ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ឈាន​ដល់​ទី​បញ្ចប់ ក្រោយ​កាត់ទោស​ខៀវ សំផន ដាក់​ពន្ធនាគារ​មួយ​ជីវិត

22 កញ្ញា 2022
ស៊ុន ណារិន
ខាន់ សុគុំមនោ
វីអូអេខ្មែរ

អតីត​ប្រមុខរដ្ឋ​នៃ​​របប​កម្ពុជាប្រជាធិបតេយ្យ​ លោក​ ​ខៀវ​ សំផន វ័យ​៩១ឆ្នាំ បង្ហាញមុខ​នៅ​សវនាការដែល​កំពុង​ប្រកាស​សាល​ដីកា​បិទផ្លូវតវ៉ា​ ក្នុង​សំណុំរឿង ​០០២/០២ ​ប្រឆាំង​នឹងលោក នៅ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា​ ឆ្នាំ២០២២​ ។ (ខាន់ សុគុំមនោ/វីអូអេ)
អតីត​ប្រមុខរដ្ឋ​នៃ​​របប​កម្ពុជាប្រជាធិបតេយ្យ​ លោក​ ​ខៀវ​ សំផន វ័យ​៩១ឆ្នាំ បង្ហាញមុខ​នៅ​សវនាការដែល​កំពុង​ប្រកាស​សាល​ដីកា​បិទផ្លូវតវ៉ា​ ក្នុង​សំណុំរឿង ​០០២/០២ ​ប្រឆាំង​នឹងលោក នៅ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា​ ឆ្នាំ២០២២​ ។ (ខាន់ សុគុំមនោ/វីអូអេ)


ភ្នំពេញ — អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​សាលាក្តី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​រក្សា​សាលក្រម​របស់​សាលា​ដំបូង ដោយ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នេះ​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ម្នាក់​គត់​ ដែល​នៅ​រស់​រាន​មាន​ជីវិត និង​ជា​ការ​ឈាន​ទៅ​បិទ​បញ្ចប់​នៃ​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់ ដែល​បាន​ដំណើរ​ការ​ប្រមាណ​ ១៦​ ឆ្នាំ​មក​ហើយ។

សេចក្តី​សម្រេច​របស់​តុលាការ​ខ្មែរ​ក្រហម នា​ថ្ងៃ​ព្រហស្បតិ៍ ជា​ការ​សម្រេច​ចុង​ក្រោយ​ទៅ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក ខៀវ សំផន អាយុ​ ៩១ ​ឆ្នាំ ​ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ខែ​សីហា ឆ្នាំ ២០២១ ក្នុង​សំណុំ​រឿង​ ០០២ វគ្គ​ ២។

នៅ​ចំពោះ​មុខ​លោក ខៀវ សំផន ដែល​កំពុង​មាន​សុខភាព​ទន់​ខ្សោយ អង្គុយ​ក្នុង​បន្ទប់​សវនាការ លោក គង់ ស្រ៊ីម ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ប្រកាស​ថា​លោក ខៀវ សំផន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង និង​ទទួល​ការ​អប់រំ​នៅ​ប្រទេស​បារាំង ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល ហើយ​សរុប​ទាំង​សំណុំ​រឿង​ ០០២ វគ្គ​ ១ និង​សំណុំ​រឿង​ ០០២​ វគ្គ ២ លោក​នៅ​តែ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល។ តុលាការ​បង្គាប់​ថា ​លោក ខៀវ សំផន ត្រូវ​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្តី​ខ្មែរ​ក្រហម ដោយ​រង់​ចាំ​ការ​ផ្ទេរ​ទៅ​ពន្ធនាគារ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា។

លោក គង់ ស្រ៊ីម បាន​ថ្លែង​ថា៖ «អង្គ​ជំនុំ​ជម្រះ​តុលា​ការ​កំពូល​ចាត់​ទុក​ការ​ដាក់​ទោស​អស់​មួយ​ជីវិត​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​សំណុំ​រឿង​ ០០២/០២​ ជា​ការ​សម​ស្រប ដោយ​ផ្អែក​លើ​កាលៈទេសៈ​ទាំង​អស់ រួម​ទាំង​ព្រឹត្តិការណ៍​ដ៏​មហា​សោកនាដកម្ម និង​វិសាលភាព​នៃ​ព្យសនកម្ម​ដែល​បាន​បង្ក​ដោយ​ ខៀវ សំផន»



លោក ខៀវ សំផន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​ឃុំខ្លួន​នៅ​សាលា​ក្តីខ្មែរ​ក្រហម ជាយ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ចោទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​សម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​និង​ចាម ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​ ១៩៤៩ និង​អំពើ​មនុស្ស​ឃាត។

ក្នុង​ពេល​ប្រកាស​សាល​ដីកា លោក ខៀវ សំផន ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​បន្ទប់​សវនាការ​ផង​ដែរ។ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​អ្វី​ឡើយ ដោយសារ​នេះ​ជា​ពេល​វេលា​ប្រកាស​សាលដីកា​ស្ថាពរ។

