UN បន្ត​លើក​ឡើង​អំពី​កង្វល់​នៃ​ការ​រឹតត្បិត​សិទ្ធ​ជា​មូលដ្ឋាន​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា

ដោយ យ៉ង ចាន់តារា
2022.06.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

UN បន្ត​លើក​ឡើង​អំពី​កង្វល់​នៃ​ការ​រឹតត្បិត​សិទ្ធ​ជា​មូលដ្ឋាន​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា

​លោក ​អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ រូប៖ ហ្វេសប៊ុក United Nation in Cambodia


អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (UN) នៅតែ​បន្ត​លើកឡើង​នូវ​ក្ដី​កង្វល់​អំពី​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ពិសេស ការ​រឹតត្បិត​សិទ្ធ​ជា​មូលដ្ឋាន​ប្រជាពលរដ្ឋ​ និង​ការ​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចិរភាព។ ទន្ទឹម​គ្នា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា សេរីភាព​ភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​ចរន្ត​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​យាយី​នា​ពេល​កន្លង​មក​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ការ​លើកឡើង​នេះ​ធ្វើ​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។

ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (UN)​ នៅតែ​បន្ត​ដាស់តឿន​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ឱ្យ​គិតគូរ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ ដើម្បី​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​តម្លាភាព និង​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ។

ឯកសារ​ព័ត៌មាន​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ទី១៧ ស្ដីពី​ការ​ ការ​ចូលរួម​របស់​សង្គម​ស៊ីវិល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២០​ ខែ​មិថុនា បង្ហាញ​ថា លំហ​សេរីភាព​ប្រជាពលរដ្ឋ​ អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ការ​ចងក្រង​សមាគម​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស គឺ​ជា​គន្លឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ ក្រៅពី​នេះ​ សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​សេវា​ជាច្រើន​ដូចជា លើ​វិស័យ​អភិវឌ្ឍន៍​មនុស្សធម៌​ ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ ការ​អភិរក្ស​ ការ​កសាង​សន្តិភាព និង​សិទ្ធិ​មនុស្ស​ជា​ដើម។

ឯកសារ​ដដែល​បាន​ស្រង់​សម្ដី​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក ​អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែល​បាន​ថ្លែង​កាលពី​ឆ្នាំ ២០២១ថា​ លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​អាច​បំពេញ​តួនាទី​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម​ រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ចូលរួម​លើក​មតិ​ជំទាស់ ​គឺជា​ប្រធានបទ​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ធានា​សិទ្ធ​ជា​មូលដ្ឋាន និង​អំណាច​របស់​ពួកគេ​ ដើម្បី​ធ្វើ​ឱ្យ​សង្គម​កាន់​តែ​រឹងមាំ ​និង​កាន់​តែ​មាន​ភាព​ធន់។ ទោះជា​យ៉ាង​ណា​ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៧ ​មក​ ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​ត្រូវ​បាន​រឹត​បន្តឹង ​ជាពិសេស​ ទាក់ទង​នឹង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេសជាតិ ​ដែល​មាន​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​ត្រួត​ពិនិត្យ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​​ លោក កត្តា អ៊ន ​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​លោក​ចាត់​ទុក​ថា ឯកសារ​នេះ​ធ្វើ​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។ លោក​អះអាង​ថា​ កម្ពុជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្មារតី​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្ដី​អំពី​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស ​ក្នុង​នោះ​រួម​ទាំង​ប្រជាពលរដ្ឋ​ គណបក្ស​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ បាន​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​ទូលំ​ទូលាយ៖ «ការ​សន្និដ្ឋាន​វាយ​តម្លៃ​នេះ​គាត់ ​[UN] ស្ដាប់ឮ​មាន​បណ្ដាញ​នៅ​ក្នុង​ប្រទេស ​បញ្ជូន​ទៅ​។ ដូច្នេះ​ ហើយ​យើង​ខ្ញុំ​មិន​ចង់​បាន​ របាយ​ការណ៍​បែប​ហ្នឹង​ទេ។ យើងខ្ញុំ​ចង់​បាន​ របាយការណ៍​មួយ​ដែល​ពួកគាត់​ [UN]​ មើល​ឃើញ​នឹង​ភ្នែក​ផ្ទាល់​អំពី ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​តែ​ម្ដង​ អំពី​ស្ថានភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ អំពី​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ របស់​ប្រជាជន​កម្ពុជា»

ទោះ​បី​ជា លោក កត្តា អ៊ន​ បាន​ប្រឹងប្រែង​ការពារ​រដ្ឋាភិបាល​​ក្ដី ក៏​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ តែងតែ​វាយតម្លៃ​ថា​កម្ពុជា​គ្មាន​ការ​គោរព​សិទ្ធិ​ត្រឹមត្រូវ​តាម​ស្របច្បាប់​រដ្ឋធម្មនុញ្ញ​ឡើយ។ រដ្ឋាភិបាល​លោក ហ៊ុន សែន​ រង​ការ​រិះគន់​ថា បាន​​ដាក់​ចេញ​នូវ​ចំណាត់​ការ​បង្ក្រាប​យ៉ាង​ទៀង​ទាត់​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ទៅ​លើ​ក្រុម​សកម្មជន​គណបក្សប្រឆាំង​ សកម្មជន​សង្គម មន្រ្តី​សង្គម​ស៊ីវិល ពលរដ្ឋ​​ និង​ការ​បង្ក្រាប​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​ជា​មួយ​នឹង​រដ្ឋាភិបាល​ជាដើម។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គេ​មើល​ឃើញ​ថា កំពុង​មាន​សន្ទុះ​អ្នក​គាំទ្រ​ខ្លាំង​ក្លា ត្រូវ​បាន​រដ្ឋាភិបាល​​លោក ហ៊ុន សែន ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​មាន​លេស​រម្លាយ​ ព្រម​ទាំង​ចាប់​ខ្លួន​មេដឹកនាំ​ និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ឥត​ឈប់​ឈរ។

ក្រៅ​ពី​នេះ ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឯកបក្ស​ បាន​បន្ត​បង្ក្រាប​លើ​កូដករ​ណាហ្គាវើលដ៍​កាន់តែ​ខ្លាំង​ ខណៈ​ពួក​គេ​បាន​ប្រើ​សិទ្ធ​ស្រប​តាម​ច្បាប់​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធ​សេរីភាព​ការងារ​ពី​សំណាក់​ថៅកែ​ ជាង៦ខែ​កន្លង​មក​នេះ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ គូស​បញ្ជាក់​ថា ​​កន្លង​មក កម្ពុជា​បាន​ស្ម័គ្រ​ចិត្ត​ប្ដេជ្ញា ក្នុង​ធានា​ឱ្យ​មាន​សេរីភាព​សម្រាប់​ពលរដ្ឋ​ ដោយ​អនុញ្ញាត​ឱ្យ​មន្រ្តី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារ​ព័ត៌មាន​អាច​បញ្ចេញ​មតិ​ខ្លួន​ដោយ​សេរី ទាំង​នៅ​ក្រៅ​ប្រព័ន្ធ​ និង​លើ​ប្រព័ន្ធ​អនឡាញ ​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ទទួល​រង​ការ​បៀតបៀន ​ឬ​ការ​សង​សឹក​ និង​មិន​ធ្វើ​ការ​ចោទប្រកាន់​ទោស​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធ​ជា​មូលដ្ឋាន​របស់​ពួកគេ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​រង​ការ​រឹតត្បិត​ក្រោយ​មាន​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧។ លើស​ពី​នេះ លោក​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ក៏​មាន​ការ​គំរាមកំហែង​ និង​ការ​តាម​យាយី​បំភិតបំភ័យ​ ពី​សំណាក់​អាជ្ញាធរ​ ពេល​ដែល​ពួកគាត់​ចុះ​បំពេញ​ការងារ៖ «កន្លង​មក​ យើង​ឃើញ​ហើយ​ថា​ អ្នក​ការពារ​ សិទ្ធ​មនុស្ស ​ដូចជា​សកម្មជន​ការពារ​បរិស្ថាន​ សកម្មជន​​ការងារ​សង្គម​ ត្រូវ​បាន​ចាប់​ខ្លួន ​ចោទ​ប្រកាន់ ​និង​ធ្វើ​ការ​ឃុំខ្លួន​ ឬ​ការ​កាត់​ទោស​ជា​ដើម​ ដែល​ទាំង​អស់​នេះ​ គេ​ចាត់​ទុក​ថា ​លំហ​សេរីភាព ​និង​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​មាន​ការ​រឹតត្បិត»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅ​គ្មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​អំពី​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​ កម្ពុជា​អាច​នឹង​បាត់បង់​ផល​ប្រយោជន៍ ដូចជា ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំង​ស្រុង​ពី​សហភាព​អឺរ៉ុប ជាដើម។

ខណៈ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សាកល​នៅ​ឆ្នាំ២០២៣ ខាង​មុខ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អំពាវនាវ​ដល់ ​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ រួម​ទាំង​អង្គការ​ស្ត្រី​ផង​ដែរ ត្រូវតែ​ចូលរួម​ឱ្យ​បាន​ពេញលេញ​លើ​ការ​រៀបចំ​គោល​នយោបាយ​ ដែល​មាន​ផល​ប៉ះពាល់​មក​លើ​ជីវិត​របស់​ពួកគេ ហើយ​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ស្ថាប័ន​ដដែល​បញ្ជាក់​ជំហរ​ថា អង្គការសហប្រជាជាតិ​​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការណ៍​ជា​ជំហានៗ ដើម្បី​ជួយ​ធ្វើ​ឱ្យ​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​ តាម​រយៈ​ការ​ចូលរួម​ជួយ​ផ្តល់​យោបល់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ពាក់ព័ន្ធ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កម្ពុជា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​ច្បាប់​ស្ដីពី​សហជីព​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "UN បន្ត​លើក​ឡើង​អំពី​កង្វល់​នៃ​ការ​រឹតត្បិត​សិទ្ធ​ជា​មូលដ្ឋាន​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា"

  1. Anonymous says:

    international’s eyes is though to Cambodia under HUN SEN regime, they are worry about retaliation in world community by prime minister of Cambodia Mr HUN SEN . Cambodian should be worry about the future of their nation un HUN SEN . another blood shit may come if Cambodia can not be neutral

Leave a Reply

Submit Comment