អ្នក​ជំនាញ​ថា ការ​កាន់​អំណាច​បន្ត​វេន​មិន​មែន​ជា​បញ្ហា​ តែ​បញ្ហា​នៅ​ត្រង់​ប្រព័ន្ធ​បោះឆ្នោត​គ្មាន​ទំនុកចិត្ត

នយោបាយ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ២៨ កញ្ញា ២០២២ | ម៉ោង ០៩:២៤
VOD

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Manet)


អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ អះអាងថា បញ្ហា​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​បាន​រងការ​ប្រឈម​ដោយសារ​ការ​បន្តវេន​តាម​សែ​ស្រឡាយ​ឬអត់នោះ​ទេ តែ​ប្រឈម​ដោយ​សារ​ ការ​អនុវត្តទម្រង់​​ប្រជាធិបតេយ្យ​ ដូចជា ពាក់ព័ន្ធ​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជាដើម មិន​បាន​ឆ្លើយ​តប​តាម​ទម្រង់​ដែល​កម្ពុជា​បាន​ផ្តល់សច្ចាប័ន​នៅ​អង្គការសហប្រជាជាតិ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។

ការអះអាងនេះ​ ធ្វើឡើង​ក្រោយ​មាន​ប្រតិកម្មឆ្លើយឆ្លង​រវាង​អ្នកនយោបាយ អ្នកវិភាគមួយ​ចំនួន ទាក់ទិន​កា​រដាក់សែ​ស្រឡាយលោក ហ៊ុន សែន ជា «បេក្ខភាព​បន្តវេន»​ ក្នុង​បក្សកាន់​អំណាច។

នៅថ្ងៃទី ២៧ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះ​វីដេអូជិត ១០នាទី ស្តីពី​ការឆ្លើយតប​របស់កូនប្រុស​លោក គឺលោក ហ៊ុន ម៉ាណែត ទៅ​នឹង​ការអត្ថាធិប្បាយ​របស់បុគ្គលនយោបាយ​មួយចំនួន​ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង​ការជ្រើសរើស​បេក្ខជន​បន្តវេន​របស់​គណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូនោះ​ លោក ហ៊ុន ម៉ាណែត បានចេញប្រតិកម្ម​នូវការដែលលើកឡើងថា បេក្ខភាព​បន្តវេនរបស់លោក​ក្នុងបក្សប្រជាជនកម្ពុជា​ មាន​រូបភាព «ផ្តាច់ការ» ដូចនៅ​កូរ៉េខាងជើង។ លោកបដិសេធ​ការ​លើកឡើងនេះ​ដោយថា ចំណុចសំខាន់​នៃគោលការណ៍ប្រជាធិបតេយ្យ គឺស្ថិតត្រង់ «ឆន្ទៈពលរដ្ឋ»​ បោះឆ្នោតឱ្យ មិនមែន​ស្ថិតនៅត្រង់​ការដាក់សែស្រឡាយ ឬអត់នោះឡើយ។

ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពី​អ្នកវិភាគមួយចំនួន​បានរិះគន់ជាហូរហែ​ចំពោះបេក្ខភាពបន្តវេនរបស់លោក​ក្នុងបក្សកាន់អំណាច​ថា បាន​តាមរយៈអំណាចឪពុក ខណៈ ១សប្តាហ៍មុននេះ អតីត​សហស្ថាបនិក​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវតុលាការរំលាយ គឺលោក សម រង្ស៊ី បានបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​ ឌឺដងឱ្យលោក ហ៊ុន ម៉ាណែត ថា ជា​ជនខ្វះសមត្ថភាព ប៉ុន្តែត្រូវ ​«ឪពុកលើកបន្តុប»«ឡើងតាម​ជើងខោឪ»


ក្នុងនោះលោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានសំឡុត ហើយផាត់​ចោល​គូប្រកួតទាំងអស់​ក្នុងជួរគណបក្សកាន់អំណាច និងរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ដែល​ផ្ទុយពី​ឆន្ទៈរាស្ត្រ។

ក្នុងវីដេអូដដែលនោះ អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជា​ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ប្រតិកម្មថា អ្នកវិភាគខ្លះ​បាន​វាយប្រហារ​លោកថា «បន្តវេនពីឪតាមរបៀបផ្តាច់ការ» ដោយប្រៀបធៀប​ទៅនឹងរូបភាព​នៅកូរ៉េខាងជើងថា​ មានតែប្រទេសនេះ​ទេដែលធ្វើ។

លោក ម៉ាណែត ចាត់ទុកថា នេះជា​ការវិភាគបែបស៊ីអារម្មណ៍ ពោលគឺ​យកអារម្មណ៍ខ្លួនឯង​ដើម្បីបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវដើម្បី​បង្គ្រប់កិច្ច។

លោក ហ៊ុន ម៉ាណែត ថា៖ «ឥលូវវា​មានអីខុស​ដែលមនុស្ស​នៅក្នុងវង្សត្រកូល​អ្នកនយោបាយ​ចាប់អាជីព​ជាអ្នកនយោបាយ? មានអ្វីខុស សម្រាប់​មនុស្សនៅក្នុង​គ្រួសារអ្នករកស៊ី អ្នកធុរកិច្ច ចាប់អាជីពជាអ្នកធុរកិច្ច? ឥលូវខ្ញុំសួរ! តើវាមានអីខុស បើអ្នក[ដែលមាន]ឪពុកម្តាយជាទាហាន ជាប៉ូលីស តែកូនមកចង់​ចូលទាហានចូលប៉ូលីសមានអីខុសឥលូវ? យើងចូលតាមនីតិវិធី ឱ្យតែយើងត្រូវតាមគោលការណ៍»

កូនប្រុសច្បង​របស់លោកនាយករដ្ឋមន្ត្រីរូបនេះបន្តថា ការដែលលោក​ត្រូវបានគាំទ្រជាបេក្ខភាពបន្តវេននេះ គឺមិនបាន​ខុសពី​គោលការណ៍​ដែលបាន​អនុវត្តនៅកម្ពុជាទេ​ ពោលគឺមិនថា គោលការណ៍​ផ្ទៃក្នុងរបស់បក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដោយអះអាងថា លោកគ្រាន់តែ​ឈរឈ្មោះជា​បេក្ខភាពបន្តវេន​របស់បក្ស​សម្រាប់ឱ្យពលរដ្ឋបោះឆ្នោត មិនមែន​ឈរឈ្មោះជា​ នាយករដ្ឋមន្ត្រីឡើយ។

លោក ហ៊ុន ម៉ាណែត ថា៖ «ហើយ​ចង់អ្នកឯងថា ផ្តាច់ការអី? រឿងសំខាន់ប្រជាពលរដ្ឋតើ! […] អ៊ីចឹងប្រជាពលរដ្ឋ ឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឱ្យ ហ្នឹងហើយ! ចង់អ្នកឯងសែស្រឡាយ មិនសែស្រឡាយ ឱ្យតែប្រជាពលរដ្ឋបោះឆ្នោតឱ្យ ហ្នឹងហើយ​គោលការណ៍ប្រជាធិបតេយ្យ»

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា យល់ថា អ្វីដែលលោក ហ៊ុន ម៉ាណែ តលើកឡើងគឺមិនខុសទេ ពោលសង្គម​ប្រជាធិបតេយ្យ​ទាមទារ​នូវការបោះឆ្នោត។ ក្នុងនោះ​ ពលរដ្ឋជាអ្នកមាន​សិទ្ធិសម្រេចចិត្តថាគាំទ្រ លោក ហ៊ុន ម៉ាណែត ឬគាំទ្របេក្ខភាព​មកពីបក្សផ្សេង ដែលរឿងនេះ​លោក​ថា មានលក្ខណៈខុសគ្នា​ពីលក្ខខណ្ឌ​នៅប្រទេស​កូរ៉េខាងជើង។

យ៉ាងណា លោកថា លំហ​ប្រព័ន្ធប្រជាធិបតេយ្យ​មានភាពរួមតូច មិនមែន​ដោយសារតែ​បេក្ខភាពបន្តវេន​តាមសែស្រឡាយ ឬអត់នោះទេ ប៉ុន្តែវា​អាស្រ័យចម្បង​លើការគោរព​តាមគោលការណ៍ច្បាប់​និងប្រព័ន្ធប្រជាធិបតេយ្យ ស្តីពីធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិ ដែលកម្ពុជា​បានផ្តល់សច្ចាប័នទៅវិញ។ ក្នុងធម្មនុញ្ញ​នោះ មានការរៀបចំខ្លឹមសារ​នៃកិច្ចព្រមព្រៀងពាក់ព័ន្ធសិទ្ធិមនុស្ស និងសេរីភាពនៃ​ការបញ្ចេញមតិជាដើម។

