។ អ្នកឃ្លាំមើល យល់ថា អាណត្តិរបស់លោក Patrick Murphy ហាក់ដូចជាលឿន ជាងបណ្តាអង្គទូតផ្សេងៗទៀតរបស់អាមេរិក ដែលធ្វើការនៅទីក្រុងភ្នំពេញ។

ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលសេតវិមាន ក្រោមរដ្ឋកាលរបស់លោកប្រធានាធិបតី Joe Biden ត្រៀមតែងតាំងនោះគឺលោក Robert William Forden ដែលបច្ចុប្បន្នគឺជាជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេស។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីថ្ងៃពុធ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកនេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ដូចឯកអគ្គរដ្ឋទូតអាមេរិកទាំងអស់ដែរ លោក Robert William Forden ត្រូវតែបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិក មុនពេលក្លាយជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពប្រចាំកម្ពុជា។ នេះបើតាមលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយបញ្ជាក់បន្ថែមថា លោក Patrick Murphy នឹងនៅបន្តតួនាទីជាឯកអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ រហូតដល់មានប្រកាសតែងតាំងថ្មី។

ជាការកត់សម្គាល់ ការប្រកាសរបស់សេតវិមានសហរដ្ឋអាមេរិក ពីចេតនាផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជាពេលនេះ ធ្វើឡើងតែប៉ុន្មានស​ប្តាហ៍ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា បានរៀបចំឡើង ហើយក៏តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសសាលក្រម លើកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរ-អាមេរិកាំង។

លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក កត់សម្គាល់ថា អាណត្តិរបស់លោក Patrick Murphy ហាក់ដូចជាលឿនជាងអាណត្តិនៃបណ្តាអង្គទូតផ្សេងៗដែលសហរដ្ឋអាមេរិក បានតែងតាំងឲ្យធ្វើការនៅទីក្រុងភ្នំពេញ។ មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរូបនេះ មើលឃើញថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅមិនទាន់មានភាពល្អប្រសើរនោះទេ ក្នុងអំឡុងអាណត្តិរបស់លោក Patrick Murphy ទោះបីជាសហរដ្ឋអាមេរិកបានជំរុញការលើកកម្ពស់បញ្ហាទាំងនោះ យ៉ាងណាក៏ដោយ។

បើតាមលោក សឹង សែនករុណា ស្ថានការណ៍នយោបាយវិវត្តន៍ចុងក្រោយ ដូចជាករណីចាប់ខ្លួន កញ្ញា សេង ធារី ការធ្លាក់នៃស្ថានភាពប្រជាធិបតេយ្យនៃការបោះឆ្នោតកន្លងទៅនេះ និងការត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ អាចជាការកត់សម្គាល់នៃការត្រៀមផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មី ដែលលោក Robert William Forden អាចមានលទ្ធភាពស្តារបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ឲ្យប្រសើរឡើង ជាងអាណត្តិរបស់លោក Patrick Murphy ដែលកំពុងកាន់ការងារពេលបច្ចុប្បន្ន។

បើតាមសេចក្តីប្រកាសព័ត៌មាន លោក Robert Willaim Forden ដែលត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ ធ្លាប់ធ្វើការងារជាច្រើនទាក់ទងនឹងទ្វីបអាស៊ី។ ក្នុងនោះលោកធ្លាប់ជា អនុប្រធានបេសកកម្ម និងជាភារធារី បណ្តោះអាសន្ននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ សាធារណរដ្ឋប្រជាមានិត​ចិន។ ធ្លាប់ជា​ នាយករងនៃវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ និងមុននោះជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ លោកក៏ធ្លាប់ជាទីប្រឹក្សារងផ្នែកសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង និងនៅទីក្រុងវ៉ាស៊ីនតោន។ និងជាអនុប្រធានការិយាល័យកិច្ចការចិន និងម៉ុងហ្គោលី នៅក្នុងការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស។

ហើយលើសពីនេះ លោក Robert William Forden ក៏ធ្លាប់ជា មន្ត្រីសេដ្ឋកិច្ចនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បើតាមសេតវិមាន លោក Robert Willaim Forden អាចនិយាយភាសាចិន និងវៀតណាម ខណៈដែលលោកធ្លាប់កាន់ការងារនៅប្រទេសទាំងនោះ។

គួររំលឹកថា លោក Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតបំពេញការងារពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩ ជំនួសអតីតឯកអគ្គរដ្ឋទូតលោក William A. Heidt។ មុនការប្រកាសតែងតាំង លោក Patrick Murphy ដែលបានធ្វើទស្សនកិច្ចមកកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ បានរិះគន់ ពីការចាប់ខ្លួនលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងការរំលាយនៃអតីតគណបក្សជំទាស់ដ៏ធំមួយនេះ។ កាលនោះលោក Patrick Murphy បានជំរុញឲ្យកម្ពុជា ងាកមកគន្លងប្រជាធិបតេយ្យ ក៏ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់មានសញ្ញាណគួរឲ្យកត់សម្គាល់ ខណៈដែលក្តីក្តាំលោក កឹម សុខា ក៏កំពុងបន្តនីតិវិធីច្បាប់៕

What Next?

Recent Articles

2 Responses to "សហរដ្ឋអាមេរិកត្រៀមតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្រោយលោក Patrick ជិតចប់អាណត្តិ"

  1. Anonymous says:

    YES…… you can see a new face of the US ambassador and you should wonder about your leader still be the same dump face for so many dade

  2. Anonymous says:

    YES…… you can see a new face of the US ambassador and you should wonder about your leader still be the same dump face for so many cade

Leave a Reply

Submit Comment