កូដករ​ណាហ្គា​ខកចិត្ត​ដែល​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា ពុំទាន់​ឆ្លើយតប​ជា​វិជ្ជមាន​លើ​ញត្តិ​របស់​ពួកគេ

ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០១ កក្កដា ២០២២ | ម៉ោង ១៨:៣២
VOD

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ ទៅតាមដានញត្តិរបស់ពួកគេនៅរដ្ឋសភា ដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភា​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ ទៅតាមដានញត្តិរបស់ពួកគេនៅរដ្ឋសភា ដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភា​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


ក្រុមកូដករណាហ្គាវើលដ៍ បង្ហាញការខកចិត្ត​ដែល​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី និងរដ្ឋសភា ពុំទាន់មានការ​ឆ្លើយតប​ជា​វិជ្ជមាន​លើ​ញត្តិដែលពួកគេបានដាក់កាលពី១០ថ្ងៃមុន ខណៈញត្តិនោះមានខ្លឹមសារស្នើ​​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា ជួយ​អន្តរាគមន៍ដោះស្រាយវិវាទការងារជាមួយថៅកែកាស៊ីណូណាហ្គាតាមផ្លូវច្បាប់។

ការលើកឡើងនេះធ្វើឡើងក្នុងពេលកូដករណាហ្គា​វើលដ៍ប្រមាណ១០០​នាក់ នៅព្រឹកថ្ងៃសុក្រ​នេះ បាន​ទៅប្រមូលផ្ដុំគ្នា​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិរបស់ពួកគេដែល​បាន​​ដាក់​ទៅ​ស្ថាប័នទាំង២នេះ​ ព្រម​​ទាំង​ស្នើ​ជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើងថា កាលពីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២២ ក្រុមកូដករណាហ្គាវើលដ៍បានទៅដាក់​ញត្តិ​​នៅស្ថាប័នទាំង២នេះ​ ដើម្បីសុំអន្តរាគមន៍ដោះស្រាយ​វិវាទការ​ងារ​​ឱ្យ​បាន​ឆាប់ ប៉ុន្តែ​គិត​​​មកដល់ព្រឹកថ្ងៃទី១ ខែកក្កដានេះ ពួកគាត់នៅមិនទាន់ទទួលបានការ​ឆ្លើយតបណាមួយ​​នៅឡើយ ទើបពួកគាត់នាំគ្នា​ទៅតាមដានញត្តិដែល​បានដាក់។

កញ្ញាថា៖ «តាមរយៈសមាសភាពអ្នកដែលចុះមកទទួល វាអាចបង្ហាញដែរថា រឿងរបស់បុគ្គលិកណាហ្គាជាង១ឆ្នាំនេះ វាទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្រិតណា! អ៊ីចឹងយើងឃើញថា មិនជាមានទទួលការយកចិត្តទុកដាក់អីប៉ុន្មានទេ។ ហើយបើសិនជាខ្ញុំប្រៀបធៀបទៅការដោះស្រាយជាមួយរឿងសត្វតោមួយក្បាលទៀតហ្នឹង គឺថាខ្ញុំអាចប្រៀបធៀបមើលឃើញថា មនុស្សរាប់ពាន់នាក់ហ្នឹង គឺថាទទួលបានការចាប់អារម្មណ៍តិចជាងតោ។ [ខកចិត្តទេដែលទាំងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា នៅមិនទាន់មានការឆ្លើយតបជាវិជ្ជមាន?] យើងខកចិត្តដែរ ព្រោះរឿងនេះវាជាងមួយឆ្នាំហើយមកដល់ម៉ោងនេះ គឺអត់ទាន់មានការឆ្លើយតប ឬក៏សូម្បីតែសួរព័ត៌មាន»។

កញ្ញា​​បន្តថា​ រយៈពេលជាង៦ខែមក​​ហើយដែល​កូដករណាហ្គា​វើលដ៍បានធ្វើកូដកម្មតវ៉ាទាម​ទារ​រក​ដំណោះស្រាយ​​ ក្រោយ​ថៅកែ​បាន​បញ្ឈប់​ពួកគេ​​ទាំង​​​​អយុត្តិ​ធម៌ និង​​មិនអនុ​លោម​តាម​​ច្បាប់។ កញ្ញាបន្ថែម​​​ថា ការជួប​ចរចាចំនួន១២ដងរវាង​តំណាង​កូដករ តំណាងសហជីព និង​តំណាងក្រុមហ៊ុន ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការងារ ក៏នៅតែពុំទាន់មានលទ្ធផលជាវិជ្ជមាន​នៅឡើយ ដែលករណីនេះ ពួកគេនៅតែទទូចសុំឱ្យ​រដ្ឋាភិបាល និងរដ្ឋសភា ជួយពន្លឿនការដោះស្រាយ​ឱ្យ​បាន​ឆាប់។

លោក គង់ ចំរើន មន្ត្រី​​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បានទទួលលិខិតស្នើឱ្យតាមដានញត្តិរបស់ក្រុមកូដករ និងសន្យាផ្តល់ព័ត៌មាននៅពេលមានការឆ្លើយតបណាមួយពីថ្នាក់ដឹកនាំ។

លោកថា៖ «យើងអត់ដឹង [ថារយៈពេលយូរប៉ុនណាទើបរឿងហ្នឹងដល់ដៃថ្នាក់ដឹកនាំ] ទេ ព្រោះការងារថ្នាក់ដឹកនាំ លោករវល់! ឃើញស្រាប់ហើយ ថ្ងៃនេះអត់នៅផង ទៅព្រលែងត្រីព្រលែងអី ការងារច្រើន! ប៉ុន្តែពេលដែលបានដំណឹង ខ្ញុំទូរសព្ទប្រាប់ ព្រោះមានលេខទូរសព្ទហើយ ហើយអាចនឹងទូរសព្ទសួរខ្ញុំបានពេលម៉ោងធ្វើការ។ ហ្នឹងហើយ ជាក់ស្តែង វាទៅតាមជាក់ស្តែងសិនទៅ បើអត់ទាន់បានការសម្រេចយ៉ាងម៉េចៗ យើងម៉េចដឹង! ខ្ញុំគ្រាន់តែទទួលតើ! ហើយ​តែទទួលហើយ រៀបចំជូនហើយ គ្រាន់តែការសម្រេច​ [អាស្រ័យ]​លើថ្នាក់ដឹកនាំ»។

ចំណែកប្រធានផ្នែកជំនួយការនៃគណៈ​​​កម្មការទី១ ​នៃរដ្ឋសភា លោក ផាត់ សុផាន់ណា មាន​ប្រសាសន៍ថា ក្រោយរដ្ឋ​សភាបាន​ទទួលញត្តិរបស់ក្រុមកូដករ​កាលពីថ្ងៃទី២០ ខែមិថុនានោះ គណៈកម្មការទី១ បាន​​ប្រជុំ និងផ្ញើលិខិត​ទៅស្ថាប័ន​ជំនាញ​ និង​​ក្រសួងការងារ ដើម្បីឱ្យ​ពិនិត្យលើសំណើរ​​បស់កូដករ​​ហើយ ដោយមិនបានទុកចោលទេ។

លោកថា៖ «តាមពិតទៅ រាល់សំណូមពរ រាល់អ្វីដែលបងប្អូនបានលើកឡើងនៅក្នុងលិខិតនេះ គឺយើងបានពិនិត្យ ហើយយើងបានបញ្ជូនទៅតាមសំណូមពរហ្នឹងហើយ ទៅក្រសួងស្ថាប័នហើយ។ អ៊ីចឹង​សំណើនេះ ខ្ញុំនឹងដាក់ជូនឯកឧត្តមប្រធានគណៈកម្មាធិការ គាត់ពិនិត្យមួយលើកទៀត អំពីអ្វីដែលបងប្អូនកម្មករបានស្នើឡើងនៅក្នុងហ្នឹង។ ហ្នឹងហើយ! អ៊ីចឹងខ្ញុំសុំតែប៉ុណ្ណឹងទេ ព្រោះខ្ញុំជាជំនួយការទេ»។

អ្នកគ្រប់គ្រងកម្មវិធីការ​ងារ ​នៃមជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការអូសបន្លាយនៃការរកដំណោះស្រាយវិវាទការងារ នឹងបង្កផលប៉ះពាល់កាន់​តែ​​ខ្លាំង​ដល់ជីវភាពរបស់​​កូដករ ខណៈការ​សម្របសម្រួលរកដំណោះស្រាយរបស់ក្រសួងការងារ ហាក់ពុំ​មានការវិវត្តទៅមុខ។

លោកគូសបញ្ជាក់​ថា៖ «មានតែនាយករដ្ឋមន្ត្រីទេ ដែលអាចដោះស្រាយវិវាទការងារនេះបាន ពីព្រោះក្រសួងការងារបានបរាជ័យនៅក្នុងការសម្របសម្រួលឱ្យមាននូវដំណោះស្រាយ នូវចំណុចទាមទារអទិភាព គឺការទទួលយកមេដឹកនាំសហជីពចូលធ្វើការវិញ ការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ ខ្ញុំគិតថា វិវាទការងារនេះនឹងមិនអាចបិទបញ្ចប់បានទេ បើសិនជាមិនមាននូវគោលការណ៍ក្នុងការសម្របសម្រួលណាមួយដែលអាចទទួលយកបានទាំងសងខាង»។

បើតាមក្រុមកូដករ ញត្តិដែលពួកគេបានដាក់កាលពីថ្ងៃទី​២០ ខែមិថុនា មានខ្លឹមសារស្នើ​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា ជួយ​អន្តរាគមន៍ដោះស្រាយវិវាទការងារចំនួន៣ចំណុច ក្នុងនោះ ស្នើ​ឱ្យជួយជំរុញទៅក្រុមហ៊ុនទទួលយ​កកូដករដែលនៅសេស​សល់​ប្រមាណ២០០នាក់ចូលធ្វើការ​វិញ និង​ទូទាត់សំណង​​ឱ្យ​បាន​ត្រឹម​ត្រូវតាមផ្លូវច្បាប់ ព្រមទាំងស្នើសុំឱ្យមានការទម្លាក់បទចោទទៅលើ​ថ្នាក់ដឹកនាំនិង​សមាជិកសហជីពទាំង១៥នាក់វិញ។

បើតាមក្រុមកូដករ ប្រសិនបើមិនមានដំណោះស្រាយ​ណាមួយ​ទេ ពួកគាត់នឹងបន្តការ​តស៊ូមតិនិងតវ៉ារហូត​ដល់មានដំណោះស្រាយ​សមរម្យសម្រាប់ពួកគាត់។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះបាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles