លោក ​ហ៊ុន ម៉ាណែត ​ប្រតិកម្ម​តប​​លោក ​សម​ រង្ស៊ី ​រឿង​រិះគន់​សមត្ថភាព

14 កញ្ញា 2022
លាស់ លីបលីប
វីអូអេខ្មែរ

រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។


ភ្នំពេញ —  លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​អះ​អាង​ថា ​លោកមាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​ប្រទេស ​ទើបមន្រ្តី​គណបក្ស​កាន់​អំណាច​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​បេក្ខ​ជន​អនាគត​នាយក​រដ្ឋ​មន្ត្រី ​បន្ទាប់​ពី​ឪពុក​របស់​លោក។​

លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​បែប​នេះ ​ដោយ​ប្រតិ​កម្ម​តប​ទៅ​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​លោក ​សម រង្ស៊ី ​ដែល​បាន​លើក​ឡើង​ថា​ លោក ​ហ៊ុន ម៉ាណែត ​មិន​មាន​ស្នាដៃ​អ្វី ​និង​ទទួល​បាន​តំណែង​តាម​រយៈ​ឪពុក​របស់​លោក។​

បើ​តាម​វីដេអូ​មួយ​ប្រមាណ​១២​នាទី​ ដែលលោក​ ហ៊ុន ម៉ាណែត ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅ​ថ្ងៃ​ទី១៤ ​ខែ​កញ្ញា ​លោក ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា​៖ ​«លោក​អ៊ំ​ចូល​ចិត្ត​ធ្វើ​បាប​កូន​ក្មេង ​ចូល​ចិត្ត​វាយ​ប្រហារ​កូន​ក្មេង។ ​វាយ​ប្រហារ​ឪ​ខ្ញុំ ​ឪ​ខ្ញុំ​លែង​តប ​ហើយ​មក​វាយ​ប្រហារ​ខ្ញុំ​។ ​គាត់​វាយ​ថា ​ហ៊ុន ម៉ាណែត​ មក​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ហ្នឹង​ គឺ​បាត់​បង់​ឱកាស​យុវជន​ដទៃ​ទៀត​ជា​ច្រើន។​ ខ្ញុំថា​ ហ្ហេ!​ ខ្ញុំ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រទេស​ខ្មែរ​មាន​សមាស​ភាព​ [ដែល] អ្នក​មាន​សមត្ថ​ភាព​ច្រើន​ ហើយ​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​ក៏​មាន​សមាស​ភាព​ច្រើន​ដែរ​ ដែល​មាន​សមត្ថ​ភាព​ ប៉ុន្តែ​គណៈ​[កម្មាធិការ]​កណ្តាល​បាន​សមូហ​ភាព​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​មនុស្ស​ម្នាក់​ ព្រោះ​គេ​អាច​រើស​បាន​តែ​ម្នាក់ ​ហើយ​គេ​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ»។​


​លោក​ ហ៊ុន ម៉ាណែត​ ​ត្រូវ​បាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើសរើស​ជា​ឯក​ច្ឆន្ទ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​

លោក​ ហ៊ុន ម៉ាណែត ​ក៏​បាន​ចាត់​ទុកលោក​ សម រង្ស៊ី​ ថា ​មិន​មាន​ភាព​អៀន​ខ្មាស​ និង​ជា​អ្នក​នយោបាយគ្មាន​ចក្ខុ​វិស័យ ​ដែល​ដឹក​នាំ​គណ​បក្ស​ដើរ​ថយ​ក្រោយ។ ​លោក​ឌឺដង​ទៅ​លោក ​សម រង្ស៊ី​ ថា​ បើ​លោក​គាំទ្រ​គណ​បក្ស​ភ្លើង​ទៀន​ គួរ​ណាស់​តែ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ដែល​មាន​សមត្ថ​ភាព​ដឹក​នាំ​គណ​បក្ស ​ហើយកុំ​វាយ​ប្រហារ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​

​លោក​បន្ថែម​ថា៖ ​«បើ​មិន​ចេះ​វិភាគ​ថា ​ខ្លួន​មក​ពីណា​ មក​ដល់​ណា​ ហើយ​ទៅ​ណា​ទៀតគ្រប់​ពេល​នោះ​ទេ ​គឺម្តង​ទៅ​លិច​ម្តង​ទៅ​កើត​ តាម​អារម្មណ៍​ ​គ្មាន​ចក្ខុ​វិស័យ។ ប្រហែល​ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​លោក​អ៊ំ​ម្តង​វាយ​ខ្ញុំ​រឿង​នេះ​ ម្តង​វាយ​ប្អូន​ខ្ញុំ ​ម្តង​វាយ​ឪពុក​ខ្ញុំ ​ព្រោះ​គ្មាន​ចក្ខុ​វិស័យ​ក្នុង​ការ​ដឹក​នាំ​បក្ស​បាន[ដែល]​កាន់​តែថយ​ទៅៗ។ ​រឿង​តែ​ប៉ុណ្ណឹង»។​

លោក ​ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន ​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ ​ក្រៅ​ពី​នេះ​ លោកជា​ប្រធាន​យុវ​ជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ។ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោក​បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់​ក្នុង​វេទិកា​នានា ​តំណាង​ឪពុក​របស់​លោក។​

លោក ​សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កញ្ញា ​បា​ន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ភ្ជាប់​ជា​មួយ​រូប​ភាព​របស់​លោក​ ហ៊ុន ម៉ាណែត ​និងរិះ​គន់​ថា​ អ្វី​ដែល​លោក​ ហ៊ុន ម៉ាណែត ​បង្អួត​មនុស្ស​គ្រប់គ្នា​ គឺ​បាន​មក​ដោយ​សារឪពុក​របស់​លោក​ ដូច​ជា​បុណ្យ​ស័ក្តិ ​ការ​ចូល​រៀន​នៅ​សាលា​ទាហាន​អាមេរិក ​ដែល​បាន​មកពី​ការយោគ​យល់ ​និង​ថា ​សាលា​រៀន​នោះមិន​សូវ​គិត​ពី​ចំណេះ​ដឹង ​និង​សមត្ថ​ភាព​ពិត​ប្រាកដ​របស់​និស្សិត​ជា​ជន​ជាតិ​បរទេស​ ដែល​ជា​កូន​អ្នក​ធំ។​

លោក ​សម រង្ស៊ី ​បាន​បង្ហោះ​សារ​ជា​អក្សរ​ថា៖ ​«តែអ្វី​ដែល​ ហ៊ុន ម៉ាណែត ​មាន​ក្នុង​ដៃ​ពេល​នេះ​ដើម្បី​យក​មក​បង្អួត​គេ​ឯង ​គឺបាន​មកពី​ឪ​ទាំង​អស់។ ​បុណ្យ​សក្តិ​ក៏​ឪ​បំពាក់​ឱ្យ។ ​សូម្បី​តែ​លទ្ធភាព​បាន​ចូល​រៀន​សាលា​នៅ​សហ​រដ្ឋ​អាមេរិក ​ក៏​ចូល​តាម​ច្រក​យោគ​យល់​ (កូតា)ដែល​គេ​បើក​ឱ្យ​សម្រាប់​និស្សិត​ជាជន​ជាតិ​បរទេស»។​

លោក​ សម រង្ស៊ី ​រិះគន់​លោក ​ហ៊ុន ម៉ាណែត​បែប​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ប្រកាស​ថា លោកនៅ​តែ​គាំទ្រ​លោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​បន្ទាប់​ពី​លោក​ឈប់​ធ្វើ។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​ពល​រដ្ឋក្នុង​ខេត្ត​សៀមរាប ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖ ​«បើទោះ​បីជា ​ហ៊ុន ម៉ាណែត ​ជាកូន​អ្នកណា​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​គាំទ្រ ហ៊ុន ម៉ាណែត​ដែរ​ ព្រោះ​លក្ខណៈ​សម្បត្តិ​របស់​វា​ គឺគ្រប់​គ្រាន់។​ វា​មិន​ស្ថិត​ក្នុង​ការ​ខ្ញុំ​គាំទ្រ​កូន​ខ្លួន​ឯង​ឯ​ណា។​ ខ្ញុំ​គាំទ្រ​អ្នក​ណា​ដែល​អាច​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​ ដែល​អាច​ដឹកនាំ​កម្ពុជា​បាន»។​

លោក ​ហ៊ុន សែន ​បាន​បន្ថែម​ថា៖ ​«មួយ​ថ្ងៃៗ​ ឮ​តែ​ផ្ទេរ​អំណាច​ឱ្យ​កូន ​យ៉េ… ​អញ​មិន​មែន​បណ្តុះ​បណ្តាល​ឱ្យ​ធ្វើ​មេ​ចោរ​ឯណា?​ បើវា​មាន​លទ្ធ​ភាព​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ ​ឱ្យ​វា​ធ្វើ​ទៅ!​ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ បើ​សិន​ជា​កូន​ខ្ញុំ​មិន​គ្រប់លក្ខណៈ​សម្បត្តិ​ក៏​ខ្ញុំ​មិន​គាំទ្រ​ដែរ​ ហើយ​ខ្ញុំ​មិន​ឱ្យ​ប្រទេស​នេះ​បំផ្លាញ​ដោយ​ស្នាដៃ​កូន​របស់​ខ្ញុំ​ទេ។​ ឪពុក​កសាង​ កូន​ប្រឹង​បំផ្លាញ។ មិន​មែន​អ៊ីចឹង​ទេ​ អត់​ទេ។ ​ហើយ​ក៏​មិន​មែន​កូន​ស៊ី​កេរ​របស់​ឪ​ដែរ។ ​អាហ្នឹង​ជា​ការ​ជោគ​ជ័យ​ ជា​ការ​ខិត​ខំ»។​

​អ្នក​វិភាគ​នយោ​បាយ ​លោក​បណ្ឌិត​ មាស នី ​លើក​ឡើង​ថា​ អ្នក​នយោបាយ​កម្ពុជា​ទាំង​អស់​គួរ​តែ​បោះ​បង់​ចោល​គំនិត​គុំ​កួន​រឿង​ផ្ទាល់ខ្លួន​ ឬ​ការជេរ​ប្រមាថ​គ្នា ​ដោយត្រូវ​ងាយ​មកគិត​គូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ ​ទើបកម្ពុជា​អាច​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ប្រទេស​ខ្មែរ​ត្រូវ​ការ​រក​នូវ​ឯក​ភាព​ជាតិ​ដែល​ខ្មែរ​រក​មិន​ទាន់​ឃើញ។ ​អ៊ីចឹង​សម្រាប់​នយោបាយ​ប្រមាថ​នេះ​ វា​អត់​អាច​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ​បាន​ទេ។ ​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​ចាប់​ផ្តើម​និយាយ​អំពី​បន្ទាត់​នយោបាយ​ដែល​ក្រុម ​ឬ​បក្ស​នីមួយៗ​ត្រូវធ្វើ​ ត្រូវ​នាំ​ជាតិ​ទៅ​កន្លែង​ណា​វិញ​ ជាជាង​រវល់​មក​ធ្វើការ​គុំកួន​លើ​រឿង​ផ្ទាល់​ខ្លួន​ រៀង​ខ្លួន»។​

លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​កត់​សម្គាល់ស្រដៀង​គ្នានឹង​លោក​ មាស នី ​ដែរ ​ថា ​អ្នក​នយោបាយ​ទាំង​អស់គួរ​តែ​គិតគូរពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ក្នុង​សង្គម​ និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះរួម​គ្នា ​ជាជាង​ការ​យក​រឿង​បុគ្គល​មក​ហែក​ហួរ ​បង្អាប់ដៃគូ​ប្រជែង​នយោបាយ​ដើម្បី​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​នោះ៕

What Next?

Recent Articles

2 Responses to "លោក ​ហ៊ុន ម៉ាណែត ​ប្រតិកម្ម​តប​​លោក ​សម​ រង្ស៊ី ​រឿង​រិះគន់​សមត្ថភាព"

  1. Anonymous says:

    For Hun Maneth, you prove nothing but betrayed your school principals as a student who attended west point, otherwise you would not follow your dictator father instruction to destroy democracy. It is such a waste of time and money that you spend at your school and that’s why your degree from west point is useless and nobody respects you except your corrupted people.

  2. Anonymous says:

    as Cambodian older generation that have been escaped from the war, political, policy, in the past fifty years we value education but education in the way of every one fever . just like Mr HUN MANETH this person have been following his father step it mean his education mean nothing to all Cambodian . I know Cambodia always think the good three more likely can produce good fruit and good young three .I knew and all Cambodian knew HUN SEN is KBOTH CHEATH destroy this nation just about to the ground . HUN SEN is an uneducated leader in the history of Cambodian this ugly guy is so evil that no one want his to live in the free world . CHHEAM SREK SBEKHOV 2023 will be his day no mater what he trying to do it will be the end of him

Leave a Reply

Submit Comment