ក្រសួង​​ថា​​ចៅក្រ​ម​​ជា​​សមា​​ជិក​​បក្ស​​មិន​ប៉ៈ​ពាល់​​ការ​​ប្រកួត​​អំណាច​​តាម​​យន្តការ​ប្រជាធិបតេយ្យ​ទេ​

តុលាការ និងច្បាប់
លោក ញឹម សុខន | ០៧ តុលា ២០២២ | ម៉ោង ១៩:០៤
VOD

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបភាព៖ ជន ចាន់រ៉ែន)

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបភាព៖ ជន ចាន់រ៉ែន)


ម​ន្ត្រីជាន់​ខ្ពស់​ក្រ​សួ​ង​យុត្តិធម៌ បា​ន​សម្អា​ង​ថា​ ​ការ​ដា​ក់ប​ញ្ជូ​លប្រធា​​​នតុ​លា​​កា​រ​កំ​ពូល និ​​​​​​​​ង​​​ចៅ​​ក្រ​​​​​មជាស​​មា​ជិ​​ក​​​​​គ​​​​​ណបក្សកាន់អំណាច​​ មិនប៉ះ​ពា​ល់ដល់​ឯករាជ្យភាព​ប្រ​ព័ន្ធយុត្តិ​ធម៌ នៅកម្ពុជា និងបង្ក​ជាឧបសគ្គ​ដ​ល់ការ​​ធា​​​​នា​​​ដំ​​ណើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ​ដូចមជ្ឈដ្ឋាន​រិះ​គន់មួ​យ​​ចំនួនលើកឡើងនោះទេ។

នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយនឹង​សំណួ​រអ្ន​ក​​សារព័​ត៌​មា​​នវីអូឌី​ ក្នុងសន្និ​សីទសា​​រព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រ​សួ​​ង​យុ​​​​ត្តិធម៌​​» ​ដែលធ្វើ​ឡើងនៅថ្ងៃសុក្រនេះ ​នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជិត៥ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា រងការរិះគន់ថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីយាយីសកម្ម​ជនសិទ្ធិ​​មនុស្ស និងសិទ្ធិនយោបាយ ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​ប្រជាធិបតេ្យធ្ងន់ធ្ងរ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសចេញពីឆាកនយោបាយ រហូតសហភាពអឺរ៉ុប​ដកប្រព័ន្ធអនុគ្រោះពន្ធ ២០​ភាគរយ​មុនកាល​កំណត់​ជា​ដើម។

ចំណែកឯសាលដីការរំលាយនៅពេលនោះ មានចៅក្រម៩រូប ក្នុងនោះមានលោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលគាត់ជាប្រធានតុលាការកំពូល និងជាសមាជិកគណៈអចិន្ត្រៃយគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងអំណាច។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ មន្ត្រីក្រសួងយុត្តិធម៌៨រូប រួមទាំងអ្នកនាំពាក្យក្រសួងនេះ គឺ​លោក ជិន ម៉ាលីន បានលើកឡើងពីសមទ្ធផលជាច្រើន​ដែលក្រសួង​បានខំប្រឹងប្រែង និងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនាពេលកន្លងមក មកដល់បច្ចុប្បន្ន។


បើតាមការលើកឡើងរបស់មន្ត្រីទាំងនោះ ភាពជោគជ័យរបស់ក្រសួង មានយុទ្ធនាការដោះស្រាយ​សំណុំរឿង​កក​ស្ទះ​នៅ​ប្រព័ន្ធតុលាការ ការរុញសេវាយុត្តិធម៌កាន់តែជិតប្រជាពលរដ្ឋ តាមរយៈបង្កើតសាលាឧទ្ធរណ៍​ចំនួន៣បន្ថែមទៀត នៅខេត្តព្រះសីហនុ បាត់ដំបង និង​ត្បូងឃ្មុំ ការរៀបចំធ្វើច្បាប់ជាច្រើន រួមទាំងការធ្វើ​វិសោធនរដ្ឋធម្មនុញ្ញ អំឡុង​ដែលកម្ពុជាជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ រួម​ទាំងបង្កើន​ចំនួន​មន្ត្រីយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យច្បាស់លាស់មួយ ដែលកំណត់ថាធ្វើឱ្យបាននូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោល ហើយនរណាក៏អាចទទួលបាននូវយុត្តិធម៌ដោយ​គ្មាន​ការរើសអើង។

ប៉ុន្តែនៅពេលសួរថា តាមចក្ខុវិស័យនេះ តើសម្រាប់៥ឆ្នាំខាងមុខ ក្រសួងមានផែនការធ្វើកំណែទម្រង់ច្បាប់ កុំឱ្យមន្ត្រីធ្វើការក្នុងវិស័យយុត្តិធម៌ ចេញពីប្រអប់នយោបាយ ឬកុំឱ្យជាប់ពាក់ព័ន្ធជាសមាជិកបក្ស ឬទេ? លោក ជិន ម៉ាលីន បានអះអាងថា ការអនុញ្ញាតឱ្យមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ ចូលជាសមាជិកបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយបាន គឺដើម្បីធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ។

ផ្ទុយពីនេះ លោកថា ប្រសិនបើដកសិទ្ធិនេះ ជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពខាងនយោបាយ ដែលលោកថា ជាគោលការណ៍ច្បាប់អន្តរជាតិ គេមិនហាមទេ តែថាអ្វីដែលគេហាមនោះ គឺភាពលម្អៀង ឬការធ្វើសកម្មភាពមិនប្រក្រតី របស់បុគ្គលរូបនោះ ហើយថាកម្ពុជាក៏មានច្បាប់នេះ ដើម្បីផ្តន្ទាទោសបុគ្គលដែលធ្វើខុសដែរ។

លោកថា៖ «រួមទាំងប្រធានតុលាការកំពូលក៏ដោយ មន្ត្រីតុលាការ មន្ត្រីមុខងារសាធារណៈ នគរបាល កងកម្លាំងប្រដាប់អាវុធ គាត់​នៅតែធានាបាននូវសិទ្ធិនយោបាយរបស់គាត់អីចឹង»។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ គូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នានា ដើម្បីដាក់មន្ត្រីតុលាការ​ចេញពីប្រអប់នយោបាយ រួមទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏អាចធ្វើបានគ្រប់ពេល បើកាលៈទេសៈតម្រូវ នូវអ្វីដែលលោកថា ដើម្បីផលប្រយោជន៍ជាតិ ដូចដែលរដ្ឋាភិបាលធ្លាប់កែរដ្ឋធម្មនុញ្ញ​៩លើក​មកនេះ។

សម្រាប់​អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័័ត្ន មិនជឿថា ប្រព័ន្ធយុត្តិធម៌ ដែលយកប្រធានតុលាការកំពូលជាខ្នងបង្អែក ជាការបាត់ទំនុកចិត្តពីម្ចាស់ឆ្នោត ដែលការណ៍នេះ វាជាគ្រោះថ្នាក់ដល់​ដំណើការប្រជាធិបតេយ្យ បើមិនកែលម្អទេនោះ។

លោកថា៖ «ដូចការកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិអីចឹង តើយើងសង្ឈឹមទេ ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិហើយ សង្ឃឹមថា អាចតុលាការហ្នឹងផ្តល់យុត្តិធម៌ឱ្យគណបក្សសង្គ្រោះជាតិហ្នឹងឈ្នះទេ  បើសិនជាតុលាការហ្នឹងភាគច្រើនជាសមជិករបស់គណបក្សកាន់អំណាច?»។

នាយកគ្រប់គ្រងទូទៅនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា បើចៅក្រមឬប្រធាន​តុលាការ​ឈរ​នៅ​ខាង​គណបក្សនយោបាយ នោះនឹងរារាំងដល់ការធានាសិទ្ធិស្មើភាពគ្នាចំពោះមុខ​ច្បាប់ និងរារាំងដល់ការប្រកួតប្រជែងអំណាច ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ដែលលោកថារដ្ឋាភិបាលគួរពិចារណាកែទម្រង់ ដើម្បីធានាផលប្រយោជន៍ជាតិ។

លោកថា៖ «កាលណាគាត់[ចៅក្រម]​ជាសមាជិក​គណបក្ស​ណាមួយ ហើយ[ការប្រួតអំណាច]ប៉ះពាល់ផលប្រយោជន៍គាត់ អាហ្នឹងមិនឈរលើគោលការណ៍សម្រេចដោយឯករាជ្យទេ»។

ដូចគ្នានេះដែរ សាស្ត្រាច្រារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា នៅប្រទេសប្រជាធិបតេយ្យ ដូចជា អូស្ត្រាលីជាដើម ប្រធានតុលាការកំពូល ជ្រើសតាំងពីស្ថាប័នរដ្ឋសភា ហើយ​ប្រធានតុលាការ​កំពូល ជាអ្នកជ្រើសរើសមន្ត្រី​កាន់កិច្ចការវិស័យយុត្តិធម៌។

បញ្ហានេះ លោកបារម្ភថា កម្ពុជានឹងខាតប្រយោជន៍ទាំងអំណោយ​ផល​សេដ្ឋកិច្ច និងនយោបាយ​លើឆាកអន្តរជាតិ បើមិនធ្វើឱ្យវិស័យយុត្តិធម៌នេះក្លាយជាស្ថាប័នឯករាជ្យ ខណៈ​​រដ្ឋធម្មនុញ្ញកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឱ្យកម្ពុជាអនុវត្តប្រជាធិបតេយ្យនេះ ស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ។

លោកថា៖ «ជាទូទៅរាល់កិច្ចការទាំងអស់ វាចេញពីវិស័យនយោបាយការបទេស វិស័យ​ការ​ទូតនេះ​ឯង​ប្រសិនបើកម្ពុជាបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ វាបាត់បង់ផលប្រយោជន៍ច្រើន​ទាំង​ផលប្រយោជន៍​ពាណិជ្ជកម្ម សេដ្ឋកិច្ច គាំពារសង្គម ឬក៏ករណីមានជម្លោះជាមួយបរទេសជាតិខាងអីហ្នឹង ក៏យើង​ពិបាករកអ្នកគាំពារពីសហគមន៍អន្តរជាតិដែរ អាហ្នឹងបើយើងនិយាយឱ្យអស់»។

បញ្ហានេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ អ្នក​​រាយការណ៍​​ពិសេស​របស់អង្គការសហប្រជាជាតិ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) បានលើក​ឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា បរិបទនយោបាយនៅកម្ពុជា ​មានការ​គាប​សង្កត់​ផ្នែក​នយោបាយ ដែលជំរុញឱ្យមាន​កា​រ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោតជាតិ​​របស់​កម្ពុជា នាពេលខាងមុខ ដោយ​ក្នុង​នោះ លោក​ក៏បាន​រំលឹកពី​ការរំលាយ​គណបក្សប្រឆាំង និងការកាត់ទោស​ទ្រង់ទ្រាយធំ​លើក្រុម​បក្សប្រឆាំង​ដែលកំពុង​បន្តធ្វើផងដែរ។

លោក​គូសបញ្ជាក់ថា លំហ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​កាន់តែ​រួម​តូច ដែលកើតឡើងបន្ទាប់ពី​មានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយ​លោក​​បា​នចាត់ទុកការរំលាយនេះ ត្រូវបាន​ធ្វើឡើងដោយ​អ​​​​​យុត្តិធម៌។

អ្នក​រាយការណ៍​ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំ​លើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើង គឺ​បាននិងកំពុងរារាំងដល់​ការចូលរួម​របស់ពួកគេ​នៅក្នុងការបោះឆ្នោត​ជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែង​លើប្រជា​ពលរដ្ឋដែល​ប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន ថ្លែងថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ពង្រីក​ពីការ​ផ្ដោតសំខាន់​តែលើ​សន្តិភាព​តែ​មួយ​មុខទៅ​ជា «សន្តិភាព ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles