ពលរដ្ឋ​និង​សកម្មជន​បរិស្ថាន​ថា​ការ​ឈូស​ឆាយ​ព្រៃ​នៅ​ភ្នំតាម៉ៅ​កន្លង​មក​ធ្វើ​ឱ្យ​បាត់​បង់​ឈើ​ប្រណិត​មួយ​ចំនួន​

ព័ត៌មានជាតិ សង្គម
លោក ណាត សុភាព | ១៨ កញ្ញា ២០២២ | ម៉ោង ១៧:៣០
VOD

ដាំកូនឈើ ភ្នំតាម៉ៅ - 16

ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅស្រុកបាទី ខេត្តតាកែវ និងសកម្មជនបរិស្ថានមួយចំនួន បានលើកឡើងថា ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ដែលក្រុមហ៊ុនឯកជនកាប់ និងឈូសឆាយកន្លងមក មានប្រភេទឈើប្រណិតៗមួយចំនួន ប៉ុន្តែពួកគាត់មិនដឹងថា គេយកទៅលក់ឬយកទៅធ្វើអ្វីនោះទេ។

ការអះអាងនេះធ្វើឡើង ក្រោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែកញ្ញា បានលើកឡើងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ ​ «ភ្នំតាម៉ៅ» មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជា ប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយប៉ាយពុំមានឈើប្រណិតនិងប្រភេទឈើដែលមានតម្លៃ​ឡើយ។ រដ្ឋបាលព្រៃឈើបន្ថែមថា  ​ដើមឈើដែលនៅតំបន់ឈូសឆាយរួមមានដើមឈើត្បែងទាំងស្រុង ហើយឈើដែលកាប់មិនបានយកទៅលក់ដូរនោះទេ គឺពលរដ្ឋសុំយកទៅធ្វើអុសដុតតែប៉ុណ្ណោះ។

យ៉ាងនេះក្តី ប្រពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ លោក ទ្រី ស៊ីថេង និយាយថា អំឡុងពេលកាប់និងឈូសឆាយព្រៃឈើនៅតំបន់ក្បែរភ្នំតាម៉ៅនោះ គាត់សង្កេតឃើញថា មានឈើប្រណិតៗមួយចំនួនដែលត្រូវបាត់បង់ រួមមាន ឈើត្បែង ធ្នង់ ផ្ចឹក និងសុក្រំ ដែលអាចយកទៅលក់ដូរបាន​  មិនដូចការលើកឡើងរបស់រដ្ឋបាលព្រៃឈើថាឈើទាំងនោះមិនមានតម្លៃ​ និងមិនអាចលក់ដូរបាននោះឡើយ។

លោកបន្តថា ក្រោយពីមានការកាប់បំផ្លាញ គាត់មិនដឹងថា គេយកឈើទាំងនោះទៅលក់ឬយកទៅធ្វើអ្វីនោះទេ ដោយគាត់គ្រាន់តែបង្ហាញការសោកស្តាយចំពោះការបាត់បង់ព្រៃឈើប្រណិតនៅតំបន់នោះ ។

លោកបង្ហាញការសោកស្តាយថា៖ «ឈើនៅកន្លែងហ្នឹងមានគ្រប់ប្រភេទ មានសុក្រំ ធ្នង់ កកោះ ផ្ចឹក ត្បែង។ ខ្ញុំឃើញខាងរដ្ឋបាលព្រៃឈើគេដឹកដែរ ហើយយកទៅណា? ហើយលក់ដូរម៉េច? ខ្ញុំអត់ដឹងព័ត៌មានហ្នឹងដែរ ​ធម្មតាអារម្មណ៍ខ្ញុំមានអារម្មណ៍សោកស្តាយដែរ មិនថាឈើប្រណិត ឬឈមិនប្រណិតទេ ព្រោះព្រៃឈើជាជំរកសត្វព្រៃរបស់យើង»។

ទោះជាយ៉ាងណា ក៏គាត់គាំទ្រនូវការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញ​បទ​បញ្ជា​ភ្លាមៗ ​ឱ្យ​​លុប​​ចោល​​ទាំងអស់​នូវរាល់គម្រោងអភិវឌ្ឍន៍នានា ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែលវិញ ព្រមទាំងបញ្ជាឱ្យក្រុមហ៊ុនដែលបានឈូសឆាយដីព្រៃរួចត្រូវដាំដើមឈើឡើងវិញ។

មន្រ្តី​គម្រោងតស៊ូមតិ នៃគម្រោង​​អ្នកការពារ​ព្រៃឈើ​ នៃបណ្ដាញសមាគម​យុវជនកម្ពុជា​ លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ​តាមរយៈការចុះទៅសង្កេតនៅតំបន់ភ្នំតាម៉ៅកន្លងមក ពិត​ជា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនបានចូលទៅដឹកឈើ​តូចៗដែលងាប់យក​ទៅធ្វើអុសមែន។ ប៉ុន្តែ​លោក​ជឿ​ថា ​នៅមាន​ប្រភេទ​ឈើ​ល្អៗ និងឈើប្រណិត​ជាច្រើនទៀតនៅក្នុងតំបន់​អភិ​រក្ស​​នោះ។ ករណីនេះ លោក​សង្ឃឹមថា រដ្ឋាភិ​បាល​​នឹង​​​បង្ហាញតម្លាភាព និងព័ត៌មាន​ជុំវិញ​ព្រៃ​ឈើ​ដែល​បាន​ឈូស​ឆាយ​​នេះ​ ដើម្បីឆ្លើយតបទៅនឹងចម្ងល់​របស់​ប្រជាពលរដ្ឋ។

