តុលាការ​សម្រេច​​ឱ្យ​លោក សុន ឆ័យ សង​ជំងឺ​ចិត្ត ​​៧៥​ម៉ឺន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា

07 តុលា 2022
លាស់ លីបលីប
វីអូអេខ្មែរ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)


ភ្នំពេញ — ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ឱ្យលោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាញ់​ក្តី​ដើម​បណ្តឹង​ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដោយ​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត​គណបក្ស​កាន់​អំណាច រហូត​ដល់​ប្រមាណ​ ៧៥​ម៉ឺន​ដុល្លារ​អាមេរិក។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក សុន ឆ័យ ពី​បទបរិហាកេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​រិះគន់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទាមទារ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បង់​សង​ជំងឺ​ចិត្ត​ចំនួន ​៤​ពាន់​លាន​រៀល គឺ​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ទាមទារ​ឱ្យ​លោក សុន ឆ័យ សុំទោស​ជា​សាធារណៈ។

នៅ​រសៀល​ថ្ងៃសុក្រ​នេះ ចៅ​ក្រម លោក ហម ម៉េងសែ បាន​ប្រកាស​សាលក្រម​លើ​ពាក្យ​បណ្តឹង​ទាំង​ពីរ ដោយ​ឱ្យ​លោក សុន ឆ័យ បង់​សង​ជំងឺ​ចិត្ត​ចំនួន​ ៣​ពាន់​លាន​រៀល​ គឺប្រមាណ ៧៥​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​គណបក្ស​កាន់​អំណាច និង​បង់​ចូល​រដ្ឋ​ចំនួន​ ១៧​លាន​រៀល ដែល​ក្នុង​នោះ​មាន​ ៩​លាន​រៀល​តាម​ពាក្យ​បណ្តឹង​គ.ជ.ប និង​ ៨​លាន​រៀល តាម​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

លោក សុន ឆ័យ បាន​បដិសេធ​មិន​អត្ថាធិប្បាយ នៅ​ពេល​វីអូអេ​ទាក់ទង​តាម​ទូរសព្ទ ក្រោយ​តុលាការ​ប្រកាស​សាលក្រម។ លោក​បាន​បង្វែរ​សំណួរ​ទៅ​មេធាវី​របស់​លោក​វិញ។ ប៉ុន្តែ​កាល​ពី​កន្លង​ទៅ លោក​ធ្លាប់​អះអាង​ថា​លោក​មិន​មាន​ប្រាក់​បង់​សង​តាម​ការ​ទាមទារ​ឡើយ។

លោក ជួង ជូងី មេធាវី​របស់​លោក សុន ឆ័យ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ​ថា ​ការ​សម្រេច​របស់​តុលាការ​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​អំពី​ការ​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នេះ។

នៅ​ក្នុង​អង្គ​សវនាការ​នា​ព្រឹកថ្ងៃ​សុក្រ​នេះ ​លោក សុន ឆ័យ បានអះអាងប្រាប់​តុលាការ​ថា លោក​មិន​បាន​បរិហារ​កេរ្តិ៏ ​និង​មិន​មាន​ចេតនា​បរិហារ​កេរ្តិ៏ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា តាម​រយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កាសែត​ឌឹខេម​បូឌា​ដេលី កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា​ ឆ្នាំ​២០២២​ នោះ​ទេ។

ប៉ុន្តែ​មេធាវី​តំណាងរបស់​គណ​បក្ស​ប្រជាជន​កម្ពុជា លោក គី តិច ​ចាត់​ទុក​ថា​ ​ការ​បរិហា​កេរ្តិ៍​ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​មុខ​មាត់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ឈឺចិត្ត​ ជា​ពិសេស​អា​ច​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោតបាត់​បង់​ទំនុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឈប់បោះ​ឆ្នោត​គាំទ្រ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​បាត់​បង់​សំឡេង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ ​ខាង​មុខ។

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថ្លែង​ថា ​លោក​មិ​នចង់​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ទើប​ធ្វើ​ការ​តស៊ូ​មតិ​បែបនេះ ​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ មាន​ភាព​ល្អ​ប្រសើរ​។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​៧​ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​៧​ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​ដែល​បាន​តាម​ដាន​សវនាការ​នេះ បាន​ថ្លែង​ថា ការ​ពិន័យ​ជា​ទឹក​ប្រាក់​របស់​តុលាការ​ «ធ្ងន់ធ្ងរ»​ សម្រាប់​លោក សុន ឆ័យ។

លោក​ថ្លែង​ថា៖ «ជា​ពិសេស​គ.ជ.ប ​ប្តឹង​សង [និង]​ពិន័យ​ចំនួន​ ៩លាន​រៀល​ចូល​រដ្ឋ​នេះ គឺ​ថា​វា​ធ្ងន់ធ្ងរ​ពេក​ ដោយ​សារ​ គ.ជ.ប ជា​អាប៊ិត ជា​អាជ្ញាកណ្តាល ហើយ​បក្ស​នយោបាយ​គេ​ប្តឹង​ទៅគ.ជ.ប ដើម្បី​ឱ្យ​រក​យុត្តិធម៌​ គេប្តឹង​ឱ្យ គ.ជ.ប ដោះ​ស្រាយ​បំភ្លឺ ប៉ុន្តែ​បែរ​ជាគ.ជ.​ប​ មិន​បាន​ដោះ​ស្រាយ​បំភ្លឺ បែរ​ជា​ប្តឹង​មក​តុលាកា​រ​ នេះជា​ការ​កត់​សម្គាល់មួ​យ​ដែល​ផ្ទុយ​នឹង​អ្វីដែល​ គ.ជ.ប មាន​តួនាទី ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​អ្នក​នយោ​បាយ​ដែល​ប្រកួត​ប្រជែង»

គួរ​បញ្ជាក់​ថា ​លោក ​សុន ឆ័យ ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​ ៣០៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ចែង​ថា​ការបរិហា​កេរ្តិ៏ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១០​ម៉ឺន​រៀល​ទៅ​ ១០​លាន​រៀល។ ការ​ចោទ​ប្រកាន់​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ដោយ​មាន​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន​ ដូច​ជា​ថា​ «លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»

What Next?

Recent Articles

One Response to "តុលាការ​សម្រេច​​ឱ្យ​លោក សុន ឆ័យ សង​ជំងឺ​ចិត្ត ​​៧៥​ម៉ឺន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា"

  1. Anonymous says:

    come and get that money from me but do not forget to bring B 52 with you OK