លោក ​សម រង្ស៊ី​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​កាត់​ទឹក​ដី​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​

16 កញ្ញា 2022
ហាន ណូយ
វីអូអេខ្មែរ

រូប​ឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។


ភ្នំពេញ — មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​នឹង​កាត់​ទឹក​ដី​កម្ពុជា​ចំនួន​៤​ខេត្ត​ទៅ​ឱ្យ​ជន​ជាតិ​ដើម​ភាគតិច​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ​រតនគិរី ​ក្រចេះ​ និង​ស្ទឹងត្រែង។​

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ​កាលពី​ថ្ងៃទី​១៤​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ ​លោក ​សម រង្ស៊ី ​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ បាន​បកស្រាយ​ថា​ អ្នក​ដែល​ចោទ​ប្រកាន់​រូប​លោក​គឺ​មាន​ការ​ភាន់​ច្រឡំ​ចំពោះ​ភាសា​ដែល​លោក​ប្រើ ហើយ​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​ឱ្យ​ប្រាកដ​នោះគឺ​សំដៅ​ទៅ​ការ​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច​ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់កាប់​ដីធ្លី​និង​មាន​សេរីភាព​ក្នុង​ការ​ប្រណិប័តន៍​ជំនឿ​សាសនា​ដែល​ស្មើភាព​គ្នា​ដូច​នឹងជនជាតិ​ខ្មែរ​ទូទៅ​ដែរ។​

លោក​ថ្លែង​ថា៖​ «គឺ​ជា​លោក​ជា​ពលរដ្ឋ​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សេរីភាព ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​អ៊ីចឹង​ដែរ។​ អ៊ីចឹង​ទៅ​ចោទ​ប្រកាន់​ថា ​ខ្ញុំ​អី​ណា​កាត់​ទឹក​ដី​កាត់​អី​ហ្នឹង ​វា​លើគោក​ គឺ​បង្ហាញ​ភាព​ល្ងង់​ខ្លៅ។​ នរណា​ដែល​និយាយ​បែប​ហ្នឹង​ ហើយ​ល្ងង់​ខ្លៅ​មួយ​ទៀត​ អត់​ចេះ​មើល​ភាសា​អង់គ្លេស»។​

បើ​តាម​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ជំទាស់​រូប​នេះ ​អ្វី​ដែល​លោក​បាន​និយាយ​គឺ​ស្រប​ទៅ​តាមច្បាប់​អន្តរជាតិ​ដែល​មាន​ចែង​ក្នុង​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​បាន​ចុះ​ហត្ថលេខា​ជាមួយ​តំណាង​ខ្មែរ​លើ​នោះ​គឺ​យក​អត្ថបទ​ពី​អង្គការ​សហ​ប្រជាជាតិ​បេះ​បិទ​គឺ​ថា​ អត់​មាន​ខុស​អី​ទាល់​តែ​សោះ ​ គ្រាន់តែ​បន្ថែម​ថា​ នេះ​ចំពោះ​ប្រទេស​កម្ពុជា»។​

អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ លោក​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បកស្រាយ​របស់​លោក​សម រង្ស៊ី ​ជា​ការ​កែ​តម្រូវ​នូវ​កំហុស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «វា​គ្រាន់តែ​ជា​ការ​កែ​តម្រូវ​ខ្លួន​ឯង​ទេ។ តាម​ការណ៍​ពិត​គឺ​ កឹម សុខា ​ជាមួយ​នឹង​ទណ្ឌិត​ សម រង្ស៊ី​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​យួន​សេរី ​នៅ​ក្នុង​ទឹកដី​យួន​ទេ។ ​អាហ្នឹង​គឺ​ថា ជន​ជាតិ​ភាគតិច ​មិន​មែន​ជន​ជាតិ​ភាគតិច​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ឯ​ណា?»​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ​ឯម សុវណ្ណារ៉ា ​យល់​ថា ​ ការ​ថ្លែង​របស់​លោក ​សម រង្ស៊ី ​ផ្តោត​លើ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ទៅ​ជន​ជាតិដើម​ភាគតិច​ និង​ថា​ការ​ចោ​ទប្រកាន់​កន្លងមក​លើ​មេ​ដឹកនាំ​នយោ​បាយ​ជំទាស់​រូប​នេះ​ជា​ការ​ផ្ចាញ់​ផ្ចាលគ្នា​ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា៖ ​«អា​នេះ​ជា​អ្នក​នយោបាយ​យក​ប្រៀប​លើ​គ្នា ​វាយ​ប្រហារ​គ្នា​ទេ។​ ប៉ុន្តែ​ខ្លឹម​សារ​ដែល​គាត់​សម្ភាស​ជាមួយ​អាស៊ីសេរី ​ហើយ​គាត់​បញ្ជាក់​ជាមួយ​ ជុន ចាន់បុត្រ​ យើង​ឃើញ​ថា ​មិន​មែន​ដូច​ជា​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ទេ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១៣ ​លោក​ សម រង្ស៊ី ​បាន​ថ្លែង​នៅ​មុខ​តំណាង​ជនជាតិ​ដើម​ភាគតិច​ថា​ លោក​នឹង​ផ្តល់​សិទ្ធិ​នៅ​ក្នុង​ការ​កាន់​កាប់ដី​ធ្លី​ដល់​ពួក​គេ​ ជា​ពិសេស​ផ្តល់​សេរីភាព​ដល់​ពួក​គេ​នៅ​ក្នុង​ការ​អនុវត្ត​ជំនឿ​ក៏​ដូច​ជា​ប្រពៃណី​ជាដើម។ ​ការណ៍​នេះ​នាំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បាន​ចោទ​រូប​លោក​ថា​ មាន​បំណងកាត់​ទឹកដីឱ្យ​ទៅ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត៕​

What Next?

Recent Articles

One Response to "លោក ​សម រង្ស៊ី​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​កាត់​ទឹក​ដី​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​"

  1. Anonymous says:

    YES…they said you are KBOTH CHEATH by grant those land for those MONKTANNHA all those people they fight from Vietnam’s invasion and all the forest are belonging to Cambodia . we can see right now what HUN SEN did to them and their home land . right now Vietcong is control a large area Vietcong will take more in the future if that evil monster HUN SEN and his family still lead this nation