របាយការណ៍៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​​រឹតត្បិត ខណៈ​អ្នក​សារព័ត៌មាន​រង​វិធានការ​ច្បាប់​ជា​បន្តបន្ទាប់

22 កញ្ញា 2022
លាស់ លីបលីប
ហ៊ុល រស្មី
វីអូអេខ្មែរ

រូប​ឯកសារ៖ ​អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូប​ឯកសារ៖ ​អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)


ភ្នំពេញ — អង្គ​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល ហៅ​កាត់​ថា CIVICUS បាន​វាយ​តម្លៃ​ជា​អវិជ្ជមាន​លើ​ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​គឺ​សារព័ត៌មាន​ឯករាជ្យ​ដែល​នៅ​បន្ត​ស្ថិត​ក្រោម​វាយ​ប្រហារ​ គ្រា​អ្នក​កាសែត​បាន​ប្រឈម​មុខ​នឹង​ការ​យាយី​ជា​ច្រើន​ទម្រង់។​

បើ​តាម​របាយការណ៍​របស់​អង្គការ CIVICUS ដែល​ជា​សម្ព័ន្ធ​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សកម្ម​ជន​ ដែល​ប្រឹង​ប្រែង​ពង្រឹង​សកម្មភាព​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​នៅ​ទូទាំង​សកល​លោក​នោះ ស្ថានីយ​វិទ្យុ​និង​កាសែត​ជាច្រើន​ត្រូវ​បាន​គេ​បំបិទ​សំឡេង​ ខណៈ​អ្នក​កាសែត​បាន​រង​នូវ​ការ​យាយី​ជាច្រើន​ ក្នុង​នោះ​មាន​អំពើ​ហិង្សា​ផង​ដែរ។

របាយ​ការណ៍​របស់អង្គការ CIVICUS ចុះ​ថ្ងៃ​ទី ​១៩ ខែ​កញ្ញា​ បាន​លើក​ឡើង​ថា៖ «សេរីភាព​សារព័ត៌មាន​នៅ​បន្ត​រង​ការ​បំពាន​នៅ​ប្រទេស​កម្ពុជា​… មាន​ការ​បោស សម្អាត​ផ្ទៃ​ក្នុង​ក្នុង​បន្ទប់​ព័ត៌មាន អ្នក​កាសែត​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​ច្បាប់​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ស្ថិត​ក្នុង​ស្ថានភាព​គំរាម​កំហែង​យ៉ាង​ខ្លាំង»

​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​លោក ​Josef Be​ne​dic ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​របាយ​ការណ៍​ជា​ភាសា​អង់​គ្លេស​និង​ត្រូវប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖​ «ទោះបី​មាន​ការ​ចេញ​ដំណោះ​ស្រាយ​ជា​ច្រើន​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អាជ្ញាធរ​នៅ​ធ្វើ​ផ្ទុយ​ពី​ដំណោះ​ស្រាយ​នោះ​ ដោយ​បន្ត​ដាក់​គោលដៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ សកម្មជន​សហ​ជីព​ និង​អ្នក​កាសែត​ជាមួយ​នឹង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស។ រដ្ឋាភិបាល​ត្រូវ​តែ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​អស់​នោះ​ជា​បន្ទាន់​ ព្រម​ទាំង​មាន​វិធានការ​កែទម្រង់ ឬ​ដក​ចេញ​បទប្បញ្ញត្តិ​ជាច្រើន ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​អ្នកមាន​មតិ​ផ្ទុយ​រដ្ឋាភិបាល​ក្លាយ​ជា​ឧក្រិដ្ឋជន»។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ លោក​ ណុប វី យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើ។ លោក​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ រួម​មាន​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​អ្នក​កាសែត និទណ្ឌភាព និង​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ ដោយ​សារ​កង្វះ​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​កាសែត​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។

លោក​ប្រាប់​វីអូអេ​ថា៖ «ទាក់​ទង​ជាមួយ​នឹង​រឿង​ការ​មិន​មាន​ច្បាប់​គាំទ្រ​ ដូច​ជា​យើង​កង្វះ​នូវ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​អាច​ជួយ​អ្នក​ព័ត៌មាន​មួយ​ផ្នែក​ហ្នឹង​ក៏​យើង​ឃើញ​ថា ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ដែរ។ ហើយ​រឿង​បញ្ហា​ប្រឈម​មួយ​ទៀត​ដែរ​ហ្នឹង គឺរឿង​និទណ្ឌភាព។ និទណ្ឌភាព​នេះ​ ក៏ជា​ផ្នែក​មួយ​ ដែល​រដ្ឋាភិបាល​លោក​គួរ​តែ​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ ហើយ​ចាត់​វិធានការ​ជាក់​លាក់​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​បញ្ចប់​នូវ​រាល់​និទណ្ឌភាព​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នកសារ​ព័ត៌​មាន​ផង​ដែរ»

ស្រដៀង​គ្នា​នេះ​ដែរ ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ លោក​អំ​ សំអាត​ យល់​ថា​ ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យព្រួយ​បារម្ភ​នៅ​ឡើយ​ ក្រោយ​អង្គភាព​កាសែត​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ដោយ​សារ​ការ​បាត់​បង់​អាជ្ញាបណ្ណ​ និង​ផ្អាក​សកម្មភាព​នៅ​ក្នុង​ឆ្នាំ​ ២០១៧។ លោក​ឱ្យ​ដឹង​ទៀត​ថា​អាជ្ញាធរ​ក៏​មិន​ទាន់​មាន​វិធានការ​ជាក់​លាក់​លើ​ករណី​ឃាតកម្ម​លើអ្នកកាសែត​កន្លងមក​ ហើយ​បច្ចុប្បន្ន​អ្នក​កាសែត​ក៏​នៅ​ប្រឈម​នឹង​ការ​រឹតត្បិត​ ពេល​ចុះ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន។

បើតាម​លោក អំ​ សំអាត រដ្ឋាភិបាល​កម្ពុជាគួរតែ​កែ​លម្អ​ និង​លើក​កម្ពស់​វិស័យ​សារព័ត៌មាន ដើម្បី​អាច​ឱ្យ​វិស័យ​នេះ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក៏ដូចជា​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ ​«បច្ចុប្បន្ន​នេះ យើង​ឃើញ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ ​កំពុង​ប្រឈម​ដែរ​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​ ដោយ​មាន​ការ​រឹតត្បិត​ មាន​ការ​ហាម​ឃាត់​ជា​ដើមហ្នឹង។ អាហ្នឹង​ វាធ្វើ​ឱ្យ​មានការ​ប៉ះពាល់​នៃ​ការ​រឹត​ត្បិត​សេរីភាព​សារ​ព័ត​មាន។… ​វិស័យ​សារព័ត៌មាន គឺ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​ដូច​ជា​សិទ្ធិមនុស្ស»

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក មាស​ សុភ័ណ្ឌ​ អះ​អាង​ថា ​របាយ​ការណ៍​របស់​អង្គការ​ CIVICUS ​មិន​ឆ្លុះ​បញ្ចាំង​នឹង​ស្ថានភាព​ពិត​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា។ ​លោក​អះអាង​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​រីក​លូត​លាស់ និង​មាន​លក្ខណៈ​ចម្រុះ ហើយ​អ្នក​កាសែត​អាច​ធ្វើ​ការ​ដោយ​សេរី។

លោក​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ជា​អក្សរតាម​ប្រព័ន្ធ​តេឡេក្រាម ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា​ ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ គឺ​ជា​ការ​វាយ​តម្លៃ​ដោយ​ភាព​លម្អៀង​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ស្ថានភាព​ពិត​ប្រាកដ​ និង​ជាក់ស្តែង​នៃ​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ឡើយ»

លោក​សរសេរ​បន្ថែម​ទៀត​ថា៖​ «វា​ជា​ការ​វាយ​តម្លៃ​មួយ​ ដែល​ប្រមូល​ព័ត៌មានតែ​មួយ​ផ្នែក​តូច ឬ​តែ​ពី​មួយ​ជ្រុង និង​ពុំ​បាន​ធ្វើ​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ល្អិត​ល្អន់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នោះ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា​ សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ និង​ការ​អនុវត្ត​វិជ្ជា​ជីវៈ​សារព័ត៌មាន ត្រូវ​បាន​ធានា​ដោយ​ច្បាប់​របប​សារព័ត៌មាន ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ឈរ​លើ​មូលដ្ឋាន​នេះ អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌​មាន​ប្រកប​ដោយ​ភាព​ចម្រុះ​ កំពុង​អនុវត្ត​វិជ្ជាជីវៈ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន ​ដោយ​សេរី គ្មាន​ការ​រើស​អើង គ្មាន​ការ​ប្រកាន់​ទស្សនៈ​នយោបាយ​និង​អាច​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ដោយ​សេរី​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា»

ទោះ​ជា​យ៉ាង​ណាក្តី​ អ្នក​កាសែត​ និង​សកម្មជន​នៅតែ​ត្រូវបានគេ​សង្កេត​ឃើញ​ថា​ បាន​រង​ការ​យាយី​ នៅពេល​ពួក​ចុះ​បំពេញការងារ​ ឬ​ធ្វើសកម្មភាព​ឃ្លាំមើល​ភាពមិន​ប្រក្រតីមួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា។ តួ​យ៉ាង​ កាលពី​ថ្ងៃ​អង្គារ ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០២២ អាជ្ញាធរ​ក្នុង​ខេត្ត​តាកែវ បាន​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) ​ចំនួន​ ៥ ​នាក់ និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤ នាក់ ​ដោយ​ឃុំ​ពួកគេ​អស់​ជាច្រើន​ម៉ោង​ មុន​នឹង​ដោះ​លែង។ ​ការ​ឃាត់​ខ្លួន​នោះ​បាន​កើតមានឡើង បន្ទាប់ពី​ពួកគេ​ទៅ​ធ្វើ​សេចក្តី​រាយ​ការណ៍​ជុំ​វិញប​ញ្ហា​ឈូស​ឆាយ​ដីព្រៃ និង​ដាំ​ឡើង​វិញ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ស្ថិត​ក្នុង​ស្រុកបាទី ខេត្ត​តាកែវ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​ ១៤៤ ​ក្នុង​ចំណោម​ ១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សកល​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​ អង្គការ​នេះ​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៤២ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស។ ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាព​ល្អ​ប្រសើរនៅឡើយ​ទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment