តុលាការ​សួរជជីក​ពី​ទំនាក់ទំនង​សកម្មជន​ជាមួយ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ជុំវិញ​ដំណើរ​វិល​ត្រលប់​របស់​លោកស្រី មូរ សុខហួរ

តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៥ កញ្ញា ២០២២ | ម៉ោង ១៨:០៥
VOD

អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ក្នុងរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ប្រមាថ និងញុះញង់ប្រព្រឹត្តិបទល្មើសជាអាទិ៍»។ (ឃុន វ៉ាន់ដា)

អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ក្នុងរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ប្រមាថ និងញុះញង់ប្រព្រឹត្តិបទល្មើសជាអាទិ៍» កាលពីឆ្នាំ២០១៩។ (ឃុន វ៉ាន់ដា)


តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន​​សួរ​​ជជីក​សកម្មជន​​គណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ​​ ​លោក គង់ ម៉ាស់ ពីទំនាក់​ទំនង​ជាមួយ​ថ្នាក់ដឹកនាំគណបក្ស​នេះ​ ជុំវិញ​ដំណើរ​វិលត្រលប់​របស់លោកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការលើសំណុំរឿងថ្នាក់ដឹកនាំ និង​សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចំនួន៣៩នាក់ ក្រោមការ​​ចោទ​​ប្រកាន់​ពី​បទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការកៀរគរ និង​គាំទ្រដំណើរវិលត្រលប់មកកម្ពុជាជាលើកទី២របស់លោក​ស្រី មូរ សុខហួរ។

ក្នុងចំណោមជនជាប់ចោទទាំង៣៩នាក់ គឺមាន៣​នាក់កំពុងជាប់ពន្ធនាគារព្រៃស ក្នុង​នោះមាន​លោក គង់ ម៉ាស់, លោក ខាត់ ប៊ុនផេង និងលោក វឿង សំណាង ខណៈថ្នាក់ដឹកនាំ និងសកម្មជន​គណបក្សប្រឆាំង​​ភាគច្រើន​ដែលរងការចោទ កំពុងស្ថិតនៅក្រៅប្រទេស។

សវនាការនៅព្រឹកនេះ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​លោក សេង ហៀង បាន​សួរ​ទៅ​លោក គង់ ម៉ាស់ ជុំវិញដំណើរវិល​ត្រលប់មកកម្ពុជារបស់លោកស្រី មូរ សុខហួរ នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងទំនាក់ទំនងជាមួយ​ថ្នាក់ដឹកនាំមួយចំនួន​ទៀត ដូចជា លោក សម រង្ស៊ី និង​​លោក អេង ឆៃអ៊ាង ជាដើម។


លោកថា៖ «តើលោកមានដឹងពីផែនការ​ឈ្មោះ មូរ សុខហួរ ប្រកាសចូលកម្ពុជាទេ? តើដឹងតាមណាដែរ? តើលោក​មានស៊ែរសារឈ្មោះ សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក ដោយអូសទាញឱ្យប្រជាពលរដ្ឋទទួលឈ្មោះ មូរ សុខហួរ​ ទេ? តើលោកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេសទេ?»

តំណាង​អយ្យការរូបនេះក៏បានអាន​​របាយការណ៍នគរបាលយុត្តិធម៌ដែលបានដកស្រង់សម្ដីលោក គង់ ម៉ាស់ ចេញពីខ្សែអាត់សំឡេង អំឡុងពេលដែលលោកសន្ទនាតាមទូរសព្ទ​ជាមួយមនុស្ស២នាក់។ លោកបញ្ជាក់ថា លោក គង់ ម៉ាស់ បានឱ្យ​អ្នក​ទាំង​២នាក់នោះប្រមូល​​កម្លាំង ដើម្បី​​ឡើង​មក​រាជធានី​ភ្នំពេញ ហើយ​ការ​ចំណាយ​គឺមេខាងលើជា​អ្នក​ចេញ។

លោកថា៖ «លោកហៅមេៗ តើមេណា? តើមេៗ​ហ្នឹងសំដៅ​លើ សម រង្ស៊ី មែន​ទេ? អ្វីខ្ញុំ​និយាយ​នេះជាសម្រង់សម្ដីក្នុងខ្សែអាត់សំឡេងលោកសន្ទនាជា​មួយ​ឈ្មោះ វុធ និង ចន្ទ ហើយឈ្មោះ អ៊ី សៀត។ តើ​គ្នាយើង​ទៅ​ប៉ុន្មាននាក់​ដែរ? មេចេញ​សោហ៊ុយរាល់ការចំណាយទាំងអស់។ ខ្ញុំបានរៀបចំគ្នាយើង​ឡើង​មក​ភ្នំពេញ នៅថ្ងៃទី២៩ និង៣០ ខែ​ធ្នូ ឆ្នាំ២០២០ ទទួលប្រធានស្ដីទី [លោកស្រី​ មូរ សុខហួរ]។ មេយើងមកក្រោយ»។

ក្រៅពី​ការ​អានសម្រង់សម្ដីដកចេញពីខ្សែអាត់សំឡេងនោះ តំណាង​អយ្យការ​ លោក សេង ហៀង ក៏បាន​សួរ​ពី​មូល​ហេតុនិង​គោលបំណងដែលលោក គង់ ម៉ាស់ ទៅ​មុខ​សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោកថា៖ «តើចុងឆ្នាំ២០២០ លោកមានមកមុខ​សាលាដំបូងរាជធានីភ្នំពេញទេ? តើលោកមកធ្វើអី? តើ​នៅមុខ​តុលាការមានមនុស្សច្រើនទេ? តើមកប៉ុន្មាននាក់ដែរ?»

ឈរ​នៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ទឹកមុខមាំ លោក គង់ ម៉ាស់ រៀបរាប់ថា រូប​លោក​បាន​ដឹ​ង​ពី​ដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ តាម​រយៈបណ្ដាញ​សង្គម និង​ស្ដាប់​ព័ត៌​មាន ខណៈការរៀបចំផែនការផ្សេងៗទៀតក្នុងដំណើរវិលត្រលប់មក​កម្ពុជា​របស់ថ្នាក់​ដឹកនាំ​នៅ​ក្រៅប្រទេស​នោះ រូបលោកមិនបានដឹងឡើយ។

លោកក៏បានបដិសេធចំពោះសម្រង់សម្ដីខ្សែអាត់សំឡេងដែលតំណាងអយ្យការយកមកចោទសួរ និងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ ជាដើម។ លោក គង់ ម៉ាស់ ក៏បានបដិសេធចំពោះការចោទប្រកាន់ថា លោក​ជាអ្នកកៀរគរ​​ប្រជាពលរដ្ឋឱ្យឡើងមកជួបជុំគ្នា​នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ផងដែរ។

លោក គង់ ម៉ាស់ បញ្ជាក់ថា រូបលោកទៅមុខសាលាដំបូងរាជធានីភ្នំពេញតែម្នាក់ឯងទេ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់លោកស្រី មូរ សុខហួរ ហើយ​ក៏ចង់ដឹងនិងចង់ឮ​ពីដំណើរការសវនា​ការនាថ្ងៃនោះ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដោយ​​មិនមានចេតនាបង្កឱ្យប្រទេសជាតិបែកបាក់ឡើយ​។

ក្រោយ​តំណាង​អយ្យការ​បញ្ចប់ការសួរដេញដោលនោះ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា ក៏​បាន​សួរទៅលោក គង់ ម៉ាស់ ថា​ក្នុងរយៈពេល៤ខែដែល​ចេញ​ពី​ពន្ធនាគារ​នោះ តើ​លោក​បាន​ជួប​ថ្នាក់​ដឹក​នាំណាខ្លះ​? ហើយបានជជែកជាមួយមិត្តភក្ដិណាខ្លះដែរ?

ឆ្លើយតបនឹងសំណួរចៅក្រម លោក គង់ ម៉ាស់ បញ្ជាក់​ថា ពេល​ចេញពន្ធនាគារ រូបលោកបានជួប​មិត្តភក្ដិជាអតីតសកម្មជន ដោយអ្នកទាំងនោះបានហៅលោកទៅជួបហូបនំជុំគ្នា និងជជែក​គ្នាលេង ជាដើម ប៉ុន្តែការជួបជុំនេះក្រោមការតាមឃ្លាំមើលពីអាជ្ញាធរ។

ចំពោះការធ្វើសកម្មភាពរបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេសវិញ លោកថា លោកមិនបានដឹង ហើយ​ក៏គ្មានទំនាក់ទំនងអ្វីជាមួយដែរ ព្រោះក្រោយពី​ចេញពីពន្ធនាគារ រូបលោក​​ឈប់​ធ្វើសកម្ម​​ភាព​នយោបាយ ​​ដោយ​យក​ពេល​វេលា​ជួបជុំគ្រួសារវិញ​។

លោកបង្ហាញ​ការ​សោក​ស្ដាយ និងចាត់ទុកការចោទប្រកាន់របស់តុលាការថាជា​រឿង​ធ្ងន់​​ធ្ងរ ដោយ​​សារ​​លោក​មិន​បាន​ធ្វើអ្វីខុស។ លោកថា លោក​​គ្រាន់តែទៅ​ឈរឃ្លាំមើលនៅមុខសាលាដំបូងរាជធានី​ភ្នំពេញ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ហើយសិទ្ធិ​មាន​ធានា​ដោយរដ្ឋធម្មនុញ្ញ បែរជា​រងការ​ចោទ​ពីបទ​ «រួមគំនិតក្បត់»

លោកបញ្ជាក់ថា ប្រសិនបើដឹងថាគ្រាន់តែទៅឈរឃ្លាំមើលនៅ​​មុខសាលាដំបូងរាជធានីភ្នំពេញ​ ហើយមានទោសបែបនេះ រូបលោកក៏មិនទៅ​ដែរ។

លោកថា៖ «បើសិនជាមានភស្តុតាងខ្ញុំបង្កផលប៉ះពាល់ដល់ទឹកដី សូមបង្ហាញមក។ តើខ្ញុំមានសមត្ថភាព​ឯណាទៅ​ធ្វើ​អ៊ីចឹង? ខ្ញុំ​សោក​ស្ដាយដែល​រដ្ឋាភិបាលមើល​មក​ខ្ញុំ​អាក្រក់និង​ខ្មៅ​បែប​នេះ។ បើមានច្បាប់ហាមឃាត់ ក៏ខ្ញុំមិន​មក​ដែរ។ បើមក ហើយគេកាត់ទោសខ្ញុំ “ក្បត់ជាតិ” វាធ្ងន់ធ្ងរណាស់»។

តែយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា បានពន្យល់ទៅលោក គង់ ម៉ាស់ វិញ​ថា សកម្ម​ភាព​នៃ​ការ​ទៅប្រមូលផ្តុំនៅមុខសាលាដំបូងនាពេល​​នោះ ជាការ​​បង្កើតដោយមេ [ថ្នាក់ដឹកនាំគណបក្សប្រឆាំង] របស់​លោក ហើយថាលោក​មិនសមគំនិតទៅវិញ។

ប៉ុន្តែ​ការលើកឡើងរបស់ចៅក្រមត្រូវបានលោក គង់ ម៉ាស់ ចោទសួរទៅចៅក្រមវិញថា៖ «គ្រាន់តែ​មក​មុខ​សាលាដំបូង ហើយស្គាល់អ្នកនេះ អ្នកនោះ ខុសដែរមែនទេ? អ៊ីចឹងឱ្យតែស្គាល់​សុទ្ធ​តែមានកំហុសឬ? ចុះបើស្គាល់លោក ហ៊ុន សែន តើខ្ញុំខុស​​ដែរមែនទេ?»

ក្នុងសវនាការ​ពេញមួយព្រឹក​នាថ្ងៃព្រហស្បតិ៍នេះ ចៅក្រម​ជំនុំជម្រះបានសួរដេញដោលតែ​លោក គង់ ម៉ាស់​ ទេ នៅសល់​សកម្មជនបក្សប្រឆាំង២រូបទៀត។ តែយ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះបាន​សម្រេចថា នឹង​​បន្តកា​រ​សួរ​ដេញ​ដោលបន្ថែមទៀត​​ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២​០២២។

សូមបញ្ជាក់ថា លោក គង់ ម៉ាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន៣ដងហើយ រាប់​ទាំងការជាប់ពន្ធនា​គារ​នាពេល​​​នេះ ក្នុង​នោះលោកធ្លាប់​ជាប់​ពន្ធនាគារចំនួន​១៥ថ្ងៃ​ ពាក់​ព័ន្ធនឹង​​បទ​​ «បរិហារកេរ្តិ៍មន្ត្រីរដ្ឋាភិបាល»​ និង​​ជាប់ពន្ធនាគារ​រយៈ​ ១៨ខែ ពីបទ «ញុះញង់» ក្រោយពីលោក​បាន​​បញ្ចេញមតិ​​លើ​​បណ្តាញ​សង្គម​​រិះគន់​​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ​ពាក់ព័ន្ធ​បញ្ហា​អយុត្តិធម៌​សង្គម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment