ព័ត៌មានជាតិ សន្តិសុខ
Danielle Keeton-Olsen | ២២ កញ្ញា ២០២២ | ម៉ោង ១៨:៣០
VOD

ផ្លាកសញ្ញា “Welcome to Batam” នៅលើជើងភ្នំមួយ ក្នុងទីក្រុង Batam ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)
មាតិកាអត្ថបទ
ស្រ្តីជនជាតិឥណ្ឌូនេស៊ីមួយរូបដែលមានឈ្មោះហៅក្រៅថា ស្កាយ (Sky) បានរៀបរាប់ថា រូបគាត់ដំបូងឡើយមិនជឿជាក់លើការផ្សព្វផ្សាយការងារពីបុគ្គលម្នាក់ដែលបានផ្ញើសារមកខ្លួនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែមីនា ដោយសុំឱ្យនាងចាកចេញពីផ្ទះរបស់នាងនៅទីក្រុងបាតាម (Batam) និងហោះហើរមកប្រទេសកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបានឡើយ។
អ្នកស្រីបន្តថា ខ្លួននៅពេលនោះបានប្រើប្រាស់ហេតុផលដែលថាខ្លួនចង់ចំណាយពេលច្រើនជាមួយគ្រួសារមុនសម្រេចចិត្តចាកចេញទៅធ្វើការនៅក្រៅប្រទេស។
អ្នកស្រី ស្កាយ អាយុ៤៥ឆ្នាំ ជាពលរដ្ឋរស់នៅទីក្រុងបាតាម ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើការជាអ្នកបកប្រែភាសាចិន បានឱ្យដឹងទៀតថា អ្នកជ្រើសរើសបុគ្គលិករូបនោះបានទាក់ទងមកកាន់រូបគាត់ តាមរយៈការណែនាំដោយអតីតថៅកែរបស់អ្នកស្រី។
បុគ្គលជាអ្នកជ្រើសរើសបុគ្គលិករូបនេះ នៅពេលនោះក៏បានអះអាងទៀតថា ប្តីរបស់ខ្លួនគឺកំពុងតែធ្វើការនៅក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដោយនឹងត្រូវបង្រៀនពីវិធីធ្វើការងារ និងមើលការខុសត្រូវលើអ្នកស្រី ស្កាយ បើសិនជាអ្នកស្រីសម្រេចទៅធ្វើការនៅទីនោះ។
ការថ្លែងអះអាងធានានេះក៏បានធ្វើឱ្យអ្នកស្រី ស្កាយ មានជំនឿចិត្តគ្រប់គ្រាន់ក្នុងការចាកចេញពីប្រទេស ដើម្បីសាកល្បងការងារមួយនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីត្រលប់មកពីប្រទេសកម្ពុជាវិញ ក្នុងរយៈពេល២ខែក្រោយ អ្នកស្រី ស្កាយ បានលើកឡើងថា បុរសរូបនោះពុំបានជួយអ្វីច្រើនឡើយ ក្នុងអំឡុងពេលដែលខ្លួននៅប្រទេសកម្ពុជា ដោយអ្នកស្រីថា ការទាក់ទងរបស់ខ្លួនជាមួយបុរសនោះធ្វើឡើងតាមរយៈបណ្ដាញសង្គមតេឡេក្រាម (Telegram) គឺមានតែការនិយាយអំពីបំណុលដែលអ្នកស្រី និងកម្មករផ្សេងទៀតជំពាក់ប្រពន្ធរបស់គាត់តែប៉ុណ្ណោះ។
អ្នកស្រីបានប្រាប់ វីអូឌី ពីហាងកាហ្វេមួយក្នុងក្រុងបាតាមថា៖ «ស្រ្តីរូបនោះ [អ្នកណែនាំការងារ] បាននិយាយថា កុំបារម្ភ ស្វាមីរបស់ខ្ញុំនឹងបង្រៀនអ្នកពីរបៀបធ្វើវា [ការងារ]។ តែពេលទៅដល់ទីតាំងនោះជាក់ស្ដែង បុរសដែលជាស្វាមីស្រ្តីរូបនេះមិនដែលជួយអ្វីដល់រូបពួកគេឡើយ»។
គិតចាប់តាំងពីដើមឆ្នាំ២០២១មក យ៉ាងហោចណាស់មានពលករចំណាកស្រុកឥណ្ឌូនេស៊ី ចំនួន៤១៧នាក់ ត្រូវបានជួញដូរចូលមកប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពីស្ថានទូតឥណ្ឌូនេស៊ី ដែលត្រូវបានយកមកចុះផ្សាយបន្តដោយកាសែត Jakarta Post កាលពីខែមុន។
ទាក់ទិននឹងករណីនេះ ជនរងគ្រោះពីការជួញដូរ ដែលអ្នកសារព័ត៌មានបានជួបកាលពីខែកក្កដាកន្លងទៅ នៅទីក្រុងបាតាម ប្រទេសឥណ្ឌូនេស៊ី ក៏បានឱ្យដឹងដែរថា ពួកគេត្រូវបានផ្ដល់នូវការណែនាំ និងទិដ្ឋាការ ដើម្បីឱ្យមើលទៅឃើញថាការផ្តល់ជូនការងាររបស់ពួកគេហាក់ដូចជាស្របច្បាប់។
ទោះជាយ៉ាងណា នៅពេលមកដល់រាជធានីភ្នំពេញ ពួកគេត្រូវបានបង្ខាំងនៅក្នុងអគារខុនដូមួយកន្លែង ហើយត្រូវបានបង្ខំឱ្យជជែកទាក់ទងទៅកាន់គណនីបណ្ដាញហ្វេសប៊ុកនានា ដោយសម្ដែងធ្វើជាមានទំនាក់ទំនងស្នេហា ក្នុងគោលបំណងដើម្បីបោកប្រាស់ឱ្យអ្នកទាំងអស់នោះផុងខ្លួនចូលទៅក្នុងគម្រោងវិនិយោគក្លែងក្លាយរបស់ក្រុមហ៊ុន។
ការថតរូប និងផ្ដល់ជាសញ្ញា
អ្នកស្រី ស្កាយ ត្រូវចំណាយពេល២ថ្ងៃ កាលពីចុងខែមេសាកន្លងទៅ ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាមួយនឹងមនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសឱ្យធ្វើការងារនេះដូចគ្នា។
ដំបូងឡើយ ពួកគេត្រូវជិះសាឡាងចេញពីទីក្រុងបាតាម ទៅកាន់ប្រទេសសិង្ហបុរី និងត្រូវសម្រាកនៅអាកាសយានដ្ឋានមួយយប់។ បន្ទាប់មក ពួកគេត្រូវជិះយន្តហោះពីសិង្ហបុរី មករាជធានីភ្នំពេញ ខណៈពួកគេក៏តម្រូវឱ្យថតរូបភាពជាហូរហែផ្ញើទៅកាន់អ្នកដែលផ្ដល់ការងារឱ្យពួកគេនៅតាមផ្លូវ ដើម្បីជាការតាមដានពីដំណើរការរបស់ពួកគេ។
មានពេលមួយ អ្នកជ្រើសរើសបុគ្គលិកក៏បានព្រមានថា ក្រុមហ៊ុននឹងដកយកទូរសព្ទផ្ទាល់ខ្លួនរបស់ពួកគេទាំង៣នាក់ នៅពេលមកដល់រាជធានីភ្នំពេញ ដែលករណីនេះក៏បានធ្វើឱ្យអ្នកស្រី ស្កាយ ត្រូវបង្ខំចិត្តទិញទូរសព្ទដៃថ្មីមួយទៀត និងស៊ីមកាត។
អ្នកស្រីថា៖ «នៅពេលនោះ យើងមានកូនចិត្តមួយក្នុងការវិលត្រលប់ទៅកាន់ទីក្រុងបាតាមវិញ និងបោះបង់ចោលកិច្ចការងារមួយនេះ ប៉ុន្តែយើងមិនបានធ្វើវានោះទេ ព្រោះអ្នកគ្រប់គ្រងក្រុមហ៊ុនបានទាក់ទងមកយើង ហើយនិយាយថា កុំបារម្ភ ក្រុមហ៊ុនយើងមិនធ្វើដូច្នោះទេ»។
ខណៈមកដល់រាជធានីភ្នំពេញភ្លាម អ្នកស្រី ស្កាយ បានឱ្យដឹងថា ពួកគេត្រូវបាននាំទៅកាន់អគារមួយកន្លែងដែលមានឈ្មោះថា Sun Residences ក្នុងខណ្ឌមានជ័យ ខណៈទីតាំងនេះដំណើរការជាសណ្ឋាគារនៅជាន់ទី១ ប៉ុន្តែនៅទីនោះក៏មានការិយាល័យនិងបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិកនៅជាន់ខាងលើផងដែរ។
យោងតាមអ្នកស្រី ស្កាយ ការងាររបស់ពួកគេនៅក្រុមហ៊ុនក្នុងទីក្រុងភ្នំពេញ គឺការបង្កើតគណនីបណ្ដាញសង្គមហ្វេសប៊ុកក្លែងក្លាយ ហើយប្រើប្រាស់វាដើម្បីធ្វើការសន្ទនាជាមួយអ្នកប្រើប្រាស់ផ្សេងទៀតដែលត្រូវបានដាក់នៅក្នុងបញ្ជីដែលអ្នកគ្រប់គ្រងរបស់ពួកគេបានផ្ដល់ឱ្យ។
តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយទាំងនេះ ពួកគេត្រូវដាក់រូបភាពនារីអាស៊ីវ័យក្មេងស្អាតៗ ក៏ដូចជារូបភាពនៃទីកន្លែងឬអាហារថ្លៃៗ ដោយរូបភាពទាំងនេះត្រូវបានផ្ញើជូនកម្មករជារៀងរាល់ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពគណនីហ្វេសប៊ុករបស់ពួកគេ។
ក្នុងករណីដែលការសន្ទនារបស់ពួកគេជាមួយនឹងអ្នកប្រើប្រាស់ផ្សេងទៀតដំណើរការទៅដោយរលូន ពួកគេនឹងចាប់ផ្ដើមនិយាយអំពីការវិនិយោគលើវេទិការូបិយបណ្ណឌីជីថល Crypto ហើយបន្ទាប់មក ប្រសិនបើបុគ្គលទាំងនោះចាប់អារម្មណ៍ ពួកគេនឹងបញ្ជូនការសន្ទនាទៅកាន់ក្រុមការងារដែលមានជំនាញខ្លាំងជាងនេះ ក្នុងគោលបំណងដើម្បីឈានទៅជំហានបន្ទាប់ក្នុងការបោកប្រាស់ហិរញ្ញវត្ថុ។
បុរសអាយុ២០ឆ្នាំមួយរូបទៀត ឈ្មោះថា អាសេង (Aseng) ដែលត្រូវបានបញ្ជូនមកកម្ពុជាជាមួយនឹងអ្នកស្រី ស្កាយ ផងដែរនោះ បានឱ្យដឹងថា ក្រុមហ៊ុនដែលពួកគេធ្វើការនេះត្រូវបានគេហៅថា Hongli Group។
តាមរយៈការចូលទៅស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត និងពិនិត្យមើលក្នុងគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ឈ្មោះក្រុមហ៊ុននេះមិនត្រូវបានរកឃើញនោះទេ។
ទោះជាយ៉ាងណា តាមរយៈការបង្ហាញរូបភាពដែលលោក អាសេង បានថតមុខខ្លួនឯងផ្ញើទៅកាន់មិត្តស្រីរបស់គាត់នៅឥណ្ឌូនេស៊ី ក្នុងនោះ គេសង្កេតឃើញកាតសម្គាល់ខ្លួន ដែលលោក អាសេង ពាក់មានស្លាកសញ្ញា «Puya» ជាភាសាចិន ខណៈក្រសួងពាណិជ្ជកម្មក៏ធ្លាប់បានចុះបញ្ជីក្រុមហ៊ុនមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា Puya Pan-Asia International Investment ផងដែរ។
ការិយាល័យរបស់ Puya ត្រូវបានពិនិត្យឃើញថាចុះបញ្ជីនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក្រុមហ៊ុនបានបង្ហោះការផ្ដល់ជូនការងារសម្រាប់បុគ្គលិកផ្នែកលក់ និងរដ្ឋបាលក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
ទាក់ទិននឹងករណីនេះ វីអូឌី ក៏បានផ្ញើសារមួយទៅកាន់អ៊ីម៉ែលរបស់ក្រុមហ៊ុនដែលចុះក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែមិនបានទទួលការឆ្លើយតបឡើយ។
អ្នកស្រី ស្កាយ បានបន្ថែមថា កម្មករទាំងអស់នៅក្នុងក្រុមហ៊ុនត្រូវបានបង្ខាំង ហើយក្នុងករណីដែលកម្មករណាម្នាក់មិនបានបំពេញតាមគោលដៅនៃការសន្ទនាតាមការចង់បានទេ ពួកគេគឺត្រូវរងពិន័យឱ្យធ្វើការអាវ៉ង់ (Push-Ups) ចំនួន៥០ដង សម្រាប់រាល់ការបាត់បង់អតិថិជនមួយលើកពីការងារប្រចាំថ្ងៃរបស់ពួកគេ។
អ្នកស្រីថា៖ «ខ្ញុំពិតជាឆោតខ្លាំងណាស់ ដែលជឿជាក់លើពួកគេ [អ្នកផ្ដល់ការងារ] ខណៈខ្ញុំក៏គ្មានជម្រើសអ្វីផ្សេងដែរ។ ប្រសិនបើខ្ញុំរស់នៅក្នុងបន្ទប់ស្នាក់នៅដែលផ្ដល់ជូនដោយពួកគេ ហើយមិនបានធ្វើអ្វីសម្រាប់ពួកគេទាល់តែសោះ ខ្ញុំអាចនឹងទទួលបានការពិន័យដែលអាចលើសពីការអាវ៉ង់ទៅទៀត»។
មានថ្ងៃមួយ លោក អាសេង បានប្រព្រឹត្តកំហុស ដោយខ្លួនបានច្រឡំផ្ញើតំណភ្ជាប់ខុសនៅក្នុងកិច្ចសន្ទនាទៅកាន់អតិថិជនមួយរូបរបស់ខ្លួន ដែលវាធ្វើឱ្យប៉ះពាល់ដល់សកម្មភាពឆបោករបស់ក្រុមហ៊ុន។ ដោយសារតែកំហុសរបស់គាត់នេះ លោកនៅពេលនោះក៏ត្រូវបានគេឆក់ដោយដំបងអគ្គិសនី និងវាយដំ ដែលបង្កឱ្យមានជាស្នាមរបួសនៅលើដៃរបស់លោកផងដែរ។
លោកថា៖ «យើងបានសាងកំហុសក្នុងការងារនេះ ហើយក្រុមហ៊ុនក៏បានវាយយើង។ យើងពិតជាមានការភ័យខ្លាចខ្លាំងណាស់នៅពេលនោះ»។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីអ្នកស្រី ស្កាយ បានចាកចេញពីប្រទេសកម្ពុជា ប្អូនប្រុសរបស់អ្នកស្រីមួយរូបដែលមានឈ្មោះថា អាជីង (Aching) ក៏ស្រាប់តែឃើញវីដេអូមួយនៅលើបណ្ដាញសង្គម TikTok ដែលនិយាយអំពីពលកម្មដោយបង្ខំ និងការបង្ខាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយខ្លួននៅពេលនោះក៏ចាប់ផ្ដើមឆ្ងល់ ថាតើការងារនៅក្នុងប្រទេសកម្ពុជាមានគ្រោះថ្នាក់ដូចគ្នានេះដែរឬយ៉ាងណា។
បន្ទាប់ពីធ្វើការស្រាវជ្រាវបន្ថែមអំពីការកើនឡើងនៃការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជា លោក អាជីង ក៏បានចាប់ផ្ដើមសាកសួរបងស្រីរបស់ខ្លួន គឺអ្នកស្រី ស្កាយ អំពីស្ថានភាពការងារ ខណៈខ្លួនក៏កាន់តែមានការព្រួយបារម្ភថែមទៀត។
ទាក់ទិននឹងករណីនេះ លោក អាជីង និងបងប្អូនម្នាក់ទៀត បានចាប់ផ្តើមទាក់ទងទៅកាន់អង្គការក្រៅរដ្ឋាភិបាល (NGOs) ជាច្រើនដែលពួកគេអាចស្វែងរកបានតាមអ៊ីនធឺណិត រហូតដល់មានអង្គការមួយបានឆ្លើយតប និងជួយបញ្ជូនព័ត៌មានអំពីស្ថានភាពរបស់អ្នកស្រី ស្កាយ ទៅកាន់ស្ថានទូតឥណ្ឌូនេស៊ី ហើយបន្ទាប់មកទៅកាន់សមត្ថកិច្ចក្នុងតំបន់។
តាមរយៈកិច្ចអន្តរាគមន៍នេះ មន្ត្រីនគរបាលកម្ពុជាម្នាក់ កាលពីខែមិថុនាកន្លងទៅ បានចុះទៅកាន់អគារខុនដូដែលអ្នកស្រី ស្កាយ ស្នាក់នៅនិងធ្វើការ ហើយបានសុំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកស្រីចាកចេញពីទីតាំងនេះ ដោយអ្នកគ្រប់គ្រងដំបូងឡើយបានទាមទារប្រាក់ប្រមាណជា២ ៨០០ដុល្លារ ដែលពួកគេបានអះអាងថាជាការចំណាយលើអ្នកស្រី ស្កាយ។
អ្នកស្រី ស្កាយ បានបន្ថែមថា ខ្លួនអាចចាំបានថា អ្នកស្រីបានឃើញមន្ត្រីរូបនោះបានលើកតេទូរសព្ទ ហើយបន្ទាប់មកក្រុមហ៊ុនក៏ស្រាប់តែដកការទាមទារប្រាក់ពីមន្រ្តីរូបនោះវិញ។ បន្ទាប់មក ក្រុមហ៊ុននោះក៏បានសួរអ្នកផ្សេងទៀតដែលចង់ត្រលប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញផងដែរ ដោយនៅពេលនោះ បុគ្គលិកមួយចំនួន រួមមានទាំងបុរសពីររូបដែលរួមដំណើរមកជាមួយអ្នកស្រី ស្កាយ ក៏បានសម្រេចចាកចេញពីក្រុមហ៊ុនផងដែរ។
ខណៈពេលចាកចេញពីទីតាំងការិយាល័យ អ្នកស្រី ស្កាយ បានលើកឡើងថា អ្នកគ្រប់គ្រងមួយរូបរបស់ខ្លួនក៏បានដើរមកហើយនិយាយថា គាត់ដឹងថាអ្នកស្រីបានទទួលជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយបន្ទាប់មក អ្នកគ្រប់គ្រងរូបនោះក៏បានព្រមានអ្នកស្រីឱ្យប្រយ័ត្នខ្លួន និងគំរាមថាគាត់នឹងចាប់អ្នកស្រីដាក់គុកផងដែរ។
ល្បែងស៊ីសងតាមអនឡាញនៅក្នុងតំបន់ និងក្រៅប្រទេស
ទីក្រុង បាតាម ជាតំបន់កោះដែលសម្បូរទៅដោយទេសភាពឆ្នេរ ទិដ្ឋភាពធម្មជាតិ សួនកម្សាន្ត សណ្ឋាគារ ផ្សារទំនើប និងមជ្ឈមណ្ឌលសន្និបាត បច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យឧស្សាហកម្ម និងការកម្សាន្តរបស់ខ្លួន ទាំងពីសហគ្រិនក្នុងស្រុក និងអ្នកដែលមកពីប្រទេសសិង្ហបុរី។
ទោះជាយ៉ាងណា ជនជាតិឥណ្ឌូនេស៊ី ដែលព្យាយាមស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា អនាគតរបស់ពួកគេគឺមិនពឹងផ្អែកលើតំបន់បាតាមនេះឡើយ ដោយសារតែការងារនៅទីនោះផ្ដល់ប្រាក់កម្រៃទាប។
ជាមួយគ្នានេះ បុរសអាយុ៣៥ឆ្នាំមួយរូប មានឈ្មោះថា អាស៊ីហ្វា (Asifa) មកពីតំបន់កោះ Riau ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានជួយសង្គ្រោះជាមួយអ្នកស្រី ស្កាយ ចេញពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជា បានលើកឡើងថា ក្នុងស្រុកកំណើតរបស់ខ្លួន គឺមិនមានការងារអ្វីធ្វើច្រើនឡើយ។
លោកបន្តថា ការងារដែលអាចធ្វើបានគឺមានតែការធ្វើការឱ្យផ្សារទំនើបមួយ ដែលអាចទទួលបានប្រាក់កម្រៃត្រឹមតែប្រមាណ២០០ដុល្លារក្នុងមួយខែ ដូច្នេះហើយការទទួលបានប្រាក់ខែចំនួន៧០០ដុល្លារនៅក្នុងប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អមួយសម្រាប់លោក។
អតីតបុគ្គលិកក្រុមហ៊ុន Hongli Group ក្នុងប្រទេសកម្ពុជាម្នាក់ទៀត ឈ្មោះថា អាល់ ហ្ស៊ូរី (Al Zuhry) អាយុ៣៤ឆ្នាំ បានឱ្យដឹងផងដែរថា ស្រុកកំណើតរបស់គាត់ គឺកាន់តែស្ងាត់ជាងទីក្រុង បាតាម ទៅទៀត ដែលក្នុងនោះគឺមានតែការងារដែលទាក់ទងនឹងវិស័យកសិកម្មដែលផ្ដល់ប្រាក់ចំណូលទាប និងគ្មានស្ថិរភាពតែប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំបានព្យាយាមស្វែងរកអ្វីដែលខ្ញុំអាចធ្វើបាន ពោលគឺការងារណាដែលខ្ញុំអាចរកប្រាក់បានច្រើន»។
លោកបន្ថែមថា រូបលោកបានខាតបង់ប្រាក់ជាច្រើន ដើម្បីចំណាយលើការធ្វើដំណើរមកប្រទេសកម្ពុជា ខណៈលោកក៏បានស្នើសុំឱ្យមានការជួយរូបលោក ក្នុងការទទួលបានប្រាក់ពីកន្លែងការងារដែលគាត់ធ្វើក្នុងក្រុមហ៊ុននៅកម្ពុជាផងដែរ។
តាមរយៈការឱ្យដឹងពីពលរដ្ឋឥណ្ឌូនេស៊ីដែលធ្លាប់ត្រូវបានបញ្ជូនទៅធ្វើការក្នុងក្រុមហ៊ុននៅកម្ពុជា គឺពួកគេមិនទទួលបានប្រាក់ខែគ្រប់ទៅតាមចំនួនដែលពួកគេបានធ្វើការឡើយ ដោយពួកគេអាចទទួលបានប្រាក់សម្រាប់តែខែដំបូងប៉ុណ្ណោះ។
បើតាមការឱ្យដឹងពីប្អូនប្រុសរបស់អ្នកស្រី ស្កាយ ជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀតក៏ត្រូវបានឃុំក្នុងទូខោអាវអស់រយៈពេលជាច្រើនថ្ងៃផងដែរ ដោយសារអ្នកគ្រប់គ្រងក្រុមហ៊ុនបានអះអាងថា គាត់ជំពាក់ប្រាក់ពួកគេចំនួន៧ ០០០ដុល្លារ។
យោងតាមអ្នកដែលត្រូវបានជួយសង្រ្គោះ បានឱ្យដឹងថា អ្នកជ្រើសរើសបុគ្គលិកទាំងឡាយក៏ត្រូវបានប៉ូលិសមូលដ្ឋានចាប់ខ្លួនសាកសួរពីបទពាក់ព័ន្ធនឹងការជួញដូរមនុស្សផងដែរ។
គួរបញ្ជាក់ថា ករណីជនជាតិឥណ្ឌូនេស៊ី ចំនួន២៤១នាក់ ដែលត្រូវបានបញ្ជូនត្រលប់ទៅវិញក្នុងពេលតែមួយ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីការងារដែលត្រូវបានបង្ខាំងនៅកម្ពុជា បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមន្ត្រីថ្នាក់ជាតិ និងមូលដ្ឋាន ក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងការបរទេសឥណ្ឌូនេស៊ី ពលរដ្ឋប្រមាណ៤៤៦នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា នៅឆ្នាំនេះ គិតត្រឹមចុងខែសីហា ខណៈតួលេខនេះកើនឡើងប្រមាណជា៣ដង បើធៀបនឹងចំនួន១១៩នាក់ដែលបានធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំមុន។
ងាកមកកាន់តំបន់កោះ Riau វិញ សមត្ថកិច្ច កាលពីចុងខែកក្កដាកន្លងទៅ ក៏បានរកឃើញករណីពលរដ្ឋ៦០នាក់ទៀតដែលត្រូវបានបង្ខាំងនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។
ទោះជាយ៉ាងណា ប្រភពនេះមិនអាចបញ្ជាក់ថាតើពួកគេទាំងនេះត្រូវបង្ខាំងនៅក្នុងក្រុមហ៊ុន Hongli ឬក្រុមហ៊ុនផ្សេងទៀតនោះទេ។
