អតីត​ចៅសង្កាត់​បក្សសង្គ្រោះជាតិ​ម្នាក់​បដិសេធ​បទចោទ ដោយថា​ភស្តុតាង​ដែល​តុលាការ​យក​មក​ដាក់បន្ទុក​ជា​សម្ដី​អ្នកផ្សេង

តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២២ កញ្ញា ២០២២ | ម៉ោង ១៨:០០
VOD

អ្នកជាប់ឃុំជាច្រើនរូបត្រូវបានបញ្ជូនមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

អ្នកជាប់ឃុំជាច្រើនរូបត្រូវបានបញ្ជូនមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


អតីតចៅសង្កាត់​ព្រែកព្រះស្ដេចម្នាក់ នៅខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ​ដែលតុលាការ​បានរំលាយ​ បាន​ច្រាន​ចោល​លើ​ភស្តុតាង​ដែល​តុលាការ​យក​មក​ដាក់​បន្ទុក ដោយ​ថា សម្រង់​សម្ដីដែល​តុលាការ​យក​ចេញ​ពី​ការ​សន្ទនា​តាម​ទូរសព្ទនោះជាសម្ដីរបស់បុគ្គលម្នាក់ទៀត​។

ការ​ច្រានចោល​​នេះបានធ្វើឡើង​​អំឡុងពេលសាលាដំបូងរាជធានីភ្នំពេញ បន្ត​បើកសវនាកា​រលើសំណុំរឿងសកម្មជនគណបក្ស​សង្គ្រោះជាតិដែលតុលាការ​បានរំលាយ ក្នុងនោះ​ តុលាការ​បាន​​សួរដេញដោល​លោក ខាន់ ប៊ុនផេង ដែលជាអតីតចៅសង្កាត់ព្រែកព្រះស្ដេច មក​ពី​កូតាគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ក្នុងសំណុំរឿង «រួមគំនិតក្បត់»


ក្នុងបន្ទប់សវនាការ ចៅក្រមជម្រះ លោក​ស្រី អ៊ុក រ៉េត​គន្ធា បាន​សួរ​ទៅកាន់​លោក ខាន់ ប៊ុន​ផេង ថា​ទទួល​បទ​ល្មើសទេ? និង​ស្គាល់ឈ្មោះ សេង សុខ​ឡេង ដែរឬទេ​? ជាដើម។

ឈរ​នៅរ​ង្វង់ក្រចក​សេះ រាង​ស្គម ពាក់​ម៉ាស់​ជាប់​ជានិច្ច លោក ខាន់ ប៊ុនផេង បានរៀបរាប់ក្នុងអង្គ​សវនាការ​ថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិរំលាយមក រូបលោកមិនបានធ្វើសកម្មភាពនយោបាយទៀតទេ ដោយនៅផ្ទះជួយការងារភរិយា និងយកចៅទៅ​សាលារៀន។

លោកចាត់ទុក​ការចោទប្រកាន់របស់តុលាការ​ថាខុសពីការពិត និង​ជា​រឿង​អយុត្តិធម៌​សម្រាប់រូប​លោក។

លោកថា៖ «ខ្ញុំនៅផ្ទះ មិនបានចូលរួមកិច្ចការនយោបាយ នេះជាការពិត។ ខ្ញុំបញ្ជាក់នេះជា​ការពិត ខ្ញុំមិនដែលចូលរួមធ្វើសកម្មភាពអ្វីឡើយ។ ការចោទប្រកាន់ខ្ញុំខុសពីការពិត។ សូម្បីមិត្តភក្តិ ខ្ញុំមិនដែលហ៊ានជួប ខ្ញុំសូមតែសេច​ក្ដីសុខ​ប៉ុណ្ណោះ ប៉ុន្តែវាមិនបានសុខទៀត»។

លោក ខាន់ ប៊ុនផេង បន្តថា លោកស្គាល់​ឈ្មោះ សេង សុខ​​ឡេង ដោយ​សារ​ឈ្មោះនេះជា​អ្នករស់នៅក្នុងភូមិជាមួយគ្នា​ ប៉ុន្តែ​ឈ្មោះ សេង សុខឡេង មាន​សតិមិ​ន​ប្រក្រតីឡើយ ហើយ​អ្នក​ភូមិ​នៅ​​ទីនោះ​ក៏ដឹងដែរ។

លោកបញ្ជាក់ថា ឈ្មោះ សេង សុខឡេង នេះហើយដែល​តែងទូរសព្ទ​មក​គាត់​និយាយ​រឿងដំណើរ​វិល​ត្រលប់របស់លោកស្រី​ មូរ សុខហួរ ព្រមទាំងនិយាយរឿងឡើង​មករាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា ក្នុងមួយថ្ងៃ ឈ្មោះ សេង សុខឡេង បានទូរសព្ទមកយ៉ាងតិច​២ទៅ៣​ដងនិយាយ​រឿង​នេះ បើទោះបីជាលោកមិនទទួលទូរសព្ទ​ក៏ដោយ ក៏បុគ្គល​រូប​នេះនៅតែ​ធ្វើទុក្ខបុក​ម្នេញដោយរំខាន​លោក​មិនឱ្យធ្វើការងារអ្វីបានទេ។

លោកថា៖ «ខ្ញុំស្គាល់! គាត់ជាមនុស្សមានសតិមិនគ្រប់គ្រាន់ទេ។ ខ្ញុំនិយាយ​នេះ មិនមែនប្រមាថទេ អ្នកនៅភូមិជាមួយគាត់ គេដឹងគ្រប់គ្នា។ គាត់ចង់និយាយអីទៅកាន់អ្នកណា គឺគាត់ត្រូវតែនិយាយ ហើយគាត់និយាយមក ខ្ញុំលែង​ប្រកាន់​ហើយ។ ​ក្នុងមួយថ្ងៃ គាត់ខលមកខ្ញុំ ២ទៅ៣ដង ខ្ញុំធ្លាប់ប្លុក[លេខ]គាត់​ចោល ប៉ុន្តែគាត់ខឹង និងជិះម៉ូតូ​មករករឿងដល់ផ្ទះខ្ញុំ។ ក្រោយ​មក ​ខ្ញុំទទួល​គាត់ដោយ​បើក​ទូរសព្ទ​ចោល ​ឱ្យគាត់និយាយអ្វីនិយាយទៅ។ ចំពោះ សេង សុខឡេង ខ្ញុំចាត់ទុកគាត់ជាពលរដ្ឋម្នាក់មានសតិមិនគ្រប់គ្រាន់ ខ្ញុំមិនដែលតបតជាមួយគាត់ទេ ព្រោះ​បើខ្ញុំមិនលើក​ទូរសព្ទ គាត់រំខានខ្ញុំ ធ្វើអីមិនកើតទេ»។

ក្រោយពីចៅក្រម​ជម្រះ បញ្ចប់ការសួរដេញដោលនោះ តំណាង​អយ្យការ លោក សេង ហៀង ក៏បានអានសារ​ដែល​ដក​ស្រង់​ចេញ​ពីហ្វេសប៊ុករបស់​លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង និង​លោក​ ហេង ដារ៉ារ៉ូ ជាដើម និង​បាន​សួរទៅ​លោក ខាន់ ប៊ុនផេង ​ពីទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំនៅក្រៅប្រទេស​របស់​​គណបក្ស​សង្គ្រោះជាតិដែលតុលាការ​បានរំលាយ។

ក្រៅពីប​ង្ហាញ​សារ​ហើយ តំណាងអយ្យការ​ក៏អានសម្រង់សម្ដីដែលដក​ស្រង់​ចេញ​ពី​ការ​សន្ទនាតាម​ទូរសព្ទជាមួយឈ្មោះ សេង សុខឡេង មក​សួរដេញដោលលោក ខាន់ ប៊ុនផេង ផង​ដែរ។

លោកថា៖ «តើលោកធ្លាប់ទំនាក់ទំនងជាមួយសកម្មជន CNRP ទេ? ស្គាល់លោក អេង ឆៃអ៊ាង​ ទេ? តើធ្លាប់ឃើញ​សារ​លោក អេង ឆៃអ៊ាង ផុសទេ? ចុះលោក សម រង្ស៊ី ផុស ធ្លាប់ឃើញទេ? ធ្លាប់មានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រៅប្រទេសទេ? តើធ្លាប់ទទួលបានសារពីលោកស្រី មូរ សុខហួរ ទេ? តើគាំទ្រសារនេះទេ? ។ល។»។

សារដែ​ល​តំណាង​អយ្យការអាននោះ ជាសារប្រកាសធ្វើមាតុភូមិនិវត្តន៍របស់​លោកស្រី មូរ សុខហួរ ដោយ​ភ្ជាប់ជាមួយ​ការ​អំពាវនាវឱ្យប្រជាពលរដ្ឋ និងសកម្មជន​ចូលរួម​ទៅ​ទទួល​លោកស្រី នា​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ២០២១ ខណៈ​លោក សម រង្ស៊ី នឹងត្រលប់​មក​ពេល​ក្រោយ។

ជាការឆ្លើយតប លោក ខាន់ ប៊ុនផេង បានរៀបរាប់ក្នុង​បន្ទប់សវនាការថា រូប​លោក​ធ្លាប់​ឮដំណឹង​ពី​ដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ តាម​រយៈសារព័ត៌មាន និងបណ្ដាញសង្គម ប៉ុន្តែមិន​ទទួល​បាន​សារ​ពី​ថ្នាក់ដឹកនាំដែលឱ្យ​​កៀរគរសកម្មជនឡើងមករាជធានី​ភ្នំពេញ​ឡើយ។ ចំណែកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេស លោកថាក៏មិន​មាន​ដែរ។

ចំពោះ​សម្រង់​សម្ដីដែល​តំណាង​អយ្យការមកសួរនោះ លោក ខាន់ ប៊ុនផេង អះ​អាង​ថាមិន​មែនជាសំឡេង​របស់​លោក​ឡើយ តែ​ជាសម្ដីរបស់លោក សេង សុខឡេង ដែល​ទាក់ទងទៅគាត់ ហើយ​និយាយ​រឿង​ទាំង​អស់​នេះ។

លោក ខាន់ ប៊ុនផេង បានច្រានចោល​បទ​ចោទ​ប្រកាន់ និង​​ភស្តុ​តាង​ដែល​តុលាការ​ដាក់​បន្ទុក ហើយ​​ថា រឿង​នេះ រូបលោកបានបញ្ជាក់តាំងពីនៅដំណាក់កាល​ចៅក្រមស៊ើបសួរមក​ម៉្លេះ។

លោកថា៖ «សម្ដីនេះជាសម្ដី សេង សុខឡេង ខលមកខ្ញុំ! ហើយម៉េចបានជាយកសម្ដី សេង សុខឡេង និយាយ ម​ក​ដាក់​ឈ្មោះខ្ញុំជា​​អ្នកនិយាយទៅ​វិញ? រឿង​ដំណើរ​វិល​ត្រលប់របស់លោកស្រី មូរ សុខហួរ រឿង​ឱ្យ​លុយ៥ម៉ឺន[រៀល]​ឡើងមកភ្នំពេញ មកដល់មាន​កន្លែង​ស្នាក់នៅអីជាដើម សម្ដីនេះ​ជា​សម្ដី សេង សុខឡេង ទាំង​អស់»។

យ៉ាង​ណា មេធាវីការពារក្ដីឱ្យលោក ខាន់ ប៊ុនផេង គឺ​លោក សំ សុគង់ បានឡើងសួរកូនក្ដីបញ្ជាក់​បន្ថែម និង​បាន​ប្រាប់ទៅចៅក្រមជម្រះថា អ្វីដែលតំណាងអយ្យការចោទសួរ និងភស្ដុតាង​​ដាក់បន្ទុកនោះ​ មិន​មែនជា​​ចម្លើយ​​កូនក្ដីរបស់លោក​ទេ ប៉ុន្តែ​ជាចម្លើយ​របស់​ឈ្មោះ សេង សុខ​ឡេង។

លោកថា៖ «របាយការណ៍ឈ្មោះ សេង សុខឡេង ដូចនឹងរបាយការណ៍កូនក្ដីខ្ញុំ ហាក់ដូចជា Copy និង Past អ៊ីចឹង»។

លោក​ សំ សុគង់ បាន​ស្នើ​ទៅ​ចៅក្រម​​​ឱ្យ​​ផ្ទៀង​​ផ្ទាត់​​របាយ​ការណ៍ និង​ចម្លើយ​កូន​ក្ដី និងចម្លើយឈ្មោះ សេង សុខឡេង ខណៈ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ស្រី អ៊ុក រ៉េត​គន្ធា ក៏បា​ន​ឱ្យ​ក្រឡា​​បញ្ជី​អាន​របាយ​ការណ៍​ក្នុង​អង្គសវនា​ការ។

ក្រោយ​បើក​សវនាការសួរដេញដោលពេញ​មួយ​ព្រឹក នាថ្ងៃព្រហស្បតិ៍នេះ ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះបាន​សម្រេច​ផ្អាក ដោយ​សវនាការ​នេះនឹងបន្តនៅថ្ងៃទី៦ ខែ​តុលា ខាង​មុខ​។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការនៃសវនាការ​នេះ យល់​ថា ព្រះរាជអាជ្ញា និង​ចៅក្រម ​គួរ​តែ​ពិចារណានិងពិនិត្យមើលភស្ដុតាងច្បាស់​លាស់​ មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើបុគ្គលណាម្នាក់។

លោកថា៖ «នៅពេលដែលលោក សំ សុគង់ គាត់​លើក​ហេតុ​ផល​ថា នេះ​មិន​មែន​ជា​សម្ដី ខាន់ ប៊ុនផេង ហើយ​ជាសម្ដីរបស់​លោក សេង សុខឡេង មានន័យថា សមត្ថកិច្ចក្លែងឯកសារដើម្បីមកចោទប្រកាន់មកលើលោក ខាន់ ប៊ុនផេង។ ចំណុចនេះឯងដែលជាចំណុចមួយដែលធ្វើឱ្យតុលាការ ហាក់ដូចជា​តុលាការមិនបានពិចារណាទៅភស្តុ​តាង​ដាក់​បន្ទុក​ដែល​ចោទ​ប្រកាន់​មក​លើគាត់ ហើយ​ចាប់​គាត់​ឃុំមុន​ទៀត ទៅ​ចាប់​គាត់ទាំងនៅក្នុងផ្ទះ ចំណុច​ហ្នឹង​​អយុត្តិធម៌ណាស់។ បើសិ​ន​ជា​រឿង​ហ្នឹង​ជារឿងនយោបាយ គួរកាត់ក្ដីគាត់​តាម​ហេតុផល​នយោបាយទៅ។ ប៉ុន្តែ​បើសិន​រឿង​ហ្នឹងជារឿងនយោបាយហើយ យើងប្រតិដ្ឋភស្តុតាងទៅ ហើយ​យកមកចោទគាត់ វាអយុត្តិ​ធម៌​ណាស់! ហើយម​តិ​ជាតិ និង​អន្តរជាតិ​ គេរិះគន់ទៅលើស្ថាប័នហ្នឹង»។

សវនាការសំណុំរឿង «រួមគំនិតក្បត់» នេះ ពាក់ព័ន្ធ​នឹង​ការ​កៀរ​គរនិង​​គាំទ្រដំណើរវិលត្រលប់មកកម្ពុជា​ជាលើកទី២ របស់លោក​ស្រី មូរ សុខហួរ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ២០២១។

បើតាមតំណាងអយ្យការ សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​មាន​ជន​ជាប់​​ចោទ៣៩​នាក់​នេះ ត្រូវ​​បាន​បំបែក​ជា​២សំណុំរឿង ក្នុង​​នោះ សំណុំរឿង​ជន​ជាប់​​ចោទ២នាក់​ រួម​​មាន ​កញ្ញា សៅ ឧសភា និង​​​លោក អៀ ចាន់ណា កំពុងស្ថិតក្នុងដំណាក់កាល​ចៅក្រមស៊ើប។

ក្នុងចំណោមជនជាប់ចោទទាំង៣៩នាក់ គឺមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការតែ៣​នាក់​ទេ​ ក្នុងនោះមាន​លោក គង់ ម៉ាស់, លោក ខាន់ ប៊ុន​ផេង និង​លោក វឿង សំណាង ដោយ​អ្នកទាំងនេះកំពុង​ជាប់នៅពន្ធនាគារព្រៃស ខណៈថ្នាក់ដឹកនាំនិង​សកម្មជនផ្សេងទៀត​នៅ​ក្រៅប្រទេស ហើយខ្លះ​ទៀត​នៅ​កម្ពុជា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment