មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​អសមត្ថភាព​គ្រប់គ្រង​អន្តោប្រវេសន៍​ខុសច្បាប់

ដោយ ម៉ៅ សុធានី
2022.09.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​អសមត្ថភាព​គ្រប់គ្រង​អន្តោប្រវេសន៍​ខុសច្បាប់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង។ រូប៖ ហ្វេសប៊ុក​លោក ស ខេង


មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ខុសច្បាប់​ដែល​តែង​លួច​ឆ្លងដែន និង​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ទឹកដី​ខ្មែរ​តាម​ទំនើងចិត្ត​។ ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ចិន និង​វៀតណាម​ជាង ១​រយ​នាក់ (១៤១) ដែល​ពួកគេ​លប​លួច​មក​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​នៅឡើយ។

មន្ត្រី​សង្គម​ស៊ីវិល បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អន្តោប្រវេសន៍​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ជាតិ សណ្ដាប់ធ្នាប់​សង្គម និង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា លើកឡើង​ថា ការគ្រប់គ្រង​អន្តោប្រវេសន៍​ខុសច្បាប់​គឺជា​ការ​ទទួលខុសត្រូវ​សម្រាប់​រដ្ឋ ឬ​ប្រទេស​នីមួយៗ​។ ទោះជា​យ៉ាងណា លោក​មើល​ឃើញ​ថា កម្ពុជា​ហាក់​បណ្ដែត​បណ្តោយ​ឱ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូល​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ដោយ​ជនបរទេស​ខ្លះ​ថែមទាំង​មក​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ទៀត​ផង​។ លោក លើកឡើង​បន្ត​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​តិចតួច ដូច្នេះ​រដ្ឋាភិបាល​គួរតែ​មាន​យន្តការ​គ្រប់គ្រង និង​ទប់ស្កាត់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់ និង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ជាដើម៖ «​ហើយ​យើង​ព្រួយបារម្ភ​សំខាន់ យើង​ដឹង​ហើយ​ថា ការ​ហូរ​ចូល​មក ជនជាតិ​ដែល​នៅ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ក្បែរ​ខាងយើង​នេះ អាហ្នឹង​វា​រឹតតែ​ធ្វើ​ឱ្យ​យើង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ទៅទៀត​។ ប្រសិនបើ​យើង បណ្ដែត​បណ្ដោយ​ឱ្យ មាន​ការ​ហូរ​ចូល​មក ការ​មក​រស់នៅ​ក្នុង​ប្រទេស​កាន់តែ​ច្រើន ចេះតែ​បន្ត​ចូល​មក ហើយ​ដល់ពេល​យូរៗ​ទៅ យើង​បំពេញបែបបទ​ឱ្យ​មាន​ភាព​ស្របច្បាប់​ទៅ​។ អ៊ីចឹង​យូរៗ​ទៅ យើង​សួរ​ថា តើ​ប្រទេស​កម្ពុជា​យើង​មានការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​បាន​កម្រិត​ប៉ុណ្ណា​?»។

លោក នី សុខា បន្ត​ទៀត​ថា រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ជំនាញ​គួរតែ​មាន​ការពិនិត្យ​ពិច័យ​នៃ​លិខិត​បទដ្ឋាន និង​ប្រវត្តិ​សាវតារ​នៃ​ជនបរទេស​ដែល​ចូល​មក​រស់នៅ​កម្ពុជា និង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​អន្តោប្រវេសន៍​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ការណ៍​ដែល​ជនបរទេស​បន្ត​មក​រស់​នៅ​កម្ពុជា​ដោយ​សេរី​ជា​បន្តបន្ទាប់​មកនេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​ខ្វាយខ្វល់​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ឡើយ។

ក្ដី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កើតឡើង​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ បាន​រក​ឃើញ​អន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ចិន វៀតណាម​ជាង ១​រយ​នាក់ (១៤១) ដែល​ពួកគេ​មក​បើក​អាជីវកម្ម និង​មក​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់។

សេចក្ដីប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឱ្យ​ដឹង​ថា ការ​បង្ក្រាប​លើ​អន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ចិន វៀតណាម​ទាំងនោះ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​តាំង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ដែល​ទីតាំង​នោះ ឈ្មោះ ស៊ឹង សាន ទីង (Sung Shanting) ហៅ​ឆាង​ឆឹង (Chang Cheng) ហើយ​មាន​អគារ​ចំនួន ៣ គឺ​អគារ អេ ប៊ី និង​ស៊ី (A,B,C) ដែល​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ​។ ក្នុង​ការ​បង្ក្រាប​អន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ចិន វៀតណាម​ជាង ១​រយ​នាក់​នេះ ក្នុង​គ្រា​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​យុទ្ធនាការ ចុះ​ពិនិត្យ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ការ​ស្នាក់នៅ និង​ការបម្រើ​ការងារ​របស់​ជនបរទេស និង​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​បទល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​បទល្មើស​ជួញដូរ​មនុស្ស​ជាដើម។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា ជនជាតិ​ចិន វៀតណាម​ជាង ១​រយ​នាក់ (១៤១) ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្ដេញ​ចេញ​ពី​កម្ពុជា។

ទោះជា​យ៉ាងណា ជនបរទេស​មួយចំនួន​ដែល​មក​រស់នៅ​លើទឹក​ខ្មែរ​ខុសច្បាប់ មិន​ត្រឹមតែ​បង្ក​អសន្តិសុខ​សង្គម និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​តែប៉ុណ្ណោះ​ទេ​។ ជនអន្តោប្រវេសន៍​ដូចជា​ជនជាតិ​ចិន និង​វៀតណាម​ជាដើម​បាន​តែងតែ​ប្រព្រឹត្ត​បទល្មើស បើក​ពង្រីក​បណ្ដាញ​អាជីវកម្ម​បែប​ឧក្រិដ្ឋកម្ម​នានា​ជា​ហូរហែ ព្រមទាំង​បាន​ដណ្ដើម​ទីផ្សារ​ការងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២០ កញ្ញា។

កាលពី​ថ្ងៃខែ​ឧសភា កន្លង​ទៅ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​អគ្គ​កុងស៊ុល​វៀតណាម និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ជាង ២​រយ (២០៣) នាក់ ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​ដែរ ដោយសារតែ​ពួកគេ​លួច​ចូល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់។

ស្នងការ​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ថា រយៈពេល​៤​ខែ ឆ្នាំ​២០២២ សមត្ថកិច្ច​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន្ត​ខុសច្បាប់​ប្រមាណ ៤០០​នាក់ ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ​។ ជនជាតិ​បរទេស​ទាំងនោះ​ភាគច្រើន ជា​ជន​ជាតិចិន (China) ឥណ្ឌូណេស៊ី (Indonesia) ថៃ (Thailand) និង​វៀតណាម (Vietnam) ជាដើម។

តាម​របាយការណ៍​របស់​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៩ មាន​ជនជាតិ​ចិន​ចំនួន​ប្រមាណ ២​សែន ៥​ម៉ឺន​នាក់ កំពុង​រស់នៅ​កម្ពុជា ក្នុង​នោះ​ប្រមាណ ១​សែន​នាក់ រស់នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន ៦០៨​នាក់ នាក់​ចេញ​ពី​កម្ពុជា ដោយ​អ្នក​ទាំង​នោះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់ និង​ឆបោក​តាម​អ៊ីនធឺណិត។

កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ កម្ពុជា​បាន​បណ្ដេញ​ជនបរទេស​ជាង ៣​ពាន់ ៥​រយ​នាក់ (៣.៥៩៤) ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​កម្ពុជា​។ ក្នុង​ចំណោម​​ជនបរទេស​នោះ មាន ៤៣​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ជិត ៣​រយ (២៦៦) នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment