ដោយ អាស៊ីសេរី
2022.09.14
RFA

ប្រពន្ធសកម្មជនគណបក្សប្រឆាំងប្រមូលផ្ដុំគ្នានៅមុខព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង កោរសក់ដើម្បីទាមទារដោះលែងស្វាមី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រពន្ធសកម្មជនគណបក្សប្រឆាំងទាំងជាងដប់នាក់ (១០នាក់) បានប្រមូលផ្ដុំគ្នានៅមុខព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង ដើម្បីធ្វើពិធីកោរសក់ដល់ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ គឺប្រពន្ធរបស់លោក ញ៉ែម វាន លោកស្រី ពៅ សារ៉ន និងប្រពន្ធលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី។
នៅក្នុងពិធីកោរសក់នេះ ក្រុមប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ បានបួងសួងសុំឱ្យព្រះអង្គដងកើ បន្ទន់ចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងតុលាការ ដោះលែងប្ដីរបស់ពួកគាត់ឱ្យមានសេរីភាពវិញ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តិអំពើក្បត់ជាតិ ឬក៏ញុះញង់អ្វីនោះឡើយ។
ប្រពន្ធរបស់លោក យឹម សារ៉េត លោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីថា ការកោរសក់របស់លោកស្រីនេះ គឺចង់បញ្ជាក់ថា ទាំងប្ដីរបស់លោកស្រី និងលោកស្រីផ្ទាល់ បានលះបង់ទ្រព្យធន និងការងារជាច្រើនដើម្បីជួយដល់ប្រទេសជាតិ។ លោកស្រី អ៊ុក ចន្ធី បន្ថែមថា ការកោរសក់នេះ ក៏មានគោលបំណងស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អន្តរាគមន៍បញ្ជូនប្ដីរបស់លោកស្រីមកឃុំខ្លួននៅពន្ធនាគារព្រៃស ឯក្រុងភ្នំពេញឯណេះវិញ ព្រោះក្រុមគ្រួសាររបស់លោកស្រីលំបាកទៅសួរសុខទុក្ខប្ដី ដោយត្រូវចំណាយទាំងពេលវេលា និងប្រាក់កាសច្រើន៖ «សម្ដេច ស ខេង លោកអន្តរាគមន៍ទៅពន្ធនាគារត្រពាំងផ្លុង ដើម្បីឱ្យបញ្ជូនពួកគាត់មកនៅព្រៃសវិញ។ គាត់ជាប់ឃុំទាំងអយុត្តិធម៌ហើយ កុំធ្វើបាប កុំធ្វើបាបគាត់ឱ្យពង្រាត់បង្រាសគាត់ពីក្រុមគ្រួសារដ៏សែនឆ្ងាយ។ ខ្ញុំគ្មានលទ្ធភាពទៅជួបសួរសុខទុក្ខគាត់ទេ។ គាត់ទៅទីនោះជិតមួយខែហើយ ខ្ញុំអត់ទាន់មានលទ្ធភាពទៅជួប សួរសុខទុក្ខគាត់ទេ ដោយសារខ្ញុំមានថវិកាបន្តិចបន្តួច នាងខ្ញុំផ្ញើតាមគេ។ គាត់កំពុងតែមានជំងឺដ៏ធ្ងន់ធ្ងរ។ ពេលនេះខ្ញុំមកតុលាការថ្ងៃនេះ ខ្ញុំសង្ឃឹមថាជួបមុខគាត់ តែគាត់មកអត់រួច ដោយសារអី គាត់មានសុខភាពទ្រុឌទ្រោម គាត់មិនអាចជិះឡានមកបាន»។
គិតមកដល់ថ្ងៃនេះ ក្រុមស្ត្រីថ្ងៃសុក្រសរុប ៧នាក់ហើយ ដែលបានកោរសក់ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិឱ្យមានសេរីភាពវិញ នៅក្នុងនោះមានដូចជា ប្រពន្ធលោក កាក់ កុម្ភា ប្រពន្ធលោក ស៊ុន ធន់ និងប្រពន្ធលោក សុខ ចន្ថា ជាដើម។ បើទោះបីជាក្រុមស្ត្រីថ្ងៃសុក្រទាំងនេះ ធ្លាប់ប្រឈមអំពើហិង្សា ពីសំណាក់អាជ្ញាធរយ៉ាងណាក្ដី ក៏ពួកគាត់នៅតែបង្ហាញគោលជំហរថា ពួកគាត់បន្តយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងប្ដីពួកគាត់វិញ ឱ្យមានសេរីភាពដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។