តុលាការ​​សម្រេច​ឱ្យ​អនុប្រធាន​បក្ស​ភ្លើងទៀន​ចាញ់​ក្ដី​ គ.ជ.ប និង​បក្ស​កាន់​អំណាច

ដោយ ថា ថៃ
2022.10.07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​​សម្រេច​ឱ្យ​អនុប្រធាន​បក្ស​ភ្លើងទៀន​ចាញ់​ក្ដី​គ.ជ.ប និង​បក្ស​កាន់​អំណាច

លោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ពេលចេញពីសវនាការ សាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែ​តុលា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ចាញ់ក្ដី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​និង​បក្ស​កាន់អំណាច ហើយ​ត្រូវ​បង់លុយ​ជំងឺ​ចិត្ត​ទៅ​គណបក្ស​កាន់អំណាច ចំនួន​៣.០០០​ពាន់​(​បី​ពាន់​)​លាន​រៀល ឬ​ជិត​១​លាន​ដុល្លារ។ មន្ត្រី​សង្គម​ស៊ីវិល សោកស្ដាយ​ចំពោះ​ការ​សម្រេច​បែបនេះ​របស់​តុលាការ ហើយ​បារម្ភ​ថា ករណីនេះ​នឹង​ជិះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ។

តុលាការ​ជាន់​ទាប​សម្រេច​ក្ដី​ឱ្យគ..ប និង​បក្ស​កាន់​អំណាច ឈ្នះក្ដី​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ពេល​នេះ ដោយ​សំអាង​ថា ការ​ថ្លែង​របស់​លោក សុន ឆ័យ បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​គ..ប និង​គណបក្ស​ប្រជាជន​កម្ពុជា។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី៧ ខែ​តុលា បាន​បង្គាប់​ឱ្យ​លោក សុន ឆ័យ បង់លុយ​សំណង​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣.០០០​ពាន់​(​បី​ពាន់​)​លាន​រៀល និង​ត្រូវ​បង់លុយ​ចូល​រដ្ឋ​ចំនួន​៨​លាន​រៀល​ថែម​ទៀត។ ចំណែក​ក្នុង​សំណុំរឿង គ​.​ជ​.​ប តុលាការ​ក៏​បង្គាប់​ឱ្យ​លោក​សុន ឆ័យ ដែល​ភាគី​ចាញ់ក្ដី បង់លុយ​ផាកពិន័យ​៩​លាន​រៀល​ចូល​រដ្ឋ​ផង​ដែរ។


មេធាវី​ការពារ​ក្ដី លោក សុន ឆ័យ គឺ​លោក ជូង ជូងី រិះគន់​ថា ការ​សម្រេច​របស់​តុលាការ​បែបនេះ​គឺ​អយុត្តិធម៌​ចំណោះ​កូនក្ដី​លោក​។ លោក​មេធាវី​រំលឹក​ថា សំណុំរឿង​កើតមាន​ភាព​អយុត្តិធម៌​តាំង​ពី​ថ្ងៃ​ជំនុំជម្រះ​មក​ម្ល៉េះ។ លោក​មេធាវី​ថា អ្វី​ដែល​កូនក្ដី​របស់​ខ្លួន​លើកឡើង​ពី​ជា​សិទ្ធិ​បញ្ចេញមតិ មិនមែន​ជា​ការ​បរិហារកេរ្តិ៍​ឡើយ៖ «អ្វី​ដែល​គាត់​(​លោក សុន ឆ័យនិយាយ​ក្នុង​គោលបំណង​តស៊ូ​មតិ​ឱ្យ​មាន​ការ​កែទម្រង់​ក្នុង​ការ​បោះឆ្នោត ក៏ប៉ុន្តែ​បែរជា​តុលាការ​សម្រេច​ផ្ដន្ទាទោស​គាត់​ឱ្យ​គាត់​សងជំងឺចិត្ត​ទៅ​គណបក្ស​ប្រជាជន​ចំនួន​៣.០០០(​បី​ពាន់​)​ពាន់​លាន​រៀល​វិញ អ៊ីចឹង​ខ្ញុំ​យល់​ថា មិន​យុត្តិធម៌​សម្រាប់​ឯកឧត្តម សុន ឆ័យ ទេ»

លោក សុន ឆ័យ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា ការ​ថ្លែង​រិះគន់​បញ្ហា​បោះឆ្នោត​របស់​លោក​មិនមែន​ជា​ការ​បរិហារកេរ្តិ៍​ទេ​។ លោក​នៅតែ​រក្សា​ជំហរ​ថា ការ​ថ្លែង​របស់​លោក​ជា​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ឱ្យ​មាន​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត​មាន​ភាព​ល្អ​ប្រសើរ៖ «ខ្ញុំ​ធ្វើ​នេះ​មិនមែន​ទៅ​ខឹង​បុគ្គល​ណា​ធ្វើ​ទៅ​ដើម្បី​ចំណេញ​បុគ្គល​ណា​និយាយ​អំពី​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​ទៅ ពលរដ្ឋ​សុំ​មាន​សេរីភាព​ទៅ​ការ បញ្ចេញ​មតិ​ពលរដ្ឋ​កុំ​តែ​គ្នា​បញ្ចេញមតិ​តិចតួច​ចាប់​ដាក់គុក​ហៅ​បរិហារកេរ្តិ៍»

សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លោក សុន ឆ័យ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​តុលា​។ នៅ​ថ្ងៃ​ដដែល​នេះ ក្រោយ​តុលាការ​ជំនុំ​ជម្រះក្ដី​នៅ​ពេល​ព្រឹក នៅ​ពេល​រសៀល​ថ្ងៃ​ដដែល តុលាការ​បាន​ប្រកាស​សាលក្រម​ទាំង​សំណុំរឿង គ​.​ជ​.​ប ប្ដឹង​លោក សុន ឆ័យ និង​សំណុំរឿង​បក្ស​កាន់អំណាច​ផង​ដែរ។

លោក សុន ឆ័យ បាន​ប្រាប់​តុលាការ​ក្នុង​បន្ទប់​សវនាការ​ថា អ្វី​ដែល​លោក​បាន​និយាយ គឺ​លោក​គ្មាន​ហេតុផល​ណា​ចង់ បរិហារកេរ្តិ៍ បក្ស​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​លោក​ថា សំដី​របស់​លោក​ជា​ការ​តស៊ូ​មតិ​ដើម្បី​ធ្វើការ​កែទម្រង់​ស្ថាប័ន​គ​.​ជ​.​ប​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា នៅ​ថ្ងៃទី​០៧ ខែតុលា​។ ទោះ​យ៉ាងណា លោក ហង្ស ពុទ្ធា ធ្លាប់​ឱ្យ​ដឹង​ថា ការ​ប្ដឹង​លោក សុន ឆ័យ ទៅ​តុលាការ​ព្រោះ​គជប ចង់​រក​យុត្តិធម៌​ឱ្យ​ខ្លួនឯង​ដែរ​។​

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការសម្រេច​របស់​តុលាការ​ពេលនេះ​គឺ​ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់​ត្រឹមត្រូវ​។ លោក​ថា នេះ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ការ​ថ្លែង​របស់​លោក សុន ឆ័យ កន្លង​ទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា៖ «ព្រោះ​គណបក្ស​ប្រជាជន​ជា​គណបក្ស​រងគ្រោះ​ដែល សុន ឆ័យ​គាត់​រំលោភ​បំពារបំពាន​លើ​កិត្តិយស​សេចក្ដីថ្លៃថ្នូរ មិន​អាច​ប្រកែក​បាន យើង​មិន​បាច់​និយាយ​វែងឆ្ងាយ​ទេ គឺ​ការ​បរិហារកេរ្តិ៍​ជា​សាធារណ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​ធ្ងន់ធ្ងរ»

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាលពី​ថ្ងៃទី​១៤ មិថុនា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​លុយ​១​លាន​ដុល្លារ​។ ទោះ​បក្ស​កាន់អំណាច​ទាមទារ​សំណង​ជំងឺ​លុយ​ប្រមាណ​៤.០០០(​បួន​ពាន់​)​លាន​រៀល​បែបនេះ ប៉ុន្តែ បើ​តាម​មាត្រា​៣០៥ ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០ ម៉ឺន​រៀល​ទៅ ១០ លាន​រៀល​។ បណ្ដឹង​ដូចគ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មេដឹកនាំ​ស្ថាប័ន​មាន​មាន​ទំនាក់ទំនង​បក្ស​កាន់​កាន់អំណាច បណ្តឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ដូចគ្នា និង​ទាមទារ​ឲ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំទោស គ​.​ជ​.​ប ជា​លាយលក្ខណ៍អក្សរ និង​ជា​ផ្សព្វផ្សាយ​ជា​សាធារណៈ។

បណ្ដឹង​ទាំងពីរ​កើតឡើង​ក្រោយ​ពេល លោក សុន ឆ័យ ថ្លែង​ផ្ដល់​សម្ភាស​ក្នុង​កម្មវិធី​ផ្សាយ​ជាមួយ​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​លោក​រិះគន់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​០៥ កន្លង​ទៅ​ថា មាន​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ លួច​បន្លំ​សន្លឹកឆ្នោត និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដើម។

មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​តាមដាន​សវនាការ​នេះ​យល់ថា ប្រសិនបើ​តុលាការ​គោរព​សេរីភាព​បញ្ចេញមតិ​មិន​គួរ​យក​សំណុំ​រឿង​នេះ​មក​កាត់ក្ដី​ទេ​។ លោក​សង្កេតឃើញ​ទៀត​ថា ពេល​ដេញ​ដោល​ក្នុង​សវនាការ មន្ត្រី​គ​.​ជ​.​ប បាន​ទទួលស្គាល់​ថា ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​ជាង​២​ម៉ឺន​កន្លែង​ទូទាំង​ប្រទេស​ដែល​រៀបចំ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​មក ជៀស​មិន​ផុត​ពី​មាន​ការិយាល័យ​ខ្លះ​មាន​ភាព​មិនប្រក្រតី​ឡើយ​។ លោក​បន្ត​ថា ទោះ​មន្ត្រី​គ​.​ជ​.​ប មានការ​ទទួលស្គាល់​បែបនេះ​ក្ដី ប៉ុន្តែ​ចុងក្រោយ​តុលាការ​នៅតែ​កាត់ក្ដី​ឱ្យ​លោក សុន ឆ័យ ចាញ់ក្ដី​ដដែល។ លោក​រិះគន់​ថា ការ​សម្រេច​របស់​តុលាការ​ឱ្យ​លោក សុន ឆ័យ សងជំងឺចិត្ត​បក្ស​កាន់អំណាច​ជិត​១​លាន​ដុល្លារ​ថា មិន​សម​ហេតុផល​នោះ​ឡើយ៖ «អ្វី​ដែល​យើង​គួរ​សោកស្ដាយ​មួយទៀត​នៅពេល​គណបក្ស​នយោបាយ​ប្ដឹង​ទៅ​គ​.​ជ​.​បៗ​ហាក់​មិន​បាន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​សម្រាប់​គាត់​ទេ បែរជា​អាជ្ញាកណ្ដាល​ប្ដឹង​គាត់​(​គណបក្ស​នយោបាយ​)​មក​ប្ដឹង​គាត់​មក​តុលាការ​ដែរ​។ ទី​២​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​ពេល​យើង​មើល​គណបក្ស​និង​គណបក្ស​ប្ដឹង​គ្នា​រឿង​បោះឆ្នោត​ខ្ញុំ​ការ​កត់​សម្គាល់​ទេ ប្រសិនបើ​ចៅក្រម​និង​ព្រះរាជអាជ្ញា​លោក​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ណាមួយ​មានន័យថា ការ​កាត់ក្ដី​ហ្នឹង​គឺ​លំអៀង​ហើយ»

សំណុំ​រឿង​នេះ​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ពី​សារព័ត៌មាន​អន្តរជាតិ​តាម​ផ្ដិត​យក​រូបភាព ក្រៅ​ពី​នេះ​ក៏​មាន​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ជាង​២០០​នាក់​តាមដាន​នៅ​ក្រៅ​របង​តុលាការ​ដែរ។

ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល ដែល​បាន​មក​ឃ្លាំមើល​និង​ទឹកចិត្ត​ដល់​លោក សុន ឆ័យ យល់​ថា ការចោទប្រកាន់​លើ​អនុប្រធាន​របស់​លោក​ជា​រឿង​អយុត្តិធម៌​។ លោក​ចង់​ឃើញ​តុលាការ​កាត់ក្ដី​ដោយ​យុត្តិធម៌​មិនមែន​ធ្វើតាម​បញ្ជា​របស់​អ្នក​មាន​អំណាច៖ «ជា​រឿង​អយុត្តិធម៌​ព្រោះ​ការ​បោះឆ្នោត​កន្លង​ផុត​ទៅ​ដូចជា​យើង​បានដឹង​លឺ​សូម្បី​អង្គការ​ក្រៅរដ្ឋាភិបាល​ក៏បាន​និយាយ​អំពី​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅ​មិន​មាន​ភាព​ប្រក្រតី»

លោក សុន ឆ័យ នឹង​ត្រូវ​បង់ប្រាក់​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​សាលក្រម​សាលាដំបូង​ចូល​ជា​ធរមាន​។ ទោះ​យ៉ាងណា មេធាវី​ការពារ​ក្ដី លោក សុន ឆ័យ គឺ​លោក ជូង ជូងី លោក​ថា លោក​នឹង​ជជែក​ជាមួយ​កូនក្ដី​របស់​លោក​ពី​គម្រោង​ប្ដឹង​ទាស់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ទៅ​សាលាឧទ្ធរណ៍ នា​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​​សម្រេច​ឱ្យ​អនុប្រធាន​បក្ស​ភ្លើងទៀន​ចាញ់​ក្ដី​ គ.ជ.ប និង​បក្ស​កាន់​អំណាច"

  1. Anonymous says:

    the king dump of KAMPOUCHEA no one better educated than Mr HUN SEN call HUN NAL next name CHHOUP SAMLAP or CHHOUP KAP. CHHAIYO AH CHESSTU …CHHAIYO SATEPHEAP