បក្សភ្លើងទៀន​ស្នើ​រដ្ឋាភិបាល​ដក​អាជ្ញាបណ្ណ​ក្រុមហ៊ុនណាហ្គា បើ​ពិនិត្យ​ឃើញ​អ្នកមានអំណាច​នៅ​កាងពីក្រោយ

ការងារ ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ១៩ កញ្ញា ២០២២ | ម៉ោង ១៦:១០
VOD

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


គណបក្សភ្លើងទៀន ទាមទារឱ្យរដ្ឋាភិបាលជំរុញទៅក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គោរពច្បាប់ការ​ងារ និងបទដ្ឋានគតិយុត្តនានា ​ដើម្បី​ឱ្យ​​មាន​ដំណោះស្រា​យ​វិវាទ​ការ​ងារ ហើយ​គួរតែពិនិត្យ​ក្នុង​ការ​ដក​អាជ្ញាបណ្ណ​រកស៊ីផ្ដាច់មុខរបស់ក្រុម​ហ៊ុន​នេះ បើពិនិត្យ​ឃើញថា អ្នកមានអំណាចនៅកាង​ពី​ក្រោយ។

ការទាមទាររបស់គណបក្សភ្លើងទៀនបានធ្វើឡើងក្រោយពី កូដករណាហ្គាវើលដ៍​ម្នាក់បានដួល​សន្លប់និង​បាក់ធ្មេញ និងមួយចំនួនទៀតរងរបួសស្រាល​ ក្រោយ​ប៉ះទ​ង្គិច​ជាមួយ​កម្លាំងសន្តិ​សុខ​របស់​ក្រុម​ហ៊ុនបន​ល្បែងមួយនេះ ​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ អំឡុង​​ពេលពួក​​គាត់​​ប្រមូល​​​​ផ្ដុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ក្រុមហ៊ុន។

សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​លើក​ឡើង​​ថា ការតវ៉ាទាមទារ​រកយុត្តិធម៌របស់បុគ្គលិក​​ក្រុម​ហ៊ុន​​​ណាហ្គាវើលដ៍ ​តាំងពី​ត្រូវ​​បាន​​បណ្ដេញ​ចេញ​ដោយ​ខុស​ច្បាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក នៅមិនទាន់ទទួលបាន​យុត្តិធម៌នៅឡើយ ហើយ​ក្រុមអ្នកតវ៉ាត្រូវបានគេវាយដំ និងចាប់ឃុំឃាំង ដោយ​ល្មើស​នឹង​សិទ្ធិ​ស្របតាមច្បាប់​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។

ករណីនេះ គណបក្សក្រៅរដ្ឋាភិបាលមួយ​នេះបានទាមទារឱ្យ​រដ្ឋាភិបាល តាមរយៈក្រសួង​ការ​ងារ​​ ធ្វើ​ការ​ឱ្យ​បានត្រឹមត្រូវ ដោយជំរុញឱ្យ​ក្រុមហ៊ុនល្បែងមួយនេះគោរពច្បាប់ការងារ និងបទ​ដ្ឋាន​គតិយុត្តនានា​ ដើម្បីឱ្យ​មានដំណោះស្រាយ​ឱ្យ​បានឆាប់ និង​ស្នើឱ្យ​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​បុគ្គលិកជាអ្នកតវ៉ាឱ្យ​បានត្រឹមត្រូវ ខណៈដែលពួកគេ​អនុវត្តសិទ្ធិតវ៉ាដោយ​សន្តិ​វិធី។

គណបក្សភ្លើងទៀន បាន​បន្ថែមថា៖ «ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​គួរតែពិនិត្យ​ក្នុងការដក​អាជ្ញាបណ្ណ​រកស៊ីផ្ដាច់មុខនៅរាជធានីភ្នំពេញ ក្នុងវិស័យបនល្បែងកាស៊ីណូរបស់ក្រុមហ៊ុន​ Naga World នេះចោល បើពិនិត្យឃើញថា អ្នកមានអំណាចនៅកាងនៅពីក្រោយនោះ»។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ លោក ហេង សួរ និងតំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ទេ នៅរសៀល​ថ្ងៃ​ចន្ទនេះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបាន​បញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការ​ងារ ក្រោម​ហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គ​លិក​​ដែល​​ចេញ​​ធ្វើកូដកម្មជាង៩ខែ​មក​នេះ អះ​អាង​ថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេត​នារំលាយ​សហជីព​​ដែល​ការពារសិទ្ធិកម្មករ​​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ។

ការទាមទាររបស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានធ្វើឡើងស្របពេលដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញានេះ បាន​ចេញបញ្ជាឱ្យ​មន្ត្រីថ្នាក់​ក្រោម​​​ជាតិ បង្ក្រាបឱ្យ​អស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានព្រមាន​ដកតំណែង​អភិបា​ល​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ រួម​ទាំងមន្ត្រីនគរបាល ប្រសិនបើរក​ឃើញថាមិន​ទទួល​​​ខុស​​ត្រូវ​​លើ​តួ​នាទីរបស់ខ្លួនក្នុងការ​បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​ឱ្យ​អស់​ពី​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "បក្សភ្លើងទៀន​ស្នើ​រដ្ឋាភិបាល​ដក​អាជ្ញាបណ្ណ​ក្រុមហ៊ុនណាហ្គា បើ​ពិនិត្យ​ឃើញ​អ្នកមានអំណាច​នៅ​កាងពីក្រោយ"

  1. សែនកូនឪ says:

    សំដាច់អាចម៍ជោរនៅពីក្រោយកាង។​យល់នៅ?​។​ទាន់?​

Leave a Reply

Submit Comment