យោងតាមរបាយការណ៍មួយចេញដោយគេហទំព័រព័ត៌មានក្នុងស្រុក Batam News នៅដើមខែនេះ ក៏បានលើកឡើងពីករណីអ្នកស្រុកចំនួន៧នាក់ មកពីទីក្រុងបាតាម និងទីក្រុង Tanjungpinang គឺនៅតែជាប់នៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីមានករណីនេះមក សមត្ថកិច្ចក៏បានបញ្ឈប់ពលរដ្ឋនៅទីក្រុងបាតាមមួយចំនួនមិនឱ្យធ្វើដំណើរចំណាកស្រុកមកប្រទេសកម្ពុជា ដើម្បីធ្វើការក្នុងអាជីវកម្មអនឡាញ។
យោងតាមសារព័ត៌មាន Batam News មន្ត្រីក៏បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងនៅកណ្តាលក្រុងបាតាម ដែលមានឈ្មោះថា សណ្ឋាគារ King’s Hotel ខណៈអ្នកពាក់ព័ន្ធបានអះអាងថា ពួកគេកំពុងតែស្ថិតក្នុងដំណើរការផ្ទេរប្រតិបត្តិការមកកម្ពុជា។
ងាកមកកាន់យុវជនវ័យ២០ឆ្នាំ លោក អាសេង វិញ បានលើកឡើងថា ខ្លួនពិតជាមានភាពភ្ញាក់ផ្អើលចំពោះចំនួនប្រាក់ខែដែលគាត់ត្រូវបានផ្តល់ជូនសម្រាប់ការងារនៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមថា ប្រាក់កម្រៃចំនួន៧០០ដុល្លារក្នុងមួយខែ គឺពិតជាខ្ពស់ណាស់សម្រាប់គាត់ដែលទើបតែរៀនចប់វិទ្យាល័យ។
លោកថា៖ «ខ្ញុំមិនបានគិតអ្វីច្រើនទេ អ្វីគ្រប់យ៉ាងគឺដោយសារតែលុយ»។
លោក អាសេង ក៏បានបន្ថែមឱ្យដឹងទៀតថា ប្រសិនបើគាត់មិនត្រូវបានគេវាយដំដោយអ្នកគ្រប់គ្រងរបស់គាត់ទេ គាត់អាចនឹងបន្តស្នាក់នៅក្នុងក្រុមហ៊ុននោះហើយ ដោយបន្ថែមថា ខ្លួនបានរៀនសូត្រជាច្រើនពីការងារ ជាពិសេសពីរបៀបបញ្ចុះបញ្ចូលមនុស្ស និងធ្វើការលក់។
ឈានចូលមកដល់ចុងបញ្ចប់នៃបទសម្ភាស អ្នកដែលត្រូវបានជួយសង្រ្គោះចេញពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងនេះ ក៏បានចាក់បទចម្រៀងចិនមួយបទដែលពួកគាត់ត្រូវច្រៀងជារៀងរាល់ថ្ងៃ ដើម្បីជាការលើកទឹកចិត្តក្នុងការបន្តការងារ។
លោក អាសេង ថ្លែងថា៖ «ខ្ញុំស្រឡាញ់បទនេះណាស់»។
អ្នកស្រី ស្កាយ ក៏បានឆ្លើយតបដោយថា ខ្លួនក៏ស្រឡាញ់បទនេះដែរ ប៉ុន្តែវាមិនមែនជាការងារដែលពួកគេធ្វើឡើយ។
លោក អាសេង បន្ថែមថា៖ «ជាការពិត វាគឺជាការងារល្អ ប៉ុន្តែក្រុមហ៊ុនទៅវិញទេដែលមិនល្អ»។
ទាក់ទិននឹងសំណួរថាតើការងារដែលពាក់ព័ន្ធនឹងការបោកប្រាស់អាចជាការងារល្អយ៉ាងណានោះ យុវជនរូបនេះបានឆ្លើយតបថា យ៉ាងហោចណាស់ ខ្លួនអាចរៀនសូត្រពីជំនាញថ្មីមួយពីកម្ពុជា។
លោកថា៖ «ខ្ញុំពិតជាចូលចិត្តការងារនេះ។ បើទោះបីវាជាការងារបោកប្រាស់ ប៉ុន្តែសម្រាប់ខ្ញុំ វាគឺជាការបង្ហាញឱ្យឃើញថា យើងឆ្លាតជាងអ្នកដទៃ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Learning to Scam Under the Threat of Tasers
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។