លោកមានប្រសានស៍ថា៖ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃគេមិនអាចផ្តល់ជំនួយកិច្ចការអភិរក្សព្រៃឈើរាប់ពាន់ រាប់ម៉ឺនហិកតា ដោយគ្រាន់តែមានការដាំដុះដើមប្រេងខ្យល់ ឬក៏ឈើមិនមានតម្លៃទេ។ អ៊ីចឹងខ្ញុំស្នើទៅរដ្ឋាភិបាលធ្វើការបកស្រាយឱ្យមានលក្ខខណៈវិទ្យាសាស្ត្រ ដោយធ្វើការបកស្រាយឱ្យមានការទទួលយកនូវការរិះគន់ និងសារភាពពីការធ្វេសប្រហែសនូវកំហុសរបស់ខ្លួន ពីព្រោះឈើដែលបាត់បង់អាចនឹងមានឈើប្រណិត»។

កាលពីពាក់កណ្តាលខែកញ្ញានេះ ក្រុមសកម្មជនចលនាមាតា​ធម្មជាតិ និងសកម្មជនការពារបរិស្ថាន ក៏បាន​ស្នើ​​​រដ្ឋាភិបាល​បង្ហាញពី​ប្រភព​អ្នក​ដែល​បាន​ទិញ​ឈើ និងទំហំ​​​​ទឹក​​​​ប្រាក់​​ដែល​​បាន​​មក​​​ពីការ​លក់​ឈើនៅ​តំបន់​ភ្នំតាម៉ៅ​ ក្នុង​ខេត្ត​តាកែវ ផងដែរ។

ការស្នើនេះ បានធ្វើឡើងក្រោយពី​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៣១ ខែកក្កដា ធ្លាប់បានលើកឡើងថា ​អាជ្ញាធរ​ថ្នាក់​ក្រោម​ បាន​កាប់​ព្រៃ​ឈើ​​នៅ​​​​ក្នុង​​តំបន់​សួន​សត្វ​​ភ្នំតាម៉ៅ ដើម្បីយក​ឈើ​លក់ ហើយ​​យក​ថវិកា​ចូល​រដ្ឋ និង​ទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា ធ្វើការអភិវឌ្ឍ។ តែយ៉ាងណា ក្រោយមានប្រតិកម្ម​ពីមហាជន រដ្ឋាភិ​បាល​បាន​បញ្ឈប់ការ​ឈូសឆាយដីព្រៃនៅតំបន់នោះវិញ ក្រោយពីបានឈូស​ឆាយ​អស់​ប្រមាណ៦០០ហិកតា។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស  និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន​ បានទេនៅថ្ងៃអាទិត្យនេះ។

យ៉ាងណាក្តី រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ​ ដើមឈើនៅតំបន់ដែលបានឈូសឆាយភ្នំតាម៉ៅ ជាប្រភេទដើមត្បែងស្ទើរទាំងស្រុង មិនបានយកទៅលក់ដូរទេ។ ប៉ុន្តែមានប្រជាពលរដ្ឋរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុសដុត។ លើសពីនេះ សំណល់សេសសល់បានសំអាតនិងកប់ទុកនៅទីទាំងផ្ទាល់ដើម្បីសំអាតទីធ្លាសម្រាប់ដាំដើមឈើឡើងវិញ។ រដ្ឋបាលព្រៃឈើបន្ថែម​ទៀតថា ដើមឈើដែលមាននៅទីតាំងដីឧទ្យានសួនសត្វភ្នំតាម៉ៅ ពុំមានឈើប្រណិតនិងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​៦០០ហិកតា​​ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ ​​ត្រូវ​បាន​កាប់បំផ្លាញ និងឈូសឆាយ​ គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា រហូតដល់ដើមខែសីហា​កន្លង​​ទៅ​ បន្ទាប់​ពីតំបន់​នេះត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​​មួយចំនួន ក្នុងនោះ ក្រុមហ៊ុនចំនួន២ដែល​ត្រូវបានគេ​ស្គាល់ថា​​ជា​កម្មសិទ្ធិ​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ។

ទោះជា​​យ៉ាងណា ការដោះដូរ ​និងអភិវឌ្ឍ​ន៍តំបន់ភ្នំតាម៉ៅ​នេះ ​ត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​៧ ខែសីហា កន្លងទៅ បានចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន ហើយលោក​ក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើម​ឈើ​ឡើងវិញ​។

ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វព្រៃការពារ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃនៅតំបន់ដែលមានភាពចម្រូងចម្រាសមួយនេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​និង​សកម្មជន​បរិស្ថាន​ថា​ការ​ឈូស​ឆាយ​ព្រៃ​នៅ​ភ្នំតាម៉ៅ​កន្លង​មក​ធ្វើ​ឱ្យ​បាត់​បង់​ឈើ​ប្រណិត​មួយ​ចំនួន​"

  1. Anonymous says:

    the thief from ANGKA LEIR

Leave a Reply

Submit Comment