ដោយ យ៉ង ចាន់តារា
2022.09.14
RFA

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ Photo: RFA
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលើកឡើងថា ការពន្យារពេលប្រកាសសាលក្រមសំណុំរឿងរបស់លោកនៅតុលាការក្រុងភ្នំពេញនោះ គឺជាចេតនានយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ កញ្ញាថា តុលាការប្រទេសបារាំងកំពុងដំណើរក្ដីរវាងលោក និងលោក ហ៊ុន សែន ដូច្នេះលោក ហ៊ុន សែន បញ្ជាឱ្យតុលាការក្រុងភ្នំពេញពន្យារពេលសំណុំរឿងរបស់លោក ដើម្បីកុំឱ្យតុលាការបារាំងមើលឃើញថា លោកជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅកម្ពុជា។
ប្រតិកម្មរបស់ប្រធានស្ដីទីបក្សប្រឆាំងរូបនេះ កើតមានឡើងក្រោយពីតុលាការក្រុងភ្នំពេញបានលើកពេលប្រកាសសាលក្រមសំណុំរឿងពាក់ព័ន្ធនឹងបទចោទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក»។ អាជ្ញាធរបានចោទលោក សម រង្ស៊ី ថា បានចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាមលោក កុក ស កាលពីឆ្នាំ២០១៣ កាត់ដីខ្មែរចំនួន ៤ខេត្តនៅភាគឦសានឱ្យទៅក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ប្រសិនបើលោកឈ្នះឆ្នោតដឹកនាំប្រទេសនៅឆ្នាំ២០១៣។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានច្រានចោលការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការ និងចាត់ទុកថា នេះជាការបំភ្លៃសាច់រឿង។ លោក សម រង្ស៊ី បកស្រាយថា កិច្ចព្រមព្រៀងនេះមិនមែនជាការកាត់ទឹកដីខ្មែរទៅឱ្យក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ានោះទេ ប៉ុន្តែគ្រាន់តែជាការទទួលស្គាល់ និងគោរពសិទ្ធិជនជាតិដើមភាគតិចមួយចំនួនរស់នៅភាគឦសាន ស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័នតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។