តំណាង​យុវជន​ខ្មែរ​ក្រោម​​ថ្កោលទោស​វៀតណាម​​ដែល​ដាក់​កម្លាំង​ហាមឃាត់​​យុវជន និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ១០០​នាក់

ដោយ យន់ សាមៀន
2022.09.14
RFA

តំណាង​យុវជន​ខ្មែរ​ក្រោម​​ថ្កោលទោស​វៀតណាម​​ដែល​ដាក់​កម្លាំង​ហាមឃាត់​​យុវជន និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ១០០​នាក់

អាជ្ញាធរវៀតណាម​ខេត្ត​ព្រះត្រពាំង​ដាក់កម្លាំង​ជា​ហាមឃាត់យ​យុវជន និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ១០០​នាក់ ធ្វើ​ពិធី​អបអរសាទរ រំលឹក​ខួប ១៥​ឆ្នាំ​នៃ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​នូវ​សេចក្តី ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក Voice of Kampuchea Krom – VOKK


តំណាង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​នៃ​សមាគម​កូន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ថ្កោលទោស​អាជ្ញាធរ វៀតណាម​ខេត្ត​ព្រះត្រពាំង​ដែល​បាន​ដាក់​កងកម្លាំង​ជាច្រើន​នាក់​ហាមឃាត់ មិន​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ១០០​នាក់ អាច​ធ្វើ​ពិធី​អបអរសាទរ រំលឹក​ខួប ១៥​ឆ្នាំ​នៃ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​នូវ​សេចក្តី ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ១៣ កញ្ញា​ថា ការ​ប្រារព្ធ​ទិវា​នេះ ដើម្បី​ជា​ប្រយោជន៍​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​។ ក្នុង​ទិវា​នេះ យុវជន​ខ្មែរក្រោម បាន​ចែក​អំណោយ​ដល់ ពលរដ្ឋ​ខ្មែរក្រោម​ដែល​មាន​វ័យ​ចំណាស់ និង​អាន​ខ្លឹមសារ​នៃ​សេចក្តី ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម របស់​អង្គការ​សហប្រជាជាតិ​។ ក្នុង​ពេល​នៃ​ពិធី​នោះ ក៏​មាន​ប៉ូលិស វៀតណាម ជាច្រើន​នាក់ បាន​ដាក់​កម្លាំង​មក​ហាមឃាត់​មិន​ឲ្យ​ខ្មែរក្រោម​ជួបជុំគ្នា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរក្រោម មិន​ធ្វើ​តាម​ហើយ​នាំគ្នា​បន្ត​ធ្វើ​ពិធី​នោះ​ទាល់តែ​ចប់​។ លោក យឿង ខាយចាត់​ទុក​ទង្វើ​របស់​វៀតណាម ជា​ការ​រំលោភសិទ្ធិ​ប្រមូល​ផ្តុំ ជាពិសេស​សិទ្ធិ​ជនជាតិ​ដើម៖ «ប្អូន​យល់ថា​វៀតណាម​ធ្វើ​នេះ វា​ខុសច្បាប់ ហើយ​សេចក្តី ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​វៀតណាម​មិនដែល​បាន​អនុវត្ត​ទេ​។ ពេល​ពួក​ប្អូន​អនុវត្ត​គាត់​រារាំង​គាត់​ថា ខុសច្បាប់​គាត់​មិន​ចង់​ឲ្យ​ជនជាតិ​ប្រារព្ធ​ពិធី​ជនជាតិ​ដើម​ទេ»។

អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​កាលពី​ឆ្នាំ ២០០៧​។ សេចក្តី​ប្រកាស​នេះ ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​។ សេចក្តី​ប្រកាស​នេះ បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ស្តង់ដារ​អប្បបរមា​ធានា​ការរស់រាន​មាន​ជីវិត កិត្តិយស សុខុមាលភាព​នៃ​ជនជាតិ​ដើម​ជុំវិញ​ពិភពលោក និង​ការ​បញ្ជាក់​ឡើងវិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​សិទ្ធិមនុស្ស ដែល​មាន​ស្រាប់​ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​នៃ​ជនជាតិ​។ ទោះបី​វៀតណាម​បាន​ព្រម​ទទួលយក អនុវត្ត នូវ សេចក្តី ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ក៏ដោយ ក៏​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម និង​ជនជាតិ​ដើម​ផ្សេងទៀត​ដែរ​។ បច្ចុប្បន្ន​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភពលោក​កំពុង​ធ្វើ​យុទ្ធនា​ការស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment