សង្គម​ស៊ីវិល​ថា​ពលករ​ខ្មែរ​ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ ​នៅ​តែ​ប្រឈម​នឹង​ថៅកែ​ថៃ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម

ដោយ អាស៊ីសេរី
2022.09.22
អាស៊ីសេរី

សង្គម​ស៊ីវិល​ថា​ពលករ​ខ្មែរ​ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ ​នៅ​តែ​ប្រឈម​នឹង​ថៅកែ​ថៃ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម

ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ នា​ពេល​​កន្លង​ទៅ។ Photo Provided


សង្គម​ស៊ីវិល​ថា​ពលករ​ខ្មែរ​​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​តែ​ប្រឈម​នឹង​ថៅកែ​ថៃ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ មន្ត្រី​សង្គម​ស៊ីវិល​និង​ពលករ​ខ្មែរ​ មើល​ឃើញ​ថា​ ទុក្ខ​លំបាក​របស់​ពលករ​នេះ​កើត​ឡើង​ដោយសារ​ខ្វះ​ការ​ជួយ​អន្តរាគមន៍​ ពី​រដ្ឋាភិបាល​និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ តែង​រង​ការ​រើសអើង​ធ្វើ​បាប​ គ្រោះ​ថ្នាក់​ចរាចរ​ ការ​ចោទ​ប្រកាន់​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ថៅកែ​ និង​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​ដើម​។ សាច់​ញាតិ​ និង​ក្រុម​គ្រួសារ​ពលករ​ តែង​ជួប​ទុក្ខ​លំបាក​ជីវភាព​ ក្រោយ​មេ​គ្រួសារ​ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ឃុំខ្លួន ឬ​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​គាំពារ​ពី​អាជ្ញាធរ​ខ្មែរ​ឱ្យ​បាន​ទាន់​ពេលនោះ​ ​ឡើយ។ 

មន្ត្រី​គម្រោង​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​លោក លឹង សុផុន លើកឡើង​ថា លោក​តែង​ចុះ​សាកសួរ​ នៅ​ពេល​ពលករ​ជួប​បញ្ហា​ផ្សេង​ៗ​នៅ​ប្រទេស​ថៃ​នៅ​ពេល​លោក​ទទួល​បាន​ព័ត៌មាន​ពី​ពលករ។ លោក​បន្ត​ថា​ ពលករ​ខ្មែរ​ប្រឈម​បញ្ហា​ជា​ច្រើន​ រួមមាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ពី​សំណាក់​ថៅកែ​ថៃ​ ឱ្យ​ធ្វើការ​លើស​ម៉ោង​ មិន​បើក​ប្រាក់​ឈ្នួល​ និង​ការ​ចោទ​ប្រកាន់​ក្នុង​រូបភាព​ផ្សេង​ៗ​គ្នា​ ហើយ​ប្រឈម​ខ្លាំង​ គឺ​ពលករ​ដែល​ឆ្លងដែន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​។ លោក​បន្ត​​ទៀត​ថា​ ពលករ​តែង​ត្អូញត្អែរ​ពី​ការ​ធ្វើ​ឯកសារ​ការងារ​មាន​តម្លៃ​ថ្លៃ​ ហើយ​កង្វះ​ខាត​ការងារ​ធ្វើ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ លោក លឹង សុផុន សង្កេត​ឃើញ​ថា​ ការងារ​ក្នុង​ប្រទេស​ថៃ​មាន​ការ​ថយ​ចុះ​ ។ លោក​ លឹង សុផុន បញ្ជាក់​ថា​ ពលករ​មួយ​ចំនួន​តែង​រង​ការ​ចោទ​ប្រកាន់​ និង​ត្រូវ​ថៅកែ​ថៃ​ប្ដឹង​ចាប់​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​។ លោក​ថា​ បញ្ហា​ទាំងនេះ​ភាគច្រើន​កើត​ឡើង​ដោយសារ​ ​ពលករ​គ្មាន​ចំណេះ​ដឹង​ផ្លូវ​ច្បាប់​និង​ខ្វះ​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ខ្មែរ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ «បន្ទាប់​ពី​បាន​សម្ភាសន៍​សួរ​នាំ​គ្រួសារ​ដែល​គេ​យក​ប្ដី​ទៅ​ចាប់​ដាក់​គុក​ទៅ​ ខ្ញុំ​ក៏​បាន​អោយ​គាត់​ទៅ​ឆែក​មើល​លេខ​ឯកសារ​ដែល​គេ​ចោទ​ប្រកាន់​ហ្នឹង​ហាស​។ តា​ពិត​ពួក​ខ្ញុំ​ទៅ​ ហើយ​នឹង​ក្រុម​ការងារ​ទៅ​ហ្នឹង​ តុលាការ​ហ្នឹង​បាន​សម្រេច​កាត់ទោស​អោយ​ជាប់​គុក​១៨ខែ​។ ខាង​ស្ថាប័ន​រដ្ឋ​ដូចជា​ខាង​ស្ថានទូត​ និង​អនុព័ន្ធ​ការងារ​អី​ក៏​បាន​ដឹង​រឿង​ហ្នឹង​ដែរ​ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ដែរ​រឿង​ហ្នឹង​ដែរ​ តែ​មិន​ដឹង​ថា​ គាត់​នឹង​ជួយ​រក​វិធី​ដោះ​ស្រាយ​ជួយ​ដល់​បងប្អូន​ពលករ​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ»។

 ដោយឡែក ប្រពន្ធ​ពលករ​ជាប់​ឃុំ​ លោក ជ័យ មុំ គឺ​លោកស្រី​ ម៉េត បូរី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ​លោកស្រី​ថា មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ ៧ឆ្នាំ​ហើយ​ ដោយ​ប្តី​លោក​ស្រី​ ត្រូវ​បាន​ ​ថៅកែ​ថៃ​ប្ដឹង​ឱ្យ​ប៉ូលិស​ថៃ​ចាប់​ដាក់​ពន្ធនាគារ​១៨ខែ ដោយអយុត្តិធម៌​ ព្រោះ​លោក​ស្រី​ថា​ មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​ថៅកែ​ថៃ​ឡើយ ​។ លោក​ស្រី​បន្ត​ថា​ ពេល​ប្ដី​ត្រូវ​ចាប់​ខ្លួន​លោក​ស្រី​ ធ្លាប់​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ដែរ​ ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ឡើយ​ និង​គ្មាន​ការ​ទាក់ទង​ពី​អាជ្ញាធរ​ខ្មែរ​ណា​មួយ​ឡើយ​។ លោក​ស្រី​បន្ត​ទៀត​ថា​ ក្រោយ​ប្ដី​ជាប់​ឃុំ​ គ្រួសារ​ជួប​ការ​លំបាក​ច្រើន​ ព្រោះ​លោក​ស្រី​ត្រូវ​រ៉ាប់​រង​គ្រួសារ​ ចិញ្ចឹម​កូន​២នាក់​អោយ​រៀន​សូត្រ​នៅ​ប្រទេស​ថៃ​។ លោក​ស្រី​ស្នើ​សុំ​ឲ្យ​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ដោះ​លែង​ប្ដី​លោកស្រី​ ដើម្បី​បាន ជួបជុំ​គ្រួសារ​  ដើម្បី​សម្រាល​ទុក្ខ​លំបាក​ និង​បន្ត​រស់​នៅ​ចិញ្ចឹម​កូន​ៗ៖  « មេការ​ឆា​ណា​ ទូរស័ព្ទ​ប្រាប់​ថៅកែ​ខ្ញុំ​ថា​ ​ប្តីខ្ញុំ​យក​ដូង​ប្រេង​(ប៉ាម)ទៅ​លក់​ ដល់​ពេល​ទៅ​ឆែក​តាម​ជញ្ជីង​ អត់​មាន​ទេ​ មាន​តែ​ឈ្មោះ​មេការ​(ហ៊ូ​ណា)អត់​មាន​ឈ្មោះ​ប្ដី​ខ្ញុំ​ទេ​។ មារ​ឯង​ដឹង​ស្រាប់​ហើយ​ស្រុក​ថៃ​ កូន​ខ្មែរ​លក់​ប៉ាម​(ដូង​ប្រេង)អត់​បាន​ទេ។ លក់​ដូង​ប្រេង​យើង​ហ្នឹង​ ថៃ​គេ​ហៅ​ប៉ាម។​ ចោទ​ថា​ប្ដី​ខ្ញុំ​យក​ប៉ាម​ទៅ​លក់​ ប្តី​ខ្ញុំ​ថា​មិន​បាន​លក់​ទេ​ កូនខ្មែរ​លក់​ម៉េច​បាន​ប្រទេស​ថៃ​នោះ​។ ចាស​ចោទ​ប្រកាន់​ដដែល​ ដាក់​គុក​១ឆ្នាំ​៦ខែ​ ១៨ខែ​ដាក់​គុក​ប្ដី​ខ្ញុំ​នោះ​»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់​ឃើញ​ថា​ កត្តា​កង្វះ​ការងារ​នៅ​ប្រទេស​កម្ពុជា​ គ្មាន​ទីផ្សារ​កសិផល​ច្បាស់លាស់​ នាំ​អោយ​ពលរដ្ឋ​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​ និង​ប្រឈម​ទុក្ខ​លំបាក។ លោក​បន្ត​ថា​ ពលករ​ធុញទ្រាន់​និង​ការ​ទំនាក់​ទំនង​ទៅ​កាន់​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ ព្រោះ​ពិបាក​ទាក់ទង ហើយ​គ្មាន​ការ​ទទួល​ត្រូវ​ ដោយ​មាន​ការ​រត់​ការ​ឯកសារ​ពេល​ពលរដ្ឋ​ទៅ​​បញ្ជាក់​ឯកសារ​ម្ដងៗ​។ លោក ឌិន ពុទ្ធី អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​សម្រួល​ឯកសារ​ស្របច្បាប់​តម្លៃ​សមរម្យ​ និង​ឆាប់​រហ័ស​ជូន​ពលរដ្ឋ​ និង​ត្រួតពិនិត្យ​ទៅ​លើ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ ពាក់ព័ន្ធ​ការ​រត់​ការ​ឯកសារ​៖ «ទៅ​ដល់​កន្លែង​ណា​ក៏​មាន​ឈ្មួញ​កណ្ដាល​គួកជេរ​ ធ្វើ​បាប​ពលករ​ ហើយ​ពលករ​(គ្នា)​ធ្វើការ​ហើយ​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​ឯកសារ​ហ្នឹង​ ហើយ​យឺតយ៉ាវ​ទៀត​។ ដល់​ពេល​អ៊ីចឹង​ធុញ​មិន​ចង់​ធ្វើ​ទេ​ឯកសារ​ហ្នឹង​។ ពិបាក​ស្មុគស្មាញ​គ្រប់​សព្វ​បែបយ៉ាង​ អ៊ីចឹង​សុខចិត្ត​ខុសច្បាប់​ទៅ​ ដល់ពេល​ខុស​ច្បាប់​ពលករ​ហ្នឹង​ គឺ​រងគ្រោះ​បន្ត​ៗ​ហ្នឹង​។ គេ​បញ្ជូន​ទៅ​នេះ​ទៅ​នោះ​អ៊ីចឹង​ ទៅ​តាម​តែ​អំពើ​ចិត្ត​ ឬ​ក៏​យើង​ទៅ​ធ្វើ​ការងារ​ចុះ​ទូក​ចុះ​អី​អ៊ីចឹង​ទៅ​ គ្រោះថ្នាក់​គេ​សម្លាប់​ចោល​អ៊ីចឹង​ទៅ​ វា​បញ្ហា​ច្រើន​ណាស់​។ ពេល​ពលករ​ កម្មករ​មាន​បញ្ហា​ទៅ​រក​កុងស៊ុល​ហ្នឹង​ស្តី​អោយ​យើង​ទៀត​ហាស​ អោយ​យើង​រក​ភស្តុតាង​ អា​យើង​រងគ្រោះ​ គេ​គាប​សង្កត់​យក​លុយ​ គេ​កេងប្រវ័ញ្ច​ គេ​ធ្វើបាប​ អោយ​រក​ភស្តុតាង​ទៀត​ ហើយ​ទៅ​រក​ភស្តុតាង​ឯណា​ បើ​នៅ​កន្លែង​គេ​ហ្នឹង​ គេ​អោយ​យើង​ថត​អី​ គេ​ទាត់​យើង​២​ ៣​ ជើង​អ្នកណា​ទៅ​ថត​គេ​បាន»។

​វិទ្យុ​អា​ស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​ស្ថានទូត​ខ្មែរ និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ លោក ផៃ លន បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។ប៉ុន្តែ ហ្វេស​ប៊ុក​របស់​អនុព័ន្ធ​ការងារ​អម​ស្ថាន​ទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយ​ពី​ការ​ជួយ​ដល់​ពលករ​ខ្មែរ​មាន​អគ្គីភ័យ​ឆាបឆេះ​កន្លែង​ស្នាក់នៅ​របស់​ពលករ​ចំនួន​៣៦បន្ទប់ ស្ថិត​នៅ​ប្រ​ឆា​អូធិត​៦៩ ដែល​ធ្វើ​អោយ​ខូចខាត​សម្ភារៈ​ប្រើប្រាស់​៨០-៩០ភាគរយ ចំនួន​១៨គ្រួសារ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ។

ពលករ​តែងតែ​រង​ការ​គាប​សង្កត់​ និង​រំលោភ​សិទ្ធិ​ ជួប​គ្រោះថ្នាក់​ចរាចរ​ និង​ការរើសអើង​គ្រប់​រូបភាព​ពី​ថៅកែ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​ ពិសេស​កម្មករ​ខុស​ច្បាប់​ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។ ពលករ​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ ប៉ុន្តែ​មិន​ហ៊ាន​ទៅ​ពេទ្យ​ឡើយ​ ដោយ​សារ​ពួក​គេ​ធ្វើ​ការងារ​ខុស​ច្បាប់​ក៏​សុខចិត្ត​ដេក​ឈឺ​នៅ​កន្លែង​ធ្វើការ​។

 មន្ត្រី​សង្គម​ស៊ីវិល​លោក លឹង សុផុន បន្ត​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ តែង​តែ​ត្រូវ​បាន​ថៅកែ​និង​ជនជាតិ​ថៃ​ប្ដឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ពន្ធនាគារ​ជា​ច្រើន​ករណី​ ហើយ​ភាគ​ច្រើន​ពួកគេ​បាន​ចាញ់ក្ដី​និង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ លោក​មើល​ឃើញ​ថា​ បញ្ហា​ទាំងនេះ​កើត​ឡើង​ដោយសារ​តែ​ពលករ​ទាំង​នោះ​គ្មាន​មេធាវី​ការពារ​ក្ដី​ក្នុង​តុលាការ​។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២០​មាន​ពលករ​ខ្មែរ​មួយ​គ្រួសារ​មាន​គ្នា​បី​នាក់​ប្ដី​ប្រពន្ធ​និង​កូន​ ក៏​ត្រូវ​បាន​ថៅកែ​ដំឡូង​មី​ជនជាតិ​ថៃ​នៅ​ប្រា​ជីន​បុរី​ (Prachinbori)​យក​កាំភ្លើង​ខ្លី​បាញ់​គំរាម​សម្លាប់​ ដោយសារ​ខឹង​ពួក​គេ​សុំ​ច្បាប់​ទៅ​លេង​កម្ពុជា​ដែរ​។ ថៅកែ​ថៃ​ បាន​ចោទ​ប្រកាន់​ពលករ​ខ្មែរ​មួយ​គ្រួសារ​នោះ​ថា​ ជំពាក់​ប្រាក់​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន​មិន​ទាន់​សង​គ្រប់​នៅ​ឡើយ​។ ប៉ុន្តែ​ពលករ​ខ្មែរ​អះអាង​ថា មូលហេតុ​ដែល​ពួកគេ​សុំ​ទៅ​កម្ពុជា​ដោយសារ​ពួកគេ​ធ្វើ​ឱ្យ​ថៅកែ​រូប​នេះ​ជា​ច្រើន​ខែ​មក​ហើយ​មិន​បាន​ប្រាក់​ឈ្នួល​ឱ្យ​ពួកគេ​នោះ​ទេ​។

​របាយ​ការណ៍​អង្គការ​សង់ត្រាល់​បង្ហាញ​ថា សព្វថ្ងៃ​មាន​ពលករ​ខ្មែរ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​ជាង​ពីរ​លាន (២.០០០.០០០)​នាក់ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles