កូដករ​ណាហ្គាវើលដ៍​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​ពី​ធ្វើ​កូដកម្ម​ជាង ៩ខែ មិន​ទាន់​មាន​ដំណោះស្រាយ

ដោយ ទីន ហ្សាការីយ៉ា
2022.09.21
RFA

កូដករ​ណាហ្គាវើលដ៍​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​ពី​ធ្វើ​កូដកម្ម​ជាង ៩ខែ មិន​ទាន់​មាន​ដំណោះស្រាយ

កូដករ​ណាហ្គាវើលដ៍ ប្រមូល​ផ្ដុំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា ​ក្រោម​ដំណក់​ទឹក​ភ្លៀង​ កាល​ពី​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


កូដករ​ណាហ្គាវើលដ៍ បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា កាល​ពី​ថ្ងៃ​ទី២១ កញ្ញា​ម្សិលមិញ​ដូច​សព្វ​ដង​ដែរ ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណា​ក្ដី។

ពួក​គាត់​លើក​ឡើង​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ក្រោម​ដំណក់​ទឹក​ភ្លៀង​នេះ ពុំ​មាន​ការ​រាំង​ពី​សមត្ថកិច្ច​ដូច​ពី​ពេល​មុនៗ ទេ តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​យ៉ាង​តឹងរឹង។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាង ១០០នាក់ អ្នក​ខ្លះ បាន​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​តែ​ការ​ឈរ​តវ៉ា​ហាល​ភ្លៀង ហាល​ថ្ងៃ​ជាង ៩ខែ​មក​ហើយ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។


ក្រុម​កូដករ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង កាល​ពី​ថ្ងៃ​ទី២១ កញ្ញា​ថា ក្នុង​ចំណោម​កូដករ​ជាង ១០០នាក់ មាន​អ្នកខ្លះ​ធ្លាក់​ខ្លួន​ឈឺ ហើយ​ពុំ​មាន​ថ្នាំ​ព្យាបាល ឬ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ទេ។ អ្នក​ខ្លះ បាន​រត់​ទៅ​សម្ងំ​សម្រាក​ក្នុង​ផ្ទះ​ជួល គ្មាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់។ អ្នក​ខ្លះ​ទៀត ធ្លាក់​ខ្លួន​ឈឺ ហើយ​ប្រឈម​នឹង​បញ្ហា​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល និង​គ្មាន​លុយ​សង​បំណុល​ធនាគារ​ជា​ដើម។

កូដករ​ណាហ្គាវើលដ៍​អះអាង​ថា ពួក​គាត់​មួយ​ចំនួន​ធ្លាក់​ខ្លួន​ឈឺ​នេះ ដោយសារ​តែ​ការ​រង​អំពើ​ហិង្សា វាយដំ ទាត់​ធាក់​ពួក​គាត់​កន្លង​មក ធ្វើ​ឲ្យ​អ្នក​ខ្លះ​របួស​គ្រាំគ្រា និង​អ្នក​ខ្លះ​ទៀត មាន​ជំងឺ​បាក់ស្បាត ភ័យ​ខ្លាច​តក់​ស្លុត​ជា​ដើម។

ទោះ​បី​ជា​បែប​នេះ​ក្ដី ពួក​គាត់​អះអាង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ការងារ​សមរម្យ ទោះបីជា​មាន​ការ​គំរាម​កំហែង​ពី​សមត្ថកិច្ច​បែប​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles