រដ្ឋបាលព្រៃឈើបកស្រាយថា ឈើប្រណិតឈូសឆាយនៅតំបន់ភ្នំតាម៉ៅមិនត្រូវបានយកទៅលក់ទេ

កម្ពុជា-សង្គម
17/09/2022 – 09:00
ដោយ៖ អោ ស្រីពេជ្រ
RFI

ដើមឈើលើផ្ទៃដី៥០០ហិកតាដែលត្រូវបានកាប់នៅភ្នំតាម៉ៅ © សហការី


រដ្ឋបាលព្រៃឈើ​នៅថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ធ្វើ​ការ​បកស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​អាជ្ញាធរ​បានយកឈើប្រណិត​ដែល​បាន​មក​ពី​ធ្វើការ​ឈូសឆាយ​នៅតំបន់​ភ្នំតាម៉ៅ ​យក​ទៅ​លក់​ដូរ​នៅ​ក្រៅ​សំណាញ់ច្បាប់​។ អាជ្ញាធរ​ព្រៃ​ឈើ​ជាតិ​អះអាង​ថា ឈើ​ប្រណិត​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​អុសដុត​របស់ពលរដ្ឋ​ទៅ​វិញ​ទេ ប៉ុន្តែ​សកម្មជន​បរិស្ថាន នៅ​តែ​សង្ស័យ​ថា នេះ​គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​តែ​ប៉ុណ្ណោះ។

រដ្ឋបាលព្រៃឈើ ​នៃ​ក្រសួងកសិកម្មនៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន​ច្រានចោលការចុះផ្សាយតាមបណ្តាញព័ត៌មានមួយចំនួនថា ឈើប្រណិត​នៅតំបន់​ភ្នំតាម៉ៅត្រូវដឹកយកទៅលក់ដូរ​ខុសច្បាប់ក្រោយបាន​ឈូសឆាយរំលើង ក្រោមដៃក្រុមហ៊ុនឯកជនឃុំឃិតជាមួយ​អាជ្ញាធរតំបន់។ ចំពោះរដ្ឋបាលព្រៃឈើ ការលើកឡើងយ៉ាងដូច្នោះ ជាចេតនា​កេងប្រវ័ញ្ចនិងឆ្លៀតឱកាស​យករឿងភ្នំតាម៉ៅនេះ មកចំណេញនយោបាយរបស់​ជនអគតិមួយចំនួន​តែប៉ុណ្ណោះ។ និងថា ដើម្បីធ្វើការ​វិនិឆ្ឆ័យឱ្យបានត្រឹមត្រូវ សាធារណៈជនអាចមកធ្វើការពិនិត្យ សាកសួរនិងស្រាវជ្រាវដល់ទីតាំងដោយផ្ទាល់បាន។

រដ្ឋបាលព្រៃឈើបានបកស្រាយថា ដើមឈើនៅតំបន់ដែលបានឈូសឆាយ ជាប្រភេទដើម​ត្បែងស្ទើរទាំងស្រុង មិនបានយកទៅលក់ដូរទេ ប៉ុន្តែ​មានប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ស្នើសុំយក​ទៅ​ប្រើប្រាស់ជាអុសដុត​ រីឯសំណល់សេសសល់​បានសំអាតនិងកប់​ទុកនៅទីទាំងផ្ទាល់ដើម្បីសំអាត​ទីធ្លាសម្រាប់ដាំដើមឈើ​ឡើងវិញ។ ដោយបញ្ជាក់ទៀតថា ដើមឈើ​ដែល​មាននៅទីតាំងដីឧទ្យានសួនសត្វភ្នំតាម៉ៅ ពុំមានឈើ​ប្រណិតនិងប្រភេទ​ឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។​

យ៉ាងណាក៏ដោយ សកម្មជនបរិស្ថាន កញ្ញា សូ មេត្តា បានប្រាប់វិទ្យុបារាំងនៅថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ថា ការបកស្រាយរបស់រដ្ឋបាលព្រៃឈើខាងលើនេះគឺជាការលាងខ្លួនតែប៉ុណ្ណោះ។ កញ្ញា មេត្តា បញ្ជាក់ថា តាមរយៈការធ្វើដំណើរផ្ទាល់ដល់កន្លែង​កន្លងទៅ ទីតាំង​ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ​ដែលបាន​ឈូសឆាយនោះ នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋរស់នៅ ពោលស្ថានភាពផ្លូវពុំអំណោយផលចំពោះការដឹកជញ្ជូន​ដើមឈើធំទាំងនោះយកជាអុសដុតបានឡើយ។ 

បច្ចុប្បន្ននេះ ការដាំដើមឈើដែលបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅ ​ការជីកស្រះ ​និងអាងស្តុកទឹក ត្រូវបានបញ្ចប់ទាំង១០០ភាគរយហើយ ដែលជាការស្ថាបនា​ត្រៀមរៀបចំតំបន់នេះ ​ជាសួនភូតគាម​បម្រើទេសចរណ៍​។ នេះ បើតាម​រដ្ឋបាលព្រៃឈើ។

គួររំព្ញកថា តំបន់ភ្នំតាម៉ៅត្រូវបានដាក់ឱ្យ​ទៅជាតំបន់ការពារព្រៃឈើ ដោយបង្កើតជាឧទ្យានសួនសត្វ ដើម្បីថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ កាលពីខែសីហាឆ្នាំ​២០២២កន្លងទៅ។ តំបន់ការពារភ្នំតាម៉ៅ មានផ្ទៃដីសរុប ២០២៥ហិកតា ក្នុងនោះផ្ទៃដី ១០២១ហិកតា ជាតំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ។ ៥៣០ហិកតាជាតំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ និងផ្ទៃដី៤៧៤ហិកតា ជាតំបន់ឧទ្យានសួនសត្វ។ ភ្នំតាម៉ៅ ត្រូវបានដាក់ជា​តំបន់ការពារ បន្ទាប់ពីមានប្រតិកម្មរិះគន់ពីសាធារណៈមតិទៅលើសេចក្តីសម្រេចអនុញ្ញាតិ​អោយក្រុមហ៊ុនឯនជនចំនួនពីរធ្វើការអភិវឌ្ឍឈូសឆាយអស់ជាង៥០០ហិកតា ក៏ប៉ុន្តែត្រូវបានលុបចោលវិញ​ដោយរដ្ឋាភិបាលកម្ពុជាក្រោយពីផ្ទុះ​ប្រតិកម្មមហាជន៕

What Next?

Recent Articles

One Response to "រដ្ឋបាលព្រៃឈើបកស្រាយថា ឈើប្រណិតឈូសឆាយនៅតំបន់ភ្នំតាម៉ៅមិនត្រូវបានយកទៅលក់ទេ"

  1. Anonymous says:

    wait … we knew every strange action can happen unless HUN SEN order to do . this deforest is coming from ANGKA LEIR

Leave a Reply

Submit Comment