ការសិក្សា​មួយ​រក​ឃើញ​ថា ជារៀងរាល់​១៦នាទី មាន​ពលរដ្ឋ​១គ្រួសារ​បាន​លក់​ដី​ដើម្បី​សង​បំណុល​មីក្រូហិរញ្ញវត្ថុ

ព័ត៌មានជាតិ សេដ្ឋកិច្ច
លោក ណាត សុភាព | ១៤ កញ្ញា ២០២២ | ម៉ោង ១៨:៣១
VOD

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)


ការសិក្សាមួយ​ដែលគាំទ្រ​ដោយ​​ក្រសួង​​សហ​ព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​) រកឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​១​៦​៧​ ០​០​០​​​នាក់​ ​បាន​​​និង​​​កំពុង​​លក់​ដី​ ​ដើម្បី​បង់​សង​ក​ម្ចី​ឥណទាន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ ហើយ​បើតាមការប៉ាន់ប្រមាណសម្រាប់អ្នកខ្ចីប្រាក់ទាំងអស់ មានការ​លក់ដីដោយសារបំណុលចំនួន៣៣ ៥៨០នាក់ (ស្មើនឹង១៣ភាគរយ)​ ក្នុងមួយឆ្នាំ ឬ​លក់​ដី​ម្ដងនៅ​រៀងរាល់​រយៈពេល​១​៦​នាទី​។

ក្នុងទំព័រហ្វេស​ប៊ុក​របស់​​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លី​កា​ដូ) នៅថ្ងៃទី១៤ ខែកញ្ញានេះ បាន​បង្ហាញលទ្ធផលនៃការសិក្សាមួយរបស់ក្រសួង​សហ​ព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​​អភិវឌ្ឍ​ (B​M​Z​) ដែល​​​បាន​ផ្ដល់​ភស្តុតាង​បន្ថែម​​ទៀត ​នៃ​ការ​រីក​រាលដាល​​បញ្ហា​ជំពាក់​បំណុល​ច្រើនលើស​លុបនៅ​កម្ពុជា​ ​ដែល​​នាំ​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ជាច្រើន​ករណី​ ​ពោល​ក្នុង​ក​ម្រិ​ត​មួយ​ “​ខ្ពស់​ខ្លាំង​” ​និង​ “​មិន​​អាច​​ទទួលយក​បាន​” ​។​ ​

ការសិក្សានោះក៏​មាន​រួមបញ្ចូល​​នូវ​ការ​ស្ទង់មតិប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​៦​៧​ ​០​០​០​​​នាក់ ​ក្នុង​ទំហំ​ធំ​​តាម​​គ្រួសារ​ ​កិច្ច​ពិភាក្សា​ជា​ក្រុម​ជាមួយ​អ្នកភូមិ​ ​និង​​បទ​សម្ភាស​ជាមួយ​​អាជ្ញាធរ​​មូល​ដ្ឋាន​ ​នៅ​​ក្នុង​ភូមិ​ចំនួន​២​៤​ ​នៅ​ទូទាំង​ប្រទេស​។​ ​ការសិក្សា​នេះ​​បាន​រក​ឃើញ​បញ្ហា​​មួយ​​ចំនួន​​ក្នុង​ចំណោម​បញ្ហា​ផ្សេងទៀត ​ដូច​ជា​​ ក​ម្រិ​​ត​ខ្ពស់​ខ្លាំង​​នៃ​​ទំហំ​​ក​ម្ចី​គិត​ជាមធ្យម​គឺ​ ​៥​ ​១​៨​៣​ដុល្លារ​ ​ក្នុងចំណោម​គ្រួសារ​​​ដែល​ជាប់ជំពាក់​បំណុល​ ​ដែល​ភាគច្រើន​នៃ​​អ្នក​ទាំងនោះ ​គឺ​ជាគ្រួសារ​ក្រខ្សត់​​ខ្លាំង​ (​ជាមួយនឹង​អត្រា​ការប្រាក់​ ​១​៨​% ​បូក​នឹង​ក​ម្រៃ​សេវា​ឥណទាន​ខ្នាត​តូច​) ​ហើយ​ជិត​ពាក់​កណ្ដាល​​នៃ​គ្រួសារ​​​ដែល​ជាប់ជំពាក់​បំណុល​ជួប​ការលំបាក​ក្នុង​ការ​បង់​សង​​។​


ការសិក្សារបស់​ B​M​Z បន្តថា៖ «ក្នុងចំណោម​គ្រួសារ​ដែលជួបការ​លំបាក​ក្នុងការបង់សងទាំងនោះ ១៣ភាគរយ​នៃ​ពួកគាត់បានរាយការណ៍ថា ពួកគាត់បានលក់ដី ដើម្បីបង់សងបំណុល​ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយ [នេះ​ប្រសិនបើប៉ាន់ស្មានសម្រាប់អ្នកខ្ចីប្រាក់ទាំងអស់ មានន័យថា មានការលក់ដីដោយសារ​បំណុល​ចំនួន ៣៣ ៤៨០នាក់ ក្នុងមួយឆ្នាំ ឬលក់ដីម្តងនៅរៀងរាល់​រយៈពេល១៦នាទី]។»

ទាក់ទិននឹងបញ្ហានេះ នាយកកិច្ចការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​បន្ថែម​ថា ​អង្គការ​ហ្វ៊ី​អាន​ (​F​I​AN​) ​ក៏ដូចជា​​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា ​ដូចជា អង្គការ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា ជាដើម​ បាន​​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​គោរព​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​និង​ចាត់វិធានការ​ជាក់លាក់​​និង​ជាបន្ទាន់​ ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​មិន​អាច​ប្រកែក​បាន​នេះ​ ​។​

លោកផ្តល់ជាអនុសាសន៍ដូច្នេះថា៖ «ចង់ឱ្យមានការផ្តល់ត្រលប់មកវិញដែរ នូវប្លង់ដីដែលបាន​ដាក់​បញ្ចាំទាក់​ទង​នឹង​កម្ចី​ខ្នាត​តូច ឬ​ក៏ខ្នាតមធ្យមហ្នឹង ដល់ប្រជាពលរដ្ឋដែលជាអ្នកកម្ចីវិញ ដើម្បីចៀសវាងកា​រប្រឈម​ជាមួយ​នឹង​ការលក់ដី និងការបាត់បង់ដីរបស់គាត់»។

លោកបន្ថែមថា៖ «ហើយទី២ BMZ នេះដែ​រ ដែលធ្លាប់ផ្តល់កម្ចី ឬក៏ការដាក់វិនិយោគទុនជាមួយនឹងហិរញ្ញវត្ថុ ក៏ដូចជាធនាគារ ហើយនឹងសាជីវកម្មអន្តរជាតិដែលបានដាក់ទុកជាមួយមីក្រូហិរញ្ញវត្ថុនិងធនាគារ ត្រូវ​ទៅពិនិត្យ​ទៅ​លើ​មីក្រូ​ហិរញ្ញវត្ថុនិងធនាគារ ត្រូវគោរពទៅតាមគោលការណ៍ស្តង់ដារអន្តរជាតិ ដើម្បីកុំឱ្យមានការរំលោភ​សិទ្ធិ​មនុស្ស ហើយ​ក៏​ត្រូវមានការដោះស្រាយនូវសំណង​ត្រលប់ទៅវិញ​ដល់ប្រជាពលរដ្ឋណាដែលគាត់​រង​គ្រោះ ដោយ​សារ​គាត់​បាត់​បង់​ដី​ធ្លី ការ​រំលោភសិទ្ធិផ្សេងៗដែលកើតចេញពីការធ្វេសប្រហែស ឬពីបុគ្គល​មន្ត្រី​ឥណទានមកលើគាត់»។

វីអូឌី មិនអាច​សុំការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន និងអ្នកនាំពាក្យ​នៃ​ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានទេ នៅថ្ងៃពុធនេះ។

បើតាមអង្គការលីកាដូ ចាប់ពី​ពាក់​កណ្ដាល​​ឆ្នាំ​​២​០​១​៩​មក​ ​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា​មួយ​ចំនួន​​បាន​ចេញ​របាយ​ការណ៍​ជា​ច្រើន​ ​ដោយ​​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​​​នៃ​វិបត្តិ​ជាប់ជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើនលើស​លុប​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា​។​ ​

ការ​វិភាគ​របស់​អ្នកស្រាវជ្រាវ​​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​គឺ​ចង្អៀត​ពេក​ ​ដែល​នាំ​ឱ្យ​មាន​ការប្រកួតប្រជែង​ជា​ខ្លាំង​ក្នុងចំណោម​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ជា​ផ្លូវការ​។​ ​ការណ៍​​នេះ​នាំ​ឱ្យ​មាន​ការ​​ផ្សព្វផ្សាយ​យ៉ាង​​សម្បើម​​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​វិធី​សា​ស្រ្ត​ជ្រុល​និយម​នៃ​ការ​យក​ដីធ្លី​ដាក់ជា​​ទ្រព្យ​​ធានា​សម្រាប់​ក​ម្ចី​ខ្នាត​តូច​ ​ដើម្បី​បង្កើន​ ​ឬ​រក្សា​អតិថិជន​​។​ ​ដូចដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការសិក្សា​មួយ​ក្នុង​ឆ្នាំ​២​០​១​៧​ ​អំពី​ភាព​ជំពាក់​បំណុល​ច្រើនលើស​លុប​ ​ដែល​គាំទ្រ​ថវិកា​ដោយ​ម្ចាស់​ជំនួយ​ (​ដែល​មាន ​B​M​Z​ ផង​ដែរ​) ​អ្នកស្រាវជ្រាវ​នៃ ​IN​E​F​ ​បាន​សន្និដ្ឋាន​ថា​ ​នៅចន្លោះ​ពី​ ​២​៥​%-​៥​០​% ​នៃពលរដ្ឋចំនួន២​,​៨​លាន​គ្រួសារ​​ដែល​ជាប់ជំពាក់​បំណុល​នៅ​កម្ពុជា​ ​គឺ​កំពុង​ជាប់​បំណុល​វ័ណ្ឌក​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment