ការងារ ព័ត៌មានជាតិ
លោក ណាត សុភាព | ២១ កញ្ញា ២០២២ | ម៉ោង ១៧:១៧
VOD

កូដករណាហ្គាវើលដ៍ បាននាំគ្នាយកចង្ក្រានចានឆ្នាំងទៅចម្អិនអាហារសម្រាប់បរិភោគនៅពីមុខក្រុមហ៊ុន ដោយពួកគេថា នេះជាសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុន និងក្រសួងស្ថាប័នរដ្ឋ រកដំណោះស្រាយការងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ (កាយ ណារ៉ា)
ក្រុមកូដករណាហ្គាវើលដ៍រាប់សិបនាក់ នៅថ្ងៃពុធនេះ បានបន្តប្រមូលផ្ដុំគ្នាជាថ្មីទៀត និងបោះតង់ យកចានឆ្នាំងធ្វើម្ហូប នៅមុខច្រកចូលក្រុមហ៊ុនកាស៊ីណូមួយនេះ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារជូនពួកគេឱ្យស្របតាមច្បាប់ស្តីពីការងារ។
កូដករណាហ្គាវើលដ៍ កញ្ញា ចាន់ ស្រីរ័ត្ន មានប្រសាសន៍ថា ដើមចមដែលនាំឱ្យក្រុមកូដករប្រមូលផ្ដុំគ្នាជាថ្មីទៀតនេះ ដោយសារជាង៩ខែមកហើយ ថៅកែក្រុមហ៊ុននៅតែគេចវេះ មិនព្រមដោះស្រាយបញ្ចប់វិវាទការងារជូនពួកគាត់នៅឡើយ។ ករណីនេះ កញ្ញាស្នើទៅក្រសួងពាក់ព័ន្ធជំរុញទៅថៅកែក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ចប់វិវាទជូនក្រុមកូដករ ហើយឈប់លាបពណ៌និងធ្វើទុក្ខបុកម្នេញលើក្រុមកូដករបន្តទៀត។
កញ្ញាបញ្ជាក់ថា៖ «៩ខែជាងហើយដែលពួកខ្ញុំរងនូវភាពអយុត្តិធម៌ មានការប្រើហិង្សាពីអាជ្ញាធរ ហើយក៏មានប្រើអំពើហិង្សាពីបុគ្គលិកគ្នាឯងដែរ។ ហើយពួកខ្ញុំសុំស្នើអាជ្ញាធរមេត្តាឈប់ប្រើអំពើហិង្សាលើពួកខ្ញុំជាកូដករណាហ្គាវើលដ៍ ព្រោះខ្ញុំមានវិវាទជាមួយថៅកែណាហ្គាវើលដ៍ ពួកខ្ញុំអត់មានវិវាទជាមួយស្ថាប័នណា ជាមួយអាជ្ញាធរណាទេ…អ៊ីចឹងឈប់បង្វែរសាច់រឿង ឈប់លាប់ពណ៌ពួកខ្ញុំពីរឿងអ្វីផ្សេងទៀតទៅ»។














កញ្ញា ពៅ រស្មី ដែលចូលរួមកូដកម្មនៅព្រឹកនេះដែរ បញ្ជាក់ថា ក្រោយពីក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារជាង៩ខែកន្លងមកនេះ ធ្វើឱ្យគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ខណៈពួកគេចេញមកធ្វើកូដកម្មដោយអហិង្សា ត្រូវចំណាយថវិកាផ្ទាល់ខ្លួន។ កញ្ញាបន្តថា កន្លងមក ថៅកែក្រុមហ៊ុនព្យាយាមគេចវេះមិនទទួលខុសត្រូវក្នុងការដោះស្រាយបញ្ចប់វិវាទជាមួយកម្មករ។
កញ្ញា ពៅ រស្មី បន្ថែមថា៖ «ណាហ្គាវើលដ៍ជាក្រុមហ៊ុនយក្សមួយ បើសិនជាថៅកែណាហ្គាវើលដ៍មិនគោរពសិទ្ធិសេរីភាពការងារផង ចុះនិយោជកផ្សេងទៀតនឹងធ្វើគំរូតាមថៅកែណាហ្គាវើលដ៍ទាំងអស់។ អ៊ីចឹងបុគ្គលិកកម្មករខ្មែរយើង ច្បាស់ជាមិនមែនជាបុគ្គលិកកម្មករទៀតទេ វាប្រែទៅជាទាសករ។ ហើយយើងប្រឹងរើបម្រាស់ពីសម័យទាសករមកជាបុគ្គលិកកម្មករ អ៊ីចឹងយើងក៏មានសិទ្ធិការងារ ហើយយើងក៏អត់មានទាមទារអ្វីពីថៅកែឱ្យលើសលស់ដែលខុសពីច្បាប់ដែរ ប៉ុន្តែយើងត្រូវការឱ្យថៅកែគោរពច្បាប់ គោរពសិទ្ធិរបស់កម្មករ»។
ក្រុមកូដករបានលើកឡើងប្រហាក់ប្រហែលគ្នាថា បើថៅកែក្រុមហ៊ុននៅតែមិនព្រមចេញមកដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេឱ្យបានឆាប់ទេ នោះពួកគេនៅតែបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្ម ឬបោះតង់នៅមុខក្រុមហ៊ុន តវ៉ារហូតមានដំណោះស្រាយ ដោយមិនបារម្ភពីការគំរាមកំហែង បង្កហិង្សា ឬចាប់ខ្លួននោះទេ។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទេ នៅរសៀលថ្ងៃនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាស៍ថា បើរដ្ឋាភិបាលនៅតែមិនជំរុញទៅក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ទេ នឹងធ្វើឱ្យប៉ះដល់មុខមាត់រដ្ឋាភិបាល ខណៈសហគមន៍ជាតិនិងអន្តរជាតិបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។
លោកមានប្រសាសន៍ថា៖ «ផលប៉ះពាល់ដំបូង គេសួរហើយការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការគោរពទៅតាមអនុសញ្ញាសិទ្ធិការងាររបស់អន្តរជាតិយ៉ាងម៉េច? យើងមានអនុវត្តតាមកាតព្វកិច្ចរបស់យើងបានត្រឹមត្រូវឬអត់? ទី២ ក៏គេមើលឃើញថាជាការរំលោភលើសិទ្ធិរបស់ពួកគាត់ជាកូដករដែរ។ កាលណាមានបញ្ហាហ្នឹង ជាធម្មតាយើងឃើញហើយ មានអ្នករាយការណ៍ពិសេស ជាដើម អង្គការជាតិ អង្គការអន្តរជាតិ បានលើកឡើងអំពីបញ្ហាហ្នឹង អ៊ីចឹងផលប៉ះពាល់ វាជះដល់រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងរដ្ឋហ្នឹងហើយ»។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀនបានលើកឡើងថា ការតវ៉ាទាមទាររកយុត្តិធម៌របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ តាំងពីត្រូវបានបណ្ដេញចេញដោយខុសច្បាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ហើយក្រុមអ្នកតវ៉ាត្រូវបានគេវាយដំ និងចាប់ឃុំឃាំង ដោយល្មើសនឹងសិទ្ធិស្របតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។
ករណីនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះបានទាមទារឱ្យរដ្ឋាភិបាល តាមរយៈក្រសួងការងារ ធ្វើការឱ្យបានត្រឹមត្រូវ ដោយជំរុញឱ្យក្រុមហ៊ុនល្បែងមួយនេះគោរពច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យមានដំណោះស្រាយបានឆាប់ និងស្នើឱ្យសមត្ថកិច្ចការពារសុវត្ថិភាពបុគ្គលិកជាអ្នកតវ៉ាឱ្យបានត្រឹមត្រូវ ខណៈដែលពួកគេអនុវត្តសិទ្ធិតវ៉ាដោយសន្តិវិធី។
គណបក្សភ្លើងទៀន បានបន្ថែមថា៖ «ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលគួរតែពិនិត្យក្នុងការដកអាជ្ញាបណ្ណរកស៊ីផ្ដាច់មុខនៅរាជធានីភ្នំពេញ ក្នុងវិស័យបនល្បែងកាស៊ីណូរបស់ក្រុមហ៊ុន Naga World នេះចោល បើពិនិត្យឃើញថា អ្នកមានអំណាចនៅកាងពីក្រោយនោះ»។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជាង៩ខែមកនេះ អះអាងថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេតនារំលាយសហជីពដែលការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។