បញ្ហាវិវាទដីធ្លី ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០៦ តុលា ២០២២ | ម៉ោង ១១:៥៩
VOD

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធការប្រតិកម្មទៅនឹងការរុះរើសំណង់ដែលនៅជាប់រមណីយដ្ឋានអង្គរ ខណៈរាជរដ្ឋាភិបាលនៅមិនទាន់បានគិតគូរដល់ការរុះរើសំណង់របស់ពួកគេនៅឡើយនោះ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋប្រមាណ ៣ ០០០នាក់ រស់នៅឃុំព្រះដាក់ កាលពីថ្ងៃពុធម្សិលមិញ បានប្រមូលផ្តុំគ្នាតវ៉ានៅសាលាឃុំ ក្រោយពួកគាត់បានទទួលព័ត៌មានថា អាជ្ញាធរជាតិអប្សរា ឱ្យពួកគាត់ចាកចេញពីលំនៅឋានទៅនៅទីតាំងថ្មីក្នុងតំបន់រុនតាឯក។
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី០៦ ខែតុលានេះ ថា តាមពិតរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់នៅឡើយទេ ក្នុងនោះរដ្ឋគ្រាន់តែកំពុងសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ ការស្តារបារាយណ៍ខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើពលរដ្ឋ។
បែបនេះក្តី លោកថា គម្រោងនេះនឹងមិនមានការទាញពលរដ្ឋពីឃុំព្រះដាក់ចេញទាំងអស់នោះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមានការគិតគូរដោយម៉ត់ចត់ និងមិនទទឹងទិសឡើយលើករណីនេះ ដូច្នេះលោកបានប្រាប់ឱ្យពលរដ្ឋនៅឃុំព្រះដាក់ រក្សាភាពស្ងប់ស្ងាត់សិន។
លោក ហ៊ុន សែន ថា៖ «យើងក៏បានដឹងដែរថា ឃុំព្រះដាក់ត្រូវបានកសាងប្រមាណជា ៣០០-៤០០ឆ្នាំរួចមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង។ ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភអំពីរឿងនេះ? ខ្ញុំសូមបញ្ជូនសារទៅប្រជាជននៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយម៉ត់ចត់»។
បែបនេះក្តី ប្រមុខរដ្ឋាភិបាលរូបនេះថា លោកបានជជែកជាមួយអភិបាលខេត្តសៀមរាបពីបញ្ហានេះ និងសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ទៅជួបពន្យល់ពលរដ្ឋដោយផ្ទាល់នៅថ្ងៃទី០៧ ខែតុលា ស្អែកនេះ។
គួររំលឹកថា រដ្ឋាភិបាលកំពុងរៀងចំតំបន់រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រចិត្តដោះដូរលំនៅឋានទៅនៅទីតាំងថ្មី ដែលរៀបចំដោយអាជ្ញាធរនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដោយក្នុង១គ្រួសារទទួលបានដីឡូតិ៍២០ម៉ែត្រគុណ៣០ម៉ែត្រ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I never have seen NEAK MEAN BONN ugly like this man . instate the evil monster is look a like this uneducated animal . from inside and out nothing look nice or we can counting on this animal at all . words ,action was so evil