ប្រជាពលរដ្ឋរស់នៅតំបន់អង្គរស្នើសុំរដ្ឋាភិបាលកុំបណ្ដេញពួកគេចេញពីលំនៅដ្ឋាន

កម្ពុជា-សង្គម
សំឡេង ០៣:០៧
ដោយ៖ សេង​ បារាំង
RFI

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់អង្គរប្រមាណ ១ម៉ឺននាក់ បានស្នើសុំអជ្ញាធរកុំបណ្ដេញពួកគេចេញពីលំដ្ឋានឲ្យទៅរស់នៅតំបន់ផ្សេងដែលរៀបចំដោយរាជរដ្ឋាភិបាល © FB


ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់អង្គរប្រមាណ ១ម៉ឺននាក់ បានស្នើសុំអជ្ញាធរកុំបណ្ដេញពួកគេចេញពីលំដ្ឋានឲ្យទៅរស់នៅតំបន់ផ្សេងដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី ដែលចុះទៅសម្របស្រួលនិងពន្យល់ប្រជាពល​រដ្ឋ នៅភូមិព្រះដាក់នៅថ្ងៃសុក្រនេះ។

ប្រជាពលរដ្ឋមកពីភូមិឃុំស្រុកក្នុងខេត្តសៀមរាបដែលរស់នៅក្នុងតំបន់អង្គរ បានប្រមូលផ្ដុំគ្នានៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ទារទាមកុំឲ្យមានការបណ្ដេញពីពួកគេចេញពីលំនៅដា្ឋន ក្រោយពីអាជ្ញាធរបាន​ចុះទៅបង្ខំឲ្យពួកគេផ្ដិតមេដៃរុះរើផ្ទះសំបែងទៅរស់នៅកន្លែងដែលរដ្ឋាភិបាលបានរៀប​ចំឲ្យ។ ការដែលពលរដ្ឋស្នើមិនព្រមចាកចេញពីលំនៅដ្ឋាន ដោយអះអាងថា ពួកគេបានរស់នៅទីនោះតាំងពីសម័យបុរាណមកម្លេះ។

នៅចំពោះមុខពលរដ្ឋ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានអះអាងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថារដ្ឋាភិបាល​មិនឲ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ និងភូមិឃុំដទៃទៀតរុះរើលំនៅដ្ឋានចេញទេ។ ក្រៅពីអះអាង លោក ជា សុផារ៉ា ក៏បានស្នើកុំឲ្យប្រជាពលរដ្ឋពង្រីកលំនៅដ្ឋានបន្ថែមទៀ​ត បើមិនដូច្នោះទេអាជ្ញាធរនឹងចុះរើចេញ។ ការអះអាងបែបនេះ ត្រូវបានសាទរពីប្រជាពលរដ្ឋផងដែរ​។

ក៏ប៉ុន្តែមានប្រជាពលរដ្ឋខ្លះនៅតែមិនអស់ចិត្ត ដោយព្រួយបារមុ្ភខ្លាចថ្ងៃណាមួយពួកគេត្រូវតម្រូវឲ្យរុះរើលំដ្ឋានចេញ​។ នេះបើតាមលោក សួស ណារិន្ទ មន្រ្តីសមាគអាដហុក ប្រចាំខេត្តសៀមរាប ដែលចុះឃ្លាំមើលការប្រ​មូល​ផ្ដុំគ្នារបស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី នៅថ្ងៃសុក្រនេះ។ លោក សួស ណារិន្ទ បានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនពួកគាត់មិនចង់ចាកចេញទេ ព្រោះពួកគាត់រស់នៅទីនោះតាំងពីបុរាណមកម្លេះ ហើយមានដីស្រែចំការធ្វើសម្រាប់ចិញ្ចឹមជីវិត ខណៈមករស់នៅកន្លែងរដ្ឋាភិបាលរៀបចំបានដីតិចពុំមានមុខរបរអ្វីធ្វើឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានតម្រូវឲ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អង្គរ ដោយខុសច្បាប់ ត្រូវរុះរើផ្ទះសម្បែង ទៅតំបន់រុនតាឯក។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា មានពលរដ្ឋចំនួន ៥៦៦២គ្រួសារ បានចាប់ឆ្នោតស្ម័គ្រចិត្តរើចេញ។ ភាគច្រើននៃប្រជាពលរដ្ឋដែលស្ម័គ្រ​ចិត្តរើចេញ មានផ្ទះសម្បែងនៅកៀកប្រាសាទអង្គរវត្ត។ ទន្ទឹមនឹងប្រជាពលរដ្ឋដែលបានយល់ព្រមរុះរើចេញ ក៏មានប្រជាពលរដ្ឋខ្លះនៅស្ទាក់ស្ទើរមិនទាន់យល់ព្រមរុះរើចេញផងដែរ ដោយរងចាំបានសំណងច្រើនជាងនេះ ដោយសារទំហំដីដែលពួកគេរស់នៅធំជាងដីដែលរាជរដ្ឋាភិបាលរៀបចំឲ្យ។

ការណ៍នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗកន្លងទៅ ក៏បានព្រមានអំពីការបណ្តេញចេញ ប្រសិន​បើមានករណីប្រជាពលរដ្ឋទាមទារសំណងហួសហេតុ។ លោក ហ៊ុន សែន លើកឡើងថា ពេលនេះជាវិធីដែលរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ក៏ប៉ុន្តែបើពេលវេលាមកដល់ នោះរដ្ឋាភិបាលនឹងមិនចំណាយប្រាក់សម្បី​មួយកាក់មួយសេននោះឡើយ។ លោកថា ករណីនេះ គឺដើម្បីបង្ការកុំឲ្យអង្គការ UNESCO ដកអង្គរវត្តចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក។

យ៉ាងណាក្តី បើតាមផែនទីបញ្ជាក់ នៅមានប្រជាពលរដ្ឋមួយចំនួន មិនទាន់ស្ម័គ្រចិត្តរុះរើផ្ទះសម្បែងនៅឡើយ។ ក្នុងនោះរួមមាន ឃុំគោកបេង ឃុំខ្វៀន ឃុំវាល ឃុំត្រពាំងសេះ ឃុំទ្រាំង ឃុំស្រះស្រង់ និងឃុំព្រះដាក់ ជាដើម៕

What Next?

Recent Articles