លោក ហ៊ុន សែន ជំរុញ​អាស៊ាន​ឱ្យ​ខំប្រឹង​រួម​គ្នា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ

ដោយ ថា ថៃ
2022.09.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ជំរុញ​អាស៊ាន​ឱ្យ​ខំប្រឹង​រួម​គ្នា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រកាសបើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អាស៊ាន ខំ​ប្រឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​សកល។ សារ​របស់​ប្រធាន​អាស៊ាន​ប្តូរ​វេន​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី១៤ កញ្ញា។ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ យល់​ថា ការ​ចង់​បាន​របស់​កម្ពុជា​នៅ​ក្នុង​វេទិកា​តំបន់​អាស៊ាន​នេះ គ្រាន់តែ​ជា​សារ​នយោបាយ ហើយ​ពិបាក​នឹង​សម្រេច​បាន​បើ​គ្មាន​កិច្ចសហការ​ផ្ទៃក្នុង​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ខណៈ​ពិភពលោក កំពុង​ជួប​ឧបសគ្គ​ជា​ច្រើន​ក្នង​ការអភិវឌ្ឍ​នោះ លោក ជំរុញ​ឲ្យ​អាស៊ាន ត្រូវតែ​ផ្តល់​សារ​សំខាន់​បន្ថែម​ទៀត​ដល់​ការ​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើ​វិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម យន្តការ​ពហុភាគី​និយម និង​សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និង​វិនិយោគ ការ​ប្រឆាំង​នឹង​ការ​គាំពារ​និយម ការ​លើក​កម្ពស់​ភាព​ធន់​រឹងមាំ និង​ចង្វាក់​ផ្គត់ផ្គង់​ដល់​តំបន់ និង​សកល កសាង​សេដ្ឋកិច្ច​ឌីជីថល កិច្ចការពារ​បរិស្ថាន ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ការ​រក្សា​សន្តិសុខ​ស្បៀង ទន្ទឹម​គ្នា​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ការ​ខិតខំ​ប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ៖ «ចក្ខុវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥ អាស៊ាន​គួរ​ផ្ដោត​លើ​ការ​គិតគូរ​យុទ្ធសាស្ត្រ​លើ​បញ្ហា​ថ្មីៗ រួមមាន ការ​វិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ការ​កាត់​បន្ថយ​គម្លាត​ឌីជីថល​ក្នុង​តំបន់​ការ​ពង្រឹង​ភាព​ធន់​អាស៊ាន​ទៅ​លើ​គ្រោះ​មហន្តរាយ ជំងឺ​ឆ្លង​រាតត្បាត​នានា ការ​លើក​កម្ពស់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ការ​ការពារ​ពលករ​ចំណាក​ស្រុក ការ​អភិវឌ្ឍ​ពលករ​ជំនាញ ការ​អភិវឌ្ឍ​សហគ្រាស​ធន់​តូច និង​មធ្យម​ជាដើម»


លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​អាស៊ាន គួរ​ពិចារណា​លើ​គំនិត​ផ្ដួចផ្ដើម​បង្កើត ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន (ASEAN Green Deal) ផង​ដែរ ដោយសារ​បច្ចុប្បន្ន​នេះ ពិភពលោក និង​អាស៊ាន កំពុង​ប្រឈម​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ២០៣០។ មេ​ដឹកនាំ​ដែល​រង​ការ​រិះគន់​ខ្លាំង​រឿង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​រូប​នេះ បង្ហាញ​នូវ​ការ​ជឿជាក់​ថា កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​តំបន់​អាស៊ាន​អាច​ប្រែក្លាយ​ខ្លួន​បន្តិច​ម្ដងៗ ឆ្ពោះ​ទៅ​កាន់​អនាគត​បៃតង ដែល​មាន​ចិរភាព ការ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ភាព​ធន់​រឹងមាំ និង​ភាព​ប្រកួតប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច។

ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ហ៊ុន សែន នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា លោក ប៉ាន សូរស័ក្តិ ក៏​បាន​បន្ត​កិច្ចប្រជុំ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​ដទៃ​ទៀត ដូច​ជា ចិន (China) ឥណ្ឌា (India) រុស្ស៊ី (Russia) ជប៉ុន (Japan) កូរ៉េ​ខាង​ត្បូង (S.Korea) លើកលែង​តែ​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar)។

ទាក់ទង​រឿង​នេះ អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក វណ្ណ ប៊ុនណា ថ្លែង​ថា កិច្ចប្រជុំ​នេះ មាន​សារៈ​សំខាន់ ព្រោះ​បញ្ហា​សេដ្ឋកិច្ច​នេះ​ជា​សសរស្ដម្ភ​មួយ​របស់​អាស៊ាន ហើយ​ប្រសិន​បើ​អាស៊ាន មិន​អាច​សម្រេច​ជោគជ័យ​លើ​ការ​ពង្រឹង​សេដ្ឋកិច្ច​ទេ នឹង​អាច​បែកបាក់​គ្នា។លោក យល់ថា នេះ​ជា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​នឹង​មិន​បាន​លទ្ធផល​វិជ្ជមាន​ភ្លាមៗ នោះ​ទេ។លោក មើល​ឃើញ​ថា ថ្វី​ដ្បិតតែ​កិច្ច​ប្រជុំ​នេះ​កម្ពុជា អាច​ទាញ​យក​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ខ្លះ​ក៏​ដោយ ក៏​មិន​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​បាន​ខ្លាំង​ដែរ ប្រសិនបើ​កម្ពុជា នៅ​បន្ត​រង​សម្ពាធ​ពី ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «…។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ បាន​សមាហរណកម្មតាំងពីឆ្នាំ២០១៧ ប៉ុន្តែ​ចរន្ត​ការងារ មិន​ទាន់​រលូន​ទាំង​អស់​នោះ​ទេ ដោយសារ​មាន​ការ​បែងចែក​រវាង​សមាជិក​អាស៊ាន​ថ្មី និង​សមាជិក​អាស៊ាន​ចាស់។ លោក​ថា ប្រទេស​សមាជិក​អាស៊ាន​ថ្មី ផ្ដោត​លើ​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ភូមា មាន​កត្តា​ផលិតកម្ម​យឺត​ជាង​ប្រទេស​សមាជិក​អាស៊ាន​ចាស់ ដូច្នេះ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​មិន​ទាន់​រលូន ប៉ុន្តែ​បាន​ជួយ​ខ្លះ​ដែរ ដល់​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការ​ពង្រីក​ទីផ្សារ។ លោក​បន្ថែម​ថា ជា​រឿង​ល្អ ដែល​មេ​ដឹកនាំ​កម្ពុជា​ចង់​ឲ្យ​អាស៊ាន ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ជួប​ឧបសគ្គ​ដោយសារ​តែ​វិបត្តិ​នៅ​ប្រទេស​ភូមា៖…។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៨ ខែកញ្ញា​នៅ​លើ​ទឹកដី​អង្គ​នៃ​ខេត្តសៀមរាប។ កិច្ចប្រជុំ​ទាំង​នេះ មាន​របៀបវារៈ​សំខាន់ៗ ជា​ច្រើន​ក្នុង​នោះ​ផ្ដោត​លើ​វឌ្ឍនភាព​នៃ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បញ្ហា​ខាង​ក្នុង និង​ក្រៅ​អាស៊ាន ព្រមទាំង​បញ្ហា​ជា​ច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ជំរុញ​អាស៊ាន​ឱ្យ​ខំប្រឹង​រួម​គ្នា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ"

  1. Anonymous says:

    no any body will listen to this ugly evil monster

  2. Anonymous says:

    YES…… trying to pushing economy like HUN SEN right now he going to build factory making COVID19 Vaccine YES it will make KAMPOUCHEA so rich . every country will have to buy CHINA c/o KAMPOUCHEA technology in this 21st century of AH..CHESSTU …HUN NAL

Leave a Reply

Submit Comment