ដោយ ទីន ហ្សាការីយ៉ា
2022.09.21
RFA
កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គា ក្រោមដំណក់ទឹកភ្លៀង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ
កូដករណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គា កាលពីថ្ងៃទី២១ កញ្ញាម្សិលមិញដូចសព្វដងដែរ ទោះជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្ដី។
ពួកគាត់លើកឡើងថា ការប្រមូលផ្ដុំគ្នាធ្វើកូដកម្មក្រោមដំណក់ទឹកភ្លៀងនេះ ពុំមានការរាំងពីសមត្ថកិច្ចដូចពីពេលមុនៗ ទេ តែស្ថិតនៅក្រោមការឃ្លាំមើលពីសមត្ថកិច្ចយ៉ាងតឹងរឹង។
ក្រុមកូដករណាហ្គាវើលដ៍ជាង ១០០នាក់ អ្នកខ្លះ បានធ្លាក់ខ្លួនឈឺ ដោយសារតែការឈរតវ៉ាហាលភ្លៀង ហាលថ្ងៃជាង ៩ខែមកហើយ តែមិនទាន់មានដំណោះស្រាយនៅឡើយ។
ក្រុមកូដករឲ្យវិទ្យុអាស៊ីសេរីដឹង កាលពីថ្ងៃទី២១ កញ្ញាថា ក្នុងចំណោមកូដករជាង ១០០នាក់ មានអ្នកខ្លះធ្លាក់ខ្លួនឈឺ ហើយពុំមានថ្នាំព្យាបាល ឬទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។ អ្នកខ្លះ បានរត់ទៅសម្ងំសម្រាកក្នុងផ្ទះជួល គ្មានចំណីអាហារបរិភោគគ្រប់គ្រាន់។ អ្នកខ្លះទៀត ធ្លាក់ខ្លួនឈឺ ហើយប្រឈមនឹងបញ្ហាគ្មានលុយបង់ថ្លៃបន្ទប់ជួល និងគ្មានលុយសងបំណុលធនាគារជាដើម។
កូដករណាហ្គាវើលដ៍អះអាងថា ពួកគាត់មួយចំនួនធ្លាក់ខ្លួនឈឺនេះ ដោយសារតែការរងអំពើហិង្សា វាយដំ ទាត់ធាក់ពួកគាត់កន្លងមក ធ្វើឲ្យអ្នកខ្លះរបួសគ្រាំគ្រា និងអ្នកខ្លះទៀត មានជំងឺបាក់ស្បាត ភ័យខ្លាចតក់ស្លុតជាដើម។
ទោះបីជាបែបនេះក្ដី ពួកគាត់អះអាងថា ពួកគេនឹងបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយការងារសមរម្យ ទោះបីជាមានការគំរាមកំហែងពីសមត្ថកិច្ចបែបណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។