ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ចោទ​​សមត្ថកិច្ច​ថា​ ​​​​​​​​​ធ្វើ​​ទា​រុ​ណ​កម្ម​​សួរ​​ចម្លើយ​​លើ​​ជនសង្ស័យ​​គ​​ថ្លង់​

ព័ត៌មានជាតិ សង្គម
លោក ម៉ិច ដារ៉ា | ០៦ តុលា ២០២២ | ម៉ោង ១៧:២៤
VOD

មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ (VOD)

មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ (VOD)


​ម្តាយបុរសគថ្លង់មួយរូបដែលអះអាងថា ត្រូវបានសមត្ថកិច្ចធ្វើទារុណកម្មក្នុងអំឡុងពេលសួរចម្លើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង​កាលពី​ខែ​មុន នឹងទៅ​កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បី​សម្របសម្រួលទាក់ទងនឹង​បណ្តឹង​ដែលខ្លួនបានដាក់។

លោកស្រី យូ ស៊ីណាត ដែលជាម្តាយរបស់បុរសគថ្លង់ បានរៀបរាប់ថា ហេតុការណ៍នេះដំបូងឡើយបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ដោយកូនរបស់លោកស្រី ឈ្មោះ គ្រុយ ធីយ៉ា បានយកដុំថ្មគប់ដំបូលផ្ទះអ្នកជិតខាងដែលបើកល្បែងជល់មាន់អនឡាញ និងបង្កសំឡេងរំខាន ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកស្រី បន្តថា មន្រ្តីនគរបាលចំនួន ៣នាក់ នៅពេលនោះក៏បានមកកាន់ផ្ទះរបស់លោកស្រី និងនាំខ្លួនកូនប្រុសខាងលើនេះ នៅវេលា​ម៉ោង​ប្រមាណជា ១០​យប់ ដោយនៅពេលដែលកូនប្រុសរបស់ខ្លួនត្រលប់មកផ្ទះវិញនៅ​យប់​ដដែលនោះ លោកស្រីក៏ស្រាប់តែសង្កេតឃើញមានស្នាម​រង​របួសលើ​មាត់ ភ្នែក និង​ក្បាលរបស់កូនលោកស្រី។

ទាក់ទិននឹងករណីនេះ លោកស្រី​បាន​អះអាង​ថា មន្រ្តីសមត្ថកិច្ចបានប្រើអំពើហិង្សាលើកូនលោកស្រីដែលជាមនុស្សគថ្លង់ដោយដាល់ចំផ្ទៃមុខ និង​ចាប់ដាក់​ខ្នោះផ្ទប់ទៅលើដី។

លោកស្រីបន្ថែមថា៖ «បន្ទាប់ពីគាត់ត្រលប់មកផ្ទះវិញគាត់[កូនប្រុសរបស់លោកស្រី] មានការខឹងសម្បារយ៉ាងខ្លាំង ដោយនៅពេលនោះគាត់ក៏បានប្រើកាយវិការដើម្បីប្រាប់ពីហេតុការណ៍ដល់ខ្ញុំ។គាត់បានព្យាយាមបង្ហាញប្រាប់ខ្ញុំ ដោយសារតែគាត់ទទួលរងនូវការធ្វើទារុណកម្ម។ នេះ​ជា​ការ​ពិត ហើយ​វាក៏មិនមែនជាករណីដែលខ្ញុំចេះតែលើកឡើងខ្លួនឯងដែរ»

យោងតាមពាក្យបណ្តឹងរបស់លោកស្រី យូ ស៊ីណាត ដែលដាក់កាលពីថ្ងៃទី១៥ ខែកញ្ញា បានកំណត់អត្តសញ្ញាណអ្នកដែលប្រើប្រាស់អំពើហិង្សាលើកូនលោកស្រីថាជា នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង លោក សែម វុឌី រួមនិងមន្ត្រីនគរបាលបីនាក់ផ្សេងទៀត។

ទោះជាយ៉ាងណា នាយនគរបាលប៉ុស្តិ៍ខាងលើនេះបានបដិសេធ​ការ​ចោទ​ប្រកាន់​នេះ ខណៈរូបលោកក៏មិនច្បាស់ថាតើលោក គ្រុយ ធីយ៉ា ជាមនុស្សគថ្លង់ ឬយ៉ាងណាផងដែរ។

លោកបន្តថានៅពេលដែលបុរសរូបនេះត្រូវបាននាំខ្លួន​ទៅ​កាន់ប៉ុស្តិ៍នគរបាល​គឺគាត់​មិនបាន​សហការនោះទេដូច្នេះហើយបានជា​សមត្ថកិច្ច​ចាប់គាត់​ដាក់​ខ្នោះតែម្ដង​។

ទាក់ទងនឹងការមានស្នាមរបួសនៅលើមាត់វិញ លោក សែម វុឌី បន្ថែមថា បុគ្គលរូបនេះបានរើបម្រះនៅក្នុងរថយន្ត ខណៈសមត្ថកិច្ចដឹករូបលោកទៅកាន់ប៉ុស្តិ៍នគរបាលហើយនៅពេលដែលចុះពីលើឡាន លោក គ្រុយ ធីយ៉ា ក៏បានដួល និងមានស្នាមរបួសលើបបូរមាត់របស់គាត់តែម្តង។

ជាមួយគ្នានេះ លោកក៏បានអះអាងឱ្យដឹងថា លោក គ្រុយ ធីយ៉ា មិនមែនជាមនុស្សគថ្លង់ឡើយ ដោយលោកអាចស្ដាប់បានប្រមាណជា ៤០ ភាគរយ និងសរសេរបាន ខណៈបុគ្គលនេះជារឿយៗតែងផឹកស្រាស្រវឹង និងយកដុំថ្មទៅគប់លើផ្ទះអ្នកជិតខាង។

លោក សែម វុឌី ថា៖ «តើយើងអាចសួរចម្លើយមនុស្សគថ្លង់បានយ៉ាងដូចម្ដេច? គាត់​អាចនិយាយ និងសរសេរអក្សរបាន»

លោកបន្ថែមថា៖ «​បើសិន​ជា​ករណីនេះជាការ​ប្លន់ ឬ​ឃាតកម្ម វា​សមណាស់ដែលយើង​នឹង​ធ្វើ​ទារុណកម្ម​ដើម្បី​សួរ​ចម្លើយ​ប៉ុន្តែ​នេះគ្រាន់តែ​ជា​ករណី​គប់​ដុំ​ថ្មលើផ្ទះអ្នកជិតខាង​ប៉ុណ្ណោះ​​ [ដែលមិនមានការប្រើប្រាស់ហិង្សាឡើយ]»​

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kampong Speu Resident Alleges Police Violence, Officer Questions Man’s Disability


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles