តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ញឹម សុខន | ១៥ កញ្ញា ២០២២ | ម៉ោង ២១:០៣
VOD

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ថ្លែងក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា អំពើពុករលួយ និងនិន្នាការនយោបាយក្នុងវិស័យយុត្តិធម៌ ជាឧបសគ្គចម្បងមួយរារាំងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលការណ៍នេះនឹងបង្កគ្រោះថ្នាក់សង្គម បើសិនជាស្ថាប័នពាក់ព័ន្ធមិនពិចារណាកែលម្អចំណុចខ្វះខាតទេនោះ។
ការថ្លែងនេះធ្វើឡើងក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» ធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញានេះ។
នាយិកាប្រតិបត្តិ CCHR លោកស្រី ចក់ សុភាព លើកឡើងថា កម្ពុជាមានច្បាប់ជាតិគាំទ្រលិខិតូបករណ៍អន្តរជាតិជាច្រើន រួមទាំងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាដើម ដែលអនុលោមទៅតាមគោលការណ៍សិទ្ធិមនុស្ស ប៉ុន្តែថា ការអនុវត្តនៅមានភាពចម្រូងចម្រាស បើធៀបនឹងច្បាប់អន្តរជាតិ ពិសេសបទល្មើសតូចតាចមិនតម្រូវឱ្យមានមេធាវីទេ ខណៈច្បាប់អន្តរជាតិតម្រូវឱ្យមានទូទៅ ដើម្បីការពារអ្នកដែលរងការចោទប្រកាន់តាមផ្លូវតុលាការ។
លោកស្រីថា បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយសារតែសវនាការពេលខ្លះគ្មានមេធាវីការពារជនជាប់ចោទ និងពេលខ្លះជនជាប់ចោទគ្មានវត្តមានក្នុងសវនាការដើម្បីបានការពារខ្លួនជុំវិញបទចោទប្រកាន់ ពិសេសករណីដែលបានកើតឡើងលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយភាគច្រើន ការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានបំពាន។
បញ្ហានេះ លោកស្រីថា វាចាំបាច់ណាស់ត្រូវធានាភាពឯករាជ្យរបស់តុលាការ កុំឱ្យជ្រកក្រោមឥទ្ធិពលនយោបាយ និងទប់ស្កាត់អំពើពុករលួយ តបតាមច្បាប់ជាតិ អនុលោមទៅតាមគោលការណ៍សិទ្ធិមនុស្ស ធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ។
លោកស្រីថា៖ «បើយើងមើលពីសន្ទស្សន៍ [កំណត់សម្គាល់ ឬលេខសម្គាល់] អំពើពុករលួយគឺស្ថាប័នតុលាការហ្នឹង ក៏ហាក់ដូចជាមានការលើកឡើងថាមានករណីពុករលួយច្រើន។ អ៊ីចឹងកន្លែងនេះក៏យើងត្រូវពិនិត្យមើលនិងដោះស្រាយពាក់ព័ន្ធទៅនឹងការធានានិងជ្រើសរើសមេធាវី-ចៅក្រមជាដើម […]។ អ៊ីចឹងខ្ញុំគិតថា ដើម្បីសម្រេចបាននូវឆន្ទៈដែលរដ្ឋាភិបាលចង់សម្រេចបាន ចង់ឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ យើងត្រូវដោះបញ្ហាទាំងអស់ហ្នឹង»។
លោកស្រី ចក់ សុភាព គូសបញ្ជាក់ថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជាសិទ្ធិមនុស្សសំខាន់សម្រាប់មនុស្សគ្រប់រូប រួមទាំងក្នុងមុខរបរជំនួញ និងវិស័យការងារ ត្រូវឈ្វេងយល់អំពីសិទ្ធិ ដោយថា បើសិទ្ធិនេះមិនត្រូវបានធានាទេ វានឹងបង្កើតឱ្យមានភាពអយុត្តិធម៌សង្គម បង្កឱ្យមានការឈឺចាប់ ប៉ះពាល់ដល់អភិបាលកិច្ច ពលរដ្ឋនឹងបាត់បង់ជំនឿលើប្រព័ន្ធច្បាប់ ដែលពេលនោះហើយ វានឹងជំរុញឱ្យមានអំពើហិង្សាកាត់ទោសជនសង្ស័យតាមដងផ្លូវ ដែលថានោះជាគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ប្រទេសជាតិ។
បើតាមលោកស្រី ចក់ សុភាព មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានគម្រោងមួយសម្រាប់តាមដានសវនាការនៅតុលាការ ចាប់តាំងពីឆ្នាំ២០០៩មក ហើយថាមកដល់ពេលនេះ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅតែរងការរំលោភបំពាន។
អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃអង្គការនេះ លោក ហ៊ុន ស៊ាងហាក់ ថ្លែងក្នុងពិធីនោះដែរថា បញ្ហាប្រឈមមួយទៀត រារាំងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែរនោះ គឺតាមច្បាប់កម្ពុជា ការមានមេធាវីគឺសម្រាប់តែនីតិវិធីជំនុំជម្រះក្នុងសំណុំរឿងបទឧក្រិដ្ឋនិងអនីតិជន តែសម្រាប់បទល្មើសមជ្ឈិម ច្បាប់ជាតិអាចដំណើរការនីតិវិធីទៅបានទោះគ្មានមេធាវី ខណៈច្បាប់សិទ្ធិមនុស្សអន្តរជាតិ គេតម្រូវឱ្យមានមេធាវីទាំងអស់ក្នុងរឿងព្រហ្មទណ្ឌ ។

អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃ CCHR លោក ហ៊ុន ស៊ាងហាក់ ថ្លែងក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
លោកថា៖ «ច្បាប់ជាតិយើងត្រង់នេះក៏ខុសគ្នាដែរ យើងថាក្រោយ២៤ម៉ោងក្រោយការឃាត់ខ្លួននៅដំណាក់កាលប៉ូលិស ទើបយើងមានសិទ្ធិអាចជជែកសន្ទនាជាមួយមេធាវីឬអ្នកដែលពឹងពាក់បាន ប៉ុន្តែច្បាប់សិទ្ធិមនុស្សអន្តរជាតិ គេអត់មានកំណត់ក្រោយ២៤ម៉ោងទេ កាលណាមានរឿង[ភ្លាម] គឺអាចចូលទៅជជែកបាន អ៊ីចឹងវាជាការមិនទាន់បានពេញលេញទេនៅពេលមុន២៤ម៉ោង ហេតុអីមិនឱ្យគាត់ជួប? តើមានរឿងអីកើតឡើង? អ៊ីចឹងយើងចង់ឱ្យបទដ្ឋានជាតិខ្មែរហ្នឹងស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរ»។
លោកមេធាវី សេក សោភ័ណ និងជាក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចូលរួមកម្មវិធីនេះដែរ បានលើកឡើងថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជំរុញដល់ការអភិវឌ្ឍ និងសុខដុមរមនាសង្គម តែបើសិទ្ធិនេះត្រូវបានរំលោភបំពាន វានឹងបង្កឱ្យមានការឈឺចាប់និងហានិភ័យសង្គម ដែលបញ្ហានេះ លោកគិតថា ត្រូវធ្វើកំណែទម្រង់ជាប្រព័ន្ធ ។
លោកថា៖ «វិស័យយុត្តិធម៌យើងនេះមិនមែនត្រឹមតែតុលាការពីរបីថ្នាក់នេះទេ តាំងពីសាលាច្បាប់ សាលាបណ្តុះបណ្តាលមេធាវី តើការរើសមេធាវី រើសចៅក្រមអីហ្នឹង មនុស្សហ្នឹងមាននិស័យខាងយុត្តិធម៌អត់? បើសិនមានអំពើពុករលួយ ជ្រើសរើសចៅក្រម ក្នុងការជ្រើសរើសមេធាវី ជ្រើសរើសព្រះរាជអាជ្ញាអីហ្នឹង គឺអាហ្នឹងមូលហេតុធំ»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា បញ្ហានេះ ក្រសួងបានធ្វើការច្រើនក្នុងការធ្វើកំណែទម្រង់ រួមទាំងផ្សព្វផ្សាយនិងបណ្តុះបណ្តាលមន្ត្រី ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ និងគោរពសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ ដោយឡែក លោកថា មន្ត្រីដែលបំពានច្បាប់ ត្រូវបានដាក់ទោសជាហូរហែ។
បន្ថែមពីនេះ លោកក៏ជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសវនាការនោះ ត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនឱ្យយល់ពីនីតិវិធីរបស់តុលាការផងដែរ ដើម្បីកុំឱ្យវាយតម្លៃខុស។
លោកថា៖ «អង្គការសង្គមស៊ីវិលគួរតែត្រួតពិនិត្យឡើងវិញទៅលើសមត្ថភាពនិងរបៀបធ្វើការរបស់មន្ត្រីរបស់ខ្លួន ចៀសវាងដាក់បន្ទុកតែទៅលើមន្ត្រីអនុវត្តច្បាប់តែមួយមុខ»។
បើតាមសន្ទស្សន៍យល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បង្ហាញថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសមានកម្រិតពុករលួយអាក្រក់ជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០នៃសមាជិកអាស៊ាន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។