ចិន​ផ្តល់​ជំនួយ​យោធា​បន្ថែម​ជូន​កម្ពុជា ​ក្រោម​ហេតុផល​ការពារ​សន្តិសុខ

20 កញ្ញា 2022
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ភ្នំពេញ — ក្រសួង​ការពារ​ជាតិ​ចិន​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រគល់​សម្ភារៈ​ និង​រថយន្ត​យោធា​ជាច្រើន​គ្រឿងជូនកង​ទ័ព​កម្ពុជា​ ក្នុង​គោល​ដៅ​ការពារ​សន្តិសុខ​ប្រទេស​ទាំង​ពីរ​ និងតំបន់។

ជំនួយ​យោធា​ឥត​សំណង​លើក​នេះ​រួម​មាន​បរិក្ខារ​ និង​យុទ្ធោបករណ៍ច្រើន​មុខ​ទៀត​ដែល​សុទ្ធ​តែ​ជា​សេចក្តី​ត្រូវ​ការ​ចាំបាច់​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ ជា​ពិសេស​កង​រាជ​អាវុធ​ហត្ថ។​ នេះ​បើតាម​ការ​ប្រកាសរបស់​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក​ វ៉ាង វិនធាន​ ក្នុង​ពិធី​ប្រគល់​ជំនួយ​យោធា​នៅ​ស្រុក​សាមគ្គី​មានជ័យ ​ខេត្ត​កំពង់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​នេះ។​

លោក ​វ៉ាង វិនធាន​ ថ្លែង​ជា​ភាសាចិនដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​តាម​ន័យ​ដើម​ថា៖ ​«យើង​ខ្ញុំ​រីករាយ​ដោយ​ស្មោះ​ក្នុង​ការ​ជួយ​លើក​កម្ពស់​សមត្ថភាព​កង​យោធពល​ខេមរ​ភូមិន្ទ​ ជា​បន្ត​បន្ទាប់​ និង​បង្កើន​ការ​កសាងទំនើប​កម្ម​ សព្វាវុធ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ ការពារ​សន្តិសុខ​ជាតិ​ និង​ស្ថិរភាព​ក្នុង​តំបន់​យ៉ាង​មាន​ប្រសិទ្ធ​ភាព»

បើ​តាម​លោក​វ៉ាង វិនធាន​ ចិន​រឹងពឹង​ថា​ នឹង​នៅ​ប្រកៀក​ស្មា​ជា​មួយ​នឹងកម្លាំង​យោធាកម្ពុជា​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ពីរ​ និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការ​ពារ​សន្តិ​សុខ​តំបន់ និង​អន្តរជាតិ។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់​ បាន​ប្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ពិធី​ប្រគល់​ជំនួយ​យោធា​របស់​ចិន​ ឱ្យ​ប្រឹង​ប្រែង​ហ្វឹកហ្វឺន​ និង​រៀន​សូត្រ​អំពី​បច្ចេក​ទេស​ដើម្បី​ប្រើប្រាស់​យុទ្ធោបករណ៍​ទំនើបៗ​ឱ្យ​ស្ទាត់​ជំនាញ​ និង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ការ​ថែទាំ​ទុក​ដាក់​យុទ្ធោបករណ៍​ទាំង​នោះ​ឱ្យ​បាន​ត្រឹមត្រូវ។​

លោក​ ទៀ បាញ់​ លើក​ឡើង​ទៀត​ថា​ កងទ័ព​កម្ពុជា​ក៏ត្រូវ​សិក្សា​អំពី​បញ្ហាស្មុគ​ស្មាញ​ ជា​ច្រើន​ទៀត​ក្នុង​វិស័យ​យោធា ដូច​ជា​ការប្រើប្រាស់​នាវា​ទំនើបៗ​បំពាក់​ដោយ​គ្រាប់​មីស៊ីល​នា​ពេល​អនាគត​ បន្ទាប់​ពីការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​សមុទ្រ​រាម។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​រថយន្ត​ទំនើប​ចំនួន​១៥០​គ្រឿង ​និង​សម្ភារៈ​យោធា​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ងារយោធា ​និង​សម្រាប់​ដឹក​ជញ្ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​ នៅ​ពេល​កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​នៅ​ចុង​ឆ្នាំ​នេះ៕

What Next?

Recent Articles

One Response to "ចិន​ផ្តល់​ជំនួយ​យោធា​បន្ថែម​ជូន​កម្ពុជា ​ក្រោម​ហេតុផល​ការពារ​សន្តិសុខ"

  1. Anonymous says:

    this time CHINA will kill all Cambodian

Leave a Reply

Submit Comment