កម្ពុជា-នយោបាយ
05/10/2022 – 07:22
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ © FB
សាក្សីម្នាក់បានបដិសេធមិនព្រមចូលខ្លួនទៅបំភ្លឺលើសំណុំរឿង លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការសួរដេញដោលលើសាក្សីនៅថ្ងៃពុធនេះទេ។ លោក សៀ ភារម្យ ដែលកំពុងភៀសខ្លួននៅសហរដ្ឋអាមេរិក ត្រូវបានតុលាការចេញដីកាកោះហៅចំនួន៣ដងរួចហើយ។ តែអតីតនាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានចាត់ទុកការចូលទៅធ្វើសាក្សីលើសំណុំរឿងនេះ ប្រៀបដូចទៅកំដរឆាកល្ខោននយោបាយដែលអ្នកមានអំណាចជាអ្នករៀបចំ។
ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៥តុលានេះ លោក សៀ ភារម្យ គូសបញ្ជាក់ថា មូលហេតុដែលលោកបដិសេធចូលទៅបំភ្លឺជាលើកទី៣នេះ ដោយសារលោកគិតថា ការចោទប្រកាន់លើ លោក កឹម សុខា គឺជារឿងល្ខោនបំភាន់ភ្នែកជាតិ និងអន្តរជាតិដែលរៀបចំដោយ លោកហ៊ុន សែន ដែលមិនហ៊ានប្រកួតជាមួយដៃគូដែលមានទម្ងន់ធ្ងន់។
សូមបញ្ជាក់ថា នៅថ្ងៃទី៥តុលានេះ តុលាការក្រុងភ្នំពេញ បានបើកសវនាការលើកទី៥៩ហើយ ដោយធ្វើការសួរដេញដោលសាក្សីមួយចំនួនដែលមានទីលំនៅក្នុងភ្នំពេញ ជុំវិញសំណុំរឿង លោក កឹម សុខា ដែលជាប់ចោទពីបទឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សាក្សីដែលគេស្គាល់ច្រើនដែលត្រូវចូលបំភ្លឺនៅថ្ងៃនេះ គឺមាន លោក ស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម ផលវរុណ អតីតទីប្រឹក្សាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពេលដែល លោក កឹម សុខា ធ្វើជាប្រធាន បច្ចុប្បន្ន ជាអ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា។ នៅមានសាក្សីខ្លះទៀត គឺជាអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងខ្លះទៀតជាអតីតសកម្មជនដីធ្លីតំបន់បុរីកីឡា។
សម្រាប់ អតីតនាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលបានភៀសខ្លួនទៅសហរដ្ឋអាមេរិក បានហៅការចូលទៅធ្វើសាក្សីលើសំណុំរឿងនេះ គឺប្រៀបដូចទៅកំដរឆាកល្ខោននយោបាយដែលអ្នកមានអំណាចជាអ្នករៀបចំ។
ប៉ុន្តែលោកស្រី ចក់ សុភាព ចាត់ទុកការចូលធ្វើសាក្សីឲ្យលោក កឹម សុខា ថា ជារឿងសំខាន់សម្រាប់ជួយរកយុត្តិធម៌ជូន អ្នកនយោបាយរូបនេះ។ សំខាន់ពីព្រោះលោកស្រីបានលុបចោលគម្រោងបេសកម្មទៅក្រៅប្រទេសដែលត្រូវទៅប្រជុំជាមួយក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អ្នកការពារសិទ្ធិមនុស្សរូបនេះ លើកឡើងថា កន្លងមក នៅពេលមានការចោទប្រកាន់លើសកម្មជន ថ្វីបើមានការស្នើសុំម្តងហើយម្តងទៀតពីជនរងការចោទប្រកាន់ឲ្យកោះហៅដើមបណ្តឹង ឬសាក្សី មកសួរដេញដោល តែតុលាការបានច្រានចោលទាំងអស់ តួយ៉ាងករណីមន្ត្រីអាដហុក៥រូប ដែលពួកគេមិនមានឱកាសទាល់តែសោះក្នុងការសាកសួរ ដេញដោលសាក្សី តាំងពីដំណាក់កាលដំបូងរហូតដល់ឧទ្ធរណ៍។
លោកស្រី ចក់ សុភាព គូសបញ្ជាក់តាមហ្វេសប៊ុកនៅពេលចូលបំភ្លឺថា វត្តមានរបស់គាត់នៅពេលនេះ គឺជាការឲ្យតម្លៃលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ខណៈដែលគេមើលឃើញថាលោកស្រីជាសាក្សីដោះបន្ទុក៕