ពលរដ្ឋ​រិះគន់​លោក ព្រាប សុវត្ថិ ដែល​យក​ដី​បឹង​តាមោក

ដោយ យ៉ង ចាន់តារា
2022.09.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រិះគន់​លោក ព្រាប សុវត្ថិ ដែល​យក​ដី​បឹង​តាមោក

កំពូល​តារា​ចម្រៀង​នៅ​កម្ពុជា លោក ព្រាប សុវត្ថិ រូប៖ ហ្វេសប៊ុក​​លោក ព្រាប សុវត្ថិ


ពលរដ្ឋ ដែល​រស់នៅ​ក្បែរ​បឹង​តាមោក និង​សកម្មជន​បរិស្ថាន​នៅតែ​ព្រួយបារម្ភ​ថា បឹង​ធម្មជាតិ​បឹង​តាមោក​នឹង​រលាយ​បាត់ ខណៈ​ពួកគាត់​ឃើញ​នៅតែ​មាន​ការ​ចាក់​ដី​លុប និង​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​នេះ​ឲ្យ​ទៅ​អ្នក​មាន​លុយ មានអំណាច និង​អ្នក​ល្បី​ឈ្មោះ​ដូចជា​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ជាដើម​។ ពួកគាត់​យល់​ថា លោក ព្រាប សុវត្ថិ ដែល​ធ្លាប់​តែ​មាន​អ្នកគាំទ្រ​ច្រើន និង​ជា​បុគ្គល​ស្អាតស្អំ មិន​គួរ​ចង់បាន​ដី​បឹង​ធម្មជាតិ​នេះ​ទេ។

ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​រិះគន់​តារា​ចម្រៀង​ជួរមុខ លោក ព្រាប សុវត្ថិ ដែល​ពួកគាត់​ធ្លាប់​គាំទ្រ បែរ​ជា​មក​ពាក់ព័ន្ធ​រឿង​ដីធ្លី​ចំនួន​៣​ហិកតារ ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​លោក កាល​ពី​ថ្ងៃទី​១៣ ខែ​មេសា កន្លងទៅ​។ ពួកគាត់​ថា លោក ព្រាប សុវត្ថិ មិន​គួរ​មក​ប្រឡូកប្រឡាក់​ចង់បាន​ដី​បឹង​ធម្មជាតិ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ។

“សកម្មជនបរិស្ថានសោកស្ដាយដែលលោក ព្រាប សុវត្ថិ មានចំណែកទទួលដីនៅបឹងតាមោក”


មន្ត្រី​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN លោក ហេង គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ថា លោក​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​តារាចម្រៀង​លោក ព្រាប សុវត្ថិ ដែល​មាន​ឈ្មោះ​មិនល្អ​ក្នុង​ការ​លុបបំបាត់​ធនធាន​ធម្មជាតិ ដោយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ទទួលយក​ដី​បឹង​តាមោក​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា លោក​នឹង​ធ្វើ​ពហិការ​ឈប់​គាំទ្រ និង​ស្ដាប់​ចម្រៀង​របស់​តារាចម្រៀង​១​នេះ​ទៀត ហើយ​លោក​ក៏​ស្នើ​ដល់​យុវជន​ធ្វើ​ពហិការ ដោយ​ឈប់​ចូលរួម​មើល​ការសម្ដែង​របស់​លោក ព្រាប សុវត្ថិ តទៅ​ទៀត ដើម្បី​រួមចំណែក​ការពារ​មិន​ឲ្យ​បុគ្គល​ល្បីឈ្មោះ​បំផ្លិចបំផ្លាញ​ធម្មជាតិ​។ លោក​មើលឃើញ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​បឹង​តាមោក​ឲ្យ​នៅ​គង់វង្ស​នោះ​ទេ ដោយសារ​នៅតែ​មានការ​កាត់​ឆ្វៀល​ដី​បឹង​នេះ ឲ្យ​ទៅ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​មានអំណាច ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់​ថា ការ​ដែល​អស់​បឹង​ធម្មជាតិ នឹង​ធ្វើ​ឲ្យ​ទីក្រុង​ជន់​លិច​ដោយ​ងាយ ម្យ៉ាងទៀត​បឹង​តាមោក​ពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​បឹង​នេះ​យូរ​មក​ហើយ បើ​បាត់បង់​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​៖ «ជុំវិញ​ករណី​បឹង​តាមោក​នេះ យើង​ឃើញ​ថា ជា​បន្តបន្ទាប់ ត្រូវ​បាន​កាត់​ចេញ​ជា​ដុំៗ ឲ្យ​ទៅ​បណ្ដា​ក្រុម​អ្នក​មាន ក្រុម​អ្នក​មាន​អំណាច ក្រុម​បុគ្គល​ល្បីល្បាញ ឬក៏​អ្នក​រក​ស៊ី​អីហ្នឹង បន្តបន្ទាប់​ដែរ ហើយ​យើង​មើលទៅ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ការបាត់បង់​បឹង​តា​មោក​ទាំងស្រុង​ហ្នឹង​ហាក់បីដូចជា​ខិត​ជិត​ទៅៗ​ហើយ​បាទ។ អាក់អន់ស្រពន់ចិត្ត​ខ្លាំង​មែនទែន ជាពិសេស​ចំពោះ​វត្តមាន​តារាចម្រៀង ព្រាប សុវត្ថិ នេះ​បាទ ដោយសារ​អី​? គាត់​គឺជា​បុគ្គល​ម្នាក់ ដែល​មាន​កេរ្តិ៍ឈ្មោះ​ស្អាតស្អំ​ហ្នឹង​យូរហើយ​មិនសូវ​ជា​មាន​រឿងអាស្រូវ​អី​ច្រើន ដូច​តារា​ផ្សេងទៀត​ហ្នឹង​ណា៎»។

ការ​ប្រតិកម្ម​របស់​លោក ហេង គឹមហុង នេះ​បន្ទាប់ពី​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាត់​ដី​បឹង​តា​មោក​ចំនួន​៣​ហិកតារ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ឲ្យ​លោក ព្រាប សុវត្ថិ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ហើយ​ឯកសារ​នេះ​ទើបតែ​ចុះផ្សាយ​ជា​សាធារណៈ​នៅក្នុង​អាទិត្យ​នេះ​។ ក្រៅពី​លោក ព្រាប សុវត្ថិ នៅ​មាន​បុគ្គល​ម្នាក់ទៀត​ឈ្មោះ គី សេង ក៏​ទទួល​បាន​ដី​បឹង​តាមោក​ពី​អនុក្រឹត្យ​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ព្រាប សុវត្ថិ និង​បុគ្គល​ឈ្មោះ គី សេង ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី ០៣​កញ្ញា។

ទោះជា​យ៉ាងណា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​លុប​បឹង​តាមោក រស់នៅ​ភូមិ​សំរោង​ត្បូង លោកស្រី ផន សុខុម ប្រាប់​ថា លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ​សន្យា​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដល់​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក តែ​លោកស្រី​ហាក់​នៅ​មិនទាន់​សង្ឃឹម​បាន​មួយ​ភាគរយ​នោះ​ទេ ព្រោះ​នៅតែ​ឃើញ​មានការ​ចាក់​លុប​បឹង​ឥត​ឈប់ ហើយ​ខូចខាត​ដល់​ឡូ​ចិញ្ចឹម​ត្រី​របស់​អ្នកភូមិ​។ លោកស្រី​ស្នើ​ដល់ រដ្ឋាភិបាល​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់ ដោយសារ​ពួកគាត់​ព្រួយ​កង្វល់​ពី​ការ​បណ្ដេញចេញ​ដោយ​បង្ខំ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​៖ «គាត់​មិន​គិត​ពី​លោភលន់​អី​ទេ ធ្វើ​ម៉េច​បើ​បាន​គាត់​អាស្រ័យ​ផល​ពី​កេរ​ដូនតា​មក ហើយ​គាត់​ចង់​បើ​បាន​ប៉ះ​ដោះស្រាយ​ឲ្យ​គាត់​ទៅ មិន​ទៅ​ទាមទារ​អី​ណា​ហួស​ពី​សមត្ថភាព​ទេ។ អ៎​ចេះតែ​មាន​ព្រួយបារម្ភ​អា​រឿង​លិច​ទឹក ប៉ុន្តែ​យើង​ទៅ​ធ្វើ​ម៉េច យើង​ត្រឹមតែ​រាស្ត្រ យើង​គ្មាន​សិទ្ធិ​អី​ទេ​អូន​។ សុំ​មេត្តា​ថា ឲ្យ​គាត់​ចាក់​ប៉ះ​អី ឲ្យ​គាត់​ដោះស្រាយ​ទៅ​តែ​ប៉ុណ្ណឹង​ទេ​។ មិន​គិត​អី​ឲ្យ​ហួស​ហ្នឹង​ទេ​អូន គាត់​ថា​ប៉ះ​ស៊ង​ណា​ដោះស្រាយ​ស៊ង​ហ្នឹង ដល់​គាត់​ចាក់​លុប​គាត់​អត់​ដោះ​ផង​ហ្នឹង វា​ខុសពី​ពាក្យ​គាត់​និយាយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​បែងចែក​ដី​រដ្ឋ​ដល់​ប្រជាពលរដ្ឋ ហាក់ដូច​ជា​មាន​លំនាំ​ពីរ ព្រោះ​ពលរដ្ឋ​ក្រីក្រ ដែល​ទទូច​សុំ​ប័ណ្ណកម្មសិទ្ធិ​ដី​ពី​រដ្ឋាភិបាល មិនឃើញ​មានការ​ចាត់ចែង​ឲ្យ​ពលរដ្ឋ​ដោយ​សមរម្យ​នោះ​ទេ ចំណែក​មន្ត្រីរាជការ ឬ​អ្នក​ល្បី​ឈ្មោះ​ដែល​អែបអប​រដ្ឋាភិបាល បែរជា​ទទួល​បាន​ដី​ដោយ​ងាយ​។ លោក បន្ថែម​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល មិន​គួរ​ឲ្យ​មាន​ទឹកភ្នែក​ពលរដ្ឋ​នៅ​ទីនោះ​ទេ ពលរដ្ឋ​គួរតែ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ទាំងនោះ​៖ «យើង​មើលឃើញ​ថា រវាង​គម្លាត​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ហើយនឹង​អ្នក​ដែល​នៅ​ជិត​រដ្ឋាភិបាល ដែល​ស្និទ្ធស្នាល​នឹង​រដ្ឋាភិបាល​ហ្នឹង ហាក់ដូចជា​ការ​ទទួល​អាស្រ័យ​នូវ​ផលប្រយោជន៍​ហ្នឹង​គឺ​ខុសគ្នា​មែនទែន​។ ហើយ​ជាពិសេស យើង​មើលឃើញ​ទៀត​ថា វា​នៅ​តំបន់​បឹង​តាមោក​តែម្ដង ដែល​ជា​តំបន់​ប្រជាពលរដ្ឋ​គ្នា​ស្រែក​សុំ​អង្វរ ហើយ​បែរ​ជា​មាន ឮ​វត្តមាន​តារា​ចម្រៀង​ថា មាន​វត្តមាន​យក​ដី​៣​ហិកតារ នៅ​តំបន់​នោះ​ដែរ នេះ​ជា​រឿង​មួយ ដែល​យើង​សោកស្ដាយ​មែនទែន ក្នុងនាម​ជា​តារាចម្រៀង ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរ»។

ផ្ទៃ​បឹង​តាមោក មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣.២៣៩) តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប៉ុន្តែ​បឹង​នេះ​បាន​រួម​តូច​បន្តិច​ម្ដងៗ បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃ​បឹង និង​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​អស់​រាប់​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍ តែ​ពលរដ្ឋ​នៅ​តំបន់​នេះ​មិនទាន់​ទទួល​បាន​ផលប្រយោជន៍ ពី​ការ​អភិវឌ្ឍ​នោះ​ទេ និង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​គ្រប់​ពេល។

គិត​ត្រឹម​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ទំហំ​ដី​បឹង​តា​មោក​ជាង​ពីរ​ពាន់​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល និង​ដោះដូរ ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​មនុស្ស​មួយ​ក្រុម ជា​អ្នក​មាន​លុយ​មាន​អំណាច និង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពួកគេ​កសាង​អគារ បុរី វីឡា ខុនដូ និង​ធ្វើជា​កម្មសិទ្ធិឯកជន​ជាដើម៕

What Next?

Related Articles