សមត្ថកិច្ច​បន្ត​ប្រើ​ហិង្សា​លើ​កូដករ​ណាហ្គវើលដ៍​ធ្វើ​ឱ្យ​កម្មករ​ម្នាក់​សន្លប់ និង​របួស​ច្រើន​នាក់

ដោយ ម៉ៅ សុធានី
2022.09.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​បន្ត​ប្រើ​ហិង្សា​លើ​កូដករ​ណាហ្គវើលដ៍​ធ្វើ​ឱ្យ​កម្មករ​ម្នាក់​សន្លប់ និង​របួស​ច្រើន​នាក់

កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (NagaWorld) ដែល​រងហិង្សាពីសំណាក់អាជ្ញាធរ​រាជធានី​ភ្នំពេញ រហូត​សន្លប់ នៅ​មុខ​ក្រុមហ៊ុន នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​កូដករ​ណាហ្គាវើលដ៍​ភាគច្រើន​ជា​នារី​ បាន​ទទួលរង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​របស់​កាស៊ីណូ​យ៉ាង​ដំណំ​ បណ្ដាល​ឱ្យ​មាន​អ្នក​រងបួស​ និង​សន្លប់។​ ពួកគាត់​ចាត់​ទុក​ករណី​នេះ​ ជា​ទង្វើ​អមនុស្សធម៌​ ដែល​បន្ថែម​ពីលើ​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ម្ចាស់​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​គួរ​ទទួល​យក​បុគ្គលិក​ចាស់​ឱ្យ​ចូល​ធ្វើការ​វិញ​ ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មួយ​នេះ​មាន​បំណង​រើសអើង​សហជីព។

ក្រុម​កូដករ​ណាហ្គាវើលដ៍​នៅ​ថ្ងៃសុក្រ​នេះ​បន្ត​ការ​ធ្វើ​កូដកម្ម​នៅមុខ​ក្រុមហ៊ុន​ល្បែង​ណាហ្គាវើលដ៍​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ ប្រើប្រាស់​អំពើ​ហិង្សា​ រុញច្រាន​ បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ និង​សន្លប់។

កូដករ​ណាហ្គាវើលដ៍​រងគ្រោះ​ម្នាក់​ គឺ​កញ្ញា​ ពៅ​ រស្មី​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី​១៦ ​កញ្ញា​ ថា​កញ្ញា​បាន​ទទួល​រង​អំពើ​ហិង្សា​រហូត​សន្លប់​នៅ​នឹង​កន្លែង​ ដោយសារ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ជា​ច្រើន​នាក់​ រុញ​សង្កត់​ជាប់​នឹង​រនាំង​ដែក។ កញ្ញា​រៀបរាប់​ថា​ កញ្ញា​រង​របួស​បែក​មាត់​ហូរ​ឈាម​ បាក់​ធ្មេញ​មុខ​ និង​ក្អក​ធ្លាក់​ឈាម។ នៅ​ពេល​សន្លប់​កញ្ញា​បាន​ឮ​ក្រុម​កូដករ​ដទៃ​ទៀត​ស្រែក​សុំ​ពី​ក្រៅ​បារ៉ាស់​ដើម្បី​ចូល​មក​មើល​កញ្ញា​ ប៉ុន្តែ​កញ្ញា​ត្រូវ​ក្រុម​សន្តិសុខ​ លើក​បោះ​ទៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រង​របួស​បន្ថែម​ទៀត។ កញ្ញា​ចាត់​ទុក​ទង្វើ​របស់​ក្រុម​សន្តិសុខ​ទាំងនោះ​ ជា​ការ​ប្រើ​ហិង្សា​ព្រៃផ្សៃ​ អមនុស្សធម៌​ និង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ៖ «គាត់ (មេ​សន្តិសុខ​របស់​ក្រុមហ៊ុនបាន​ឱ្យ​កូនចៅ​របស់​គាត់​ធ្វើការ​យក​បារ៉ាស់​ហ្នឹង​ចង​ភ្ជាប់​គ្នា​ហើយ​យក​មក​រុញ​បំបុក​ពួក​ខ្ញុំ។ និយាយ​ទៅ​គឺ​ស្លាប់រស់​គាត់​អត់​គិត​ទេ​ គឺ​ធ្វើ​ម៉េច​រុញ​ពួក​ខ្ញុំ​ឱ្យ​ចេញ​ទៅ​ក្រៅ​ហ្មង»


ស្រដៀង​គ្នា​នេះ​ដែរ​ កូដករ​ណាហ្គាវើលដ៍​រងគ្រោះ​ម្នាក់​ទៀត​ គឺ​កញ្ញា​ វ៉ាន់​ រី​ណា ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃនេះ​ ក្រុម​កូដករ​បន្ត​ការ​តវ៉ា​ជា​ធម្មតា​ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ កញ្ញា​ឃើញ​ក្រុម​សន្តិសុខ​ចេញ​មក​ខាងមុខ​ព្រោងព្រាត​ប្រហែល​ជិត ១រយ​នាក់​ យក​ខ្សែ​ចងភ្ជាប់​បារ៉ាស់​ បន្ទាប់មក​ពួកគេ​បាន​ កៀរ​ រុញ​មួយ​ទំហឹង​ និង​អូសទាញ​ក្រុម​កូដករ​ឱ្យ​ចេញពី​មុខ​ក្រុមហ៊ុន​ ធ្វើ​ឱ្យ​កូដករ​ដួល​ ហើយ​ទង្គិច​នឹង​រនាំង​ដែក​រង​របួស​ជា​ច្រើន​នាក់។ កញ្ញា​ចាត់​ទុក​ករណី​នេះ​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ដែល​ក្រុម​សន្តិសុខ​ទាំងនោះ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ជា​អតីត​បុគ្គលិក​ដូចគ្នា​ ដើម្បី​ការពារ​ប្រយោជន៍​ឱ្យ​ថៅកែ​បរទេស​ដែល​បាន​រំលោភ​សិទ្ធិ​របស់​ជនជាតិ​ខ្មែរ​ នៅ​លើ​ទឹកដី​ខ្មែរ «វា​ប៉ះពាល់​ខ្លាំង​ណាស់​ សំខាន់​អំពើ​ហិង្សា​មក​លើ​រាងកាយ​ ផ្លូវចិត្ត​ដោយ​ការ​អូស​បន្លាយ​ពេលវេលា​ ផ្ដាច់​នូវ​សេដ្ឋកិច្ច​របស់​ពួក​យើង»


ទោះបី​មាន​ការ​បង្រ្កាប​ដោយ​កម្លាំងបាយ​ពី​អាជ្ញាធរ​ សន្តិសុខ​ក្រុមហ៊ុន​ និង​គ្មាន​ប្រាក់​ចំណូល​ក្ដី​ ក៏​ស្ថានភាព​ក្រុម​កូដករ​អហិង្សា​មួយ​នេះ​នៅតែ​បន្ត។ ក្រុម​កូដករ​ប្រុស​ ស្រី​ ចម្អិន​ម្ហូប​ ចៀន​ពង​ទា​ សាច់​ជ្រូក​ នឹង​ចង្ក្រាន​ហ្គាស៍​ក្រោម​ឆត្រ​តូចៗ នៅចន្លោះ​កណ្ដាល​រនាំង​ការពារ​ ដែល​មាន​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ឈរ​ព័ទ្ធ​ជុំវិញ។ អ្នកខ្លះ​អង្គុយ​វាយ​ស្គរ​ ផ្លុំ​ត្រែ​ ប្រគំ​ជា​តន្ត្រី​ ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​អ្នក​លើក​បដា​តវ៉ា​ខ្លះ​ទៀត មើលថែ​អ្នក​ត្រូវរបួស ឬ​សន្លប់​ដោយសារ​ការ​បង្ក្រាប​របស់​សន្តិសុខ​ និង​មាន​កូដករ​ខ្លះ​បោះតង់​ដេក​នៅមុខ​កាស៊ីណូ​ណាហ្គាវើលដ៍​តែម្ដង។

ទាក់ទិន​បញ្ហា​នេះ​ វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េត​ មាសភក្ដី​ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៦​ កញ្ញា។


ជុំវិញ​រឿង​នេះ​ ប្រធាន​សហព័ន្ធ​សហជីព​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន​ យល់ឃើញ​ថា វា​គ្មាន​អ្វី​ជា​ការ​លំបាក​នោះ​ទេ ប្រសិនបើ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពិតមែន​នោះ។ ប៉ុន្តែ​អ្នកស្រី​មើល​ឃើញ​ថា កត្តា​ដែល​ក្រុមហ៊ុន​នៅតែ​ឱ្យ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​ទោះបី​វា​ជា​រឿង​ប៉ះពាល់​មុខមាត់​ក្រុមហ៊ុន​បែបនេះ​ គឺ​ដោយសារ​ក្រុមហ៊ុន​ហាក់​មាន​បំណង​ចង់​រំលាយ​សហជីព​តែប៉ុណ្ណោះ។ លោកស្រី​លើកឡើង​ថា​ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​គួរ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ដោយ​សន្តិវិធី​ និង​ទៅតាម​នីតិវិធី​ច្បាប់​ ដើម្បី​ស្ដារ​មុខមាត់​ក្រុមហ៊ុន​ និង​ចូលរួម​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ « អ៊ីចឹង​រដ្ឋ​ហ្នឹង​ត្រូវតែ​អន្តរាគមន៍​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​ឬក៏​ជំរុញ​ឱ្យ​និយោជក​ហ្នឹង​បញ្ឈប់​ការ​រើសអើង​សហជីព​ ហើយ​យក​កម្មករ​ដែល​ជា​ថ្នាក់ដឹកនាំ​សហជីព​ ឬ​ក៏​សកម្មជន​ សមាជិក​ផ្សេងៗ​ទៀត​ចូល​ធ្វើការ​ ហើយ​ដោះដូរ​ក៏​បាន​ ហើយ​បើ​ដោះដូរ​យក​ចូល​ធ្វើការ​ថែមទៀត​ក៏​បាន​ ព្រោះ​ណាហ្គា៣​ នៅ​ក្នុង​ដំណើរការ​កសាង​បន្ត​ទៀត​ហើយ។ អា​ហ្នឹង​ជា​ការ​បញ្ចប់​វិវាទ​ដោយ​យុត្តិធម៌​ មិនមែន​បញ្ចប់​ដោយ​អយុត្តិធម៌​នោះ​ទេ»

គិត​មកដល់​ថ្ងៃនេះ​ ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៩ខែ​មក​ហើយ​ ក្នុង​នោះ​ពួកគេ​តែង​រង​ការ​ធ្វើបាប​ដោយ​អំពើ​ហិង្សា​ ពី​អាជ្ញាធរ និង​សន្តិសុខ​របស់​ក្រុមហ៊ុន។ការ​បង្ក្រាប​នេះ​ធ្វើ​ឱ្យ​ ក្រុម​កូដករ​រងទុក្ខ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ ដោយ​ការ​វាយដំ​ បោក​ខ្ទប់​ ទាត់​ទាក់ បណ្ដាល​ឱ្យ បាក់​ធ្មេញ ​បែក​មុខ​ ក្អក​ចេញ​ឈាម​ និង​សន្លប់​រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​ករណី​កូដករ​ម្នាក់​រលូត​កូន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment