តុលាការ​ភ្នំពេញ​បើក​សវនាការ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ៣៩នាក់​ ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាតិ

ដោយ ម៉ៅ សុធានី
2022.09.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ភ្នំពេញ​បើក​សវនាការ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ៣៩នាក់​ ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាតិ

(ស្ដាំ) លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​ជាប់ពន្ធនាគារ និង (រូបឆ្វេង) រថយន្ត​ដឹក​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំ ទៅធ្វើ​សវនាការជម្រះក្ដី​​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែកញ្ញ ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក


សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​រួមគំនិត​ក្បត់​របស់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង ៣៩នាក់ តែ​អវត្តមាន ៣៦នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៥ កញ្ញា។ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​សាកសួរ​លោក គង់ ម៉ាស់ តែ​ម្នាក់ ចំណែក ២នាក់​ទៀត គឺ ខាន់ ប៊ុន ផេង និង​លោក វឿង សំណាង នឹង​បើក​សវនាការ​សួរ​ដេញដោល នៅ​ថ្ងៃ​ទី២២ កញ្ញា​សប្ដាហ៍​ក្រោយ​បន្ត​ទៀត។

សវនាការ​នៅ​ថ្ងៃ​ដំបូង​នេះ ជា​សវនាការ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់ ដែល​មាន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​សរុប​ចំនួន ៣៩នាក់ ក្នុង​នោះ មាន​លោក សម រង្ស៊ី និង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី មាន​តែ​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​ទេ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ចំណែក​សកម្មជន ៣៦នាក់​ផ្សេង​ទៀត កំពុង​គេច​ខ្លួន​នៅ​ក្នុងប្រទេសនិងក្រៅប្រទេស។ សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៥ កញ្ញា សមត្ថកិច្ច​បាន​ដឹក​ជន​ជាប់​ឃុំ​ចំនួន ៣នាក់ រួមមាន លោក វឿង សំណាង លោក ខាន់ ប៊ុនផេង និងលោក គង់ ម៉ាស់ ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ។ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អ្នកស្រី អ៊ុក រ៉េតគន្ធា សាកសួរ​សកម្មជន​ប្រឆាំង​បាន​តែ​ម្នាក់​ទេ គឺ​លោក គង់ ម៉ាស់ ចំណែក ២នាក់​ទៀត​នឹង​បន្ត​សវនាការ នៅ​ថ្ងៃ​ទី២២ កញ្ញា​ខាង​មុខ ហើយ​សមត្ថកិច្ច​ក៏​បាន​ដឹក​ជន​ជាប់​ឃុំ​ទាំង​នោះ​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សវនាការ​នេះ ដោយ​ក្រុម​មេធាវី​បាន​កត់​សំគាល់ ២ចំណុច គឺទី១តុលាការហោះហៅរឿងក្ដីក្ដាំនេះ ដោយ​ភាគ​ច្រើន​អវត្តមាន​ជន​ជាប់​ចោទ និង​ទី២ សាក្សី ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ចំនួន ៣នាក់ ក្នុង​នោះ​មាន ២នាក់​ត្រូវ​បាន​ឆ្លាស់​គ្នា​មក​ធ្វើ​សាក្សី​ជំនួស៖ «ខ្ញុំ​ស្នើសុំ​ទៅ​ខាង​តុលាការ​នៅ​ពេល​បើក​សវនាការ​ហ្នឹង​គួរ​តែ​អនុវត្ត​នីតិវិធី​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស គឺ​ការ​កោះហៅ​ជន​ជាប់​ចោទ ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ នឹង​ដើម្បី​ឱ្យ​យ៉ាង​ណា​ឱ្យ​មាន​វត្តមាន​នៅ​ពេល​សវនាការ​ហ្នឹង ហើយ​ដើម្បី​ឱ្យ​ពួក​គាត់​អាច​អនុវត្ត​នូវ​សិទ្ធិ​របស់​ខ្លួន ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ផង»

សវនាការ​ក្នុង​ថ្ងៃ​ដំបូង​នេះ មាន​អង្គការ​សង្គម​ស៊ីវិល និង​ប្រពន្ធ​ជន​ជាប់​ឃុំ​ទាំង ៣នាក់តាមឃ្លាំមើលនិងចូលស្ដាប់នៅក្នុងបន្ទប់សវនាការ។ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ​មាន​កម្លាំងសមត្ថកិច្ចប្រមាណ២០នាក់ការពារសន្តិសុខ។


ប្រពន្ធ​លោក គង់ ម៉ាស់ គឺ លោក កុល សាត ថ្លែង​ថា ប្ដី​របស់​លោកស្រី​បាន​ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ពួក​គេ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។ លោកស្រី​បញ្ជាក់​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ៖ «ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ប្រជាពលរដ្ឋ​ទឹក​ភ្នែក​រង​ទុក្ខ​ដោយសារ​តែ​ប្ដី​ជាប់​គុក ហើយ​យើង​ទៅ​ស្រុក​កំណើត​ទាំង ដែល​អត់​បាន​ជួបជុំ​ក្រុម​គ្រួសារ។ សូម្បី​តែ​ប្រេត ក៏​គេ​ដោះលែង​ឱ្យ​ជួបជុំ​ក្រុម​គ្រួសារ​ដែរ អ៊ីចឹង​សម្រាប់​ខ្ញុំ​ក្រុម​គ្រួសារ​ខ្ញុំ​មាន​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ»

អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​លោក គង់ ម៉ាស់ នៅ​ភ្នំពេញ និង​ចាប់​ខ្លួន​លោក ខាន់ ប៊ុនផេង នៅ​ខេត្តបាត់ដំបង ក្នុង​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ “រួម​គំនិត​ក្បត់”។ លោក គង់ ម៉ាស់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ពីរ​ដង​ទាំង​លើក​នេះ គឺ​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ខេត្តស្វាយរៀង ចំណែក​លោក ខាន់ ប៊ុនផេង គឺ​ជា​អតីត​ចៅសង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ខេត្តបាត់ដំបង។ រីឯ​លោក វឿង សំណាង ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៩ តុលា ឆ្នាំ២០២១។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​រួម​គំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​វិល​ចូល​ស្រុក​របស់​អ្នកស្រី មួរ សុខហួរ ដើម្បី​ចូល​តតាំង​ក្ដី​ជាមួយ​តុលាការ។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​ចូល​ស្ដាប់​សវនាការ​ដែរ​នោះ​មាន​ប្រសាសន៍​ថា សវនាការ​នេះ​មិន​គួរ​កើត​មាន​ឡើង​នោះ​ទេ ពីព្រោះ​លោក​មើល​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​មិន​មាន​វត្ត​នៅ​ក្នុង​តុលាការ ខណៈ​ប្រជាពលរដ្ឋ​ដែល​គ្រាន់​តែ​ចូលរួម​អង្កេត​ការ​ឃ្លាំមើល​ដំណើរ​ការ​ក្ដីក្ដាំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​ទៅ​នោះ បែរ​ជាប់​ពន្ធនាគារ​ទៅ​វិញ៖ «គាត់​ឆ្លើយ​នៅ​ក្នុង​សវនាការ​ទាំង​មូល​នេះ បើ​យើង​និយាយ​ពី​ភស្តុតាង​នៃ​ការ​ដាក់​បន្ទុក​របស់​គាត់ គឺ​ហាក់​ដូចជា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។ហើយ​លោក គង់ ម៉ាស់ ខ្លួន​ឯង​ហ្នឹង ក៏​បាន​និយាយ​បញ្ជាក់​ប្រាប់​ទៅ​អង្គ​សវនាការ​ទាំង​មូល​ថា សមត្ថភាព​របស់​គាត់​មិន​អាច​ធ្វើ​ជា​អ្នក​រួម​គំនិត​ក្បត់​ជាតិ​ផ្ដួល​រំលំ​រដ្ឋាភិបាល​បាន​ទេ ។គាត់​គ្រាន់តែ​ជា​ពលរដ្ឋ​ម្នាក់ ដែល​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​មួយ​ក្នុង​នាម​ជា​ពលរដ្ឋ ហើយ​គាត់​ធ្វើ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ»

គិត​មក​ដល់​ខែកញ្ញា ឆ្នាំ២០២២ នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ប្រមាណ៤០នាក់ហើយ ពី​បទ​រួម​គំនិត​ក្បត់ ខណៈ​សកម្មជន​ប្រមាណ ១រយ​នាក់​ផ្សេង​ទៀត កំពុង​រង់ចាំ​សវនាការ​ក្នុង​នោះ​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ។

ក្រុម​អង្គការ​ជាតិ-អន្តរជាតិ រួមទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង បាន​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ​ថា ជា​រឿង​នយោបាយ ដោយ​ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ។ កន្លង​មក​ពួក​គេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះ​លែង​សកម្មជន​នយោបាយ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ជាពិសេស ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​ភ្នំពេញ​បើក​សវនាការ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ៣៩នាក់​ ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាតិ"

  1. Anonymous says:

    this evil was pointing his one finger to every bodies but the other four fingers are pointing at him . HUN SEN is an uneducated evil monster indeed this guy should not been born as ugly Cambodian in this century. I know soon this animal will go hell no one will care of this animal no mercy

Leave a Reply

Submit Comment