ក្រុមយុវជនដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃបញ្ឈប់ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់

កម្ពុជា-សង្គម
19/09/2022 – 08:06
ដោយ៖ ហុង សេរីហ្វុង
RFI

ក្រុមយុវជនមួយក្រុមបានដាក់ញត្តិនៅក្រសួងមហាផ្ទៃ ស្នើសុំឱ្យបញ្ឈប់ការផ្តល់ប័ណ្ណស្នាក់នៅ អចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា © សហការី


ក្រុមយុវជនមួយក្រុមដែលមានគ្នា ៥នាក់ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ បានដាក់ញត្តិនៅក្រសួងមហាផ្ទៃ ស្នើសុំឱ្យបញ្ឈប់ការផ្តល់ប័ណ្ណស្នាក់នៅ អចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា។ បើតាមតំណាងក្រុមយុវជន ជំហានបន្ទាប់ ពួកគេនឹងស្នើទៅសាលាក្រុង ដើម្បីជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ តាមនិតិវិធីច្បាប់ ប្រសិនបើក្រសួងមហាផ្ទៃឆ្លើយតបជាអវិជ្ជមាន ឬឆ្លើយតបក្រោយពេលពេល ១ សប្ដាហ៍ក្រោយដាក់ញត្តិនេះ។

ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតបន្ទាប់ពីដាក់ញត្តិរួច លោក ធែល ធីលែន តំណាងក្រុមយុវជនបានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលញត្តិរបស់ក្រុមលោកដែលស្នើសុំឱ្យបញ្ឈប់ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ហើយក្រសួងនឹងឆ្លើយតបទៅវិញនៅពេលក្រោយ។

នៅក្នុងញត្តិដែលក្រុមយុវជនខាងលើបានដាក់ទៅក្រសួងមហាផ្ទៃមាន ៦ ចំណុច ដែលក្នុងនោះមានដូចជា ទាមទារឱ្យក្រសួងមហាផ្ទៃអនុវត្តនូវច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធិភាព មិនគួរព្យាយាមលាក់បាំងច្បាប់អន្តោប្រវេសន៍ មិនគួរលើកស្ទួយ និងផ្តល់ផលប្រយោជន៍ច្រើនដល់ជនអន្តោប្រវេសន៍ ដោយបង្កើតនូវសកម្មភាពផ្តល់សិទ្ធិនានា ដូចជាការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេជាដើម។

តំណាងក្រុមយុវជននេះឱ្យដឹងទៀតថា មូលហេតុដែលពួកគេដាក់ញត្តិ គឺដោយសារមានការព្រួយបារម្ភ និងយល់ឃើញនូវហានិភ័យជាច្រើន ដែលកើតចេញពីការផ្តល់នូវប័ណ្ណ និងសិទ្ធិស្មើនឹងប្រជាពលរដ្ឋខ្មែរ ព្រមទាំងផលប្រយោជន៍ដល់ជនអន្តោប្រវេសន៍។ តំណាងក្រុមយុវជនបន្ដថា បញ្ហាអសន្តិសុខនៅកម្ពុជាកន្លងមក តែងតែបង្កដោយជនអន្តោប្រវេសន៍ ដូចជា បញ្ហាចោរកម្ម ឆក់ប្លន់ ជួញដូរគ្រឿងញៀន ពេស្យាចារ ការជួញដូរមនុស្ស និងបញ្ហាលាងលុយកខ្វក់ជាដើម។

តំណាងក្រុមយុវជនរូបនេះ បានគូសបញ្ជាក់ថា ជំហានបន្ទាប់ ក្រុមយុវជនលោកនឹងស្នើទៅសាលាក្រុងភ្នំពេញក្នុងការរៀបចំកាលបរិច្ឆេទត្រឹមត្រូវ ដើម្បីធ្វើការជួបជុំសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ តាមនិតិវិធីច្បាប់ ប្រសិនបើក្រសួងមហាផ្ទៃបដិសេធនូវសំណើរក្នុងញត្តិរបស់ពួកគេ ឬឆ្លើយតបក្រោយពេល ១ សប្ដាហ៍នៃការដាក់ញត្តិនេះ។

គួរជ្រាបជូនថា កាលពីថ្ងៃទី២៩សីហា ក្រសួងមហាផ្ទៃ បានណែនាំជាថ្មីឱ្យមន្ត្រីក្រោមឱវាទ អនុវត្តនិងទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ឱ្យស្របទៅតាមច្បាប់ដែលមានចែងកាលពីឆ្នាំ១៩៩៤។ ជាច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលក្រសួងមហាផ្ទៃដាក់ចេញ ក្នុងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស យកមកប្រើប្រាស់សម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់ពួកគេនៅក្នុងទឹកដីកម្ពុជា។ គិតមកត្រឹមពេលនេះ ជនបរទេសអន្តោប្រវេសន៍យ៉ាងតិច ៦ម៉ឺននាក់ ត្រូវបានកម្ពុជាផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន៕

What Next?

Recent Articles

Leave a Reply

Submit Comment