លោក សុន ឆ័យ ត្រៀមចូលបំភ្លឺនៅតុលាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីចូលស្រាយបំភ្លឺចំនួន២លើក

កម្ពុជា-នយោបាយ
22/09/2022 – 08:02
ដោយ៖ ជួប នរក្សា
RFI

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © Internet


លោក សុន ឆ័យ ​អនុប្រធាន​គណបក្សភ្លើងទៀន​ ត្រៀមចូល​ខ្លួនបំភ្លឺ​នៅសាលា​ដំបូង​រាជធានីភ្នំពេញ​ នៅថ្ងៃទី២៩​កញ្ញាខាងមុខ​ ពាក់ព័ន្ធ​ទៅការលើក​ឡើង​ពីភាព​មិនប្រក្រតី​នាអំឡុង​ពេលបោះឆ្នោតឃុំ-សង្កាត់។​ ការចូល​បំភ្លឺ​ខ្លួន​នាសប្តាហ៍ក្រោយ​នេះ ​ធ្វើឡើង​បន្ទាប់​ពីអនុប្រធាន​គណបក្ស​ភ្លើងទៀន​ ធ្លាប់​បាន​ចូលប្រាប់​ចម្លើយ​ដល់ព្រះរាជអាជ្ញា​ចំនួន​២លើក​រួចមកហើយ។​ 

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា រូបលោកបានត្រៀមខ្លួនរួចរាល់ក្នុងការចូលបំភ្លឺក្តីក្តាំនយោបាយនៅតុលាការ នាថ្ងៃទី២៩កញ្ញាខាងមុខ។ ការចូលខ្លួន ទៅតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោយការស្តាប់ចម្លើយរបស់លោក សុន ឆ័យ ចំនួន២លើក។

ការចូលបំភ្លឺចំនួន២លើកកន្លងមក លោក សុន ឆ័យ ហាក់បង្ហាញការងឿងឆ្ងល់ ដែលតុលាការឈានទៅសម្រេចកោះហៅរូបលោកទៅជំនុំជម្រះក្តីបន្ត។ បើតាមលោក សុន ឆ័យ គឺតុលាការបានច្រានចោលចម្លើយរបស់លោក ខណៈដែលរបាយការណ៍ព្រះរាជអាជ្ញារងបានអះអាងថា ភស្តុតាងរបស់លោក សុន ឆ័យ មិនបានបង្ហាញជាលក្ខណៈទូទៅ។

មេធាវីលោក សុន ឆ័យ គឺលោក ជូង ជូងី បានបញ្ជាក់ដែរថា រូបលោកនិងកូនក្តីបានត្រៀមខ្លួនរួចរាល់ ដើម្បីចូលស្រាយបំភ្លឺទៅតាមការកោះហៅរបស់តុលាការ។ លោក ជូង ជូងី យល់ថា ការរុញសំណុំរឿងលោក សុន ឆ័យ ឈានទៅដល់ការជំនុំជម្រះក្តីបែបនេះ ក៏ព្រោះតែដើមប្តឹងសុទ្ធតែជាអ្នកមានអំណាច។ តាមលោក ជូង ជូងី នេះគឺជាប្តឹងផ្តល់ដែលមិនស្រប ដ្បិតលោក សុន ឆ័យ ជាសកម្មជននយោបាយ។

គួររំលឹកថា លោក សុន ឆ័យ បានរងនូវបទចោទចំនួនពីរដាច់ដោយឡែកពីគ្នា ពីសំណាក់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពេលរូបលោកបានរិះគន់ការបោះឆ្នោតឃុំ-សង្កាត់ ថាមានការលួចសន្លឹកឆ្នោត។

បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បានប្តឹងអនុប្រធានគណបក្សភ្លើងទៀនឲ្យសុំទោសជាសាធារណៈ និងសងជំងឺចិត្តជាទឹកប្រាក់១លានដុល្លារអាមេរិក។ ឯបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទាមទារឲ្យលោក សុន ឆ័យ ចេញមុខមកសុំទោសជាសាធារណៈ។ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារជំងឺចិត្តរហូតដល់ជាង១លានដុល្លារអាមេរិកនោះ លោក សុន ឆ័យ បានអះអាងយ៉ាងខ្លីថា រូបលោកមិនមានទឹកប្រាក់ដ៏ច្រើនបែបនេះ សម្រាប់បង់ជូនឡើយ៕

What Next?

Recent Articles

One Response to "លោក សុន ឆ័យ ត្រៀមចូលបំភ្លឺនៅតុលាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីចូលស្រាយបំភ្លឺចំនួន២លើក"

  1. Anonymous says:

    Cambodian can not take this evil Khmer Rue court . the main evil monster killer is still alive unless that ugly evil gone Cambodian will have peace