ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តកោះកុង តវ៉ា​នៅ​សាលាស្រុក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី

បញ្ហា​វិវាទដីធ្លី ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២២ កញ្ញា ២០២២ | ម៉ោង ១៥:០១
VOD

ពលរដ្ឋសហគមន៍៨៤៣ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ យកញ្ញត្តិដាក់នៅសាលាស្រុកស្រែអំបិល ដើម្បីសុំឱ្យពន្លឿនការដោះស្រាយដីជូនពួកគេ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋសហគមន៍៨៤៣ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ យកញ្ញត្តិដាក់នៅសាលាស្រុកស្រែអំបិល ដើម្បីសុំឱ្យពន្លឿនការដោះស្រាយដីជូនពួកគេ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ពលរដ្ឋ)


ពលរដ្ឋ​​ជាង២០០នាក់ តំណាងឱ្យ២៧៤​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំ។

អ្នក​ស្រី ជេម ថន ដែល​អះ​អាង​ថាជា​តំណាងពលរដ្ឋជីខក្រោម ប្រាប់​​វីអូឌី​​​​ថា​ ពលរ​ដ្ឋ​ជាង២០០នាក់ មក​ពី​ឃុំជីខ​ក្រោម ឃុំ​ជីខលើ និងឃុំដងពែង បាន​ប្រមូល​ផ្ដុំគ្នានៅមុខ​សាលា​ស្រុក​ស្រែ​អំបិល​ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​​នេះ ដើម្បី​ដាក់​ញត្តិ និង​ផ្ដល់បណ្ណ​បញ្ជាក់​ការ​បាត់​បង់​ដីធ្លី​ទៅ​រដ្ឋបាល​ស្រុក​ឱ្យ​ពន្លឿន​កា​រ​ដោះ​ស្រាយ​ជូន​ពួក​គេ។


តំណាងពលរដ្ឋរូបនេះអះអាងថា ប្រជា​ពលរដ្ឋ​២៧៤គ្រួសារ ដែលមាន​ដីជាង១ ៣០០ហិកតា នៅឃុំ​ចំនួន​៣ នៃស្រុកស្រែអំបិល ត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ឈូស​ឆាយ​រំលោភយក​អស់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​មិនបាន​ដោះស្រាយ​សំណង​អ្វី​ជូន​ពលរដ្ឋ​នោះ​ទេ ក្រោយ​ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះ។

អ្នកស្រីបន្ថែមថា៖ «ការដែលក្រុមហ៊ុនយកដំបូង​ហ្នឹង​ គេបាន​​ឈូស​ឆាយ​ផល​​ដំណាំ​របស់​យើង​នៅ​ក្នុង​ចម្ការ​ មាន​ស្វាយ​ចន្ទី មាន​ស្វាយ​ មាន​ខ្នុរ មានដូង និងដំណាំចម្ការវិលជុំ​ផ្សេង​ទៀត ដែល​គេ​ឈូសឆាយយកតាំងពីឆ្នាំ២០០៦ម៉្លេះ។ កាល​ណោះ យើង​អត់​អាច​ចូល​តវ៉ា​បាន​ទេ ដោយសារមានការគំរាមកំហែងពីអាជ្ញាធរកុំឱ្យតវ៉ា ក្រោយ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ស៊ីញ៉េប្រគល់​ដីនោះ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​រួច​ហើយ»

អ្នកស្រី ផល ឆិន ដែលអះអាងថាជា​តំណាង​ពលរដ្ឋ​នៅ​ឃុំជី​ខលើ និយាយ​ថា អ្នកភូមិចាប់ផ្ដើមផ្ទុះការ​តវ៉ា​ទាម​ទារ​យក​ដីពី​ក្រុមហ៊ុន​ស្ករអំពៅរបស់លោក លី យ៉ុងផាត់ វិញ នៅឆ្នាំ២០១៨ ក្រោយ​ពួក​គាត់​ជួបការលំបាកខ្លាំងក្នុងជីវភាពគ្រួសារ ដោយ​សារការ​បាត់បង់ដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើន​ផល។

តំណាងពលរដ្ឋរូបនេះបន្តថា ចាប់តាំងពីពួកគាត់នាំគ្នាតវ៉ា​មក គឺ​ពួកគាត់តែងតែរងការគំរាមកំហែង ការចាប់ខ្លួន និង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការក្រោម​បទ​ចោទ​ផ្សេងៗ។ អ្នក​ស្រី​ថា រហូត​មក​ដល់​ពេល​នេះ តំណាងពលរដ្ឋមិនក្រោម១០នាក់នោះទេ កំពុងជាប់បណ្ដឹងនៅតុលាការដោយសារការតវ៉ារឿងជម្លោះដីធ្លីនេះ។

អ្នកស្រី ផល ឆិន អះអាងថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នេះ​បាន​ធ្វើឱ្យ​ពលរដ្ឋ​មួយ​ចំនួនធ្លាក់​ខ្លួន​ក្រី​ក្រ ចំណាក​ស្រុក កូន​ៗ​បាត់​បង់​ការ​សិក្សា និង​ជំពាក់​បំណុល​ធនាគារ​ទ្វេដង ដោយ​សារ​គ្មានដីសម្រាប់បង្ក​បង្កើនផល។

អ្នកស្រីបន្ថែម​ថា៖ «ខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រមុខ​រដ្ឋាភិបាល ជួយជំរុញទៅអាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​កា​រ​ដោះ​ស្រាយ​ជូនពលរដ្ឋ​រង​គ្រោះដីធ្លី​ ដោយ​សារ​ក្រុម​ហ៊ុនស្ក​រអំពៅរបស់លោក លី យ៉ុង​ផាត់ នៅ​ស្រុកស្រែអំបិល ​ឱ្យ​បាន​ឆាប់ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក​គ្មាន​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល ហើយប្រជាពលរដ្ឋកំពុងមានបញ្ហាជីវភាព ជាប់​បំណុលធនា​គារ និង​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ជាដើម»

អ្នកស្រី​បន្ថែម​ថា ដំណោះស្រា​យ​ដែល​អ្នក​ភូមិ​ចង់​បាន គឺ​ទាមទារឱ្យយកដីជាង​៧០០ហិកតាមកវិញ និងសំណងខូចខាតផល​ដំណាំ​ប្រមាណ​១ម៉ឺនដុល្លារក្នុង១គ្រួសារ​ផង​ដែរ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកស្រែអំបិល ​លោក ជា ច័ន្ទកញ្ញា និ​ងលោកឧកញ៉ា លី យ៉ុងផាត់ ដែលរងការចោទថាបានរំលោភយកដីពលរដ្ឋនោះបាន​​ទេ ​​នៅថ្ងៃព្រហស្បតិ៍​នេះ។

យ៉ាងណា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ​​ឆ្នាំ​២០២០ ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​ចេញ​សេច​ក្ដីប្រកាស​ព័ត៌​មាន​​មួយ​​ ដោយ​បដិសេធ​មិន​ដោះស្រាយ​ជូន​​ក្រុ​ម​​ពលរដ្ឋ​ទាំង​នេះ​ទេ ក្រោម​ហេតុ​ផល​ថា ក្រសួង​​បាន​​ដោះស្រាយ​ជូនពួក​គេ​រួច​រាល់​ហើយ។

មន្ត្រី​សម្របសម្រួលសហគមន៍នៅសមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលរឿងជម្លោះដីធ្លីនេះ មានប្រសាសន៍ថា មានពលរដ្ឋខ្ទង់ពាន់គ្រួសារទៀតដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅខេត្តកោះកុង ហើយមិនទាន់បានដោះស្រាយចប់។

មន្ត្រីសង្គមស៊ីវិលផ្នែកដីធ្លីរូបនេះបានទទូចដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​​​សម្រប​​​សម្រួល​​​​ដំណោះស្រាយ​បញ្ចប់វិវាទដីធ្លីដ៏​​​​រ៉ាំរ៉ៃនេះ​ ជា​ជាង​​​ធ្វើ​ការ​​ហាម​​ឃាត់ ឬចោទប្រកាន់ ឬចាប់​ខ្លួនពលរដ្ឋដែលរងគ្រោះដីធ្លីទាំងនោះ ដើម្បីកុំឱ្យពួកគេបន្តរងទុក្ខលំបាកបន្ថែម​ទៀត។

លោកបន្ថែមថា៖ «ពួកគាត់​គឺ​ជាប្រជាពលរដ្ឋ ជាផ្នែកមួយនៃរដ្ឋ ហើយពួកគាត់មានបញ្ហាដីធ្លី ដូច្នេះបញ្ហា​ហ្នឹ​ង អ្នកដែលទទួលបន្ទុកដោះស្រាយហ្នឹង​គឺរាជរដ្ឋាភិបាលហ្នឹងឯង។ អ៊ីចឹងអត់អាចគេចវេះបានទេក្នុងការ​ដោះស្រាយនេះ។ អ្វីដែលជាយន្ត​ការល្អបំផុត គឺត្រូវតែសម្របសម្រួលឱ្យ​មាន​ការ​ដោះស្រាយ​ណាមួយ​​​ដែលមានភាពយុត្តិធម៌ត្រឹមត្រូវតាមទំហំដី តាមភាព​ជាក់ស្តែង​ដែលគាត់បាត់បង់ អាហ្នឹង​បានបញ្ហាវិវាទហ្នឹង​ត្រូវ​បានបញ្ចប់»

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន៨៤៣​​គ្រួសារ និង​​មាន​​​ដី​សរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុក​បទុម​​សាគរ ស្រុក​​ស្រែ​​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែលអះអាងថា ត្រូវ​បានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​​យកអស់តាំងពីឆ្នាំ២០០៦ ក៏​បាននាំគ្នាដាក់​ញត្តិនៅតាមក្រសួង​និង​ស្ថាប័នមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យមានដំណោះស្រាយដីធ្លីជូនពួកគេផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment