កិច្ចព្រមព្រៀងចំនួន២ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា-គុយបា បន្ថែមលើឯកសារចំនួន៣ ដែលបានធ្វើរួចហើយនៅគុយបា

កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
05/10/2022 – 08:14
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានុយអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) © FB/SPM


កិច្ចព្រមព្រៀងចំនួនពីរភាគច្រើនពាក់ព័ន្ធនឹងវិស័យអប់រំ វប្បធម៌ និងសុខាភិបាល ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃអង្គារម្សិលមិញក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានុយអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) ខណៈដែលលោក គ្រុស កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ ក្រៅពីនេះសមភាគីកម្ពុជា-គុយបា បានជជែកគ្នាផងដែរពាក់ព័ន្ធនឹងបញ្ហានយោបាយតំបន់ និងអន្តរជាតិ។

កិច្ចព្រមព្រៀងទាំងពីរដែលត្រូវចុះហត្ថលេខាចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា-គុយបា នោះរួមមាន ទី១ កិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំកាយ និងកម្សាន្ដនៃប្រទេសគុយបា។ និង ទី២ កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌គុយបាសម្រាប់ឆ្នាំ ២០២២ ដល់ ២០២៧។

នៅក្នុងជំនួបរវាង លោក ម៉ានុយអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីគុយបា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហានយោបាយសេដ្ឋកិច្ចទ្វេភាគី តំបន់ និងពិភពលោកផងដែរ ក៏ប៉ុន្តែបញ្ហានេះ មិនត្រូវបានគេចេញផ្សាយឲ្យដឹងជាសាធារណៈនោះទេ។ លោក ឯម សុវណ្ណារ៉ា សាស្ត្រចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយមើលឃើញថាកម្ពុជានិងគុយបា អាចមានផលចំណេញពីគ្នាទៅវិញទៅមកផ្នែកទំនាក់ទំនងនយោបាយ ការទូតទ្វេភាគី និងអន្តរជាតិផងដែរ។

ជំនួយការផ្ទាល់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកកាសែតក្រោយជំនួបថា ភាគីទាំងពីក៏បានជជែកសំខាន់លើបញ្ហាសុខាភិបាលដែរ ដោយលោក ហ៊ុន សែន បានស្នើសុំឲ្យគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ខណៈដែលគុយបាទទួលបានជោគជ័យក្នុងការស្រាវជ្រាវផ្នែកសុខាភិបាល ជាពិសេសការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

សូមរំលឹកថាកាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសគុយបា ដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៣ផងដែរក្នុងនោះមានទី១ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល។ ទី២ ផែនការសហប្រតិបត្តិការរវាង ក្រសួងការបរទេសប្រទេសទាំងពីរ ឆ្នាំ២០២២-២០២៥។ និងទី៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានជាន់ខ្ពស់ទំនាក់ទំនងអន្តរជាតិ RAÚL ROA GARCÍA នៃក្រសួងការបរទេសនៃសាធារណរដ្ឋគុយបា។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសន្យាផ្តល់អង្ករដល់គុយបាចំនួន៦ពាន់តោន ខណៈដែលលោកបានលើកឡើងពីជំនួយរបស់គុយបា ពេលដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍៕

What Next?

Recent Articles