មេធាវី​របស់​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ថ្លែង​ថា ​ដោយ​សារ​នេះ​ជា​ការ​ប្រកាស​សាលដីកា​ស្ថាពរ ដូច្នេះ​លោក​ព្រម​ទទួល​យក​នូវ​ការ​សម្រេច​នេះ។ លោក​បន្ថែម​ថា​ ស្ថានភាព​សុខភាព​របស់​លោក ខៀវ សំផន មិន​ជា​ល្អ​ឡើយ ទើប​មាន​ការ​ប្រកាស​សាលដីកា​ឲ្យ​បាន​ «ឆាប់​បំផុត»។ លោក​បន្ថែម​ថា​ លោក ខៀវ សំផន មាន​ពាក្យ​ពេចន៍​ផ្តាំ​ចុង​ក្រោយ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

កាលពី​ខែ​សីហា ឆ្នាំ ២០២១ លោក ខៀវ សំផន ធ្លាប់​បាន​ «បដិសេធ​ដាច់​អហង្ការ» លើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក និង​ចាត់​ទុក​ការ​កាត់​ទោស​នេះ គ្រាន់​តែ​ជា «និមិត្តរូប» ​តែ​ប៉ុណ្ណោះ។ លោក​អះអាង​ថា ​លោក​មិន​ចង់​បាន​អ្វី​ក្រៅពី​ឲ្យ​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យ​ដែល​ព្រំដែន​របស់​ខ្លួន​ត្រូវបាន​ប្រទេស​ជិត​ខាង​គោរព​ ជាពិសេស​វៀតណាម។ លោក​បន្ត​ថា​ លោក​ចង់​ឲ្យ​ប្រជាជន​អាច​រស់​នៅ​បាន ក្រោយ​ពី​ប្រទេស​ត្រូវបាន​បំផ្លាញ​ដោយ​សង្រ្គាម។

ក្នុង​សំណុំ​រឿង​ ០០២ វគ្គ ២ លោក ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​វៀត​ណាម និង​ចាម។ លោក​ក៏​រង​ការចោទ​ប្រកាន់​ផ្សេង​ៗ មាន​ដូច​ជា​ការ​ផ្លាស់​ទី​លំនៅ​ប្រជា​ជន​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​ ១៩៧៥ ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ ការ​បោស​សម្អាត​នៅ​មន្ទីរ​សន្តិ​សុខ ការ​ដ្ឋាន​ទំនប់​ ១​ មករា ការ​ដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម​ជា​ដើម។

ប្រជាពលរដ្ឋ​និង​ជន​រង​គ្រោះ​ ចូលរួម​តាមដាន​សវនា​ការ​ប្រឆាំង​នឹង​លោក ខៀវ សំផន នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា​ ឆ្នាំ២០២២​ ។ (ខាន់ សុគុំមនោ/វីអូអេ)
ប្រជាពលរដ្ឋ​និង​ជន​រង​គ្រោះ​ ចូលរួម​តាមដាន​សវនា​ការ​ប្រឆាំង​នឹង​លោក ខៀវ សំផន នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា​ ឆ្នាំ២០២២​ ។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នកស្រី តាន់ ស៊ី​តា អាយុ​ ៦៨ ​ឆ្នាំ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់ បាន​បាត់​បង់​ឪពុក​ម្តាយ និង​បង​ប្អូន​ ៨ ​នាក់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក្នុង​នោះ​ប្អូន​ប្រុស​របស់​អ្នកស្រី​ត្រូវ​បាន​សម្លាប់​ដោយ​កាត់​ក នៅ​ចំពោះមុខ​របស់​អ្នកស្រី។ អ្នកស្រី​ចង់​ឲ្យ​តុលាការ​កាត់​ទោស​លោក ខៀវ សំផន ច្រើន​លើស​ពី​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​ អស់​មួយ​ជីវិត​ដូច​តិច​ពេក ពីព្រោះ​គាត់​ហ្នឹង​ឥឡូវ​ដូច​ចាស់​ហើយ មិន​ដឹង​ថា​ គាត់​ស្អែក​ឬ​ខាន​ស្អែក​ ស្លាប់​ឬ​ក៏​មិន​ដឹង។ តែ​ចំពោះ​យើង​ទាំង​អស់​គ្នា គឺ​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន។ ខ្ញុំ​ថា​ បើ​ខ្ញុំ​កាត់​ទោស​វិញ ខ្ញុំ​គាត់​គាត់​ ១០០ ​ទៅ​ ២០០ ​ឆ្នាំ។ បើ​គាត់​ស្លាប់​ស្អែកៗ ខ្ញុំ​សុំ​ដាក់​ខ្នោះ​គាត់ ដល់​គ្រប់​ថ្ងៃ​ ១០០ ​ទៅ​ ២០០​ ឆ្នាំ​ហ្នឹង បាន​យក​ចេញ»

ចំណែក​លោក ណាំ ហ៊ូវ អាយុ​ ៦៣ ​ឆ្នាំ រស់​នៅ​ក្នុង ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​បាន​មក​តាម​ដាន​ការ​ប្រកាស​សាល​ដីកា​នេះ ប្រាប់​វីអូអេ​ថា​ លោក​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ដាក់​ទោស​មួយ​ជីវិត​នេះ ដោយ​សារ​លោក​រង​គ្រោះ​ក្នុង​សម័យ​នោះ រួមមាន​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង និង​បង្អត់​អាហារ។ លោក​ក៏​បាន​បាត់​បង់​ឪពុក​ម្តាយ​ក្នុង​សម័យ​នោះ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «តាម​ខ្ញុំ វា​សម​ស្រប​នឹង​អំពើ​គាត់​ធ្វើ​ហ្នឹង។ មិន​មែន​ប្រជាជន​តិច​ណា វា​រាប់​លាន​នាក់ វា​ប្រើ។ បើ​ខាង​ខ្ញុំ​ផង តែ​បី​កំប៉ុង​តែ​មួយ​ខ្ទះ»

លោក​បន្ថែម​ថា ​ដំណើរ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ដូច​ជា​យូរ​បន្តិច ដោយ​លោក​ចង់ឲ្យកាត់​ទោស​ឲ្យ​បាន​លឿន ទាន់​ពួក​គេ​នៅ​រស់។

ឧបនា​យក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ លោក​ ប៊ិន ឈិន និង​ឧបការី​អគ្គ​លេ​ខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Stephen Mathias នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​អំពី​ការ​ប្រកាស​សាល​ដីកាទៅលើ​បណ្តឹង​សាទុក្ខ​របស់​លោក​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​នៃរបប​កម្ពុជាប្រជាធិបតេយ្យ នៅ​
ឧបនា​យក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ លោក​ ប៊ិន ឈិន និង​ឧបការី​អគ្គ​លេ​ខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Stephen Mathias នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​អំពី​ការ​ប្រកាស​សាល​ដីកាទៅលើ​បណ្តឹង​សាទុក្ខ​របស់​លោក​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​នៃរបប​កម្ពុជាប្រជាធិបតេយ្យ នៅ​

ចាប់​តាំង​ពី​ការ​បង្កើត​ក្នុង​ឆ្នាំ​ ២០០៦ តុលាការ​កូន​កាត់​មួយ​នេះ​បាន​ចំណាយ​ប្រាក់​ជាង​ ៣៣០​ លាន​ដុល្លារ​អាមេរិក ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ។ តុលាការ​នេះ​បាន​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន​បី​រូប គឺ​មាន​លោក កាំង ហ្កេកអ៊ាវ ហៅ​ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង និង​មេដឹកនាំ​លោក នួន ជា ដែល​បាន​ស្លាប់។ ក្រៅ​ពីនោះ ក៏​មាន​អតីត​មេដឹកនាំ​ផ្សេង​ទៀត ដូច​ជា​អ្នកស្រី អៀង ធីរិទ្ធ និង​លោក​ អៀង សារី បាន​ស្លាប់ ក្នុង​អំឡុង​ពេល​ដំណើរ​សវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ។

កាលពី​កន្លង​ទៅ តុលាការ​ក៏​បាន​បង្ហាញ​ជន​សង្ស័យ​ផ្សេង​ទៀត​ដែល​ជា​កម្មាភិបាល​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​ ០០៣ និង​ ០០៤ រួម​មាន​អ្នកស្រី អ៊ឹម ចែម អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ និង​ជា​អតីត​ប្រធាន​គុក​នៅ​ភ្នំទ្រយោង ក្នុង​ខេត្ត​បន្ទាយមានជ័យ លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម លោក ស៊ូ ម៉េត អតីត​មេ​បញ្ជាការ​កងពល​ ៥០២​ និង​មេ​បញ្ជាការ​ទ័ព​អាកាស​របស់​ខ្មែរ​ក្រហម លោក យឹម ទិត្យ អតីត​លេខា​តំបន់​ ១៣ និង​លោក អោ អាន អតីត​អនុប្រធាន​តំបន់​មជ្ឈិម។

ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ​ឡើយ ក្រោយ​មាន​ការ​ខ្វែង​គំនិត​រវាង​សហ​ព្រះរាជ​អាជ្ញា​ភាគី​ជាតិ និង​ភាគី​អន្តរ​ជាតិ។ តុលាការ​បាន​សម្រេច​ថា​ពួកគេ​មិន​មែន​ជា​ជន​ដែល​ស្ថិត​ក្នុង​ជំពូក​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់​ទោស​ឡើយ។

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ការ​ប្រកាស​សាលដីកា​ថា​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ដែល​នៅ​រស់​រាន​មានជីវិត​នា​ពេល​នេះ ជា​ការ​បិទ​ «ទំព័រ​ប្រវត្តិសាស្រ្ត​ដ៏​ខ្មៅ​ងងឹត» ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា ​តុលាការ​មាន​កិច្ច​ការ​រៀបចំ​ឯកសារ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ទៀត គឺ​រហូត​ដល់​ឆ្នាំ​ ២០២៥៕

What Next?

Recent Articles

Leave a Reply

Submit Comment