សកម្មជន​បក្ស​ប្រឆាំង​លោក ញ៉ែម វាន ដែល​គេ​វាយដំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

ដោយ សុ ជីវី
2022.08.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​លោក ញ៉ែម វាន ដែល​គេ​វាយដំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

លោក ញ៉ែម វាន (ទី២ ពី​ខាង​ស្ដាំ) អតីត​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តស្វាយរៀង។ រូប៖ ហ្វេសប៊ុក


ស្ថានភាព​របួស​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង លោក ញ៉ែម វាន អាច​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ដោយសារ​អាការៈ​របួស​ធ្ងន់ធ្ងរ ក្រោយ​អាជ្ញាធរ​ពន្ធនាគារ​បណ្ដោយ​ឱ្យ​អ្នក​ជាប់​ឃុំ​ដូច​គ្នា​វាយ​ទាត់​ធាក់ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​កាល​ពី​ពេល​ថ្មីៗ នេះ។ គ្រួសារ និង​មេធាវី​របស់​ជន​រង​គ្រោះ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​អាជ្ញាធរ​ពន្ធនាគារ​ទទួល​ខុស​ត្រូវ​ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ​ទាំង​នោះ ដោយ​ត្រូវ​វែក​មុខ​ជន​ប្រព្រឹត្ត​យក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ខេត្តស្វាយរៀង លោក ញ៉ែម វាន ដែល​ទទួល​ការ​វាយដំ​បណ្ដាល​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ស្ថានភាព​របួស​ប្ដី​ជា​ខ្លាំង និង​ស្នើ​ដល់​អាជ្ញាធរ​ពន្ធនាគារ​បញ្ជូន​ប្ដី​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។


ប្រពន្ធ​លោក ញ៉ែម វាន ក៏​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​បទ​ចោទ ហើយ​ដោះ​លែង​ប្តី និង​សកម្មជន​នយោបាយ​ទាំង​អស់​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​ពួក​គាត់​បាន​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​ឡើង​វិញ ពីព្រោះ​ការ​ព្រាត់ប្រាស​សមាជិក​គ្រួសារ​ជាង ២ឆ្នាំ​ដោយ​គ្មាន​កំហុស និង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​នេះ គឺ​ជា​បង្កើត​ភាព​ឈឺ​ចាប់​បន្ថែម​ទៀត និង​មិន​អាច​ទទួល​យក​បាន​ឡើយ ។

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្តស្វាយរៀង លោក ញ៉ែម វាន គឺ​លោកស្រី ពៅ សារ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ សីហា​ថា លោកស្រី​មើល​ប្ដី​សឹង​មិន​ស្គាល់​ពេល​ចូល​សួរ​សុខ​ទុក្ខ កាល​ពី​ថ្ងៃ​ទី២៩ ខែសីហា ដោយសារ​ថ្មីៗ នេះ ប្តី​លោកស្រី​ត្រូវ​គេ​វាយដំ​នៅ​ក្នុង​ពន្ធនាការ​ត្រពាំងផ្លុង​បណ្ដាល​ឱ្យ​របួស​ធ្ងន់​រហូត​ដើរ​កាន់​ឈើ​ច្រត់ និង​មាន​ស្នាម​ជាំ​នៅ​លើ​ផ្ទៃ​មុខ ហើម និង​ឈឺ​ចាប់​ពេញ​ខ្លួន ជាពិសេស មាន​ឈាម​ហូរ​តាម​ត្រចៀក។ លោកស្រី ពៅ សារ៉ន ឱ្យ​ដឹង​ករណី​ហិង្សា​នេះ​ប្តី​លោកស្រី​មិន​ហ៊ាន​ប្រាប់​គ្រួសារ​ឱ្យ​ដឹង​ពី​ជន​ប្រព្រឹត្ត​នោះ​ទេ ពីព្រោះ​គាត់​ភ័យ​ខ្លាច​គេ​ធ្វើ​បាប​សា​ជា​ថ្មី​ទៀត។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ថា អ្វី​ដែល​លោកស្រី​តក់ស្លុត​បំផុត គឺ​ប្ដី​ពេល​ប្ដី​ហាក់​ផ្ដាំ​ផ្ញើ​ពាក្យ​សម្ដី​ចុង​ក្រោយ​ឱ្យ​គ្រួសារ​បាន​ដឹង​មុន ខណៈ​ស្ថានភាព​របួស​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ទោះ​យ៉ាង​ណា​ក្ដី លោកស្រី​ចាត់​ទុក​អំពើ​ហិង្សា​នេះ​ថា ជា​អំពើ​ព្រៃផ្សៃ​មិន​អាច​ទទួល​យក​បាន​ឡើយ​សម្រាប់​សកម្មជន​នយោបាយ ដែល​ស្លូត​ត្រង់ តស៊ូ​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​យំ​ផង ហើយ​ត្រចៀក​គាត់​ស្ដាប់​បាន តែ​ម្ដង​អត់​ឮ​ទាំង​អស់ តែ​ឥឡូវ​សុំ​ពេទ្យ​ទៅ​ព្យាបាល​មិន​ដឹង​គេ​អនុញ្ញាត​អត់​ទេ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ថ្នាក់​ហ្នឹង​សោះ ខ្ញុំ​ទទួល​យក​មិន​បាន​ទេ អយុត្តិធម៌​ខ្លាំង​ណាស់ ស្រុក​ខ្មែរ​រក​អ្វី​ប្រៀប​មិន​បាន​ទេ»។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង គឺ​លោក សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កូន​ក្តី​របស់​លោក​បី​នាក់​ក្នុង​ចំណោម ១៤នាក់ ត្រូវ​បាន​អ្នក​ជាប់​ឃុំ​ដូច​គ្នា​វាយ​ធ្វើបាប​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​នោះ​លោក ញ៉ែម វាន ទទួល​រង​ការ​វាយដំ​ធ្ងន់ធ្ងរ​ជាង​គេ។ លោក​លើក​ឡើង​ថា ករណី​នេះ គឺ​ជា​កំហុស​របស់​មន្ត្រី​ពន្ធនាគារ ដែល​បណ្ដោយ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​លើ​អ្នក​ជាប់​ឃុំ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ដាក់​សម្ពាធ​លើក​កូន​ក្ដី​របស់​លោក​បន្ថែម​ទៀត។ លោក សំ សុគង់ បញ្ជាក់​ថា លោក​មិន​ទាន់​សម្រេច​ដាក់​ពាក្យ​ប្តឹង ចំពោះ​ជន​ប្រព្រឹត្ត​នៅ​ឡើយ​ទេ ពីព្រោះ​កូន​ក្ដី​របស់​លោក​ហាក់​នៅ​ភ័យ​ខ្លាច ដោយ​ពួក​គេ​យល់​ថា នឹង​មិន​ទទួល​បាន​យុត្តិធម៌ និង​ខ្លាច​មាន​ការ​សងសឹក​ជា​ដើម ទោះ​យ៉ាង​ណា​ក្ដី លោក​នឹង​ព្យាយាម​ពិគ្រោះ​យោបល់​ពី​សិទ្ធិ និង​ផ្លូវ​ច្បាប់​ជាមួយ​កូន​ក្តី​ត​ទៅ​ទៀត៖ «គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ប្រើ​ហិង្សា​បន្ថែម​ទៅ​លើ​ទម្ងន់​ទោស​ពួក​គាត់​ថែម​ទៀត ហើយ​ក៏​ជា​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពួក​គាត់ ដែល​ជាប់​ឃុំ​ទទួល​រង​ការ​ឈឺ​ចាប់​មួយ​ហើយ ថែម​ទាំង​ទទួល​រង​ហិង្សា​ទៀត»។

កាល​ពី​ថ្ងៃ​ទី២១ ខែសីហា អាជ្ញាធរ​ពន្ធនាគារ​បាន​ផ្ទេរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤នាក់ ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។ ក្នុង​ចំណោម​នោះ​សកម្មជន​បី​នាក់ រួម​មាន លោក កែវ ថៃ លោក ជុំ ចាន់ និង​លោក ញ៉ែម វាន ត្រូវ​បាន​អាជ្ញាធរ​ពន្ធនាគារ​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុម​បង​ធំ​ជាប់​ឃុំ​ដូច​គ្នា​វាយ​ទាត់​ធាក់​ដោយ​សេរី​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​បណ្ដាល​ឱ្យ​របួស​ធ្ងន់ធ្ងរ។ ក្រុម​គ្រួសារ​ជន​ជាប់​ឃុំ​ចាត់​ទុក​ករណី​នេះ គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ឈឺចាប់​ថែម​ទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ ខែសីហា។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពន្ធនាគារ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដោយ​តម្លាភាព ដើម្បី​យក​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ពន្ធនាគារ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​អមនុស្សធម៌​លើ​រូប​រាងកាយ​ជន​ជាប់​ឃុំ​ណា​ម្នាក់​នោះ​ទេ។ លោក​យល់​ថា បើ​សិន​ជន​រង​គ្រោះ​មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​ឱ្យ​គ្រួសារ ប៉ុន្តែ​ពួក​គេ​គួរតែ​ពិភាក្សា​ជាមួយ​មេធាវី​ការពារ​ក្ដី​ដាក់​ពាក្យ​ប្ដឹង​តាម​នីតិ​ច្បាប់។ លោក ស៊ឹង សែនករុណា ថា អាជ្ញាធរ​ពន្ធនាគារ​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ដោយ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចាត់​វិធានការ​លើ​ជន​បង្ក​ហិង្សា និង​កុំ​ឱ្យ​អំពើ​បែប​នេះ​កើត​ឡើង​ក្នុង​ពន្ធនាគារ​ទៀត៖ «ករណី​គឺ​បន្ថែម​ទៅ​លើ​ការ​រិះគន់​កន្លង​មក​ហើយ ពីព្រោះ​វា​ជា​រូបភាព​មួយ​បង្ហាញ​ទៅ​ឆាក​អន្តរជាតិ​កាន់តែ​អាក្រក់​ទៅៗ ហើយ​យើង​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ ដូច្នេះ​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​មួយ​រូប​យើង​មិន​ចង់​ឃើញ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នេះ​បន្ត​ធ្លាក់​ចុះ​ទេ»។

លោក ញ៉ែម វាន អាយុ ៦៨ឆ្នាំ គឺ​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តស្វាយរៀង។ ក្រោយ​ពេល​គណបក្ស​ប្រឆាំង​រំលាយ កាល​ពី​ឆ្នាំ២០១៧ លោក​ក៏​ដូច​សកម្មជន​ផ្សេង​ទៀត​ដែល​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​មួយ​រយៈ ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច។ ទោះបី​ស្ថានភាព​នយោបាយ​រឹតត្បិត​ក៏​ដោយ​លោក នៅ​តែ​បន្ត​សកម្មភាព​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​រហូត​អាជ្ញាធរ​ខេត្តស្វាយរៀង ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​លោក​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩ តែ​លោក​ត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​ព្រឹត្តិការណ៍​ពេល​នោះ។ លោក ញ៉ែម វាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ម្ដង​ទៀត កាល​ពី​ដើម​ខែមេសា ឆ្នាំ២០២០។ តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់។

គ្រួសារ​លោក ញ៉ែម វាន ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​លើ​ប្តី ហើយ​លោកស្រី​គ្រោង​ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ពិភាក្សា​ផ្លូវ​ច្បាប់ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ស្វែងរក​យុត្តិធម៌​ជូន​ប្ដី​ឆាប់ៗ នេះ ទោះបី​លោកស្រី​គ្មាន​ជំនឿ​ថា សមត្ថកិច្ច​នឹង​រក​យុត្តិធម៌​ឱ្យ​សកម្មជន​នយោបាយ​ទាំងនោះ​បាន​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles