តុលាការ​ចាប់​ផ្ដើម​ដេញដោល​សួរ​លោក កឹម សុខា លើ​អង្គហេតុ​ថ្មី​ចំនួន៣

ដោយ ទីន ហ្សាការីយ៉ា
2022.09.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ចាប់​ផ្ដើម​ដេញដោល​សួរ​លោក កឹម សុខា លើ​អង្គហេតុ​ថ្មី​ចំនួន៣

 រូប៖ ហ្វេសប៊ុក


សវនាការ​លើក​ទី៥៧ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា​នៃ​សំណុំរឿង​ក្បត់​ជាតិ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា តុលាការ​បាន​ចោទ​សួរ​លោក កឹម សុខា ទាក់ទង​នឹង អង្គហេតុថ្មី៣ផ្សេងទៀត រួមមាន ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ចិន​តៃវ៉ាន់ (Taiwan) យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​ការ​កាន់​ផ្កា​ឈូក។ ប្រតិកម្ម​ទៅ​នឹង​ចោទ​សួរ​នេះ លោក កឹម សុខា និង​មេធាវី​ការពារ​ក្ដី​ថា អង្គហេតុ​ថ្មី​ទាំង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ទេ។

លោក កឹម សុខា និង​មេធាវី​ការពារ​ក្ដី រិះគន់​តុលាការ ករណី​ដែល​តុលាការ​ព្យាយាម​យក​អង្គហេតុ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា គឺ​ជា​ការ​អូស​បន្លាយ​សំណុំរឿង​នេះ​ឲ្យ​កាន់​តែ​វែង​រក​ទី​បញ្ចប់​មិន​ឃើញ។ ចំណែក​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​ដោះស្រាយ​សំណុំរឿង​តាម​ច្រក​នយោបាយ ល្អ​ជាង​ការ​យក​ប្រព័ន្ធ​ច្បាប់​មក​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ​លោក ចាន់ ចេន ឲ្យ​ដឹង​ក្រោយ​ចប់​សវនាការ​ថា បដិវត្តន៍​នៅ​ចិន​តៃវ៉ាន់ (Taiwan) យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​ការ​កាន់​ផ្កាឈូក មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខ ឡើយ។ លោក​មេធាវី​បន្ត​ថា តុលាការ​យក​អង្គហេតុ​ទាំង​នេះ​មក​ចោទ​សួរ​បែប​នេះ មិនបាន​ធ្វើ​ឲ្យ​លោក កឹម សុខា រង​ការ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ គ្រាន់តែ​ជា​ការ​អូស​បន្លាយ​សំណុំរឿង​នេះ​ឲ្យ​កាន់​វែង​ថែម​ទៀត។ លោក​អះអាង​ទៀត​ថា ជីវិត​នយោបាយ​របស់​លោក កឹម សុខា តាំង​ពី​ចាប់​ផ្ដើម រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់​ខ្លួន លោក កឹម សុខា កូនក្ដី​របស់​លោក មិន​ដែល​ញុះញង់​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ម្ដង​ណា​ឡើយ៖ «គាត់ (លោក កឹម សុខា) ត្រឹមត្រូវ គាត់​ស្អាតស្អំ​ គាត់​ធ្វើ​គោរព​តាម​គោលការណ៍​ច្បាប់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​យើង​ឃើញ​ថា ការ​បោះឆ្នោត​ជិត​ឈាន​មក​ដល់​ហើយ​នៅ​សល់​ប៉ុន្មាន​ខែ​ទៀត​ទេ អ៊ីចឹង​យើង​ក៏​រង់​ចាំ​មើល ហើយ​យើង​ចង់​បាន​ដោយ​ទទូច ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ឲ្យ​មាន​ដំណោះស្រាយ​រួចរាល់​ ដើម្បី​ឲ្យ​គាត់​ត្រឡប់​ចូល​ឆាក​នយោបាយ​ឡើង​វិញ​បាទ»។


តុលាការ​ចាប់​ផ្ដើម​យក​យក​អង្គហេតុ​ថ្មី​មក​ចោទ​សួរ​លោក កឹម សុខា ពេលនេះ ក្រោយ​ពេល​តុលាការ​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​ពាក់ព័ន្ធ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង នៅ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ និង​នៅ​ស្ពាន នាគ កាល​ពី​សវនាការ​លើក​ទី៥៦ សប្ដាហ៍​មុន ដែល​តុលាការ​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​សួរ​ដេញដោល​លើ​ករណី​អំពើ​ទាំង​នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត សង្កេត​ឃើញ​ថា ទោះ​ដំណើរ​រឿង​នេះ​ឈាន​ដល់​ការ​សាកសួរ​អង្គហេតុ​ថ្មី​ក្ដី ប៉ុន្តែ តុលាការ នៅតែ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​លោក កឹម សុខា ដដែល។ លោក​សង្កេត​ឃើញ​ទៀត​ថា រាល់​ពេល​លោក កឹម សុខា បំភ្លឺ​ទៅ​តុលាការ គឺ​តុលាការ​ធ្វើ​ដូច​មិន​ចាប់​អារម្មណ៍ និង​មិន​ជឿ​លើ​ការ​អះអាង​របស់​លោក កឹម សុខា៖ «កាត់​ដូច​ជា​វីដេអូ ដូច​ជា ប្រមូល​ពី​ត្រង់​នេះ​ពី​ត្រង់​នោះ យក​មក​ធ្វើ​ការ​កាត់​ក្ដី​មួយ​សម្រេច​រឿង​មួយ​អយុត្តិធម៌​ទៅ​លើ​មនុស្ស​ដែល​អត់​បាន​ដឹង​ជា​ការ​បង្ក​ការ​ឈឺចាប់​ដល់​ពលរដ្ឋ ដោយ​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ គេ​ថ្កោលទោស​មក​លើ​កម្ពុជា​យើង គេ​ថា តុលាការ​កម្ពុជា​យើង​មិន​ឯករាជ្យ​ហើយ​មិន​ឈរ​ទៅ​លើ​ការ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ»

ដូច​សព្វ​ដង​ដែរ សវនាការ​នេះ​មាន​ការ​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​បរទេស និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ។ ចំណែក​នៅ​ក្រៅ​របង​តុលាការ​អ្នក​គាំទ្រ​លោក កឹម សុខា ប្រមាណ ៤០នាក់ បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក កឹម សុខា។ ដោយឡែក​សមត្ថកិច្ច​បាន​រឹត​បន្តឹង​សន្តិសុខ តឹងតែង​ជុំវិញ​បរិវេណ​តុលាការ ។

អ្នក​គាំទ្រ​លោក កឹម សុខា លោកស្រី ពេជ្រ វឿន ថ្លែង​ថា លោកស្រី​ឃើញ​លោក កឹម សុខា ឡើង​តុលាការ​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​រក​មិន​ទាន់​ឃើញ​ថា លោក កឹម សុខា បាន​សម្លាប់​អ្នក​ណា ឬ​បំផ្លាញ​ប្រទេស​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី ព្រួយ​បារម្ភ​ថា បើ​តុលាការ​នៅ​តែ​បន្ត​កាត់​ក្ដី​របៀប​នេះ​ត​ទៅ ប្រហែល​លោក​ស្រី​បាត់បង់​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​ជូន​លោក កឹម សុខា នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ៖ «ចាប់​គាត់ (លោក កឹម សុខានេះ​គឺ​អយុត្តិធម៌​ណាស់​ព្រោះ​កាត់​អត់​មាន​កំហុស​អី​ទេ គាត់​មនុស្ស​យុត្តិធម៌​ គាត់​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ល្អ​ មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ទៅ​លួច​ទៅ​ប្លន់​ ប្រើ​គ្រឿងញៀន​ទេ។ ខ្ញុំ​ស្រលាញ់ គាត់​ឃើញ​គាត់​ដឹកនាំ​ល្អ​ បើ​មិន​ល្អ​មិន​មក​ទេ ទោះបី​គ្មាន​មួយ​រៀល​ក៏​ខ្ញុំ​មក​ដែរ»

ទោះ​មាន​ការ​រិះគន់​ថា សំណុំរឿង​លោក កឹម សុខា ជា​រឿង​នយោបាយ បែប​ណា​ក្ដី ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​ថ្លែង​ដដែលៗ ថា គ្មាន​អ្នក​ណា​អាច​បញ្ជា​តុលាការ​បាន​ទេ ហើយ​តុលាការ​កាត់​ក្ដី​បែប​ណា​ជា​ឆន្ទានុសិទ្ធិ​របស់​ស្ថាប័ន​មួយ​នេះ។

ដោយ​ឡែក​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា តុលាការ​ព្យាយាម​អូប​ន្លាយ​ពេល​វេលា​សំណុំរឿង​រហូត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ។ លោក​បន្ត​តុលាការ​នឹង​យក​សំណុំរឿង​មិន​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ផ្សេង​ទៀត ដូច​ជា ទំនាស់​ដីធ្លី ឬ​ការ​ទាមទារ​យុត្តិធម៌​សង្គម​នានា មក​ចោទ​សួរ​បន្ថែម​លើ​លោក កឹម សុខា នា​សប្ដាហ៍​បន្ទាប់៖ «គឺ​ទាញ​ប្រមូល​ភ្ជាប់​ទៅ​នឹង​រឿង​លោក កឹម សុខា ទាំង​អស់ បើ​ទោះបី​លោក កឹម សុខា មិន​ពាក់ព័ន្ធ​ក៏​ដោយ​ដើម្បី​អូស​បន្លាយ​ពេល​វេលា​ឲ្យ​សម​នឹង​បំណង​លោក ហ៊ុន សែន។​តាម​គំនិត​របស់​ខ្ញុំ​ លោក​ កឹម​ សុខា​ និង​​ក្រុម​របស់​គាត់​ ជា​ពិសេស​អ្នក​គាំទ្រ​គាត់ គួរ​ធ្វើ​អ្វី​ម៉្យាង​ឲ្យ​លើស​អំពី​ការ​រង់​ចាំ​សវនាការ​របស់​តុលាការ​នៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង»

ទោះយ៉ាងណា​ក្ដី លោក គឹម សុខ យល់​ថា ប្រសិន​ក្រុម​លោក កឹម សុខា ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កឹម សុខា ហើយ​សហគមន៍​អន្តរជាតិ ក៏​មាន​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន លោក កឹម សុខា អាច​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ។

លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ និង​បាត់បង់​អ្វីៗ ស្ទើរ​គ្រប់​យ៉ាង ជាង ៥ឆ្នាំ​មក​នេះ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទ​ប្រកាន់ មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០១៧។

តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង លោក កឹម សុខា នៅថ្ងៃទី២៨ ខែកញ្ញា​សប្ដាហ៍​ក្រោយ​បន្ត​ទៀត៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment