“អាស៊ាន​នឹង​ក្លាយ​ជា​កូនអុក​របស់​ចិន បើ​មិន​រួមគ្នា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​ផលិតផល​ទៅ​ចិន”

ដោយ យ៉ង ចាន់តារា
2022.09.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

"អាស៊ាន​នឹង​ក្លាយ​ជា​កូនអុក​របស់​ចិន បើ​មិន​រួមគ្នា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​ផលិតផល​ទៅ​ចិន"

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​សុន្ទរកថា​ ក្នុងកម្មវិធីពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ កញ្ញា ២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន បណ្ដា​ប្រទេស​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​តូច ហើយ​ការនាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​ចិន​មិន​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ​។ អ្នកជំនាញ​ដដែល​ព្រមាន​ថា បើ​ប្រទេស​អាស៊ាន​ទាំងអស់​គ្មាន​ការ​ពង្រឹង​កត្តា​ផលិតកម្ម​ក្នុង​ក្របខណ្ឌ​អាស៊ាន​រួមគ្នា​ឱ្យ​រ៉ឹង​មាំ​ទេ​នោះ គឺ​ប្រជាជាតិ​អាស៊ាន​ទាំងមូល​គ្រាន់តែ​ទីផ្សារ​របស់​ចិន ដោយ​មិនមែន​ជា​ប្រទេស​នាំចេញ​ផលិតផល​នាំចេញ​ទៅ​ប្រទេស​ចិន​ឡើយ​។ ការ​លើកឡើង​នេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន​-​ចិន ពង្រីក វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែមទៀត។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​១៦ សីហា​ថា ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​អាស៊ាន​-​ចិន នៅ​មាន​កិច្ចការ​មួយចំនួន​ដែល​អាស៊ាន​និង​ចិន​មិន​ទាន់​មាន​ភាព​សង្វាក់​គ្នា​នៅឡើយ​។ ក្នុង​នោះ​លើកលែងតែ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន ប៉ុន្តែ​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​។ លើស​ពី​នេះ​ទៀត លោក ឯម សុវណ្ណារ៉ា សង្កត់ធ្ងន់​ថា ទំហំ​ផលិតកម្ម​របស់​អាស៊ាន ក្នុង​ការ​នាំ​ចេញទៅ​ប្រទេស​ចិន​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ ខណៈ​ចិន​បាន​បន្ត​នាំចូល​ផលិតផល ដើម្បី​លក់​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដូចជា​កម្ពុជា​ជាដើម​កាន់តែ​ទូលំទូលាយ៖ «កម្ពុជា ក៏​ជា​ប្រទេស​មួយ​ដែល​យើង​មិនទាន់​បង្កើត​កត្តាផលិតកម្ម​ទេ​។ យើង​មានតែ​របាំង​ពាណិជ្ជកម្ម យើង​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​ការនាំចេញ នាំចូល គិត​ពន្ធ ហើយនឹង​លំហូរ​ពន្ធ និង​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​។ កាលណា​យើង​បើក​តែ​របាំង​ពាណិជ្ជកម្ម​ហ្នឹង លើកលែង​ពន្ធ​។ ជាបឋម​ធ្វើ​ឱ្យ​សមាគម​អាស៊ាន ដែល​មាន​១០ ប្រទេស​ហ្នឹង ធ្វើ​ម៉េច​លុបបំបាត់​ការ​បង់ពន្ធ ទំនិញ​ហ្នឹង ពីព្រោះ យើង​បញ្ចូល​នៅក្នុង​ឆ្នាំ​២០១៥ យើង​ពន្យារ​មកដល់​ដើមឆ្នាំ​២០១៧ បាន​យើង​បាន​ចូល​ជា​សហគមន៍​អាស៊ាន​។ ប៉ុន្តែ សហគមន៍​អាស៊ាន​នេះ មាន​ជាប់​របាំង ពន្ធ​ទៅលើ​ទំនិញ ប្រភេទ​មួយចំនួន ដែល​គោលនយោបាយ​សេដ្ឋកិច្ច​មួយ​ដែល ដើម្បី​លើកស្ទួយ ឬក៏​បង្កើន​ការផលិត​កម្ម​នៅ​ប្រទេស​អាស៊ាន​ថ្មី មាន​៤ ប្រទេស​ហ្នឹង កម្ពុជា វៀតណាម ឡាវ ភូមា អីហ្នឹង»។


ការ​លើកឡើង​របស់​អ្នកជំនាញ​កិច្ច​អន្តរជាតិ​រូប​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន និង​ចិន ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ព្រមទាំង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​ការ​វិនិយោគ​នានា​។ ក្រៅ​ពី​នេះ លោក​ថា អាស៊ាន ចិន ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល កំណើនសេដ្ឋកិច្ច​បៃតង និង​ការ​បង្កើន​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម៖ «កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​អាស៊ាន​-​ចិន សម្រេច​បាន​នូវ​លទ្ធផល ប្រកបដោយ​ផ្លែផ្កា​ជាច្រើន ចាប់តាំងពី​ការ​ចុះ​ហត្ថលេខា​លើ​ក្របខណ្ឌ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ រវាង​អាស៊ាន និង​ចិន ក្នុង​ឆ្នាំ​២០០២ និង​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​នានា ជា​បន្តបន្ទាប់»។

លោក ហ៊ុន សែន លើកឡើង​បែប​នេះ ក្នុង​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ កញ្ញា។ លោក ហ៊ុន សែន រំពឹង​ថា ការ​ចាប់ផ្ដើម​អនុវត្ត​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ Regional Comprehensive Economic Partnership (RCEP) អាសិប ឆ្នាំ​២០២២ នឹង​នាំមក​នូវ​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​ជាច្រើន សម្រាប់​ប្រទេស​ក្នុង​តំបន់។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ជឿ​ថា វា​ក៏​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកស្ទួយ​ដល់​ការលូតលាស់​សេដ្ឋកិច្ច និង​ក្លាយជា​ក្របខណ្ឌ​ស្នូល​ក្នុង​ការ​ស្ថាបនា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន នៅ​ថ្ងៃ​អនាគត។

កាលពី​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន មាន​ចំនួន​ជិត ៩​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ចិន​នាំចេញ​ផលិតផល​ទៅ​ប្រទេស​អាស៊ាន​មាន​ចំនួន​ជិត ៥​ពាន់​លាន​ដុល្លារ​។ ចំណែក ការ​នាំចូល​ផលិតផល​ពី​ប្រទេស​អាស៊ាន​មាន​ជិត ៤​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា មូលហេតុ​ដែល​កត្តាផលិតកម្ម​បណ្ដា​ប្រទេស​អាស៊ាន​មិនអាច​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​ទូលំទូលាយ​នោះ គឺ​ដោយសារតែ​ផលិតកម្ម​របស់​ប្រទេស​អាស៊ាន​នៅ​មាន​កម្រិត​នៅឡើយ​។ អ្នកជំនាញ​រូប​នេះ ជំរុញ​ដល់​ប្រទេស​អាស៊ាន​គួរតែ​ពង្រឹង និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​អាស៊ាន​រួមគ្នា ដើម្បី​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាស៊ាន និង​ចិន មាន​តុល្យភាព និង​ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​របស់​អាស៊ាន​ខ្លួនឯង​ផ្ទាល់ ក្លាយជា​កូនអុក ឬ​ជាទី​ផ្សារ​សម្រាប់​ទទួល​ផលិតផល​ពី​ប្រទេស​ចិន​កុម្មុយនីស្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“អាស៊ាន​នឹង​ក្លាយ​ជា​កូនអុក​របស់​ចិន បើ​មិន​រួមគ្នា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​ផលិតផល​ទៅ​ចិន”"

  1. Anonymous says:

    WELL if they let that evil monster interfering CHINA will take control of every thing

Leave a Reply

Submit Comment