ដោយ មាន ឫទ្ធិ
2022.10.05
RFA

មន្ត្រីយោធាជាន់ខ្ពស់នៃរដ្ឋាភិបាលលោក ហ៊ុន សែន ពីររូបបង្ហាញការយល់ឃើញផ្សេងគ្នាចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់មន្ត្រីកម្ពុជាក្នុងបញ្ជីខ្មៅមិនជាន់ដីសហរដ្ឋអាមេរិក។ ចំពោះអ្នកបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរួចហើយ ត្អូញត្អែរថា វិធានការរបស់ប្រទេសមហាអំណាចមួយនេះអយុត្តិធម៌ណាស់ចំពោះខ្លួន ប៉ុន្តែមេយោធា ដែលមិនទាន់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ បាននិយាយផ្គើនទៅសហរដ្ឋអាមេរិកឱ្យទណ្ឌកម្មលើខ្លួនកាន់តែលឿនកាន់តែល្អ។
ជាង៤ឆ្នាំហើយដែលមន្ត្រីយោធានៃរដ្ឋាភិបាលលោក ហ៊ុន សែន ជាប់ឈ្មោះក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាបន្តបន្ទាប់។ ប៉ុន្តែ ពួកគេមិនខ្លាចទេ ហើយហាក់ផ្គើននឹងការដាក់ទណ្ឌកម្មនេះទៅវិញ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និយាយថា លោកចង់ឃើញសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិរបស់លោកឱ្យកាន់តែលឿនកាន់តែល្អ ព្រោះលោកគ្មានលុយនៅសហរដ្ឋអាមេរិក ហើយលោកគ្មានបំណងទៅសហរដ្ឋអាមេរិកនោះដែរ។ លោកសៅ សុខា ដែលHRWចាត់ទុកជាមនុស្សបាតដៃកខ្វក់សម្លាប់មនុស្សក្រៅច្បាប់ផងនោះថា លោកមិនខ្វល់ពីការប៉ះពាល់កេរ្តិ៍ឈ្មោះ ឬកិត្តិយស ដែលអាមេរិក ឬអង្គការអន្តរជាតិនានារកឃើញថា លោកមានបាតដៃប្រឡាក់ឈាមទេ។ លោកថា ក្ដីប្រាថ្នារបស់លោកពេលចូលបម្រើកងទ័ព គឺលោកមានបំណងតែពីរប៉ុណ្ណោះគឺមានបាយហូបស្រាប និងអាចបាញ់កាំភ្លើង៖ «ពេលខ្លះមកសម្លុតខ្ញុំអីណាដាក់ខ្ញុំបញ្ជីខ្មៅបញ្ជីប្រផេះអីណាណីគេមិនឱ្យចូលអាមេរិក ឬមួយគេបង្កកទ្រព្យ ខ្ញុំប្រាប់ឱ្យអាមេរិកបង្កកឱ្យរហ័សទៅ ហើយកុំច្រឡំថា ខ្ញុំស្រលាញ់អាមេរិកហ្នឹង ខ្ញុំចង់ទៅអាមេរិកហ្នឹង។ អាមេរិកមិនមែនស្រុកកំណើតម៉ែឪសៅ សុខា ទេ។ បងចង់ជម្រាបប្អូនឯងថា ពាក្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះហ្នឹង ងាប់ហើយនឹងកេរ្តិ៍ឈ្មោះប្អូនឯងយកអាណាពីរហ្នឹង បងធ្វើទាហានវាយរបបខ្មែរក្រហមដួលរលំបងអត់ខ្លាចងាប់ខ្លួនផង ហើយបើបងធ្វើពិតមែនបងបានធ្វើបាបមែន ឱ្យទោសដែលបងបានធ្វើហ្នឹងទង្វើដែលបងធ្វើអាក្រក់ហ្នឹងគេចមិនរួចពីរន្ទះបាញ់ទេ គេចមិនរួចពីជាប់គុកទេ»។
លោក សៅ សុខា ជាមន្ត្រីយោធាជាន់ខ្ពស់មួយក្នុងចំណោមឧត្ដមសេនីយ៍១២ រូបដែលគេចាត់ទុកថា មានបាតដៃកខ្វក់សម្លាប់មនុស្សក្រៅច្បាប់។ របាយការណ៍អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតិ៍ វ៉ច្ឆ (Human Rights Watch) បង្ហាញថា រយៈពេលនៃការដឹកនាំរបស់លោក ហ៊ុន សែន ជិត៤០ឆ្នាំមកនេះ លោក សៅ សុខា បានសម្លាប់កងទ័ពគណបក្សហ៊្វុនស៊ិនប៉ិច អំឡុងរដ្ឋប្រហារថ្ងៃ៥ និង៦កក្កដា ឆ្នាំ១៩៩៧ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដណ្ដើមអំណាចពីនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ។ មន្ត្រីអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យដឹងថា លោក សៅ សុខា បានប្រើប្រាស់ស្នាក់ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាកន្លែងសម្រាប់ធ្វើទារុណកម្ម ក្រោមការគ្រប់គ្រងរបស់លោកជាកន្លែងធ្វើទារុណកម្មទាហានគណបក្សហ៊្វុនស៊ិនប៉ិច ដែលស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
មន្ត្រីយោធាជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ហ៊ុន សែន ម្នាក់ទៀត គឺមេបញ្ជាការនៃកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង លើកឡើងដែរថា លោកសោកស្ដាយដែលអាមេរិកដាក់លោកក្នុងបញ្ជីខ្មៅ។ ដូចពេលមុនៗដែរ លោកអះអាងទៀតថា អ្វីដែលបានធ្វើគឺអនុវត្តបទបញ្ជាថ្នាក់លើប៉ុណ្ណោះ៖ «ចេះតែចោទប្រកាន់អ៊ីចឹងងាប់ហើយប្អូនហ្អា ពូអត់មានទេ! ប្អូន អត់សោះហ្មង អយុត្តិធម៌ណាស់មើលទៅ មកទាក់ទងអីជាមួយពូវិញ ទាក់ទងបញ្ជីខ្មីបញ្ជីស ពូមានរកស៊ីអី អត់សោះ អត់សោះ ប្អូនពូធ្វើតែបុណ្យអនុវត្តន៍តាមបទបញ្ជារបស់អគ្គបញ្ជាការក្រសួងការពារជាតិ ធ្វើល្អការពារជាតិតែប៉ុណ្ណឹង អាណឹងពូចេះ ប៉ុន្តែលើសពីហ្នឹងពូអត់ចេះទេអូនណា»
សហរដ្ឋអាមេរិក ដាក់មេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ក្នុងបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ ហ្គ្លូបល ម៉ែកនីតស្គី (GLOBAL MAGNITSKY ACT) កាលពីឆ្នាំ២០១៨។ សហរដ្ឋអាមេរិករកឃើញថា មេយោធារូបនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូប នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកមួយរូបផង។
ជុំវិញរឿងមន្ត្រីសិទ្ធិមនុស្សសង្កេតឃើញថា ជាង៤ឆ្នាំមកនេះ មន្ត្រីយោធា ដែលជាប់ឈ្មោះក្នុងបញ្ជីសហរដ្ឋអាមេរិក មិនបានកែប្រែខ្លួននោះទេ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ព្រួយបារម្ភថា ការមិនអើពើ និងមិនកែលំអរបស់ក្រុមឧត្ដមសេនីយ៍ទាំងនោះនឹងបង្កគ្រោះថ្នាក់ដល់ជាតិ។ លោកយល់ថា នៅពេលខាងសហគមន៍អន្តរជាតិ ឬសហរដ្ឋអាមេរិកអាចនឹងពិនិត្យសើរើមើលឡើងវិញ ហើយបើពួកគេមើលឃើញគ្មានវិវឌ្ឍន៍មកល្អនោះទេ អាចនឹងធ្វើឱ្យសហគមន៍អន្តរជាតិនឹងដាក់ទណ្ឌលើមន្ត្រីកម្ពុជាកាន់តែធ្ងន់ធ្ងរថែមទៀត៖ «មានទឡ្ហីករណ៍មានភស្តុតាងអីខ្លះដែលគេហៅថា ដើម្បីដោះបន្ទុកខ្លួនឯង ឬគេហៅថា ឆ្លើយដោះការចោទ ដោយការមានភស្តុតាងដែលមានដុំកំភួនណា បើគ្រាន់តែនិយាយៗ អ៊ីចឹងទេ គឺគ្រាន់តែជាការលួងចិត្តខ្លួនឯងទេដឹង? ខ្ញុំខ្លាចគ្រាន់តែការលួងចិត្តខ្លួនឯងព្រោះច្បាប់អន្តរជាតិ ដូចបារាំងដូចបារាំងដូចអីគេនេះណាស់។ ខ្ញុំព្រួយបារម្ភជំនួសពួកគាត់ដដែលទេ ប៉ុន្តែបើគាត់មិនព្រួយបារម្ភជារឿងស្ថានភាពរបស់គាត់»។
ស្រដៀងគ្នានេះដែរអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញថា បញ្ហារំលោភសិទ្ធិមនុស្សមិនទាន់ដោះស្រាយផង ស្រាប់តែពេលនេះកើតមានបញ្ហាជួញដូរថែមទៀតនៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ចង់ឃើញក្រុមមន្ត្រីដែលជាប់ទណ្ឌកម្ម គួរមានការទទួលស្គាល់កំហុសរបស់ខ្លួនជាជាងការឆ្លើយដោះសា៖ «យើងដើម្បីកុំឱ្យមានការហួសពេលក្នុងការស្ដារហ្នឹងគួរតែប្រញាប់ប្រញាល់សិក្សាពិនិត្យមើលឫសគល់ហ្នឹងឱ្យមែនទែន ជៀសវាងយើងគ្រាន់តែនិយាយឱ្យតែរួចម្ដងម្កាលហ្នឹងហើយធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍សង្គមជាតិទៅដល់សេដ្ឋកិច្ចប្រជាពលរដ្ឋដែលអាចនឹងប៉ះពាល់វិធានការអន្តរជាតិនៅពេលខាងមុខបន្តទៀតហ្នឹងបាទ»។
គិតមកដល់ពេលនេះមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាចំនួន០៤នាក់ មេឈ្មួញជួញដូរព្រៃឈើកម្ពុជាម្នាក់ បានជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។ អ្នកទាំងរួមមាន៖ មេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក នាយឧត្ដមនាវី ទៀ វិញ និងអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ និងឈ្មួញបំផ្លាញព្រៃឈើល្បីឈ្មោះឧកញ៉ា ទ្រី ភាព។
ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេអាចធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបាន។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងនោះឡើយ។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា មូលហេតុដែលមន្ត្រីយោធាទាំងនោះមិនកែប្រែខ្លួនព្រោះពួកគេអាងលោក ហ៊ុន សែន ជាខ្នងបង្អែក ចំណែកលោក ហ៊ុន សែន ក៏ត្រូវការមន្ត្រីបាតដៃកខ្វក់ទាំងនោះដើម្បីជួយការពារអំណាច។ លោក គឹម សុខ បន្តទៀតថា នៅពេលមុខអាចនឹងមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ហ៊ុន សែន ជាច្រើនរូបទៀត ប្រឈមនឹងជាប់ទណ្ឌកម្ម៖ «ការបកស្រាយរបស់ឧត្តមសេនីយ៍ សៅ សុខា ក្ដី ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្ដី គ្រាន់តែជាការអះអាងដែលគ្មានផ្លូវដោះស្រាយ ព្រោះពួកគាត់រអិលធ្លាក់ធ្ងន់ពេកទៅក្នុងការពាក់ព័ន្ធអំពើម៉ាស្សាលាងលុយកខ្វក់នៅប្រទេសកម្ពុជា ការរំលោភរដ្ឋធម្មនុញ្ញ រំលោភអំណាច ហើយនិងការឃុបឃិតជាមួយកងទ័ពបរទេសជាពិសេសចិនដែលមានការសង្ស័យកងទ័ពជើងទឹកសមុទ្ររាម»។
ចាប់តាំងរដ្ឋាភិបាលលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងដើរខុសគន្លងប្រជាធិបតេយ្យ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ លុបបំបាត់សារព័ត៌មានឯករាជ្យ និងធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ សិទ្ធិមនុស្ស សហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះអ៊ីប៊ីអេ (EBA) ២០ភាគរយពីកម្ពុជា ចំណែកសហរដ្ឋអាមេរិកក៏មិនទាន់ផ្ដល់ការអនុគ្រោះពន្ធជីអេសភី (GSP)ឱ្យកម្ពុជានៅឡើយដែរ។ មន្ត្រីសង្គមស៊ីវិលបារម្ភថា ការមិនភ្ញាក់រលឹក របស់មន្ត្រីយោធាកម្ពុជាពេលនេះ អាចនឹងអាចឱ្យមន្ត្រីដែលទណ្ឌកម្មនោះ ប្រឈមទណ្ឌកម្មកាន់តែខ្លាំងថែមទៀត ហើយនឹងធ្វើកម្ពុជាខូចប្រយោជន៍កាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
these two right hand killer will have their own day after the world put them in the cage