សង្គម​ស៊ីវិល​ចេញផ្សាយ​របាយការណ៍​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2022.09.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ចេញផ្សាយ​របាយការណ៍​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

និមិត្ត​សញ្ញា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា។ Screenshot


សង្គម​ស៊ីវិល​ក្នុងស្រុក និង​អង្គការ​របស់​ប្រទេស​អាល្លឺម៉ង់​មួយ ឈ្មោះ ហ្វីអាន (FIAN) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ត្រូវ​បាន​គេ​បង្ខំ​លក់​ដី ដើម្បី​ដោះស្រាយ​បំណុល​ដែល​ខ្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការណ៍​អន្តរាគមន៍​បន្ទាន់ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​មាន​បំណុល​វ័ណ្ឌក ដើម្បី​ជៀសវាង​កុំឱ្យ​ពួកគេ​ត្រូវ​លក់​ដី​សងបំណុល​ដោយ​បង្ខំ​នោះ​បន្ត​ទៀត។

អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សមធម៌​កម្ពុជា សហការ​ជាមួយនឹង​អង្គការ ហ្វីអាន (FIAN) ប្រទេស​អាល្លឺម៉ង់ (Germany) បាន​រួម​គ្នា​ធ្វើ​របាយការណ៍ និង​រក​ឃើញ​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា​។ លទ្ធផល​នៃ​របាយការណ៍​ដែល​ធ្វើការ​ស្រាវជ្រាវ​ដោយ វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ និង​សន្តិភាព ហៅ​កាត់​ថា អាយ.អិន.អ៊ី.អេហ្វ (INEF) ទៅ​លើ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ (១,៣៨៨​គ្រួសារ​) នៅ​ទូទាំង​ប្រទេស​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦​ម៉ឺន​នាក់ (១៦៧,០០០​នាក់​) កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅក្នុង​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា អ្នក​ខ្ចីប្រាក់​ជាច្រើន​បាន​រងគ្រោះ​ពី​ការ​រំលោភ​លើ​សិទ្ធិមនុស្ស ហើយ​ពួកគេ​ទាំងនោះ​ជា​ញឹកញាប់​ត្រូវ​កាត់បន្ថយ​បរិភោគ​អាហារ និង​បញ្ឈប់​ការសិក្សា​របស់​កូនៗ ហើយ​បង្ខំ​ឱ្យទៅ​ធ្វើការ​ដើម្បី​រក​ប្រាក់​មក​សងបំណុល​ធនាគារ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌ បាន​ប្រាប់​វិទ្យុ​អាស៊ី​ថា របាយការណ៍​ដែល​គាំទ្រ​ដោយ ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ ហៅ​កាត់​ថា ប៊ី.អឹម.ហ្សិត (BMZ)​ នេះ មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បាន​បង្ហាញ​អំពី​ការពិត​នៃ​ស្ថានភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​វ័ណ្ឌក​ជាមួយនឹង​ប្រាក់កម្ចី ហើយ​បង្ហាញ​អនុសាសន៍​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ឱ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក អៀង វុទ្ធី បន្ថែម​ថា បញ្ហា​សំខាន់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​បំណុល​វ័ណ្ឌក​បែប​នេះ​គឺ ដោយសារ​ការកំណត់​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​ទៅ​១៨​ភាគរយ (18%) និង​មាន​គិតថ្លៃ​រដ្ឋបាល និង​ថ្លៃ​សេវា​ផ្សេងៗ​ទៀត​នៅក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​ទៅ​ខ្ចីប្រាក់​។ លោក អៀង វុទ្ធី បន្ថែម​ថា ប្រជាពលរដ្ឋ​ជា​មធ្យម​ជាង​៣​ម៉ឺន​គ្រួសារ (៣៣,៤៨០​គ្រួសារ​) ជា​រៀងរាល់​ឆ្នាំ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លក់​ដី​ដើម្បី​សងបំណុល ហើយ​លោក​ថា បញ្ហា​នេះ​គឺ​បណ្ដាលមកពី​ស្ថាប័ន​ផ្ដល់​កម្ចី​ដាក់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​អ្នក​ខ្ចីប្រាក់​ដាក់​ប្លង់ដី​បញ្ចាំ ដើម្បី​ទទួល​បាន​ប្រាក់កម្ចី ហើយ​ការ​ធ្វើ​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ៖ «នៅ​ពេល​ដែល​មាន​ប្លង់​កម្មសិទ្ធិ អ៊ីចឹង​កម្ចី​ហ្នឹង គឺ​គាត់​អាច​យក​ចំនួន​មួយ​ដែល​មិនមែន​ប្រៀបធៀប​ទៅ​ហ្នឹង​ការ​រក​ប្រាក់ចំណូល​ប្រចាំខែ​របស់​គ្រួសារ​នីមួយៗ​ទេ គឺ​គាត់​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ដី​របស់​ពួកគាត់​។ អ៊ីចឹង​ឧបមា​ថា ដី​គាត់​តម្លៃ ២​ម៉ឺន (២០,០០០​ដុល្លារ​អាមេរិក​) គាត់​ឱ្យ​ទៅ​តាម​ហ្នឹង ទោះបីជា​ចំណូល​គ្រួសារ​តែ​៥០០ដុល្លារ​អាមេរិក​ក៏ដោយ។


ជាមួយ​គ្នា​នេះ លោក អៀង វុទ្ធី បន្ថែម​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី គួរ​សហការ​គ្នា​ដើម្បី​យោគយល់ ឬ​កាត់ចោល​បំណុល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ មិនអាច​រក​ចំណូល​គ្រប់គ្រាន់​ដើម្បី​សង​ត្រឡប់​ទៅកាន់​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ទាំង​នោះ​បាន៖ «វិបត្តិ​សេដ្ឋកិច្ច និង​ស្ថានភាព​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​មែនទែន​។ អ៊ីចឹង​ហើយ​យើង​ចង់​ឃើញ​ជា​ការ​សម្រួល​ជា​គោលនយោបាយ ជាក់លាក់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​គាត់​មានឱកាស និង​មាន​ពេលវេលា​នៅក្នុង​ការ​សង​ត្រឡប់មកវិញ ជាជាង​បង្ខំ​តម្រូវ​ឱ្យ​ពួកគាត់​សង​ហើយ វា​ឈាន​ដល់​ការបាត់បង់​ដីធ្លី នេះ​វា​ទាមទារ​ឱ្យ​មាន​ការ​សហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​វិស័យ​ឯកជន ជាពិសេស​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

ជុំវិញ​រឿង​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​លោក ឆៃ វិត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​យល់​ស្រប​លើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ព្រោះ​តាម​ការសង្កេត​ទៅលើ​ស្ថានភាព​បំណុល​ក្នុង​ឃុំ​របស់​លោក មាន​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​កំពុង​ជាប់បំណុល​ជាមួយ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​។ លោក ឆៃ វិត បន្ថែម​ថា កន្លងមក​លោក​ក៏​ធ្លាប់​ឃើញ​ករណី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បង្ខំ​ឱ្យ​អ្នកភូមិ លក់​ដី​សងបំណុល​នោះ​ដែរ​។ លោក​មើលឃើញ​ទៀត​ថា មូលហេតុ​ដែល​ពលរដ្ឋ​មិនអាច​សងបំណុល​ទៅកាន់​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ទាំង​នោះ​បាន គឺ​បណ្ដាលមកពី​ពួកគាត់​ធ្វើស្រែ​ចម្ការ​ខាត ដោយសារ​តម្លៃ​កសិផល​ត្រូវ​បាន​កំណត់​ដោយ​ឈ្មួញ​វៀតណាម​។ ជាមួយ​គ្នា​នេះ លោក ឆៃ វិត សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី ត្រូវ​មាន​ការយោគយល់ ពន្យារពេល​សង​ប្រាក់​ដល់​ប្រជាពលរដ្ឋ និង​មិន​គួរ​បង្ខិតបង្ខំ​ឱ្យ​ពលរដ្ឋ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សងបំណុល​នោះ​ទេ៖ «ចំពោះ​ប្រជាពលរដ្ឋ​ណា​លោក​ពិបាក លោក​បង់​លើស​មួយថ្ងៃ ខ្លះ​បង់​លើស​ពីរ​ថ្ងៃ បី​ថ្ងៃ​អី មក​ពិន័យ មក​ផាក មក​គំរាម មក​កំហែង ប្រមាថ​រឹបអូស​នេះ បង្ខំ​ឱ្យ​លក់​នេះ​លក់​នោះ​ទៅ​សង​។ បើ​តាម​និយាយ​ហ្នឹង​ល្អ​ណាស់​ពេល​ឱ្យមក ដល់​ពេល​មាន​បញ្ហា​អត់​មានការ​យោគយល់​ទេ»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ធនាគារជាតិ អ្នកស្រី ជា សិរី ដើម្បី​ផ្ដល់​ការ​បកស្រាយ​អំពី​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ដោយឡែក នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អត្រា​ការ​ប្រាក់​១៨​ភាគរយ (១៨%)​ក្នុង​មួយឆ្នាំ ជា​អត្រា​ការប្រាក់​មួយ​ដែល​ទាប បើ​ប្រៀបធៀប​ជាមួយ​ការ​គិត​ការ​លើ​ប័ណ្ណឥណទាន ឬ​ក្រេឌីត​កាដ (Credit Card) ដែល​គេ​ប្រើ​ទូទៅ​ទូទាំង​ពិភពលោក​។ លោក​បន្ថែម​ថា ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី ជាទូទៅ​តែងតែ​សិក្សា​អំពី​អាជីវកម្ម​ច្បាស់លាស់​មុន​ផ្ដល់​ប្រាក់​កម្ចី ក៏ប៉ុន្តែ​អតិថិជន​ទៅវិញ​ទេ ដែល​ជា​អ្នកផ្ដល់​ព័ត៌មាន​មិន​ពិត​ទៅដល់​ភ្នាក់ងារ​ផ្ដល់​ប្រាក់​កម្ចី ម្យ៉ាងវិញទៀត​អតិថិជន​ខ្លះ បាន​ប្រើ​ប្រាក់​កម្ចី​ខុស​គោលដៅ ដែល​កត្តា​ទាំង​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​ពួកគេ​គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ៖ «វា​មិន​គប្បី​មាន​ព័ត៌មាន​ថា អតិថិជន​ហ្នឹង លក់​ដី ឬក៏​បាត់បង់​ដី ដោយសារ​ខ្ចី​បំណុល​នោះទេ លើកលែងតែ​អតិថិជន​ខ្លួនឯង គាត់​អាច​ខ្ចី​ទៅ យក​ទៅ​មិន​ប្រើ​ចំ​ទិសដៅ​នៃ​អាជីវកម្ម ព្រោះ​ឥណទាន យក​ទៅ​ដើម្បី​ប្រកប​របរ​អាជីវកម្ម ដើម្បី​បង្កើន​ចំណូល បើសិនជា​គាត់​យក ខ្ចី​ទៅ​ស្រាប់តែ​គាត់​មិន​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ការ​ប្រកប​អាជីវកម្ម​ដើម្បី​បង្កើន​ចំណូល គាត់​ទិញ​សម្ភារៈ​ប្រើប្រាស់​ខុសពី​ហ្នឹង វា​អត់​បាន​បង្កើត​ផល​ចំណូល​ទៅដល់​អាជីវកម្ម​របស់​គាត់​ទេ អាហ្នឹង​ធ្វើ​ឱ្យ​គាត់​លង់ ធ្វើ​ឱ្យ​គាត់​មាន​ការ​លំបាក​ហើយ។

ទោះជា​យ៉ាងណា កាលពី​ខែ​សីហា ឆ្នាំ​២០១៩ ប្រធាន​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ចាត់ទុក​របាយការណ៍ ចេញ​ដោយ​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ថា ជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​ទាំងមូល ព្រោះ​ថា របាយការណ៍ អំពី​បំណុល​កម្ចី​ឥណទាន ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ​នោះ គឺ​ធ្វើ​ឡើង​តែ​២៨​ករណី​តែប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​។ ដោយឡែក របាយការណ៍​ដែល​ទើប​ចេញ​ដោយ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​ពេលនេះ គឺ​បាន​បញ្ជាក់​ដែរ​ថា លទ្ធផល​ស្រាវជ្រាវ​នេះ គឺជា​ភស្តុតាង​តួលេខ​បញ្ជាក់​បន្ថែម លើ​ការ​រីក​រាលដាល​លើ​ការ​ជំពាក់​បំណុល​ច្រើន​លើសលុប​នៅ​កម្ពុជា ដោយមាន​ពលរដ្ឋ​ជិត ៣​លាន​គ្រួសារ (២.៨​លាន​គ្រួសារ​) កំពុង​ជាប់បំណុល​វ័ណ្ឌក ខណៈ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ទទួល​បាន​ប្រាក់ចំណេញ​រាប់​រយ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ចេញផ្សាយ​របាយការណ៍​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា"

  1. Anonymous says:

    we knew Cambodia is nothing left every Cambodian can not just walking away from their own land but if they want to stay it have to become CHINA slave

Leave a Reply

Submit Comment