បែបនេះក្តី លោកបង្ហាញ​ការខកចិត្តដែលអ្នកនយោបាយខ្មែរ ជាពិសេស​បក្សកាន់​អំណាច​តែងតែប្រើឃ្លាប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ជាញឹកញាប់ តែបែរជា​ហៅថា «ស្តង់ដារកម្ពុជា» ខណៈលោកថា តាមពិតខ្លឹមសារ​ប្រព័ន្ធប្រជាធិបតេយ្យនោះ គឺអនុវត្តនូវទម្រង់​តែមួយទេ។

លោក ឯម សុវណ្ណរ៉ា ថា ករណីនេះបណ្តាល​ឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​មានកម្រិតទាប និងមិនពេញលេញ។ បើតាមសាស្ត្រាចារ្យរូបនេះ ការដែល​អ្នកនយោបាយ​យកប្រជាធិបតេយ្យ​មកបម្លែងលើសពីមួយ​ទម្រង់​បែបនេះ វាជារឿង​អភ័ព្វ​សម្រាប់​ពលរដ្ឋកម្ពុជា ព្រោះវា​ប៉ះពាល់​ដល់ការ​អនុវត្ត​សិទ្ធិជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក ឯម សុវណ្ណរ៉ា ថា៖ «នៅកម្ពុជាយើង អ្នកនយោបាយ​តែងតែប្រើពាក្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែ​ត្រូវបាន​អ្នកនយោបាយ​ ជាពិសេស​គណបក្សកាន់អំណាច​ ចាត់ទុកថា ប្រជាធិបតេយ្យ“ស្តង់ដារកម្ពុជា”។ អានេះជារឿងមួយ ដែលយើងគួរឱ្យសោកស្តាយដែរ។ […] កម្ពុជា មានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ដែលខ្លឹមសារ​ភាគច្រើន​ដូចនៅក្នុងខ្លឹមសារនៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋហ្នឹង ហើយ​ដល់តែយើងអនុវត្តអត់បាន ហើយយើង​និយាយប្រជាធិបតេយ្យពេញៗ​មាត់។ កន្លែងហ្នឹងគួរឱ្យខ្មាសអៀនដែរសម្រាប់អ្នកនយោបាយ ហើយ​ក៏ជា​រឿងមួយ​ អភ័ព្វដែរ​សម្រាប់ពលរដ្ឋកម្ពុជា ដែលមានអ្នកនយោបាយ​គិតអំពីស្តង់ដារប្រជាធិបតេយ្យ​ជាពីរបីទម្រង់ លើសពីមួយទម្រង់»

ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ឃើញស្រដៀងគ្នានឹងលោក ឯម សុវណ្ណរ៉ា ដែរថា នរណា​ជាបេក្ខភាព​បន្តវេន​គឺជារឿងផ្ទៃក្នុង​ផ្អែកលើបក្សនយោបាយទេ តែរឿង​សំខាន់គឺ​ការបើកឱ្យមាន​ការចូលរួមការ​បោះឆ្នោតដោយសេរី ការប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ។

លោកមើលឃើញថា លំហប្រជាធិបតេយ្យនៅកម្ពុជា​មានការប្រឈមច្រើនចំណុចណាស់ ដែលទាមទារឱ្យ​មានការស្តារឡើងវិញ ដែលសូម្បី​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ក៏បានជំរុញឱ្យរដ្ឋាភិបាលបើកលំហ គោរពសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។

លោក កន សាវាង្ស បន្ថែមថា រដ្ឋាភិបាល​ដែលដឹកនាំដោយ​បក្សប្រជាជនកម្ពុជា​​ ត្រូវតែធ្វើយ៉ាងណា​ឱ្យដំណើរការ និងបរិយាកាស​នយោបាយកម្ពុជា​អាចទទួល​យកបាន ជាពិសេសដោះស្រាយលើ​សេរីភាព និងសិទ្ធិនយោបាយ​របស់ក្រុមមន្ត្រីបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ ដើម្បីកុំឱ្យ​ពេលវេលា​អូសបន្លាយ ប៉ះពាល់​ដល់សិទ្ធិរបស់ពួកគេ។

លោក កន សាវាង្ស ថា៖ «ចំណុចមួយទៀត យើងមើល​រឿងប្រព័ន្ធបោះឆ្នោត ទាំងសិទ្ធិនយោបាយ ទាំងឆន្ទៈប្រជាពលរដ្ឋហ្នឹង យើង​ឃើញថា មានច្បាប់​មួយចំនួនហ្នឹង គឺថា​ មានវិសោធនកម្មដែលធ្វើឱ្យមិន​អាចនឹងធានាអំពីឆន្ទៈ ឬក៏តំណាងប្រជាពលរដ្ឋបាន។ ឧទាហរណ៍​ដូចជា ការចែង​អំពីការ​បែងចែក​អាសនៈតាមរយៈការរំលាយ​គណបក្សនយោបាយអីជាដើម នេះជាចំណុចមួយ​ដែលយើងមើលឃើញថា ធ្វើឱ្យតំណាង​ជាប់ឆ្នោត​កន្លងមកហ្នឹង គឺគេ​មិន​អាច​បំពេញ​នូវតួនាទីរបស់គេបាន»

លោកថា រដ្ឋាភិបាលត្រូវ​ធានានូវឆន្ទៈពលរដ្ឋ ជៀសវាង​ការប្រើអំណាច​គាបសង្កត់គណបក្សផ្សេង ដែលនោះជា​ការប្រកួតប្រជែង​មិនស្មើភាពគ្នា។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ យល់ស្របចំពោះ​លោក ហ៊ុន ម៉ាណែត ដែលថា ប្រជាធិបតេយ្យ​គឺអាស្រ័យលើ​ពលរដ្ឋបោះឆ្នោត។ យ៉ាងណា លោកចោទ​ជាសំណួរវិញថា តើការបោះឆ្នោត​នោះប្រព្រឹត្តទៅ​ដោយត្រឹមត្រូវ និងយុត្តិធម៌ ឬទេ?

លោកបន្ថែមថា ចំណុចដែលចាំបាច់នោះ​គឺការមាន​ស្ថាប័នជាតិឯករាជ្យ ការគ្រប់គ្រងការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទុកចិត្តបាន។

យ៉ាងណា លោក សុន ឆ័យ ថា ការរៀបចំការបោះឆ្នោត​ដែលប្រព្រឹត្តទៅដោយត្រឹមត្រូវ វាទាល់​តែ​ចាប់ផ្តើមដំបូង​ដោយកែលម្អ​​គណៈកម្មការរៀបចំ​ការបោះឆ្នោតនៅ​បណ្តាខេត្ត ឃុំ ​ឱ្យបាន​ត្រឹមត្រូវ ក្នុងនោះ​មានការជ្រើសរើស​បុគ្គលដែលបំពេញ​ការងារដោយយុត្តិធម៌។

លោក សុន ឆ័យ ថា៖ «មួយទៀត កុំឱ្យមាន​ការរើសអើង គាបសង្កត់ពលររដ្ឋ ចាប់ចង ប្តឹងផ្តល់ បំភិតបំភ័យ ដូចធ្លាប់មាន​កើតឡើងកន្លងទៅ។ ជា​ពិសេស​​ប្រព័ន្ធតុលាការ ប្រព័ន្ធរដ្ឋបាល​សាធារណៈហ្នឹង គឺត្រូវបំពេញការងាររបស់ខ្លួនឱ្យយុត្តិធម៌ ឱ្យស្មើភាព ឱ្យមានភាពឯករាជ្យ។ សំខាន់ណាស់​រឿង​ការ​បោះឆ្នោត សេរី និងយុត្តិធម៌នេះ គឺគេពិនិត្យ​តាំងពីស្ថាប័នជាតិទាំងអស់។ តើស្ថាប័ននោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់គណបក្សណាមួយ ឬក៏ជា​ស្ថាប័ន​របស់​ជាតិ?»

អតីតសហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់លោក​ដោយដាក់ចំណងជើងថា «ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ»

លោក សម រង្ស៊ី សរសេរថា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកកម្ពុជា​ដូចក្រុមហ៊ុនឯកជនមួយ ដែលគាត់ធ្វើជាថៅកែ។ លោកថា លោក ហ៊ុន សែន បានធ្វើជាថៅកែក្រុមហ៊ុនមួយ​នេះអស់មួយជីវិតហើយ ខណៈបច្ចុប្បន្ននាយករដ្ឋមន្ត្រីរូបនេះចង់ឱ្យកូនប្រុស​គាត់ធ្វើជាថៅកែជំនួសគាត់។

លោក សម រង្ស៊ី បន្តថា លោកហ៊ុន សែន កំពុងយល់ច្រលំហើយ ពីព្រោះកម្ពុជា​មិនមែនជាក្រុមហ៊ុនឯកជនរបស់គាត់ទេ តែជាប្រទេសជាតិ​របស់ប្រជា​រាស្ត្រខ្មែរ​ យ៉ាងតិច ១៦លាននាក់។

លោក សម រង្ស៊ី ថា៖ «ល្បិចកល ហ៊ុន សែន ដើម្បីឡង់សេកូនគាត់គឺ [១]យកគណបក្សប្រជាជនកម្ពុជា ធ្វើជាឈ្នាន់ ដោយសំឡុត ហើយ​ផាត់ចោល​គូប្រកួតទាំងអស់​ក្នុងជួរគណបក្សនេះ។ [២] រៀបចំការបោះឆ្នោត​ក្លែងក្លាយ ដើម្បីធានា​ជ័យជំនះក្លែងក្លាយមួយ​សម្រាប់គ្រួសារគាត់ ដែលផ្ទុយ​ពីឆន្ទៈ​ប្រជា​រាស្ត្រខ្មែរ»

អតីតសហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយរូបនេះបន្ថែមថា៖ «ប្រជារាស្ត្រខ្មែរ មិនចាញ់បោក ហ៊ុន សែន ទេ ហើយ​ចង់ឱ្យ​មាន​ការប្រកួតប្រជែងដោយស្មើភាពគ្នា តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ​ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ ហ៊ុន សែន មិន​ត្រូវមើលងាយ​កូនខ្មែរជាច្រើន ដែលកើតចេញពីគ្រួសារសាមញ្ញ គឺមិនមានសែស្រឡាយណាទេ មិនមានគណបក្សនយោបាយណាឡង់សេទេ តែមាន​លក្ខណៈ​សម្បត្តិសមរម្យ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបានដែរ។ គេមិនចាំបាច់ឱ្យឪបន្តុប ឬបើនិយាយឱ្យស្រួលស្តាប់ មិនចាំបាច់ឡើងតាមជើងខោឪទេ»។ 

លោក សម រង្ស៊ី អះអាងថា តាមការពិតលោក ហ៊ុន សែន មានការភ័យខ្លាចចំពោះអនាគតរបស់គាត់។ គាត់ត្រូវការឱ្យកូនគាត់ការពារគាត់​ទៅថ្ងៃមុខ ពីព្រោះ​គាត់នឹង​ប្រឈមមុខតុលាការប្រទេសបារាំង តុលាការអន្តរជាតិ និងតុលាការប្រជារាស្ត្រខ្មែរ ដែលនឹងយកគាត់ទៅកាត់ទោស ដោយសារតែអំពើអាក្រក់ ដែល​គាត់​បានប្រព្រឹត្តជិត ៤០ឆ្នាំមកហើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

One Response to "អ្នក​ជំនាញ​ថា ការ​កាន់​អំណាច​បន្ត​វេន​មិន​មែន​ជា​បញ្ហា​ តែ​បញ្ហា​នៅ​ត្រង់​ប្រព័ន្ធ​បោះឆ្នោត​គ្មាន​ទំនុកចិត្ត"

  1. Anonymous says:

    KIM JONG AUNG is the grand children of KIM ELSUNG the communist grand father . please think about HUN SEN is HUN MANETH’s father and HUN SEN leaded this poor nation just about forty years and how many more years if HUN MANETH going to lead this nation after that HUN MANETH’s son will continuous just like KIM JOUNH AUN right now . I do not think Cambodia can survive for that long , it can end during this SDACH PEAL …HUN NAL call HUN SEN next name CHHOUP SAMLAP OR CHHOUP KAP[